ការបើកបង្ហាញចំពោះយ៉ូហាន
១៩ បន្ទាប់ពីការនោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំង ហាក់ដូចជាសំឡេងជនមួយក្រុមធំនៅស្ថានសួគ៌។ ពួកគេនិយាយថា៖ «ចូរសរសើរយ៉ា!*+ សេចក្ដីសង្គ្រោះ សិរីរុងរឿង និងឫទ្ធានុភាពគឺជារបស់ព្រះនៃយើង ២ ពីព្រោះការវិនិច្ឆ័យរបស់លោកគឺគួរឲ្យទុកចិត្ត ហើយក៏សុចរិតយុត្តិធម៌។+ ព្រោះលោកបានដាក់ទោសមេស្ត្រីពេស្យាដែលបានបង្ខូចផែនដីដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង ហើយលោកបានសងសឹកឲ្យពួកខ្ញុំបម្រើរបស់លោកដែលនាងបានសម្លាប់»។+ ៣ ភ្លាមនោះ ពួកគេនិយាយជាលើកទី២ថា៖ «ចូរសរសើរយ៉ា!*+ ចូរឲ្យផ្សែងពីការដុតនាងហុយឡើងជារៀងរហូត»។+
៤ ឯពួកអ្នកចាស់ទុំ២៤នាក់+និងចេរូប៊ីនទាំង៤+បានលំឱនកាយគោរពប្រណិប័តន៍ព្រះដែលអង្គុយលើបល្ល័ង្ក ដោយពោលថា៖ «អាមេន! ចូរសរសើរយ៉ា!»។*+
៥ ម្យ៉ាងទៀត មានសំឡេងមួយបន្លឺចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាដែលជាខ្ញុំបម្រើរបស់ព្រះ ដែលកោតខ្លាចលោក ទាំងអ្នកតូចទាំងអ្នកធំ ចូរសរសើរព្រះរបស់យើង»។+
៦ រួចខ្ញុំឮសំឡេងមួយ ដូចជាសំឡេងជនមួយក្រុមធំ ដូចជាសន្ធឹកទឹកហូរ និងដូចជាសំឡេងផ្គរលាន់ឮយ៉ាងខ្លាំង។ ពួកគេនិយាយថា៖ «ចូរសរសើរយ៉ា*+ ពីព្រោះព្រះយេហូវ៉ា*ដែលជាព្រះរបស់យើង និងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត+ បានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចហើយ!+ ៧ ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក ពីព្រោះវេលាសម្រាប់ពិធីរៀបការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួនរួចជាស្រេច។ ៨ នាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះជាតំណាងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។+
៩ បន្ទាប់មក ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរសរសេរដូចតទៅនេះ៖ អស់អ្នកដែលបានត្រូវអញ្ជើញឲ្យចូលរួមពិសាភោជនាហារនៅពិធីរៀបការរបស់កូនចៀម មានសុភមង្គលហើយ»។+ គាត់ក៏ប្រាប់ខ្ញុំដែរថា៖ «សេចក្ដីនេះជាប្រសាសន៍របស់ព្រះ ជាប្រសាសន៍ដ៏គួរឲ្យទុកចិត្ត»។ ១០ រួចខ្ញុំលំឱនកាយនៅជិតជើងទេវតានោះ ដើម្បីគោរពប្រណិប័តន៍គាត់។ ប៉ុន្តែ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ!+ ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក ដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។+ ចូរគោរពប្រណិប័តន៍ព្រះ!+ ព្រោះការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ ជាគោលបំណងនៃការប្រកាសទំនាយ»។+
១១ ខ្ញុំឃើញមេឃបើកចំហ ហើយមើល! មានសេះសម្បុរស។+ លោកដែលអង្គុយលើសេះនោះ មាននាមថាស្មោះត្រង់+និងពិតត្រង់+ ហើយលោកវិនិច្ឆ័យនិងធ្វើសង្គ្រាមដោយសុចរិតយុត្តិធម៌។+ ១២ ភ្នែករបស់លោកដូចជាអណ្ដាតភ្លើង+ ហើយមានមកុដជាច្រើននៅលើក្បាលលោក។ មាននាមមួយដែលបានត្រូវសរសេរនៅលើលោក ដែលគ្មានអ្នកណាស្គាល់ក្រៅពីលោកឡើយ ១៣ សម្លៀកបំពាក់ក្រៅរបស់លោកប្រឡាក់ឈាម* ហើយនាមរបស់លោកគឺបណ្ដាំ+របស់ព្រះ។ ១៤ ម្យ៉ាងទៀត បណ្ដាកងទ័ពនៅស្ថានសួគ៌កំពុងជិះសេះសម្បុរសមកតាមក្រោយលោក ហើយពួកគេស្លៀកពាក់ក្រណាត់សាច់ល្អស្អាតពណ៌ស។ ១៥ មានដាវវែងមួយយ៉ាងមុតចេញពីមាត់របស់លោក+ ដើម្បីឲ្យលោកប្រហារប្រជាជាតិនានា ហើយលោកនឹងឃ្វាលពួកគេដោយដំបងដែក។+ បន្ថែមទៀត លោកក៏ជាន់ទំពាំងបាយជូរក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា គឺអាងនៃសេចក្ដីក្រោធដ៏ខ្លាំងរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+ ១៦ លោកមាននាមមួយដែលបានត្រូវសរសេរលើសម្លៀកបំពាក់ក្រៅរបស់លោក ដែលនៅត្រង់ភ្លៅ។ នាមនោះគឺស្ដេចលើអស់ទាំងស្ដេច និងម្ចាស់លើអស់ទាំងម្ចាស់។+
១៧ ខ្ញុំក៏ឃើញទេវតាមួយឈរនៅមុខដួងអាទិត្យ ហើយគាត់បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលមេឃថា៖ «ចូរប្រមូលគ្នាមកក្នុងការជប់លៀងដ៏ធំរបស់ព្រះ+ ១៨ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេបញ្ជាការកងទ័ព សាច់ពួកអ្នកខ្លាំងពូកែ+ សាច់សេះ សាច់ពួកអ្នកដែលជិះសេះទាំងនោះ+ និងសាច់មនុស្សទាំងឡាយ ទាំងពួកអ្នកមានសេរីភាពទាំងពួកខ្ញុំបម្រើ ទាំងអ្នកតូចទាំងអ្នកធំ»។
១៩ រួចខ្ញុំឃើញសត្វសាហាវនិងស្ដេចទាំងឡាយនៅផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ បានមូលគ្នាមកដើម្បីច្បាំងនឹងលោកដែលកំពុងជិះសេះ និងកងទ័ពរបស់លោក។+ ២០ សត្វសាហាវបានត្រូវចាប់ រួមទាំងអ្នកប្រកាសទំនាយមិនពិត+ដែលបានធ្វើសញ្ញាសម្គាល់ក្រោមក្រសែភ្នែកសត្វនោះ ដែលបានបំភាន់ពួកអ្នកដែលបានទទួលសញ្ញានៃសត្វសាហាវ+ និងពួកអ្នកដែលគោរពប្រណិប័តន៍រូបសត្វសាហាវនោះ។+ កាលដែលនៅរស់នៅឡើយ ពួកគេទាំងពីរបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។+ ២១ ប៉ុន្តែ មនុស្សទាំងប៉ុន្មានទៀតបានត្រូវសម្លាប់ដោយដាវវែងរបស់លោកដែលជិះសេះ ជាដាវដែលចេញពីមាត់លោក។+ ឯសត្វស្លាបទាំងអស់បានស៊ីសាច់របស់អ្នកទាំងនោះឆ្អែត។+