ដំណើរចាកចេញ
២៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យនាំយកវិភាគទានមកជូនខ្ញុំ ហើយអ្នកត្រូវទទួលវិភាគទានពីអស់អ្នកដែលជូនដោយស្ម័គ្រពីចិត្ត។+ ៣ វិភាគទានដែលអ្នកត្រូវទទួលពីពួកគេមានដូចតទៅ៖ មាស+ ប្រាក់+ ស្ពាន់+ ៤ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ ៥ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកទន់* ឈើអាកាស្យា+ ៦ ប្រេងសម្រាប់ចង្កៀង+ ប្រេងក្រអូប*សម្រាប់លាយធ្វើប្រេងបរិសុទ្ធ*+ និងសម្រាប់លាយធ្វើគ្រឿងក្រអូប+ ៧ ព្រមទាំងត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌ+ និងប្រដាប់បាំងទ្រូង។+ ៨ អ្នកត្រូវសង់ទីបរិសុទ្ធមួយសម្រាប់គោរពប្រណិប័តន៍ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ។+ ៩ អ្នកត្រូវធ្វើត្រសាលមួយឲ្យខ្ញុំ និងគ្រឿងប្រដាប់ប្រដានៅក្នុងនោះ ស្របតាមប្លង់និងគំរូដែលខ្ញុំនឹងបង្ហាញដល់អ្នក។+
១០ «អ្នកត្រូវធ្វើហឹបមួយពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ*កន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។+ ១១ អ្នកត្រូវស្រោបហឹបនោះដោយមាសសុទ្ធ+ទាំងក្នុងទាំងក្រៅ ហើយត្រូវធ្វើក្បាច់នៅលើគែមជុំវិញមាត់ហឹបពីមាសដែរ។+ ១២ ឯនៅលើជើងទាំងបួននៃហឹប អ្នកត្រូវធ្វើកងមាសបួន គឺម្ខាងពីរៗ។ ១៣ រួចអ្នកត្រូវធ្វើដងឈើស្នែងពីរ ពីឈើអាកាស្យា ហើយត្រូវស្រោបដងនោះដោយមាស។+ ១៤ អ្នកត្រូវស៊កដងឈើនោះទៅក្នុងកងមាសដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះ។ ១៥ ឈើស្នែងនោះត្រូវនៅក្នុងកងហឹបជានិច្ច មិនត្រូវដកចេញឡើយ។+ ១៦ អ្នកត្រូវដាក់ផ្ទាំងថ្មនៃសេចក្ដីរំលឹក*របស់ខ្ញុំទៅក្នុងហឹបនោះ គឺជាសេចក្ដីរំលឹកដែលខ្ញុំនឹងឲ្យដល់អ្នក។+
១៧ «អ្នកត្រូវធ្វើគម្របហឹបនោះពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។+ ១៨ បន្ទាប់មក អ្នកត្រូវដំមាសធ្វើជារូបចេរូប៊ីនពីរ រួចដាក់នៅលើចុងសងខាងគម្របហឹប+ ១៩ គឺចេរូប៊ីនមួយនៅចុងម្ខាង ហើយចេរូប៊ីនមួយនៅចុងម្ខាងទៀត។ ២០ អ្នកត្រូវដាក់ចេរូប៊ីនទាំងពីរប្រទល់មុខគ្នា។ ចេរូប៊ីនទាំងពីរនោះឱនមុខទៅលើហឹប ព្រមទាំងត្រដាងស្លាបឡើងលើចោលស្រមោលលើគម្របហឹប។+ ២១ អ្នកត្រូវដាក់ផ្ទាំងថ្មនៃសេចក្ដីរំលឹកដែលខ្ញុំឲ្យទៅក្នុងហឹប រួចយកគម្រប+នោះគ្របពីលើ។ ២២ ខ្ញុំនឹងមានវត្តមាននៅលើគម្របហឹបនៃសេចក្ដីរំលឹក ហើយនិយាយទៅកាន់អ្នក+ពីកណ្ដាលចេរូប៊ីនទាំងពីរ។ ត្រង់កន្លែងនោះ ខ្ញុំនឹងឲ្យបង្គាប់ទាំងប៉ុន្មានដល់អ្នក ដើម្បីយកទៅប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល។
២៣ «បន្ថែមទៅទៀត អ្នកត្រូវធ្វើតុ+ពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។+ ២៤ អ្នកត្រូវស្រោបតុនោះដោយមាសសុទ្ធ ហើយត្រូវធ្វើក្បាច់ពីមាសនៅគែមជុំវិញដែរ។ ២៥ អ្នកត្រូវដាក់រឹមដែលមានកម្ពស់មួយទះ*នៅជុំវិញគែមតុ ហើយធ្វើក្បាច់ពីមាសនៅលើរឹមនោះ។ ២៦ អ្នកត្រូវធ្វើកងមាសបួនដាក់នៅជ្រុងនីមួយៗភ្ជាប់នឹងជើងតុ។ ២៧ កងមាសទាំងនោះត្រូវនៅផ្នែកខាងលើនៃជើងតុជាប់នឹងរឹម សម្រាប់ទុកស៊កឈើស្នែងដើម្បីសែងតុ។ ២៨ អ្នកត្រូវយកឈើអាកាស្យាធ្វើដងឈើស្នែងនោះ ហើយស្រោបមាសពីលើ។
២៩ «អ្នកត្រូវយកមាសសុទ្ធធ្វើចាន ពែង ថូ និងចានគោម សម្រាប់ប្រើប្រាស់ពេលជូនគ្រឿងបូជាជាស្រា។+ ៣០ អ្នកត្រូវដាក់នំប៉័ងតាំងទុកនៅចំពោះខ្ញុំនៅលើតុនោះជាប្រចាំ។+
៣១ «អ្នកត្រូវយកមាសសុទ្ធមួយដុំមកដំធ្វើជាជើងចង្កៀង។+ ជើងចង្កៀងនោះត្រូវមានតួ ព្រមទាំងមែកបែកចេញពីតួនោះ។ ឯមែកនីមួយៗមានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក។ អ្នកមិនត្រូវធ្វើផ្នែកនីមួយៗដោយឡែកពីគ្នាទេ។+ ៣២ ជើងចង្កៀងនោះមានមែក៦ គឺម្ខាងមានមែក៣ ហើយម្ខាងទៀតក៏មានមែក៣ដែរ។ ៣៣ មែកទាំង៦ដែលបែកចេញពីតួចង្កៀង មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ក្បាច់ទាំងបីនោះឆ្លាស់គ្នា។ ក្នុងមួយមែកៗមានក្បាច់ផ្ការីកបី ហើយមានរាងដូចផ្កាអល់ម៉ុន។ ៣៤ ឯនៅលើតួចង្កៀងវិញ មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ឆ្លាស់គ្នាបួនដង។ ក្បាច់ផ្ការីកនេះក៏មានរាងដូចផ្កាអល់ម៉ុនដែរ។ ៣៥ ក្រោមមែកទាំង៦ដែលបែកចេញពីតួចង្កៀងមានផ្កាក្ដោប គឺក្រោមមែកមួយគូមានផ្កាក្ដោបមួយ ក្រោមមែកមួយគូទៀតមានផ្កាក្ដោបមួយ ហើយក្រោមមែកមួយគូចុងក្រោយក៏មានផ្កាក្ដោបមួយដែរ។ ៣៦ ទាំងមែក ទាំងផ្កាក្ដោប និងជើងចង្កៀងទាំងមូល ត្រូវដំធ្វើពីមាសសុទ្ធមួយដុំ។+ ៣៧ អ្នកត្រូវធ្វើចង្កៀង៧ដាក់នៅលើជើងចង្កៀងនោះ ដើម្បីកាលណាអ្នកអុជចង្កៀងទៅ ពន្លឺពីចង្កៀងនឹងជះទៅខាងមុខ។+ ៣៨ ឯប្រដាប់ពន្លត់ប្រឆេះនិងប្រដាប់ដាក់រងើកភ្លើង គឺត្រូវធ្វើពីមាសសុទ្ធទាំងអស់។+ ៣៩ អ្នកត្រូវយកមាសសុទ្ធមួយថាលិន*មកធ្វើជើងចង្កៀងនិងប្រដាប់ប្រដាទាំងនេះ។ ៤០ អ្នកត្រូវធ្វើប្រដាប់ប្រដាទាំងនេះតាមគំរូទាំងប៉ុន្មានដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+