យេរេមា
៩ ឱបើក្បាលខ្ញុំប្រៀបដូចជាក្បាលទឹក
ភ្នែកខ្ញុំប្រៀបដូចជាប្រភពទឹក+
នោះខ្ញុំនឹងយំទាំងយប់ទាំងថ្ងៃ
ចំពោះសាកសពនៃជនរួមជាតិរបស់ខ្ញុំ។
២ ឱបើខ្ញុំមានកន្លែងស្នាក់អាស្រ័យនៅតំបន់ស្ងាត់ជ្រងំ
នោះខ្ញុំនឹងចាកចេញពីជនរួមជាតិរបស់ខ្ញុំ ហើយទៅឲ្យឆ្ងាយពីពួកគេ
ព្រោះពួកគេសុទ្ធតែជាអ្នកផិតក្បត់+
និងជាក្រុមមនុស្សដែលមានកលឧបាយ។
៣ ពួកគេត្រៀមនិយាយកុហក ដូចជាគេយឹតធ្នូត្រៀមនឹងបាញ់
ហេតុនេះ ស្រុកនោះពេញទៅដោយសេចក្ដីមិនពិត និងភាពមិនស្មោះត្រង់។+
«ពួកគេធ្វើអំពើអាក្រក់មួយហើយមួយទៀត
ហើយមិនយកចិត្តទុកដាក់ស្ដាប់ខ្ញុំឡើយ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤ «ឱជនទាំងឡាយអើយ! ចូរប្រុងប្រយ័ត្ននឹងអ្នកជិតខាងខ្លួន
ហើយសូម្បីតែបងប្អូនក៏កុំទុកចិត្តដែរ។
ព្រោះបងប្អូនរបស់អ្នករាល់គ្នាសុទ្ធតែជាអ្នកក្បត់+
ហើយអ្នកជិតខាងក៏សុទ្ធតែជាអ្នកបង្កាច់បង្ខូចដែរ។+
៥ ពួកគេម្នាក់ៗបោកបញ្ឆោតអ្នកជិតខាងខ្លួន
ហើយគ្មានអ្នកណាម្នាក់និយាយសេចក្ដីពិតឡើយ។
ពួកគេបង្វឹកអណ្ដាតខ្លួនឲ្យនិយាយតែសេចក្ដីមិនពិតប៉ុណ្ណោះ។+
ពួកគេប្រព្រឹត្តអាក្រក់មិនចេះនឿយណាយ។
៦ អ្នកកំពុងរស់នៅក្នុងចំណោមជនបោកប្រាស់
អ្នកទាំងនោះនិយាយតែពាក្យភូតភរ ហើយមិនព្រមទទួលស្គាល់ខ្ញុំទេ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៧ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ខ្ញុំនឹងសម្រិតសម្រាំង ហើយពិសោធមើលពួកគេ+
ព្រោះក្រៅពីនេះ តើមានអ្វីទៀតដែលខ្ញុំអាចធ្វើចំពោះកូនស្រីនៃរាស្ត្ររបស់ខ្ញុំទៅ?
៨ អណ្ដាតពួកគេពោលតែពាក្យបោកបញ្ឆោត ប្រៀបដូចជាផ្លែព្រួញមុតស្រួច។
មាត់ពួកគេពោលពាក្យផ្អែមល្ហែមដល់អ្នកជិតខាងខ្លួន
តែក្នុងចិត្ត ពួកគេរង់ចាំឱកាសវាយឆ្មក់វិញ»។
៩ ព្រះយេហូវ៉ាប្រកាសថា៖ «តើមិនគួរឲ្យខ្ញុំដាក់ទោសពួកគេចំពោះរឿងទាំងនេះទេឬ?
តើមិនគួរឲ្យខ្ញុំសងសឹកនឹងប្រជាជាតិនេះទេឬ?+
១០ ខ្ញុំនឹងទ្រហោយំនឹងភ្នំទាំងឡាយ
ហើយច្រៀងបទទំនួញនឹកស្រណោះដល់វាលស្មៅនៅតំបន់ស្ងាត់ជ្រងំ
ព្រោះកន្លែងទាំងនោះបានឆេះអស់ហើយ គ្មានអ្នកណាដើរឆ្លងកាត់ទៀតទេ
ឯសំឡេងហ្វូងសត្វក៏មិនឮទៀតដែរ។
សត្វស្លាបនៅលើមេឃបានហើរទៅបាត់ ហើយសត្វសាហាវនៅលើដីបានរត់អស់ដែរ។+
១១ ខ្ញុំនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាគំនរថ្ម+ គឺទៅជាលំនៅរបស់ឆ្កែព្រៃ។+
ឯបណ្ដាក្រុងក្នុងស្រុកយូដាវិញ ខ្ញុំនឹងធ្វើឲ្យទៅជាកន្លែងស្ងាត់ជ្រងំ ហើយគ្មានអ្នកណារស់នៅទៀតឡើយ។+
១២ តើអ្នកណាមានប្រាជ្ញាអាចយល់ការនេះបាន?
តើព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អ្នកណាដើម្បីអ្នកនោះអាចប្រកាសអំពីរឿងនេះ? ហេតុអ្វីក៏ស្រុកនេះវិនាសទៅ?
ហេតុដូចម្ដេចបានជាស្រុកនេះឆេះអស់ដូចជាតំបន់ស្ងាត់ជ្រងំ
ហើយគ្មានមនុស្សណាដើរឆ្លងកាត់ដូច្នេះ?»។
១៣ ព្រះយេហូវ៉ាឆ្លើយថា៖ «នេះគឺដោយសារពួកគេមិនទទួលស្គាល់និងមិនធ្វើតាមច្បាប់*ដែលខ្ញុំបានឲ្យពួកគេ ថែមទាំងមិនស្ដាប់បង្គាប់ខ្ញុំផង។ ១៤ ផ្ទុយទៅវិញ ពួកគេបានធ្វើតាមចិត្តរឹងចចេសរបស់ខ្លួន+ ហើយទៅគោរពបូជាដល់រូបព្រះបាល តាមអ្វីដែលបុព្វបុរសរបស់ពួកគេបានបង្រៀន។+ ១៥ ដូច្នេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងធ្វើឲ្យបណ្ដាជននេះបរិភោគដើមល្វីង និងផឹកទឹកដែលមានជាតិពុល។+ ១៦ ខ្ញុំនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិនានា ដែលពួកគេនិងបុព្វបុរសរបស់ពួកគេមិនដែលស្គាល់+ ហើយខ្ញុំនឹងចាត់សត្រូវឲ្យដេញតាមប្រហារពួកគេ រហូតដល់ពួកគេវិនាសសាបសូន្យអស់›។+
១៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
‹ចូរគិតពិចារណាអំពីអ្វីដែលកំពុងកើតឡើងចុះ។
ចូរឲ្យគេទៅហៅពួកស្ត្រីដែលច្រៀងបទទំនួញ+
គឺស្ត្រីដែលពូកែច្រៀងបទទាំងនោះឲ្យមកជួបជុំគ្នា។
១៨ ស្ត្រីទាំងនោះត្រូវប្រញាប់ច្រៀងបទទំនួញឲ្យយើងស្ដាប់
ដើម្បីឲ្យទឹកភ្នែកយើងហូរចេញមក គឺហូរឥតឈប់។+
១៩ ព្រោះមានឮសំឡេងទួញយំពីក្រុងស៊ីយ៉ូនថា៖+
«យើងបានវិនាសហិនហោចអស់ហើយ!
យើងមានការអាម៉ាស់ខ្លាំងណាស់!
ព្រោះយើងបានចាកចោលស្រុក ហើយសត្រូវបានផ្ដួលរំលំផ្ទះយើងចោល»។+
២០ ឱស្ត្រីអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា
ហើយផ្ទៀងត្រចៀកស្ដាប់សម្ដីរបស់លោកចុះ។
ចូរបង្រៀនកូនស្រីៗរបស់អ្នកឲ្យច្រៀងបទទំនួញនេះ
ហើយបង្ហាត់អ្នកឯទៀតឲ្យចេះច្រៀងបទនេះដែរ។+
២១ ព្រោះសេចក្ដីស្លាប់ឡើងតាមបង្អួច
ហើយក៏ចូលទៅក្នុងប៉មរឹងមាំទាំងប៉ុន្មានរបស់យើងដែរ
ដើម្បីយកជីវិតកូនក្មេងនៅតាមផ្លូវ
និងពួកយុវជននៅទីធ្លាសាធារណៈ›។+
២២ ចូរនិយាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«សាកសពរបស់មនុស្សនឹងត្រូវទុកចោលដូចជីនៅដី
និងដូចជាកណ្ដាប់ស្រូវដែលគេទើបនឹងច្រូត ហើយគ្មានអ្នកណាប្រមូលទេ»›»។+
២៣ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«អ្នកប្រាជ្ញមិនត្រូវអួតអំពីប្រាជ្ញារបស់ខ្លួនឡើយ+
ហើយបុរសខ្លាំងក្លាក៏មិនត្រូវអួតអំពីកម្លាំងរបស់ខ្លួនដែរ
ឯអ្នកមានវិញ គាត់មិនត្រូវអួតអំពីទ្រព្យសម្បត្តិរបស់ខ្លួនទេ»។+
២៤ «ប៉ុន្តែ ចូរអួតអំពីការនេះវិញ
គឺការមានការយល់ដឹងនិងចំណេះអំពីខ្ញុំ+
ថាខ្ញុំជាយេហូវ៉ា ជាព្រះដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីសុចរិតយុត្តិធម៌នៅផែនដី+
ព្រោះខ្ញុំពេញចិត្តនឹងការទាំងនេះណាស់»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៥ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ដែលខ្ញុំនឹងកាត់ទោសអស់អ្នកដែលកាត់ចុងស្បែកតែសម្បកក្រៅប៉ុណ្ណោះ+ ២៦ ហើយខ្ញុំនឹងកាត់ទោសជនជាតិអេហ្ស៊ីប+ យូដា+ អេដំ+ អាំម៉ូន+ និងម៉ូអាប់+ រួមទាំងអស់អ្នកដែលកាត់តម្រឹមសក់ត្រឹមសៀតផ្កា គឺជាអ្នកដែលរស់នៅក្នុងតំបន់ស្ងាត់ជ្រងំ។+ ព្រោះប្រជាជាតិទាំងអស់សុទ្ធតែមិនបានកាត់ចុងស្បែក ហើយពូជពង្សយូដាទាំងអស់ក៏មិនបានកាត់ស្បែកចិត្តដែរ»។+