ការបើកបង្ហាញចំពោះយ៉ូហាន
២២ រួចគាត់បង្ហាញខ្ញុំឲ្យឃើញទន្លេដែលមានទឹកដែលផ្ដល់ជីវិត+ ទឹកនោះថ្លាដូចកែវចរណៃ កំពុងចេញពីបល្ល័ង្ករបស់ព្រះនិងរបស់កូនចៀម+ ២ ហូរកាត់កណ្ដាលផ្លូវធំនៃក្រុងនោះ។ នៅខាងនាយនិងខាងអាយទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ដែលបង្កើតផល១២ដងរាល់ឆ្នាំ ដោយមួយខែបង្កើតផលម្ដង។ ឯស្លឹកនៃដើមឈើទាំងនោះគឺសម្រាប់ធ្វើឲ្យប្រជាជាតិនានាជាសះស្បើយ។+
៣ ក្រុងនោះនឹងលែងមានបណ្ដាសាតទៅទៀត។ ប៉ុន្តែ បល្ល័ង្ករបស់ព្រះនិងរបស់កូនចៀម+នឹងនៅក្នុងក្រុងនោះ ហើយពួកខ្ញុំបម្រើរបស់ព្រះនឹងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោក។ ៤ ពួកគេនឹងឃើញមុខរបស់លោក+ ហើយនាមលោកនឹងនៅលើថ្ងាសរបស់ពួកគេ។+ ៥ យប់ក៏នឹងលែងមានទៀតដែរ+ ហើយពួកគេមិនត្រូវការភ្លើងចង្កៀងឬពន្លឺថ្ងៃទេ ពីព្រោះព្រះយេហូវ៉ា*នឹងបញ្ចាំងពន្លឺទៅលើពួកគេ+ ហើយពួកគេនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត។+
៦ ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «ពាក្យទាំងនេះគួរឲ្យទុកចិត្ត* ហើយក៏ពិតត្រង់។+ ពិតមែន ព្រះយេហូវ៉ា*ជាព្រះដែលមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយ+ លោកបានចាត់ទេវតារបស់លោកឲ្យទៅបង្ហាញពួកខ្ញុំបម្រើរបស់លោក ឲ្យឃើញអ្វីៗដែលនឹងត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ៧ មើល! ខ្ញុំនឹងមកយ៉ាងឆាប់។+ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះ អ្នកនោះមានសុភមង្គលហើយ»។+
៨ ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮនិងបានឃើញការទាំងនេះ។ ពេលខ្ញុំឃើញនិងឮហើយ ខ្ញុំបានក្រាបគោរពប្រណិប័តន៍នៅជិតជើងរបស់ទេវតាដែលបានបង្ហាញការទាំងនេះដល់ខ្ញុំ។ ៩ ប៉ុន្តែ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នកដែលជាអ្នកប្រកាសទំនាយ និងជាអ្នកដែលកំពុងប្រព្រឹត្តតាមសេចក្ដីក្នុងរមូរនេះ។ ចូរគោរពប្រណិប័តន៍ព្រះ»។+
១០ លោកក៏ប្រាប់ខ្ញុំដែរថា៖ «កុំបិទត្រាលើសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះឡើយ ពីព្រោះពេលកំណត់គឺជិតដល់ហើយ។ ១១ ចូរឲ្យអ្នកដែលប្រព្រឹត្តអំពើមិនសុចរិត ប្រព្រឹត្តអំពើមិនសុចរិតតទៅទៀត ឯអ្នកដែលកខ្វក់ ចូរឲ្យអ្នកនោះធ្វើឲ្យខ្លួនកខ្វក់តទៅទៀត។ ប៉ុន្តែ ចូរឲ្យអ្នកដែលសុចរិត ប្រព្រឹត្តអំពើសុចរិតតទៅទៀត ហើយចូរឲ្យអ្នកដែលបរិសុទ្ធ ធ្វើឲ្យខ្លួនបរិសុទ្ធតទៅទៀត។
១២ «‹មើល! ខ្ញុំនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់មកជាមួយផង ដើម្បីចែកឲ្យម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+ ១៣ ខ្ញុំជាអាលផានិងជាអូមេហ្គា*+ ជាអ្នកដំបូងបង្អស់និងជាអ្នកក្រោយបង្អស់ ជាដើមនិងជាចុង។ ១៤ អស់អ្នកដែលបោកអាវវែងរបស់ខ្លួន+ នោះមានសុភមង្គលហើយ ព្រោះពួកគេនឹងមានសិទ្ធិទៅឯដើមឈើដែលផ្ដល់ជីវិត+ ហើយអាចចូលក្នុងក្រុងនោះតាមទ្វារកំពែង។+ ១៥ នៅខាងក្រៅមានពួកឆ្កែ* ពួកអ្នកដែលទាក់ទងនឹងវិញ្ញាណអាក្រក់ ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ពួកឃាតករ ពួកអ្នកដែលគោរពបូជារូបព្រះ និងពួកអ្នកដែលចូលចិត្តភូតភរបោកបញ្ឆោត›។+
១៦ «‹ខ្ញុំ យេស៊ូ បានចាត់ទេវតារបស់ខ្ញុំឲ្យទៅធ្វើជាសាក្សីបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំទាំងឡាយ។ ខ្ញុំជាឫសនិងជាកូនចៅ*របស់ដាវីឌ+ ហើយជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច›»។+
១៧ ឫទ្ធានុភាពបរិសុទ្ធនិងកូនក្រមុំ+និយាយឥតឈប់ថា៖ «មកចុះ!» ហើយអ្នកណាដែលបានឮ ចូរនិយាយថា៖ «មកចុះ!» ហើយចូរឲ្យអ្នកណាដែលស្រេក មកចុះ។+ ចូរឲ្យអ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃចុះ។+
១៨ «ចំពោះអស់អ្នកដែលឮសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះ ខ្ញុំបញ្ជាក់ប្រាប់ថា៖ ប្រសិនបើអ្នកណាបន្ថែមអ្វីទៅលើពាក្យទាំងនេះ+ ព្រះនឹងបន្ថែមសេចក្ដីវេទនាដែលមាននៅក្នុងរមូរនេះទៅលើអ្នកនោះ។+ ១៩ ប្រសិនបើអ្នកណាដកពាក្យណាចេញពីទំនាយក្នុងរមូរនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីអ្វីដែលបានត្រូវសរសេរក្នុងរមូរនេះ ពោលគឺលោកនឹងមិនអនុញ្ញាតឲ្យអ្នកនោះបរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិត+ ហើយនឹងមិនឲ្យអ្នកនោះចូលក្នុងក្រុងបរិសុទ្ធឡើយ។+
២០ «លោកដែលធ្វើជាសាក្សីបញ្ជាក់អំពីការទាំងនេះ មានប្រសាសន៍ថា៖ ‹ខ្ញុំនឹងមកយ៉ាងឆាប់›»។+
«អាមេន! លោកម្ចាស់យេស៊ូ សូមអញ្ជើញមក»។
២១ សូមឲ្យពួកអ្នកបរិសុទ្ធបានប្រកបដោយគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូ។