ដំណើរចាកចេញ
២៦ «អ្នកត្រូវធ្វើត្រសាលជំនុំ+ ដោយប្រើក្រណាត់១០ផ្ទាំង ធ្វើពីអំបោះល្អដែលវេញចូលគ្នា អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* និងអំបោះពណ៌ក្រហម។ អ្នកត្រូវឲ្យគេប៉ាក់រូបចេរូប៊ីន+នៅលើក្រណាត់ទាំងនោះ។+ ២ ក្រណាត់ទាំងនោះត្រូវមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ២៨ហត្ថ* និងទទឹង៤ហត្ថ។+ ៣ ក្រណាត់ប្រាំផ្ទាំងត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយ ឯប្រាំផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ៤ បន្ទាប់មក អ្នកត្រូវយកអំបោះពណ៌ខៀវមកវេញធ្វើខ្សែកងភ្ជាប់នៅជាយក្រណាត់ផ្ទាំងធំនោះ ហើយក្រណាត់ផ្ទាំងធំមួយទៀតក៏ត្រូវធ្វើដូច្នោះដែរ ដើម្បីទុកភ្ជាប់ផ្ទាំងទាំងពីរ។ ៥ នៅលើផ្ទាំងមួយត្រូវមានខ្សែកង៥០ លើផ្ទាំងមួយទៀតក៏ត្រូវមានខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ៦ អ្នកត្រូវធ្វើកន្លាស់មាស៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ សម្រាប់គ្របលើត្រសាល។+
៧ «អ្នកក៏ត្រូវធ្វើក្រណាត់ពីរោមពពែ១១ផ្ទាំង+ សម្រាប់គ្របលើត្រសាលដែរ។ ៨ ក្រណាត់ទាំងនោះត្រូវមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ៣០ហត្ថ និងទទឹង៤ហត្ថ។ ៩ ក្រណាត់៥ផ្ទាំងត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយ ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ឯផ្ទាំងទី៦ដែលនៅខាងមុខត្រសាល អ្នកត្រូវបត់ពាក់កណ្ដាល។ ១០ នៅចុងផ្ទាំងធំមួយត្រូវមានខ្សែកង៥០ ហើយនៅចុងផ្ទាំងធំមួយទៀតក៏ត្រូវមានខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១១ អ្នកត្រូវធ្វើកន្លាស់ស្ពាន់៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ។ ១២ ឯក្រណាត់ដែលនៅសល់ចំហៀងសងខាងនិងខាងក្រោយត្រសាល ត្រូវទុកឲ្យធ្លាក់សំយាក។ ១៣ ក្រណាត់ដែលនៅសល់ចំហៀងត្រសាល មានប្រវែងមួយហត្ថសងខាង ហើយត្រូវទុកឲ្យធ្លាក់សំយាកដើម្បីគ្របបាំងត្រសាល។
១៤ «អ្នកក៏ត្រូវយកស្បែកចៀមឈ្មោលដែលជ្រលក់ពណ៌ក្រហម មកគ្របលើត្រសាល ហើយត្រូវយកស្បែកទន់*មកគ្របពីលើនោះ។+
១៥ «អ្នកត្រូវយកឈើអាកាស្យាមកធ្វើក្ដារស៊ុម+ ហើយតម្រៀបបញ្ឈរជាជញ្ជាំងត្រសាល។+ ១៦ ក្ដារស៊ុមនីមួយៗមានកម្ពស់១០ហត្ថ និងទទឹងមួយហត្ថកន្លះ។ ១៧ នៅផ្នែកខាងក្រោមនៃក្ដារស៊ុមនីមួយៗ អ្នកត្រូវធ្វើពន្លួញពីរលៀនចេញពីក្ដារស៊ុម។ នោះជារបៀបដែលអ្នកត្រូវធ្វើក្ដារស៊ុមត្រសាល។ ១៨ អ្នកត្រូវធ្វើក្ដារស៊ុមចំនួន២០ សម្រាប់ជញ្ជាំងខាងត្បូងនៃត្រសាល។
១៩ «អ្នកត្រូវយកប្រាក់ធ្វើជាជើងពន្លួញ៤០+ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។+ ២០ ឯជញ្ជាំងខាងជើងនៃត្រសាលវិញ អ្នកក៏ត្រូវធ្វើក្ដារស៊ុមចំនួន២០ដែរ ២១ ហើយអ្នកត្រូវយកប្រាក់ធ្វើជាជើងពន្លួញ៤០ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។ ២២ ចំណែកជញ្ជាំងខាងលិចផ្នែកខាងក្រោយត្រសាល អ្នកត្រូវធ្វើក្ដារស៊ុមចំនួន៦។+ ២៣ អ្នកត្រូវធ្វើក្ដារស៊ុមពីរសម្រាប់ធ្វើជាជ្រុងជញ្ជាំងទាំងពីរ ដែលនៅខាងក្រោយត្រសាល។ ២៤ ក្ដារស៊ុមនោះត្រូវមានបន្ទះឈើពីរផ្ទាំងអបគ្នា ចាប់ពីក្រោមឡើងទៅលើ ភ្ជាប់នៅត្រង់កងទី១ ដើម្បីទប់ជ្រុងជញ្ជាំងទាំងពីរនៅខាងក្រោយ។ ២៥ ម្ល៉ោះហើយ ជញ្ជាំងខាងក្រោយមានក្ដារស៊ុមចំនួន៨ ហើយមានជើងពន្លួញ១៦ធ្វើពីប្រាក់ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុម១។ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។
២៦ «អ្នកត្រូវធ្វើរនុកពីឈើអាកាស្យា ប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងត្រសាល+ ២៧ ប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងម្ខាងទៀត ហើយប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅផ្នែកខាងក្រោយត្រសាលប៉ែកខាងលិច។ ២៨ ឯរនុកសម្រាប់ស៊កក្ដារស៊ុមត្រង់កណ្ដាល ត្រូវមានប្រវែងវែងពីចុងម្ខាងត្រសាលដល់ចុងម្ខាងទៀត។
២៩ «អ្នកត្រូវស្រោបក្ដារស៊ុមទាំងអស់ដោយមាស+ ហើយត្រូវធ្វើកងភ្ជាប់ក្ដារស៊ុមនីមួយៗពីមាស។ ឯរនុកសម្រាប់ស៊កចូលកងទាំងនោះក៏ត្រូវស្រោបដោយមាសដែរ។ ៣០ អ្នកត្រូវដំឡើងត្រសាលនោះ ស្របទៅតាមប្លង់ដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+
៣១ «អ្នកត្រូវធ្វើវាំងនន+ពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា ហើយត្រូវប៉ាក់រូបចេរូប៊ីននៅលើវាំងនននោះ។ ៣២ អ្នកត្រូវព្យួរវាំងនននោះនៅលើសសរបួនដើមដែលធ្វើពីឈើអាកាស្យាស្រោបដោយមាស ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរបួននោះ ត្រូវធ្វើពីប្រាក់។ ៣៣ អ្នកត្រូវព្យួរវាំងនននៅលើតម្ពក់ទាំងនោះ រួចត្រូវនាំយកហឹបនៃសេចក្ដីរំលឹក+ទៅដាក់នៅក្រោយវាំងនន។ វាំងនននោះគឺសម្រាប់ខណ្ឌទីបរិសុទ្ធ+និងទីបរិសុទ្ធបំផុត។+ ៣៤ អ្នកត្រូវគ្របគម្របហឹបនៃសេចក្ដីរំលឹកដែលនៅខាងក្នុងទីបរិសុទ្ធបំផុត។
៣៥ «អ្នកត្រូវដាក់តុមាសនៅខាងមុខវាំងននប៉ែកខាងជើងត្រសាល ហើយដាក់ជើងចង្កៀង+ទល់មុខតុនោះនៅប៉ែកខាងត្បូង។ ៣៦ នៅទ្វារចូលត្រសាល អ្នកត្រូវធ្វើវាំងននដែលត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ៣៧ អ្នកត្រូវធ្វើសសរប្រាំដើមពីឈើអាកាស្យា ហើយស្រោបដោយមាស សម្រាប់ព្យួរវាំងនននោះ ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរប្រាំនោះ អ្នកត្រូវធ្វើពីស្ពាន់។