សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក*របស់គ្រិស្តយេស៊ូតាមបំណងប្រាថ្នារបស់ព្រះ ព្រមទាំងធីម៉ូថេ+ជាបងប្អូនរបស់យើង ជូនចំពោះក្រុមជំនុំរបស់ព្រះនៅឯក្រុងកូរិនថូស និងពួកអ្នកបរិសុទ្ធទាំងអស់ដែលនៅខេត្តអាខេយ៉ា៖+
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង+ ហើយជាបិតានៃសេចក្ដីមេត្តាករុណា+ និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង+ ៤ លោកសម្រាលទុក្ខ*យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង+ ដើម្បីឲ្យយើងអាចសម្រាលទុក្ខពួកអ្នក+ដែលជួបប្រទះការលំបាក*ផ្សេងៗ តាមរយៈការសម្រាលទុក្ខដែលយើងកំពុងទទួលពីព្រះ។+ ៥ ព្រោះដូចយើងរងទុក្ខជាច្រើនដើម្បីគ្រិស្ត+ នោះយើងក៏ទទួលការសម្រាលទុក្ខជាច្រើនតាមរយៈគ្រិស្តដែរ។ ៦ បើយើងជួបការលំបាក* គឺដើម្បីឲ្យអ្នករាល់គ្នាទទួលការសម្រាលទុក្ខនិងសេចក្ដីសង្គ្រោះ ហើយបើយើងទទួលការសម្រាលទុក្ខ នោះអ្នករាល់គ្នាក៏ទទួលការសម្រាលទុក្ខដែរ ហើយនេះនឹងជួយអ្នករាល់គ្នាឲ្យស៊ូទ្រាំទុក្ខលំបាកដូចយើងស៊ូទ្រាំដែរ។ ៧ ដូច្នេះ សេចក្ដីសង្ឃឹមរបស់យើងចំពោះអ្នករាល់គ្នាមិនរង្គោះរង្គើឡើយ ដោយដឹងថាអ្នករាល់គ្នារងទុក្ខលំបាកដូចយើង ហើយអ្នករាល់គ្នាក៏នឹងបានទទួលការសម្រាលទុក្ខដូចយើងដែរ។+
៨ បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីវេទនាដែលយើងបានជួបប្រទះនៅខេត្តអាស៊ី។*+ នៅទីនោះ យើងមានបន្ទុកធ្ងន់ហួសពីកម្លាំងយើង រហូតដល់ធ្វើឲ្យយើងគិតថាយើងប្រហែលជានឹងបាត់បង់ជីវិត។+ ៩ តាមការពិត យើងមានអារម្មណ៍ថា យើងបានត្រូវកាត់ទោសប្រហារជីវិត។ ប៉ុន្តែ នេះគឺដើម្បីឲ្យយើងទុកចិត្តព្រះ+ដែលប្រោសមនុស្សឲ្យរស់ពីស្លាប់ឡើងវិញ ជាជាងទុកចិត្តខ្លួនយើង។ ១០ ដូច្នេះ លោកបានសង្គ្រោះយើងឲ្យរួចពីស្ថានភាពដែលមានគ្រោះថ្នាក់ដល់ជីវិត ក៏នឹងសង្គ្រោះយើងម្ដងទៀត។ យើងសង្ឃឹមលើលោកថា លោកនឹងសង្គ្រោះយើងតទៅទៀត។+ ១១ អ្នករាល់គ្នាក៏អាចជួយយើងដោយអធិដ្ឋានអង្វរព្រះឲ្យយើងដែរ+ ពីព្រោះព្រះនឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់មនុស្សជាច្រើន ហើយលោកនឹងជួយយើង។ ជាលទ្ធផល មនុស្សជាច្រើននឹងថ្លែងអំណរគុណដល់ព្រះ។+
១២ យើងអាចមានហេតុអួតអំពីរឿងនេះ៖ សមត្ថភាពវិនិច្ឆ័យរបស់យើងបញ្ជាក់ថា យើងបានប្រព្រឹត្តដោយស្មោះអស់ពីចិត្តនិងដោយសេចក្ដីបរិសុទ្ធដែលមកពីព្រះ កាលដែលយើងនៅក្នុងពិភពលោកនេះ ហើយជាពិសេសក្នុងចំណោមអ្នករាល់គ្នា។ យើងមិនមែនពឹងលើប្រាជ្ញារបស់ពិភពលោកនេះទេ+ តែយើងពឹងលើគុណដ៏វិសេសលើសលប់របស់ព្រះ។ ១៣ ព្រោះតាមពិត យើងសរសេរតែសេចក្ដីដែលអ្នករាល់គ្នាអាចអាន*និងយល់ ជាសេចក្ដីដែលខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងបន្តយល់យ៉ាងច្បាស់លាស់រហូតដល់ទីបញ្ចប់ ១៤ ដូចអ្នករាល់គ្នាខ្លះបានយល់ហើយថា យើងជាហេតុឲ្យអ្នករាល់គ្នាអួត ដូចដែលយើងនឹងមានហេតុអួតអំពីអ្នករាល់គ្នាដែរ នៅថ្ងៃនៃលោកយេស៊ូជាម្ចាស់របស់យើង។
១៥ ម្ល៉ោះហើយ ដោយមានទំនុកចិត្តដូច្នេះ ពីមុនខ្ញុំមានបំណងមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានហេតុអរសប្បាយ*ជាលើកទី២។ ១៦ ព្រោះខ្ញុំមានបំណងទៅលេងអ្នករាល់គ្នា ពេលដែលខ្ញុំធ្វើដំណើរតាមផ្លូវទៅតំបន់ម៉ាសេដូន រួចត្រឡប់មកឯអ្នករាល់គ្នាពេលមកពីតំបន់ម៉ាសេដូនវិញ។ បន្ទាប់មក ឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំទៅតំបន់យូឌា។+ ១៧ ពេលដែលខ្ញុំមានបំណងធ្វើដូច្នោះ ខ្ញុំមិនបានចាត់ទុកថាជារឿងតូចតាចទេ មែនទេ? តើខ្ញុំមានបំណងធ្វើដូច្នោះ ដោយសារខ្ញុំខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឬ បានជាខ្ញុំនិយាយថា«មែនៗ» រួចថា«ទេៗ»? ១៨ ប៉ុន្តែ ដូចអ្នករាល់គ្នាទុកចិត្តព្រះ នោះអ្នករាល់គ្នាអាចទុកចិត្តសម្ដីយើងបាន។ យើងមិនមែនថា«មែន» រួចថា«ទេ»វិញឡើយ។ ១៩ ព្រោះយេស៊ូគ្រិស្តដែលជាបុត្រព្រះ និងដែលបានត្រូវផ្សព្វផ្សាយក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង ពោលគឺខ្ញុំប៉ូល ស៊ីលវេនុស* និងធីម៉ូថេ+ លោកមិនបានទៅជា«មែន»ផង ហើយ«ទេ»ផងនោះឡើយ។ ប៉ុន្តែ ក្នុងករណីរបស់លោក «មែន» គឺ«មែន»។ ២០ ទោះជាសេចក្ដីសន្យារបស់ព្រះមានច្រើនយ៉ាងណាក៏ដោយ សេចក្ដីសន្យាទាំងអស់នោះបានទៅជា«មែន»តាមរយៈលោក។+ ដូច្នេះ តាមរយៈលោក យើងនិយាយ«អាមេន»ទៅកាន់ព្រះ+ ដើម្បីយើងអាចលើកតម្កើងព្រះ។ ២១ ប៉ុន្តែ លោកដែលធានាថាយើងនិងអ្នករាល់គ្នាជារបស់គ្រិស្ត ហើយដែលបានរើសតាំងយើង គឺជាព្រះ។+ ២២ លោកក៏បានបោះត្រាលើយើងដែរ+ ហើយឲ្យអ្វីមួយមកយើងទុកជាការបញ្ចាំចិត្ត ពោលគឺឫទ្ធានុភាព+របស់លោកនៅក្នុងចិត្តយើង។
២៣ ឥឡូវ ខ្ញុំសូមស្បថចំពោះព្រះដោយដាក់ជីវិត*ថា ខ្ញុំមិនទាន់មកក្រុងកូរិនថូសទេ ពីព្រោះខ្ញុំមិនចង់ធ្វើឲ្យអ្នករាល់គ្នាពិបាកចិត្តខ្លាំងជាងនេះ។ ២៤ មិនមែនថាយើងជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាទេ+ តែយើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា។