ដំណើរចាកចេញ
៣០ «អ្នកត្រូវធ្វើទីបូជាមួយសម្រាប់ដុតគ្រឿងក្រអូប+ ហើយអ្នកត្រូវធ្វើទីបូជានោះពីឈើអាកាស្យា។+ ២ ទីបូជានោះមានរាងបួនជ្រុង បណ្ដោយមួយហត្ថ* ទទឹងមួយហត្ថ និងកម្ពស់ពីរហត្ថ ហើយមានស្នែងជាប់ជាមួយដែរ។+ ៣ អ្នកត្រូវស្រោបទីបូជានោះដោយមាសសុទ្ធ គឺនៅផ្ទៃខាងលើ ផ្ទៃជុំវិញ និងលើស្នែង។ រួចអ្នកត្រូវធ្វើក្បាច់ពីមាសនៅជុំវិញគែមខាងលើ។ ៤ អ្នកក៏ត្រូវធ្វើកងមាសភ្ជាប់នៅខាងក្រោមគែមនោះ គឺម្ខាងពីរៗ។ កងទាំងនោះគឺសម្រាប់ស៊កដងសែងទីបូជានោះ។ ៥ ដងនោះត្រូវធ្វើពីឈើអាកាស្យា ហើយស្រោបដោយមាស។ ៦ អ្នកត្រូវដាក់ទីបូជានោះនៅមុខវាំងនន ជិតហឹបនៃសេចក្ដីរំលឹក+និងគម្របហឹបនោះ ជាកន្លែងដែលខ្ញុំនឹងលេចមកជួបអ្នក។+
៧ «អេរ៉ុន+នឹងដុតគ្រឿងក្រអូប+ឲ្យផ្សែងហុយឡើងនៅលើទីបូជានោះ+ ពេលដែលគាត់រៀបចំចង្កៀង+រៀងរាល់ព្រឹក។ ៨ បន្ថែមទៀត រៀងរាល់ល្ងាច*ពេលអេរ៉ុនអុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនោះត្រូវដុតនៅចំពោះព្រះយេហូវ៉ាជាប្រចាំគ្រប់ជំនាន់តរៀងទៅ។ ៩ អ្នកមិនត្រូវដុតគ្រឿងក្រអូបដែលលាយខុសពីការណែនាំ+នៅលើទីបូជានោះឡើយ។ ឯគ្រឿងបូជាដុត ឬគ្រឿងបូជាជាស្រា ឬគ្រឿងបូជាពីស្រូវ ក៏មិនត្រូវដុតនៅទីនោះដែរ។ ១០ អេរ៉ុនត្រូវយកឈាមសត្វនៃគ្រឿងបូជាសម្រាប់ជម្រះភាពខុសឆ្គង+ ទៅលាបលើស្នែងទីបូជានោះ ដើម្បីធ្វើឲ្យទីបូជានោះបរិសុទ្ធ។ គាត់ត្រូវធ្វើដូច្នោះជារៀងរាល់ឆ្នាំ+គ្រប់ជំនាន់តរៀងទៅ។ ទីបូជានោះគឺបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា»។
១១ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ១២ «កាលណាអ្នករាប់ចំនួនកូនប្រុសៗរបស់ជនជាតិអ៊ីស្រាអែលកត់ទុកក្នុងបញ្ជី+ នោះអ្នកត្រូវឲ្យពួកគេម្នាក់ៗបង់ថ្លៃលោះជីវិតរបស់ខ្លួនជូនព្រះយេហូវ៉ា។ យ៉ាងនោះនឹងគ្មានសេចក្ដីវេទនាធ្លាក់មកលើពួកគេឡើយ។ ១៣ ពួកគេម្នាក់ៗត្រូវបង់កន្លះហ្សេគិល* តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នេះជាចំនួនដែលពួកគេត្រូវជូនព្រះយេហូវ៉ា។+ មួយហ្សេគិលស្មើនឹង២០កេរ៉ា។* ១៤ ដូច្នេះ បុរសគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីអាយុ២០ឆ្នាំឡើងទៅ ត្រូវជូនតាមចំនួននោះដល់ព្រះយេហូវ៉ា។+ ១៥ ចំពោះអ្នកមានមិនត្រូវឲ្យលើស ឯអ្នកក្រក៏មិនត្រូវឲ្យខ្វះដែរ គឺម្នាក់ៗត្រូវឲ្យកន្លះហ្សេគិលជូនព្រះយេហូវ៉ា ដើម្បីលោះជីវិតខ្លួន។* ១៦ អ្នកត្រូវយកប្រាក់នោះពីបណ្ដាជនអ៊ីស្រាអែល ដើម្បីប្រើសម្រាប់កិច្ចបម្រើនៅក្នុងត្រសាលជំនុំ។ ប្រាក់នោះជាសេចក្ដីរំលឹកដល់ជនជាតិអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ាថា ពួកគេត្រូវលោះជីវិតខ្លួន»។
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេទៀតថា៖ ១៨ «អ្នកត្រូវធ្វើអាងទឹកមួយពីស្ពាន់សម្រាប់លាងសម្អាត និងជើងសម្រាប់ទ្រវាដែរ។+ អ្នកត្រូវដាក់អាងនោះនៅចន្លោះត្រសាលជំនុំនិងទីបូជា រួចចាក់ទឹកឲ្យពេញអាង។+ ១៩ អេរ៉ុននិងកូនប្រុសៗរបស់គាត់នឹងលាងសម្អាតដៃជើងនៅទីនោះ+ ២០ ដើម្បីកុំឲ្យពួកគាត់ស្លាប់ ពេលចូលទៅក្នុងត្រសាលជំនុំ ឬបំពេញកិច្ចបម្រើនៅទីបូជា និងពេលជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា។ ២១ ពួកគេត្រូវលាងសម្អាតដៃជើង ដើម្បីកុំឲ្យខ្លួនត្រូវស្លាប់។ នេះជាច្បាប់សម្រាប់អេរ៉ុននិងកូនចៅរបស់គាត់នៅគ្រប់ជំនាន់តរៀងទៅ»។+
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេទៀតថា៖ ២៣ «បន្ទាប់មក អ្នកត្រូវយកគ្រឿងក្រអូបវិសេសៗដូចតទៅ៖ ជ័រល្វីងទេស*ទម្ងន់៥០០ហ្សេគិល ស៊ីនេម៉ុន*២៥០ហ្សេគិល កាឡាមើស*២៥០ហ្សេគិល ២៤ និងខេហ្សា*៥០០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ+ ព្រមទាំងប្រេងអូលីវមួយហ៊ីន។* ២៥ រួចយកគ្រឿងទាំងនេះលាយគ្នាតាមវិធីនៃអ្នកផ្សំគ្រឿងក្រអូបដើម្បីធ្វើជាប្រេងបរិសុទ្ធសម្រាប់ចាក់តែងតាំង។+
២៦ «អ្នកត្រូវយកប្រេងនោះទៅចាក់លើត្រសាលជំនុំ+ លើហឹបនៃសេចក្ដីរំលឹក ២៧ លើតុនិងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា លើជើងចង្កៀងនិងប្រដាប់ប្រដារបស់វា លើទីបូជាសម្រាប់ដុតគ្រឿងក្រអូប ២៨ លើទីបូជាសម្រាប់គ្រឿងបូជាដុតនិងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា ព្រមទាំងលើអាងទឹកនិងជើងទ្រវា។ ២៩ អ្នកត្រូវញែកប្រដាប់ប្រដាទាំងនោះឲ្យបានបរិសុទ្ធបំផុត។+ អ្នកណាដែលប៉ះប្រដាប់ប្រដាទាំងនោះ ត្រូវតែបរិសុទ្ធ។+ ៣០ អ្នកត្រូវចាក់ប្រេងតែងតាំងអេរ៉ុន+និងកូនប្រុសៗរបស់គាត់+ ហើយញែកពួកគាត់ជាបរិសុទ្ធដើម្បីបម្រើជាសង្ឃដល់ខ្ញុំ។+
៣១ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹នេះជាប្រេងបរិសុទ្ធសម្រាប់ខ្ញុំ គ្រប់ជំនាន់តរៀងទៅ។+ ៣២ អ្នកមិនត្រូវយកប្រេងនេះទៅលាបឲ្យមនុស្សណាម្នាក់ឡើយ។ អ្នកក៏មិនត្រូវយកគ្រឿងផ្សំទាំងនោះទៅលាយជាប្រេងដូចនេះដែរ ព្រោះប្រេងនេះគឺជាអ្វីដែលបរិសុទ្ធ ហើយអ្នកត្រូវចាត់ទុកប្រេងនេះជាបរិសុទ្ធជានិច្ច។ ៣៣ អ្នកណាដែលលាយគ្រឿងផ្សំធ្វើប្រេងដូចនេះ ហើយយកប្រេងនេះទៅលាបឲ្យមនុស្សដែលគ្មានសិទ្ធិទទួល* អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន›»។+
៣៤ រួចព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «អ្នកត្រូវយកគ្រឿងក្រអូបទាំងនេះដែលមានទម្ងន់ស្មើគ្នា+ គឺជ័រក្រអូបស្តេកតា អូនីកា កាល់បានិម និងម្សៅក្រអូបសុទ្ធ។ ៣៥ រួចអ្នកត្រូវផ្សំធ្វើជាគ្រឿងក្រអូប+ តាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ហើយត្រូវដាក់អំបិលដែរ។+ នេះជាគ្រឿងក្រអូបល្អបរិសុទ្ធ។ ៣៦ អ្នកត្រូវយកគ្រឿងក្រអូបនេះមួយផ្នែកទៅបុកឲ្យម៉ដ្ឋ ហើយយកទៅដាក់នៅមុខហឹបនៃសេចក្ដីរំលឹកដែលនៅក្នុងត្រសាលជំនុំ ជាកន្លែងដែលខ្ញុំនឹងមកជួបអ្នក។ គ្រឿងក្រអូបនេះត្រូវជាអ្វីដែលបរិសុទ្ធបំផុតចំពោះអ្នក។ ៣៧ អ្នកមិនត្រូវផ្សំគ្រឿងក្រអូបនេះទុកប្រើសម្រាប់ខ្លួនឡើយ។+ អ្នកត្រូវចាត់ទុកគ្រឿងក្រអូបនេះជាអ្វីដែលបរិសុទ្ធជូនព្រះយេហូវ៉ា។ ៣៨ អ្នកណាដែលផ្សំគ្រឿងក្រអូបនេះ ទុកសម្រាប់ខ្លួនដោយសារចូលចិត្តក្លិនក្រអូបនេះ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន»។