ថ្ងៃសៅរ៍ ទី២១ ខែធ្នូ
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។—ចសព. ១១៨:៦
ពេលយើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយតែងតែគាំទ្រយើង សាថាននឹងមិនអាចធ្វើឲ្យយើងភ័យខ្លាចឡើយ។ ជាឧទាហរណ៍ អ្នកតែងចម្រៀងសរសើរព្រះ ១១៨ ជួបស្ថានភាពខ្លះដែលធ្វើឲ្យគាត់ពិបាកយ៉ាងខ្លាំង។ គាត់មានសត្រូវជាច្រើន ដែលរួមមានសត្រូវខ្លះជាអ្នកមានអំណាច។ (ខ៩, ១០) ជួនកាល គាត់តានតឹងចិត្តខ្លាំងណាស់។ (ខ១៣) ម្យ៉ាងទៀត គាត់បានទទួលការប្រដៅតម្រង់យ៉ាងខ្លាំងពីព្រះយេហូវ៉ា។ (ខ១៨) ប៉ុន្តែ អ្នកតែងចម្រៀងសរសើរព្រះនោះបានច្រៀងថា៖ «ខ្ញុំនឹងមិនខ្លាចឡើយ»។ គាត់ដឹងថា ទោះជាព្រះយេហូវ៉ាបានប្រដៅតម្រង់គាត់ក្ដី លោកស្រឡាញ់គាត់។ គាត់ជឿជាក់ថា មិនថាគាត់ជួបស្ថានភាពយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាដែលជាបិតាប្រកបដោយសេចក្ដីស្រឡាញ់តែងតែប្រុងប្រៀបជួយគាត់។ (ចសព. ១១៨:២៩) យើងត្រូវជឿជាក់ថា ព្រះយេហូវ៉ាស្រឡាញ់យើងផ្ទាល់។ នេះនឹងជួយយើងឲ្យយកឈ្នះការភ័យខ្លាចបីយ៉ាងគឺ៖ (១) ការភ័យខ្លាចថាមិនអាចផ្គត់ផ្គង់ក្រុមគ្រួសារ (២) ការភ័យខ្លាចមនុស្ស និង (៣) ការខ្លាចស្លាប់។ w២២.០៦ ទំ.១៤-១៥ វ.៣-៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ
អ្នកណាដែលបន្តស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះមានសុភមង្គល ពីព្រោះពេលដែលព្រះយេហូវ៉ាពេញចិត្តអ្នកនោះ អ្នកនោះនឹងទទួលមកុដជីវិត។—យ៉ា. ១:១២
យើងត្រូវធ្វើឲ្យប្រាកដថាការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតយើង។ ក្នុងនាមជាអ្នកបង្កើតរបស់យើង ព្រះយេហូវ៉ាពិតជាសមនឹងទទួលការគោរពពីយើង។ (បប. ៤:១១; ១៤:៦, ៧) ដូច្នេះក្នុងជីវិតរបស់យើង អ្វីដ៏សំខាន់បំផុតគួរជាការគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត ពោលគឺ«ដោយមានការដឹកនាំពីឫទ្ធានុភាពរបស់លោកនិងដោយសេចក្ដីពិត»។ (យ៉ូន. ៤:២៣, ២៤) យើងចង់ឲ្យឫទ្ធានុភាពបរិសុទ្ធរបស់ព្រះដឹកនាំការគោរពប្រណិប័តន៍របស់យើង ដើម្បីឲ្យនោះសមស្របតាមសេចក្ដីពិតដែលមានក្នុងបណ្ដាំរបស់លោក។ យើងត្រូវចាត់ទុកការគោរពប្រណិប័តន៍របស់យើងថាសំខាន់បំផុត ទោះជាយើងរស់នៅប្រទេសដែលដាក់កម្រិត ឬដាក់បម្រាមលើកិច្ចការរបស់យើងក្ដី។ ឥឡូវនេះ បងប្អូនរបស់យើងជាង១០០នាក់បានត្រូវជាប់គុកដោយសារតែពួកគេជាសាក្សីព្រះយេហូវ៉ា។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេនៅតែធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីអធិដ្ឋាន សិក្សា ហើយប្រាប់អ្នកឯទៀតអំពីព្រះរបស់យើងនិងរាជាណាចក្រលោក។ ពេលយើងត្រូវគេជេរប្រមាថឬបៀតបៀន យើងអាចអរសប្បាយដោយដឹងថាព្រះយេហូវ៉ានៅជាមួយយើង ហើយថាលោកនឹងឲ្យពរយើង។—១ពេ. ៤:១៤ w២២.១០ ទំ.៩ វ.១៣
ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ
ប្រាជ្ញាជាគ្រឿងការពារ។—អទ. ៧:១២
ក្នុងសៀវភៅសុភាសិត ព្រះយេហូវ៉ាផ្ដល់យោបល់មិនចេះហួសសម័យដែលនឹងធ្វើឲ្យជីវិតយើងល្អប្រសើរ បើយើងធ្វើតាម។ សូមពិចារណាឧទាហរណ៍ពីរអំពីយោបល់ទាំងនេះ។ ទី១ ចូរស្កប់ចិត្តនឹងអ្វីដែលអ្នកមាន។ សុភាសិត ២៣:៤, ៥ឲ្យយោបល់នេះថា៖ «កុំធ្វើការហួសកម្លាំង ដោយសារតែលោភចង់បានទ្រព្យសម្បត្តិឡើយ។ . . . ព្រោះទ្រព្យនឹងដុះស្លាបដូចឥន្ទ្រី រួចហោះឡើងទៅលើមេឃបាត់»។ ប៉ុន្តែ ទាំងអ្នកមានទាំងអ្នកក្រនៅសព្វថ្ងៃនេះព្រួយបារម្ភខ្លាំងពេកអំពីការរកលុយ។ ហេតុនេះ ពួកគេច្រើនតែធ្វើអ្វីដែលបង្ខូចកេរ្តិ៍ឈ្មោះ ចំណងមិត្តភាព និងថែមទាំងសុខភាពរបស់ពួកគេទៀតផង។ (សុភ. ២៨:២០; ១ធី. ៦:៩, ១០) ទី២ ចូរគិតមុននិយាយ។ បើមិនប្រុងប្រយ័ត្នទេ ពាក្យសម្ដីរបស់យើងអាចនាំទុក្ខជាខ្លាំងដល់អ្នកឯទៀត។ សុភាសិត ១២:១៨ចែងថា៖ «ការនិយាយដោយឥតគិតពិចារណា ប្រៀបដូចជាការចាក់ដោយដាវ តែពាក្យពេចន៍របស់មនុស្សមានប្រាជ្ញានឹងជួយឲ្យជាសះស្បើយ»។ យើងរក្សាឲ្យមានចំណងមិត្តភាពល្អ ពេលយើងជៀសវាងពីការនិយាយអំពីកំហុសរបស់អ្នកឯទៀតនៅពីក្រោយខ្នងពួកគេ។—សុភ. ២០:១៩ w២២.១០ ទំ.២១ វ.១៤; ទំ.២២ វ.១៦-១៧