ជំពូកទី១៣
ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ
១, ២. (ក) តើអ្នកដឹកនាំសាសនាបានធ្វើអ្វីចំពោះកិច្ចផ្សព្វផ្សាយ ហើយតើពួកសាវ័កបានធ្វើយ៉ាងណា? (ខ) ហេតុអ្វីពួកសាវ័កមិនព្រមស្ដាប់បង្គាប់អ្នកដឹកនាំសាសនាដែលបានដាក់បម្រាមនោះ?
តែប៉ុន្មានសប្ដាហ៍ក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពេលក្រុមជំនុំគ្រិស្តសាសនិកនៅក្មេងខ្ចីនៅឡើយ សាថានបានចាត់ចែងយ៉ាងឆាប់រហ័សឲ្យអ្នកដឹកនាំសាសនាដាក់បម្រាមលើកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រ។ ហេតុអ្វី? ព្រោះសាថានច្បាស់ជាយល់ថានោះជាពេលអំណោយផលដើម្បីវាយប្រហារក្រុមជំនុំ ក្នុងបំណងបំផ្លាញក្រុមជំនុំចោលមុនដែលក្រុមជំនុំមាំមួនឡើង។ ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ ពួកសាវ័កបានបន្តផ្សព្វផ្សាយដោយចិត្តក្លាហាន ហើយមនុស្សជាច្រើនបានទៅជា«អ្នកជឿលើលោកម្ចាស់»។—សកម្ម. ៤:១៨, ៣៣; ៥:១៤
២ ឃើញដូច្នេះ ពួកអ្នកប្រឆាំងបានខឹងកាន់តែខ្លាំងឡើង ហើយបានចាប់ពួកសាវ័កដាក់គុក។ ក៏ប៉ុន្តែ នៅយប់នោះ ទេវតារបស់ព្រះយេហូវ៉ាបានបើកទ្វារគុកឲ្យពួកសាវ័កចេញទៅ។ ព្រលឹមឡើង ពួកសាវ័កចាប់ផ្ដើមផ្សព្វផ្សាយម្ដងទៀត! ដូច្នេះពួកអ្នកប្រឆាំងចាប់ពួកសាវ័កម្ដងទៀត ហើយបញ្ជូនទៅជួបពួកអ្នកគ្រប់គ្រង។ លុះទៅដល់ហើយ ពួកអ្នកគ្រប់គ្រងចោទប្រកាន់ពួកសាវ័កថា ពួកគេកំពុងបំពានលើច្បាប់ដែលហាមមិនឲ្យផ្សព្វផ្សាយ។ ពួកសាវ័កតបដោយចិត្តក្លាហានថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។ ឮដូច្នេះ ពួកអ្នកគ្រប់គ្រងក៏ខឹងយ៉ាងខ្លាំងរហូតដល់ចង់«សម្លាប់ពួកគាត់ចោល»។ ក៏ប៉ុន្តែនៅពេលនោះ កាម៉េលៀលបានក្រោកឈរ ហើយព្រមានពួកអ្នកគ្រប់គ្រង។ កាម៉េលៀលជាគ្រូច្បាប់ដែលមនុស្សទូទៅគោរព។ គាត់ប្រាប់ពួកអ្នកគ្រប់គ្រងថា៖ «ចូរប្រយ័ត្នខ្លួន . . . កុំជ្រៀតជ្រែកក្នុងការរបស់បុរសទាំងនេះឡើយ ហើយកុំធ្វើអ្វីដល់ពួកគេឲ្យសោះ»។ ទោះជាពួកអ្នកគ្រប់គ្រងកំពុងខឹងក៏ដោយ ក៏ពួកគេបានស្ដាប់កាម៉េលៀលដែរ ហើយដោះលែងពួកសាវ័កទៅ។ តើសាវ័កស្មោះត្រង់ទាំងនោះបានធ្វើអ្វីក្រោយមក? ពួកគេមិនរួញរាឡើយ តែពួកគេបន្ត«បង្រៀននិងប្រកាសដំណឹងល្អឥតឈប់ អំពីលោកយេស៊ូ ដែលជាគ្រិស្ត»។—សកម្ម. ៥:១៧-២១, ២៧-៤២; សុភ. ២១:១, ៣០
៣, ៤. (ក) តាំងពីយូរយារមកហើយ តើសាថានបានប្រើវិធីណាដើម្បីវាយប្រហាររាស្ត្ររបស់ព្រះដោយប្រសិទ្ធភាព? (ខ) តើយើងនឹងពិចារណាអំពីអ្វីក្នុងជំពូកនេះនិងជំពូកពីរបន្តបន្ទាប់?
៣ រឿងក្ដីដែលបានកើតឡើងនៅឆ្នាំ៣៣ គ.ស. គឺជារឿងក្ដីលើកដំបូងដែលក្រុមជំនុំគ្រិស្តសាសនិកបានទទួលរងការប្រឆាំងពីពួកអាជ្ញាធរ។ តែនោះមិនមែនជាលើកចុងក្រោយទេ។ (សកម្ម. ៤:៥-៨; ១៦:២០; ១៧:៦, ៧) នៅសម័យយើង សាថាននៅតែញុះញង់អ្នកដែលប្រឆាំងការគោរពប្រណិប័តន៍ពិត ឲ្យជំរុញពួកអាជ្ញាធរឲ្យដាក់បម្រាមលើកិច្ចផ្សព្វផ្សាយរបស់យើង។ ពួកអ្នកប្រឆាំងបានចោទប្រកាន់រាស្ត្ររបស់ព្រះពីបទល្មើសជាច្រើនយ៉ាង។ ជាឧទាហរណ៍ ពួកគេបានចោទប្រកាន់យើងថា យើងជាអ្នករំខានដល់សណ្ដាប់ធ្នាប់សង្គម ឬបើនិយាយឲ្យចំទៅ ពួកគេចោទថាយើងជាអ្នកអុកឡុកសង្គម។ មួយទៀត ពួកគេបានចោទយើងពីបទបំបះបំបោរ។ មជ្ឈដ្ឋានខ្លះទៀតចោទប្រកាន់យើងថា យើងជាអ្នកលក់ដូរ។ នៅពេលត្រឹមត្រូវ បងប្អូនរបស់យើងបានប្ដឹងទៅតុលាការដើម្បីបញ្ជាក់ថា ការចោទប្រកាន់ទាំងនោះគឺមិនពិតទេ។ តើរឿងក្ដីទាំងនោះបានមានលទ្ធផលយ៉ាងណា? តើតាមរបៀបណាសេចក្ដីសម្រេចរបស់តុលាការតាំងពីរាប់សិបឆ្នាំមុន ទាក់ទងនឹងអ្នកផ្ទាល់នៅសព្វថ្ងៃនេះ? យើងនឹងពិចារណាអំពីរឿងក្ដីខ្លះដើម្បីដឹងអំពីរបៀបដែលរឿងក្ដីទាំងនោះបានជួយ‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›។—ភី. ១:៧
៤ ក្នុងជំពូកនេះ យើងនឹងបញ្ជាក់អំពីរបៀបដែលយើងបានការពារសិទ្ធិផ្សព្វផ្សាយរបស់យើង។ ពីរជំពូកបន្តបន្ទាប់នឹងបញ្ជាក់អំពីរបៀបដែលយើងបានតស៊ូតាមផ្លូវតុលាការ ដើម្បីយើងអាចរស់នៅសមស្របតាមគោលការណ៍របស់រាជាណាចក្រព្រះ ហើយមិនរួមចំណែកក្នុងពិភពលោកនេះឡើយ។
តើយើងជាអ្នកអុកឡុកសង្គម ឬជាអ្នកគាំទ្រយ៉ាងស្មោះត្រង់នូវរាជាណាចក្ររបស់ព្រះ?
៥. នៅជិតឆ្នាំ១៩៤០ ហេតុអ្វីអ្នកផ្សាយអំពីរាជាណាចក្របានត្រូវគេចាប់ខ្លួន ហើយតើបងប្អូនដែលជាអ្នកនាំមុខបានគិតធ្វើអ្វី?
៥ នៅជិតឆ្នាំ១៩៤០ ក្រុងនិងរដ្ឋផ្សេងៗនៅសហរដ្ឋអាម៉េរិកបានព្យាយាមបង្ខំសាក្សីព្រះយេហូវ៉ាឲ្យសុំលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណផ្សព្វផ្សាយ។ ប៉ុន្តែបងប្អូនរបស់យើងមិនបានទៅសុំលិខិតនោះទេ ពីព្រោះលិខិតបែបនោះអាចត្រូវដកហូតបាន។ ក៏ប៉ុន្តែបងប្អូនរបស់យើងជឿថា គ្មានរដ្ឋាភិបាលណាមួយរបស់មនុស្សដែលមានសិទ្ធិអំណាចដកហូតសិទ្ធិអ្នកណាម្នាក់មិនឲ្យធ្វើតាមបង្គាប់របស់លោកយេស៊ូដែលថា គ្រិស្តសាសនិកត្រូវផ្សព្វផ្សាយអំពីរាណាចក្ររបស់ព្រះ។ (ម៉ាក. ១៣:១០) ដោយសារអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រមិនព្រមសុំលិខិតបែបនោះ ពួកគេរាប់រយនាក់បានត្រូវចាប់ខ្លួន។ បងប្អូនជាអ្នកនាំមុខក្នុងអង្គការយើងបានគិតប្ដឹងទៅតុលាការ ដោយមានបំណងបង្ហាញថារដ្ឋាភិបាលបានដាក់បម្រាមខុសច្បាប់លើសាក្សីព្រះយេហូវ៉ា ដោយមិនឲ្យមានសិទ្ធិសេរីភាពប្រព្រឹត្តតាមសាសនារបស់ខ្លួន។ នៅឆ្នាំ១៩៣៨ អ្វីមួយបានកើតឡើង ដែលនាំទៅដល់រឿងក្ដីមួយដ៏សំខាន់ជាប្រវត្ដិសាស្ត្រ។ តើអ្វីបានកើតឡើង?
៦, ៧. តើអ្វីបានកើតឡើងចំពោះក្រុមគ្រួសារបងប្រុសខេនវេល?
៦ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ១៩៣៨ នៅក្រុងញូវហេវិន រដ្ឋកុនណិចទីកឹត បងប្រុសញូវថិន អាយុ៦០ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះអេសធើរ ព្រមទាំងកូនប្រុសបីនាក់ឈ្មោះហេនរី រ៉ាសិល និងចេស៊ី បានចេញដំណើរទៅផ្សព្វផ្សាយ។ ពួកគាត់ទាំងប្រាំនាក់ជាអ្នកត្រួសត្រាយពិសេស។ តាមពិត មុនចេញដំណើរ ពួកគាត់បានរៀបចំខ្លួនរួចជាស្រេច ដោយដឹងថាពួកគាត់ប្រហែលជាមិនអាចត្រឡប់មកផ្ទះវិញនៅថ្ងៃនោះទេ។ ហេតុអ្វី? គឺពីព្រោះពួកគាត់បានត្រូវចាប់ខ្លួនប៉ុន្មានដងហើយ ដូច្នេះពួកគាត់ដឹងថា ពួកគាត់អាចត្រូវអាជ្ញាធរចាប់ខ្លួនម្ដងទៀត។ ក៏ប៉ុន្តែ ការយល់ដូច្នេះមិនបានធ្វើឲ្យពួកគាត់រាថយមិនហ៊ានផ្សព្វផ្សាយឡើយ។ ពួកគាត់បើកឡានពីរទៅក្រុងញូវហេវិន។ បងញូវថិនបានបើកឡានរបស់ក្រុមគ្រួសារ ដែលផ្ទុកពេញទៅដោយសៀវភៅអំពីគម្ពីរនិងម៉ាស៊ីនចាក់ថាសសំឡេង រីឯកូនប្រុសរបស់គាត់ ឈ្មោះហេនរី អាយុ២២ឆ្នាំ បានបើកឡានដែលមានប្រដាប់បំពងសំឡេង។ គ្រាន់តែប៉ុន្មានម៉ោងក្រោយពីនោះ ប៉ូលិសបានបញ្ឈប់ពួកគាត់ ដូចពួកគាត់បានរំពឹងទុកមែន។
៧ មុនបង្អស់ ប៉ូលិសបានចាប់ប្អូនរ៉ាសិល ដែលមានអាយុ១៨ឆ្នាំ។ រួចមកពួកគេបានចាប់បងញូវថិននិងបងអេសធើរ។ កូនប្រុសរបស់គាត់ឈ្មោះចេស៊ី ដែលមានអាយុ១៦ឆ្នាំ បានមើលពីចម្ងាយកាលដែលប៉ូលិសនាំឪពុកម្ដាយនិងបងប្រុសគាត់ទៅបាត់។ បងប្រុសមួយទៀតរបស់គាត់ ឈ្មោះហេនរី កំពុងផ្សព្វផ្សាយនៅតំបន់ផ្សេងទៀត ដូច្នេះប្អូនចេស៊ីនៅម្នាក់ឯង។ ទោះជាយ៉ាងនោះក៏ដោយ ប្អូនចេស៊ីបានលើកម៉ាស៊ីនចាក់ថាសសំឡេង ហើយយកទៅបន្តផ្សព្វផ្សាយ។ បុរសពីរនាក់ដែលកាន់សាសនាកាតូលិកបានឲ្យចេស៊ីចាក់ថាសសំឡេងសុន្ទរកថារបស់បងរ៉ូធើហ្វឺត ដែលមានចំណងជើងថា«សត្រូវ»។ ក៏ប៉ុន្តែ កាលដែលបុរសទាំងនោះស្ដាប់កាន់តែយូរ ពួកគេខឹងកាន់តែខ្លាំងឡើងៗ រហូតដល់ចង់វាយប្អូនចេស៊ីទៀត។ ឃើញដូច្នេះ ប្អូនចេស៊ីដើរចេញពីបុរសទាំងពីរនោះដោយស្ងៀមស្ងាត់ ប៉ុន្តែមិនយូរក្រោយមក ប៉ូលិសម្នាក់មកហៅគាត់ឲ្យឈប់។ ដូច្នេះ នៅទីបំផុតប្អូនចេស៊ីក៏ត្រូវគេចាប់ខ្លួនដែរ។ ប៉ូលិសមិនបានចោទបងអេសធើរពីបទណាមួយទេ ប៉ុន្តែបងញូវថិននិងកូនៗរបស់គាត់បានត្រូវចោទប្រកាន់មែន។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេបានត្រូវអនុញ្ញាតឲ្យនៅក្រៅឃុំនៅថ្ងៃដដែលនោះ។
៨. ហេតុអ្វីតុលាការបានសម្រេចថាប្អូនចេស៊ី ខេនវេលជាអ្នកអុកឡុកសង្គម?
៨ ប៉ុន្មានខែក្រោយមក នៅខែកញ្ញា ឆ្នាំ១៩៣៨ បងញូវថិន រ៉ាសិល និងប្អូនចេស៊ីបានត្រូវហៅឲ្យចូលតុលាការនាក្រុងញូវហេវិន។ ពួកគាត់បានជាប់ទោសពីបទដើរសុំវិភាគទានដោយគ្មានលិខិតអនុញ្ញាត។ ទោះជាពួកគាត់បានសុំលើករឿងក្ដីទៅតុលាការកំពូលនៅរដ្ឋកុនណិចទីកឹតក៏ដោយ ក៏ចេស៊ីបានជាប់ទោសជាអ្នករំខានដល់សណ្ដាប់ធ្នាប់សង្គម គឺថាជាអ្នកអុកឡុកសង្គម។ ហេតុអ្វី? គឺដោយសារបុរសសាសនាកាតូលិកពីរនាក់ដែលបានស្ដាប់ថាសសំឡេងនោះ បានផ្ដល់សក្ខីភាពក្នុងតុលាការថា សុន្ទរកថានោះនិយាយមើលងាយដល់សាសនារបស់ពួកគេ ហើយបានធ្វើឲ្យពួកគេខឹង។ ដើម្បីប្រឆាំងសេចក្ដីសម្រេចរបស់តុលាការ បងប្រុសៗដែលជាអ្នកនាំមុខអង្គការយើងបានសុំលើករឿងក្ដីទៅតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក ដែលជាតុលាការខ្ពស់បំផុតនៅប្រទេសនោះ។
៩, ១០. (ក) តើតុលាការកំពូលនៅសហរដ្ឋអាម៉េរិកបានចេញសេចក្ដីសម្រេចអ្វីក្នុងរឿងក្ដីរបស់ក្រុមគ្រួសារបងខេនវេល? (ខ) នៅសព្វថ្ងៃនេះ តើយើងទទួលប្រយោជន៍ពីសេចក្ដីសម្រេចនោះយ៉ាងដូចម្ដេច?
៩ ចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៤០ លោកឆាល យូស ដែលជាប្រធានអង្គជំនុំជម្រះព្រមទាំងចៅក្រម៨រូបទៀត បានស្ដាប់ការទាញហេតុផលរបស់បងប្រុសហេដិន ខូវិងថិន ដែលជាមេធាវីខាងសាក្សីព្រះយេហូវ៉ា។a ពេលដែលមេធាវីខាងរដ្ឋកុនណិចទីកឹតបានទាញហេតុផលរបស់គាត់ក្នុងបំណងបញ្ជាក់ថា សាក្សីព្រះយេហូវ៉ាជាអ្នកអុកឡុកសង្គម នោះចៅក្រមម្នាក់សួរតបថា៖ «នៅសម័យគ្រិស្តយេស៊ូ មនុស្សក៏មិនបានពេញចិត្តស្ដាប់អ្វីដែលលោកផ្សព្វផ្សាយដែរ មែនទេ?»។ មេធាវីឆ្លើយថា៖ «មែនលោក ពួកគេមិនពេញចិត្តស្ដាប់ទេ ហើយគម្ពីរក៏ប្រាប់អំពីអ្វីដែលកើតឡើងចំពោះលោកយេស៊ូដោយសារលោកផ្សព្វផ្សាយអ្វីដែលមនុស្សមិនពេញចិត្តស្ដាប់»។ ពាក្យនេះមានន័យសំខាន់ណាស់! ដោយមិនដឹងខ្លួន មេធាវីនោះបញ្ជាក់ថាសាក្សីព្រះយេហូវ៉ាក៏ដូចលោកយេស៊ូដែរ ហើយថារដ្ឋាភិបាលគឺដូចមនុស្សដែលបានកាត់ទោសលោកយេស៊ូ។ តើតុលាការបានសម្រេចសេចក្ដីយ៉ាងណា? នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៤០ តុលាការបានចេញសេចក្ដីសម្រេចជាឯកច្ឆន្ទគាំទ្រសាក្សីព្រះយេហូវ៉ា។
១០ តើសេចក្ដីសម្រេចរបស់តុលាការមានសារៈសំខាន់យ៉ាងណា? សេចក្ដីសម្រេចនោះបានពង្រឹងមាត្រាច្បាប់ដែលការពារសិទ្ធិសេរីភាពប្រតិបត្ដិសាសនារបស់ខ្លួន។ ដូច្នេះ គ្មានរដ្ឋាភិបាលណានៅប្រទេសនោះអាចបំបិទសេរីភាពខាងសាសនាស្របច្បាប់បានឡើយ។ ម្យ៉ាងទៀត តុលាការនោះបានប្រកាសថា ប្អូនចេស៊ី«មិនបាន . . . ធ្វើអ្វីដែលបង្កបញ្ហាដល់សណ្ដាប់ធ្នាប់ឬសន្ដិសុខសង្គមទេ»។ ដូច្នេះ សេចក្ដីសម្រេចរបស់តុលាការបញ្ជាក់ច្បាស់ថា សាក្សីព្រះយេហូវ៉ាមិនមែនជាអ្នករំខានសណ្ដាប់ធ្នាប់សង្គមឡើយ។ នេះជាជ័យជម្នះដ៏សំខាន់ណាស់សម្រាប់អ្នកបម្រើព្រះ! រហូតដល់សព្វថ្ងៃនេះ តើតាមរបៀបណាយើងទទួលប្រយោជន៍ពីសេចក្ដីសម្រេចនោះ? មេធាវីម្នាក់ដែលជាសាក្សីព្រះយេហូវ៉ាបានបញ្ជាក់ថា៖ «នៅសព្វថ្ងៃនេះ យើងដែលជាសាក្សីព្រះយេហូវ៉ា មានសិទ្ធិប្រតិបត្ដិសាសនារបស់យើងដោយមិនចាំបាច់ខ្លាចថា អ្នកណានឹងបំបិទសិទ្ធិសេរីភាពរបស់យើងដោយអយុត្ដិធម៌ឡើយ។ ដូច្នេះ យើងអាចផ្សព្វផ្សាយព័ត៌មានដែលផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សក្នុងសហគមន៍របស់យើងបាន»។
តើយើងជាអ្នកបំបះបំបោរ ឬជាអ្នកប្រកាសសេចក្ដីពិត?
១១. តើបងប្អូនរបស់យើងនៅប្រទេសកាណាដាបានធ្វើសកម្មភាពពិសេសអ្វី ហើយហេតុអ្វី?
១១ រវាងឆ្នាំ១៩៤០និងឆ្នាំ១៩៥០ សាក្សីព្រះយេហូវ៉ាបានប្រឈមមុខការប្រឆាំងដ៏ខ្លាំងក្រៃលែងនៅប្រទេសកាណាដា។ ដូច្នេះ បងប្អូនរបស់យើងនៅទីនោះបានរៀបចំសកម្មភាពពិសេសមួយដើម្បីបង្ហាញជាសាធារណៈថា រដ្ឋាភិបាលកំពុងបំបិទសិទ្ធិសេរីភាពខាងសាសនា។ អស់១៦ថ្ងៃ បងប្អូនបានចែកចាយខិត្តប័ណ្ណមួយដែលមានចំណងជើងថាខេត្តកេបិកស្អប់ព្រះ ស្អប់គ្រិស្ត និងស្អប់សេរីភាពជាហេតុធ្វើឲ្យប្រទេសកាណាដាអាម៉ាស់មុខណាស់! (Quebec’s Burning Hate for God and Christ and Freedom Is the Shame of All Canada)។ ខិត្តប័ណ្ណបួនទំព័រនេះ បានបញ្ជាក់យ៉ាងល្អិតល្អន់អំពីកុបកម្មញុះញង់ដោយអ្នកដឹកនាំសាសនា ថែមទាំងរៀបរាប់អំពីអំពើឃោរឃៅរបស់ប៉ូលិស និងអំពីអំពើឃោរឃៅពីសាធារណជន ដែលបានត្រូវប្រព្រឹត្តទៅលើបងប្អូនរបស់យើងនៅខេត្តកេបិក។ ខិត្តប័ណ្ណនោះចែងថា៖ «សាក្សីព្រះយេហូវ៉ានៅតែត្រូវគេចាប់ខ្លួនខុសច្បាប់ ហើយត្រូវគេចោទប្រកាន់៨០០ករណីនៅតំបន់ម៉ងទ្រីយ៉ាល់»។
១២. (ក) តើអ្នកប្រឆាំងបានប្រព្រឹត្តយ៉ាងណាពេលបងប្អូនចែកចាយខិត្តប័ណ្ណនោះ? (ខ) តើបងប្អូនយើងបានត្រូវចោទប្រកាន់ពីបទអ្វី? (សូមមើលដែរនូវកំណត់សម្គាល់)
១២ លោកម៉រីស ឌូប្ល៉េស៊ីដែលជានាយករដ្ឋមន្ត្រីខេត្តកេបិក បានរួមដៃជាមួយនឹងលោកវីលណឺវ ដែលជាអ្នកដឹកនាំសាសនានិកាយកាតូលិករ៉ូម ហើយបានប្រតិកម្មនឹងខិត្តប័ណ្ណនោះដោយប្រកាសថា ពួកគេនឹង«ធ្វើសង្គ្រាម»នឹងសាក្សីព្រះយេហូវ៉ា«ដោយគ្មានមេត្ដា»។ មិនយូរក្រោយនោះ ចំនួនករណីដែលបងប្អូនយើងត្រូវគេចោទប្រកាន់បានកើនឡើងមួយជាពីរ គឺពី៨០០ទៅ១.៦០០។ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយបានប្រាប់ថា៖ «យើងធ្លាប់ត្រូវប៉ូលិសចាប់រាប់ភ្លេច»។ សាក្សីព្រះយេហូវ៉ាដែលប៉ូលិសបានចាប់កាលកំពុងចែកខិត្តប័ណ្ណនោះ បានត្រូវចោទប្រកាន់ពីបទចែកចាយ«ព័ត៌មានបំបះបំបោរដែលបរិហារកេរ្ដិ៍រដ្ឋាភិបាល»។b
១៣. តើអ្នកណាបានត្រូវចោទប្រកាន់មុនគេពីបទបំបះបំបោរ ហើយតើតុលាការបានចេញសេចក្ដីសម្រេចអ្វី?
១៣ នៅឆ្នាំ១៩៤៧ បងប្រុសអេម៉េ ប៊ូហ្សេ និងកូនស្រីរបស់គាត់ឈ្មោះជីសេល អាយុ១៨ឆ្នាំ និងលូស៊ីល អាយុ១១ឆ្នាំ បានចូលតុលាការមុនគេ ដោយសារពួកគាត់បានត្រូវចោទពីបទបំបះបំបោរ។ ហេតុអ្វី? ពីព្រោះនៅជិតចម្ការរបស់ពួកគាត់នៅជនបទខាងត្បូងក្រុងកេបិក ពួកគាត់បានចែកចាយខិត្តប័ណ្ណអំពីខេត្តកេបិក។ ប៉ុន្តែគឺពិបាកស្រមៃគិតថាពួកគាត់ជាអ្នកប្រឆាំងច្បាប់ឬជាអ្នកអុកឡុកសង្គម ពីព្រោះបងប៊ូហ្សេជាបុរសសុភាពរាបទាប ដែលមានរបៀបរស់នៅស្ងៀមស្ងាត់ ចិញ្ចឹមជីវិតដោយថែចម្ការតូចរបស់គាត់ ហើយជិះរទេះសេះចូលក្រុងម្ដងម្កាល។ ទោះជាយ៉ាងនោះក៏ដោយ គាត់និងក្រុមគ្រួសាររបស់គាត់បានរងទ្រាំនូវការលំបាកផ្សេងៗដែលបានត្រូវរៀបរាប់ក្នុងខិត្តប័ណ្ណនោះ។ ចៅក្រមក្នុងរឿងក្ដីនោះស្អប់សាក្សីព្រះយេហូវ៉ា ហើយមិនព្រមមើលភ័ស្តុតាងណាដែលបញ្ជាក់ថាបងប៊ូហ្សេគ្មានទោសនោះទេ។ ផ្ទុយទៅវិញ គាត់យល់ស្របនឹងគំនិតរបស់រដ្ឋអាជ្ញាដែលនិយាយថា ខិត្តប័ណ្ណនោះអុជអាលប្រជាជន ហើយថាបងប៊ូហ្សេនិងក្រុមគ្រួសាររបស់គាត់គួរជាប់ទោស។ ដូច្នេះ បើនិយាយឲ្យចំទៅ ទស្សនៈរបស់ចៅក្រមនោះគឺ ការនិយាយការពិតជាបទល្មើសមួយ! បងប៊ូហ្សេនិងជីសេលបានជាប់ទោសជាអ្នកចែកចាយព័ត៌មានបំបះបំបោរដែលបរិហារកេរ្ដិ៍រដ្ឋាភិបាល។ សូម្បីតែលូស៊ីលដែលនៅតូចនៅឡើយនោះ ក៏បានជាប់គុកពីរថ្ងៃដែរ។ បងប្អូនបានសុំលើករឿងក្ដីនោះទៅតុលាការកំពូលនៅប្រទេសកាណាដា។ តុលាការកំពូលបានយល់ព្រមទទួលរឿងក្ដីនោះ។
១៤. ក្នុងប៉ុន្មានឆ្នាំដែលមានការបៀតបៀននោះ តើបងប្អូននៅខេត្តកេបិកបានធ្វើអ្វី?
១៤ ចន្លោះពេលនោះ នៅខេត្តកេបិកបងប្អូនប្រុសស្រីដ៏អង់អាចក្លាហានរបស់យើង បានបន្តផ្សព្វផ្សាយអំពីរាជាណាចក្រ នៅចំពោះមុខការវាយប្រហារដ៏ឃោរឃៅឥតឈប់ឈរ។ ច្រើនដង ការខំប្រឹងរបស់បងប្អូនយើងបានទទួលលទ្ធផលដ៏ប្រសើរណាស់។ ក្នុងអំឡុងបួនឆ្នាំ តាំងពីឆ្នាំ១៩៤៦ពេលបងប្អូនចាប់ផ្ដើមចែកចាយខិត្តប័ណ្ណនោះ ចំនួនសាក្សីព្រះយេហូវ៉ានៅខេត្តកេបិកបានកើនឡើងពី៣០០ទៅ១.០០០នាក់!c
១៥, ១៦. (ក) ក្នុងរឿងក្ដីរបស់ក្រុមគ្រួសារបងប៊ូហ្សេ តើតុលាការកំពូលនៅប្រទេសកាណាដាបានចេញសេចក្ដីសម្រេចអ្វី? (ខ) តើរឿងក្ដីដែលយើងបានឈ្នះនេះ បានមានឥទ្ធិពលយ៉ាងណាទៅលើបងប្អូនយើងនិងអ្នកឯទៀត?
១៥ នៅខែមិថុនា ឆ្នាំ១៩៥០ តុលាការកំពូលនៃប្រទេសកាណាដាដែលមានចៅក្រម៩នាក់ បានបើកសវនាការរឿងក្ដីរបស់បងអេម៉េ ប៊ូហ្សេ។ ប្រាំមួយខែក្រោយមក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៥០ តុលាការនោះបានចេញសេចក្ដីសម្រេចគាំទ្រខាងយើង។ ហេតុអ្វី? បងប្រុសគ្លេន ហោ ដែលជាមេធាវីខាងសាក្សីព្រះយេហូវ៉ា បានពន្យល់ថា តុលាការបានយល់ស្របនឹងការទាញហេតុផលរបស់មេធាវីចុងចោទដែលប្រាប់ថា «បទបំបះបំបោរ»ត្រូវមានការអុជអាលញុះញង់ឲ្យប្រើហិង្សាឬឲ្យទម្លាក់រដ្ឋាភិបាល។ ក៏ប៉ុន្តែក្នុងខិត្តប័ណ្ណរបស់យើង«គ្មានអ្វីដែលបំផុសបំផុលឲ្យធ្វើដូច្នេះទេ។ ហេតុនេះ ខិត្តប័ណ្ណនោះស្របតាមគោលការណ៍ស្តីអំពីសិទ្ធិសេរីភាពបញ្ចេញមតិយោបល់របស់ខ្លួន»។ បងហោប្រាប់ថា៖ «ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថា ព្រះយេហូវ៉ាបានផ្ដល់ជ័យជម្នះមកយើងនៅពេលនោះ»។d
១៦ សេចក្ដីសម្រេចរបស់តុលាការពិតជាជ័យជម្នះដ៏អស្ចារ្យណាស់ សម្រាប់រាជាណាចក្ររបស់ព្រះ ហើយនោះក៏នាំឲ្យពាក្យបណ្ដឹង១២២នៅខេត្តកេបិកដែលគេប្ដឹងសាក្សីព្រះយេហូវ៉ាពីបទបំបះបំបោរបានត្រូវលើកចោល។ ម្យ៉ាងទៀត សេចក្ដីសម្រេចរបស់តុលាការមានន័យថា ពលរដ្ឋនៅប្រទេសកាណាដានិងប្រទេសឯទៀតដែលធ្លាប់ជាចំណុះប្រទេសអង់គ្លេស មានសេរីភាពបញ្ចេញទស្សនៈអំពីរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ នេះមានន័យថាការវាយប្រហារពីរដ្ឋាភិបាលនិងសាសនាមកលើសិទ្ធិសេរីភាពរបស់សាក្សីព្រះយេហូវ៉ាបានត្រូវបំបាត់អស់ទៅ។e
តើយើងជាអ្នកលក់ដូរឬជាអ្នកខ្នះខ្នែងផ្សាយអំពីរាជាណាចក្រព្រះ?
១៧. តើរដ្ឋាភិបាលខ្លះព្យាយាមគ្រប់គ្រងកិច្ចផ្សព្វផ្សាយរបស់យើងយ៉ាងដូចម្ដេច?
១៧ ដូចគ្រិស្តសាសនិកនៅសម័យដើម សាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះ«មិនមែនជាអ្នកជួញដូរបណ្ដាំរបស់ព្រះ»ឡើយ។ (សូមអាន កូរិនថូសទី២ ២:១៧) ទោះជាយ៉ាងនោះក៏ដោយ រដ្ឋាភិបាលខ្លះខំគ្រប់គ្រងកិច្ចផ្សព្វផ្សាយរបស់យើង ដោយអាងច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម។ សូមពិចារណារឿងក្ដីពីរស្តីអំពីរឿង ថាតើសាក្សីព្រះយេហូវ៉ាជាអ្នកលក់ដូរឬជាអ្នកបម្រើព្រះវិញ។
១៨, ១៩. តើតាមរបៀបណាពួកអាជ្ញាធរនៅប្រទេសដាណឺម៉ាកបានព្យាយាមបញ្ឈប់កិច្ចផ្សព្វផ្សាយរបស់យើង?
១៨ ប្រទេសដាណឺម៉ាក: នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៣២ ច្បាប់ថ្មីមួយចាប់ផ្ដើមមានសុពលភាព។ ច្បាប់នោះបញ្ជាក់ថាការលក់សៀវភៅដោយគ្មានអាជ្ញាប័ណ្ណគឺខុសច្បាប់។ ក៏ប៉ុន្តែបងប្អូនរបស់យើងមិនបានសុំអាជ្ញាប័ណ្ណទេ។ ស្អែកឡើង អ្នកផ្សព្វផ្សាយប្រាំនាក់បានផ្សព្វផ្សាយពេញមួយថ្ងៃនៅក្រុងរ៉ឺសគីឡឹ ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រខាងលិចក្រុងកូប៉ែនហាកដែលជារដ្ឋធានី។ លុះផ្សព្វផ្សាយចប់ហើយ បងប្អូនឃើញថាបាត់អ្នកផ្សព្វផ្សាយម្នាក់ គឺបងប្រុសអូគូស្ទ ឡេម៉ាន។ ប៉ូលិសបានចាប់គាត់ ដោយចោទប្រកាន់ពីបទលក់ដូរដោយគ្មានអាជ្ញាប័ណ្ណ។
១៩ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៣២ បងអូគូស្ទ ឡេម៉ានបានចូលតុលាការ។ គាត់បានផ្ដល់សក្ខីភាពថា គាត់បានទៅជួបមនុស្សដើម្បីស្នើផ្ដល់សៀវភៅអំពីគម្ពីរ តែគាត់បញ្ជាក់ថាគាត់មិនមែនជាអ្នកលក់ដូរទេ។ តុលាការយល់ស្របជាមួយនឹងគាត់ ដោយប្រកាសថា៖ «ចុងចោទ . . . អាចចិញ្ចឹមជីវិតបាន។ ម្យ៉ាងទៀត គាត់មិនបានទទួលកម្រៃ ហើយក៏គ្មានបំណងទទួលកម្រៃដែរ តាមពិតសកម្មភាពរបស់គាត់បាននាំឲ្យគាត់អស់លុយកាក់ទៅវិញ»។ តុលាការបានគាំទ្រសាក្សីព្រះយេហូវ៉ា ដោយចេញសេចក្ដីសម្រេចថាសកម្មភាពរបស់បងឡេម៉ានមិនអាច«ត្រូវចាត់ទុកជាមុខរបរ»បានឡើយ។ ក៏ប៉ុន្តែពួកសត្រូវរបស់រាស្ត្រព្រះបានតាំងចិត្តរារាំងការផ្សព្វផ្សាយនៅប្រទេសដាណឺម៉ាកឲ្យទាល់តែបាន។ (ទំនុក. ៩៤:២០) រដ្ឋអាជ្ញាបានសុំលើករឿងក្ដីនោះទៅតុលាការកំពូល។ ពេលនោះ តើបងប្អូនរបស់យើងបានធ្វើយ៉ាងណា?
២០. តើតុលាការកំពូលនៅប្រទេសដាណឺម៉ាកបានចេញសេចក្ដីសម្រេចអ្វី ហើយតើបងប្អូនរបស់យើងបានធ្វើយ៉ាងណាពេលឮសេចក្ដីសម្រេចនោះ?
២០ មួយសប្ដាហ៍មុនបើកសវនាការនៅតុលាការកំពូល សាក្សីព្រះយេហូវ៉ាទូទាំងប្រទេសដាណឺម៉ាកបានផ្សព្វផ្សាយច្រើនជាងធម្មតា។ នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ១៩៣៣ តុលាការកំពូលបានចេញសេចក្ដីសម្រេចដែលយល់ស្របជាមួយនឹងតុលាការជាន់ទាបថា បងឡេម៉ានមិនបានបំពានលើច្បាប់ទេ។ សេចក្ដីសម្រេចនេះមានន័យថាសាក្សីព្រះយេហូវ៉ាអាចបន្តផ្សព្វផ្សាយដោយសេរី។ ដើម្បីអរគុណព្រះយេហូវ៉ាដែលបានផ្ដល់ជ័យជម្នះនេះ បងប្អូនបានបង្កើនកិច្ចផ្សព្វផ្សាយថែមទៀត។ តាំងពីមានរឿងក្ដីនោះ បងប្អូនរបស់យើងនៅប្រទេសដាណឺម៉ាកអាចផ្សព្វផ្សាយដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាលទៀតឡើយ។
២១, ២២. ក្នុងរឿងក្ដីរបស់បងប្រុសម៉ឺដាក តើតុលាការកំពូលនៅសហរដ្ឋអាម៉េរិកបានចេញសេចក្ដីសម្រេចអ្វី?
២១ សហរដ្ឋអាម៉េរិក: នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ១៩៤០ បងប្រុសម្នាក់ឈ្មោះរ៉ូបឺត ម៉ឺដាកដែលជាអ្នកត្រួសត្រាយពេញពេល ព្រមទាំងសាក្សីព្រះយេហូវ៉ា៧នាក់ទៀត បានត្រូវចាប់ខ្លួនកាលដែលកំពុងផ្សព្វផ្សាយនៅក្រុងជឺណេត ជិតក្រុងភិតបឺក រដ្ឋប៉ិនស៊ីវ៉ានី។ បងប្អូនទាំងនោះបានជាប់ទោសពីបទមិនទិញអាជ្ញាប័ណ្ណដើម្បីចែកជូនសៀវភៅ។ ពួកគាត់បានសុំលើករឿងក្ដីនោះទៅតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក ហើយតុលាការកំពូលព្រមទទួល។
២២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៤៣ តុលាការកំពូលបានចេញសេចក្ដីសម្រេចគាំទ្រសាក្សីព្រះយេហូវ៉ា។ តុលាការនោះមិនយល់ស្របនឹងតម្រូវការដែលឲ្យទិញអាជ្ញាប័ណ្ណទេ ពីព្រោះនោះ«តម្រូវឲ្យចេញលុយសម្រាប់អ្វីមួយដែលរដ្ឋធម្មនុញ្ញផ្ដល់ឲ្យជាសិទ្ធិសេរីភាពតែម្ដង»។ តុលាការនោះបានធ្វើឲ្យច្បាប់ក្រុងនោះទៅជាមោឃ ដោយថានោះ«ជាការបំបិទសិទ្ធិសេរីភាពខាងការផ្សាយព័ត៌មាននិងក៏បំពានលើសិទ្ធិប្រតិបត្ដិសាសនាដែរ»។ ពេលដែលចៅក្រមឈ្មោះវីល្លាម ដឺក្លេស បញ្ជាក់អំពីសេចក្ដីសម្រេចរបស់ចៅក្រមភាគច្រើន គាត់ប្រាប់ថាសកម្មភាពរបស់សាក្សីព្រះយេហូវ៉ា«មិនត្រឹមតែជាការផ្សព្វផ្សាយប៉ុណ្ណោះ ហើយក៏មិនត្រឹមតែជាការចែកសៀវភៅដែរ។ សកម្មភាពរបស់ពួកគេរួមបញ្ចូលទាំងពីរ»។ គាត់និយាយបន្ថែមថា៖ «សកម្មភាពសាសនានេះគួរចាត់ទុកថាជាអ្វីដែលថ្លៃថ្នូរនិងសំខាន់ . . . ដូចការគោរពប្រណិប័តន៍នៅក្នុងវិហារ ឬក៏ការទេសនាអំពីសាសនានៅក្នុងវិហារជាដើម»។
២៣. ហេតុអ្វីរឿងក្ដីដែលយើងបានឈ្នះនៅឆ្នាំ១៩៤៣គឺសំខាន់សម្រាប់យើងនៅសព្វថ្ងៃនេះ?
២៣ សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ជាជ័យជម្នះដ៏ធំធេងមួយសម្រាប់រាស្ត្រព្រះ។ នោះបានបញ្ជាក់ថាយើងពិតជាអ្នកកាន់តាមគ្រិស្ត មិនមែនជាអ្នកលក់ដូរទេ។ នាឆ្នាំ១៩៤៣ ក្នុងតុលាការកំពូល នៅថ្ងៃដ៏សំខាន់ជាប្រវត្ដិសាស្ត្រនោះ សាក្សីព្រះយេហូវ៉ាបានឈ្នះរឿងក្ដី១២ក្នុងចំណោមរឿងក្ដី១៣របស់ពួកគេ រួមទាំងរឿងក្ដីរបស់បងប្រុសម៉ឺដាក។ សេចក្ដីសម្រេចក្នុងរឿងក្ដីទាំងនេះ អាចត្រូវយកមកធ្វើជាទីសំអាងដ៏មានប្រសិទ្ធភាពក្នុងរឿងក្ដីថ្មីៗ ពេលដែលអ្នកប្រឆាំងខំចោទប្រកាន់ម្ដងទៀតថា យើងគ្មានសិទ្ធិផ្សព្វផ្សាយអំពីរាជាណាចក្រជាសាធារណៈឬពីផ្ទះមួយទៅផ្ទះមួយឡើយ។
«យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»
២៤. ពេលដែលរដ្ឋាភិបាលដាក់បម្រាមលើការផ្សព្វផ្សាយរបស់យើង តើយើងធ្វើយ៉ាងណា?
២៤ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងពិតជាអរគុណរដ្ឋាភិបាលណាដែលផ្ដល់សិទ្ធិសេរីភាពតាមច្បាប់ឲ្យយើងផ្សព្វផ្សាយអំពីរាជាណាចក្រ។ ក៏ប៉ុន្តែ ពេលរដ្ឋាភិបាលដាក់បម្រាមលើកិច្ចផ្សព្វផ្សាយរបស់យើង យើងគ្រាន់តែប្ដូរវិធីសាស្ត្រប៉ុណ្ណោះ ហើយបន្តផ្សព្វផ្សាយទៀត។ ដូចពួកសាវ័ក «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។ (សកម្ម. ៥:២៩; ម៉ាថ. ២៨:១៩, ២០) នៅដំណាលគ្នានោះ យើងសុំតុលាការលើកបម្រាមចេញពីសកម្មភាពរបស់យើង។ សូមពិចារណាអំពីឧទាហរណ៍ពីរ។
២៥, ២៦. តើអ្វីខ្លះបានកើតឡើងនៅប្រទេសនីការ៉ាហ្គាដែលនាំឲ្យមានរឿងក្ដីនៅតុលាការកំពូល ហើយតើមានលទ្ធផលយ៉ាងណា?
២៥ ប្រទេសនីការ៉ាហ្គា: នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៥២ បងប្រុសដណឹវិន មឹនស្ទឺម៉េន ដែលជាសាសនទូតនិងជាអ្នកត្រួតពិនិត្យការិយាល័យសាខា បានចូលការិយាល័យអន្ដោប្រវេសន៍នៅក្រុងម៉ាណាក្វាដែលជារដ្ឋធានី។ គាត់បានត្រូវបង្គាប់ឲ្យទៅជួបលោកអាណលដូ ហ្គាសៀដែលជាប្រធានការិយាល័យនោះ។ លោកហ្គាសៀប្រាប់បងដណឹវិនថា សាក្សីព្រះយេហូវ៉ាទាំងអស់នៅប្រទេសនីការ៉ាហ្គា បានត្រូវ«ហាមមិនឲ្យផ្សព្វផ្សាយសាសនាឬធ្វើសកម្មភាពឯទៀតខាងសាសនា»។ បងដណឹវិនសួរមូលហេតុ ហើយលោកហ្គាសៀពន្យល់ថា សាក្សីព្រះយេហូវ៉ាគ្មានការអនុញ្ញាតពីរដ្ឋាភិបាលឲ្យផ្សព្វផ្សាយទេ ហើយក៏បានត្រូវគេចោទប្រកាន់ថាជាពួកកុម្មុយនីស្តទៀត។ តើអ្នកណាបានចោទប្រកាន់សាក្សីព្រះយេហូវ៉ាដូច្នេះ? គឺពួកបព្វជិតសាសនាកាតូលិក។
២៦ ភ្លាមៗនោះ បងដណឹវិនបានសុំក្រសួងគ្រប់គ្រងនិងសាសនា ព្រមទាំងប្រធានាធិបតីលោកអាណាស្ដាស្យូ សូម៉ូសា ហ្គាសៀ ឲ្យលើកបម្រាមនោះចេញ ប៉ុន្តែគឺឥតប្រយោជន៍ទេ។ ដូច្នេះបងប្អូនរបស់យើងបានផ្លាស់ប្ដូរវិធីផ្សព្វផ្សាយ។ ពួកគេបិទសាលប្រជុំ រួចជួបជុំគ្នាជាក្រុមតូចៗវិញ ក៏បានឈប់ផ្សព្វផ្សាយតាមផ្លូវដែរ។ ប៉ុន្តែពួកគេនៅតែប្រកាសអំពីរាជាណាចក្ររបស់ព្រះ។ នៅដំណាលគ្នានោះ បងប្អូនបានដាក់សំណូមពរទៅតុលាការកំពូលឲ្យលើកបម្រាមនោះចេញ។ កាសែតជាច្រើនបានចុះផ្សាយអំពីបម្រាមនោះ ថែមទាំងផ្សាយអំពីសំណូមពររបស់សាក្សីព្រះយេហូវ៉ា។ កាសែតថែមទាំងបានចុះផ្សាយថា តុលាការកំពូលព្រមទទួលរឿងក្ដីនោះ។ តើមានលទ្ធផលយ៉ាងណា? នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៥៣ តុលាការកំពូលបានចេញសេចក្ដីសម្រេចជាឯកច្ឆន្ទគាំទ្រសាក្សីព្រះយេហូវ៉ា។ តុលាការឃើញថាបម្រាមនោះគឺបំពានលើរដ្ឋធម្មនុញ្ញដែលធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញទស្សនៈ ប្រព្រឹត្តតាមសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន និងប្រតិបត្ដិតាមជំនឿរបស់ខ្លួន។ តុលាការក៏បានចេញសេចក្ដីបង្គាប់ឲ្យរដ្ឋាភិបាលនិងសាក្សីព្រះយេហូវ៉ាមានទំនាក់ទំនងដូចដើមវិញ។
២៧. ហេតុអ្វីមនុស្សនៅប្រទេសនីការ៉ាហ្គាបានភ្ញាក់ផ្អើលពេលឮសេចក្ដីសម្រេចរបស់តុលាការ ហើយតើបងប្អូនមានទស្សនៈយ៉ាងណាចំពោះជ័យជម្នះនេះ?
២៧ ជនជាតិនីការ៉ាហ្គាបានភ្ញាក់ផ្អើលខ្លាំងណាស់ ដោយឃើញថាតុលាការកំពូលគាំទ្រសាក្សីព្រះយេហូវ៉ា។ រហូតដល់ពេលនោះ អានុភាពនៃបព្វជិតសាសនាគឺខ្លាំងដល់ម្ល៉េះបានជាតុលាការមិនចង់ប្រឆាំងពួកគេទេ។ ម្យ៉ាងទៀត អំណាចរបស់រដ្ឋាភិបាលគឺខ្លាំងដល់ម្ល៉េះបានជាតុលាការមិនសូវហ៊ានប្រឆាំងការសម្រេចចិត្តរបស់ពួកគេដែរ។ បងប្អូនរបស់យើងជឿជាក់ថា ពួកគេបានឈ្នះរឿងក្ដីនោះ ដោយសារស្តេចរបស់ពួកគេបានការពារពួកគេ ហើយដោយសារពួកគេបានបន្តផ្សព្វផ្សាយ។—សកម្ម. ១:៨
២៨, ២៩. រវាងឆ្នាំ១៩៨៤និងឆ្នាំ១៩៨៦ តើមានការផ្លាស់ប្ដូរអ្វីនៅប្រទេសហ្សាអៀ?
២៨ ប្រទេសហ្សាអៀ: រវាងឆ្នាំ១៩៨៤និងឆ្នាំ១៩៨៦ មានសាក្សីព្រះយេហូវ៉ាប្រហែលជា៣៥.០០០នាក់នៅប្រទេសហ្សាអៀ ដែលឥឡូវនេះហៅថាសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ដើម្បីចាត់ចែងសកម្មភាពរាជាណាចក្រដែលមានកាន់តែច្រើនឡើងៗនៅទីនោះ បងប្អូនចាប់ផ្ដើមសង់ការិយាល័យសាខាថ្មី។ នៅខែធ្នូ ឆ្នាំ១៩៨៥ មានមហាសន្និបាតអន្តរជាតិនៅក្រុងគិនសាសាដែលជារដ្ឋធានី ហើយបងប្អូន៣២.០០០នាក់ពីប្រទេសផ្សេងៗបានចូលរួមពេញពហុកីឡាដ្ឋាននៅទីនោះ។ ប៉ុន្តែស្ថានភាពរបស់អ្នកបម្រើព្រះយេហូវ៉ានៅប្រទេសនោះបានផ្លាស់ប្ដូរយ៉ាងលឿន។ តើអ្វីបានកើតឡើង?
២៩ បងប្រុសម៉ាសេល ហ្វីលតូ បានបម្រើនៅប្រទេសហ្សាអៀនៅសម័យនោះ។ គាត់ជាសាសនទូតពីខេត្តកេបិក ប្រទេសកាណាដា ហើយគាត់ធ្លាប់ទទួលរងការបៀតបៀនក្នុងរបបលោកឌូប្ល៉េស៊ី។ គាត់រៀបរាប់អ្វីដែលកើតឡើងថា៖ «នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៨៦ បងប្អូនដែលទទួលខុសត្រូវបានទទួលសំបុត្រមួយដែលប្រាប់ថា សមាគមសាក្សីព្រះយេហូវ៉ានៅប្រទេសហ្សាអៀគឺខុសច្បាប់»។ ប្រធានាធិបតីឈ្មោះម៉ូប៊ូទូ សេសេ សេកូបានចុះហត្ថលេខាលើបម្រាមនោះ។
៣០. តើគណៈកម្មាធិការការិយាល័យសាខាត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់អ្វី ហើយនៅទីបំផុត តើពួកគេបានសម្រេចចិត្តធ្វើយ៉ាងណា?
៣០ ស្អែកឡើង មានសេចក្ដីជូនដំណឹងតាមវិទ្យុថា៖ «យើងនឹងមិនឮឈ្មោះសាក្សីព្រះយេហូវ៉ានៅ[ប្រទេសហ្សាអៀ]ទៀតទេ»។ ភ្លាមៗការបៀតបៀនបានផ្ទុះឡើង។ មនុស្សបានបំផ្លាញសាលប្រជុំ ហើយបងប្អូនរបស់យើងបានត្រូវគេប្លន់ ចាប់ខ្លួន ដាក់គុក និងវាយ។ សូម្បីតែកូនក្មេងដែលជាសាក្សីព្រះយេហូវ៉ាបានត្រូវដាក់គុកដែរ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៨៨ រដ្ឋាភិបាលបានរឹបអូសទ្រព្យសម្បត្ដិរបស់អង្គការយើង ហើយកងទ័ពបានបោះទីតាំងនៅដីរបស់ការិយាល័យសាខា។ បងប្អូនដែលទទួលខុសត្រូវបានធ្វើសំណូមពរទៅប្រធានាធិបតីម៉ូប៊ូទូ ប៉ុន្តែពួកគេមិនបានទទួលចម្លើយទេ។ នៅពេលនោះ គណៈកម្មាធិការការិយាល័យសាខាត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ គឺ«តើយើងនឹងប្ដឹងទៅតុលាការកំពូលឬរង់ចាំសិន?»។ បងប្រុសធីម៉ូថេ ហូម ដែលជាសាសនទូតនិងជាអ្នកចាត់ចែងកិច្ចការគណៈកម្មាធិការការិយាល័យសាខា រៀបរាប់ថា៖ «យើងបានសុំប្រាជ្ញានិងការណែនាំពីព្រះយេហូវ៉ា»។ ក្រោយពីបានរំពឹងគិតដោយអធិដ្ឋាន គណៈកម្មាធិការបានសម្រេចចិត្តថា មិនទាន់ដល់ពេលទាមទារសិទ្ធិតាមច្បាប់ទេ។ ផ្ទុយទៅវិញ ពួកគាត់បានផ្ចង់អារម្មណ៍ទៅលើការថែរក្សាបងប្អូននិងរកវិធីផ្សេងទៀតដើម្បីផ្សព្វផ្សាយ។
«ក្នុងអំឡុងពេលរឿងក្ដីនោះ យើងឃើញថាព្រះយេហូវ៉ាអាចធ្វើឲ្យស្ថានភាពផ្លាស់ប្ដូរមែន»
៣១, ៣២. តើតុលាការកំពូលនៅប្រទេសហ្សាអៀបានចេញសេចក្ដីសម្រេចអ្វី ហើយតើនេះមានឥទ្ធិពលយ៉ាងណាទៅលើបងប្អូនរបស់យើង?
៣១ រាប់ឆ្នាំបានកន្លងទៅ។ ការបៀតបៀនប្រឆាំងបានថយចុះ ហើយមានការលើកស្ទួយសិទ្ធិមនុស្សនៅប្រទេសនោះច្រើនជាងមុន។ គណៈកម្មាធិការការិយាល័យសាខាបានសម្រេចចិត្តថា គឺដល់ពេលដែលពួកគាត់គួរសុំឲ្យតុលាការកំពូលនៃប្រទេសហ្សាអៀទទួលរឿងក្ដីដើម្បីលើកបម្រាមចេញ។ គួរឲ្យភ្ញាក់ផ្អើលណាស់ថា តុលាការកំពូលព្រមទទួលរឿងក្ដីនោះ។ រួចមក នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩៣ ជិត៧ឆ្នាំក្រោយពីប្រធានាធិបតីបានដាក់បម្រាមនោះ តុលាការបានប្រកាសថារដ្ឋាភិបាលបានបំពានលើច្បាប់ដោយដាក់បម្រាមនោះ ហើយពួកគេបានលើកបម្រាមនោះចេញ។ សូមគិតអំពីអត្ថន័យនោះ! ពួកចៅក្រមនៃតុលាការនោះបានប្រថុយជីវិតដោយធ្វើឲ្យការសម្រេចចិត្តរបស់ប្រធានាធិបតីទៅជាមោឃវិញ! បងហូមប្រាប់ថា៖ «ក្នុងអំឡុងពេលរឿងក្ដីនោះ យើងឃើញថាព្រះយេហូវ៉ាអាចធ្វើឲ្យស្ថានភាពផ្លាស់ប្ដូរមែន»។ (ដាន. ២:២១) ជ័យជម្នះនេះបានពង្រឹងជំនឿរបស់បងប្អូនយើង។ ពួកគេយល់ថាលោកយេស៊ូដែលជាស្តេចរបស់ពួកគេ បានដឹកនាំរាស្ត្ររបស់លោកឲ្យដឹងអំពីពេលណានិងរបៀបណាដែលត្រូវចាត់វិធានការ។
៣២ ដោយសារបម្រាមនោះបានត្រូវលើកចេញ ការិយាល័យសាខាអាចអញ្ជើញសាសនទូតមក អាចកសាងការិយាល័យសាខាថ្មី ហើយអាចនាំចូលសៀវភៅ។f អ្នកបម្រើរបស់ព្រះនៅទូទាំងពិភពលោកពិតជាអរសប្បាយខ្លាំងណាស់ ដោយឃើញថាព្រះយេហូវ៉ារក្សាការពារចំណងមិត្តភាពរវាងលោកនិងរាស្ត្ររបស់លោក!—អេ. ៥២:១០
«ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ»
៣៣. តើយើងរៀនអ្វីពីការពិចារណាយ៉ាងខ្លីអំពីរឿងក្ដីខ្លះដែលយើងបានឈ្នះ?
៣៣ ការពិចារណាអំពីរឿងក្ដីផ្សេងៗរបស់យើង បង្ហាញថាលោកយេស៊ូបានធ្វើតាមសេចក្ដីសន្យារបស់លោកដែលថា៖ «ខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានពាក្យនិងប្រាជ្ញា ដែលពួកអ្នកប្រឆាំងរួមគ្នាពុំអាចជំទាស់ឬប្រកែកឈ្នះបានឡើយ»។ (សូមអាន លូកា ២១:១២-១៥) តាមមើលទៅ ជួនកាល នៅសព្វថ្ងៃនេះព្រះយេហូវ៉ាបានបណ្ដាលឲ្យមនុស្សខ្លះប្រព្រឹត្តដូចកាម៉េលៀល ដើម្បីការពាររាស្ត្ររបស់លោក ឬលោកបានជំរុញចិត្តចៅក្រមនិងមេធាវីដែលមានចិត្តក្លាហានឲ្យកាន់ជំហរមាំមួនខាងយុត្ដិធម៌។ ព្រះយេហូវ៉ាបានធ្វើឲ្យអាវុធរបស់ពួកអ្នកដែលប្រឆាំងយើងលែងមានប្រសិទ្ធភាព។ (សូមអាន អេសាយ ៥៤:១៧) ការប្រឆាំងមិនអាចបញ្ឈប់កិច្ចការរបស់ព្រះបានឡើយ។
៣៤. ហេតុអ្វីជាការអស្ចារ្យដែលយើងបានឈ្នះរឿងក្ដី ហើយតើនោះជាភ័ស្តុតាងដែលបញ្ជាក់អំពីអ្វី? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា«ជ័យជម្នះក្នុងតុលាការជាន់ខ្ពស់ដែលបានជួយកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រជឿនទៅមុខ»)
៣៤ ហេតុអ្វីបានជារឿងក្ដីរបស់យើងគឺអស្ចារ្យម្ល៉េះ? សូមពិចារណាអំពីចំណុចថា សាក្សីព្រះយេហូវ៉ាមិនមែនជាមនុស្សដែលមានមុខមានមាត់នោះទេ ហើយពួកគេក៏គ្មានអានុភាពដែរ។ យើងមិនបោះឆ្នោត មិនគាំទ្រប្រតិបត្ដិការនយោបាយណាមួយ ហើយក៏មិនខំបញ្ចុះបញ្ចូលអ្នកនយោបាយដែរ។ ម្យ៉ាងទៀត តាមធម្មតា សាក្សីព្រះយេហូវ៉ាដែលត្រូវគេបញ្ជូនទៅតុលាការជាន់ខ្ពស់ ជាបងប្អូនដែលគេចាត់ទុកថា«មិនបានរៀនសូត្រ»ទេ។ (សកម្ម. ៤:១៣) ដូច្នេះ បើគិតតាមទស្សនៈរបស់មនុស្សវិញ តុលាការគ្មានហេតុកាត់ក្ដីគាំទ្រខាងយើង ហើយឲ្យអ្នកប្រឆាំងដែលមានអំណាចខ្លាំងខាងនយោបាយឬសាសនាចាញ់ទៅវិញនោះទេ។ ទោះជាយ៉ាងនោះក៏ដោយ តុលាការបានសម្រេចគាំទ្រយើងម្ដងហើយម្ដងទៀត! ជ័យជម្នះរបស់យើងក្នុងរឿងក្ដីជាភ័ស្តុតាងដែលបញ្ជាក់ថាយើងជា«អ្នកកាន់តាមគ្រិស្តនៅចំពោះមុខព្រះ»។ (២កូ. ២:១៧) ដូច្នេះ ដូចសាវ័កប៉ូលបានបញ្ជាក់នោះ យើងប្រកាសថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។—ហេ. ១៣:៦
a រឿងក្ដីនេះដែលហៅថា រឿងក្ដីរវាងលោកខេនវេលនិងរដ្ឋកុនណិចទីកឹត គឺជារឿងក្ដីដំបូងក្នុងចំណោមរឿងក្ដី៤៣នៅតុលាការកំពូលស.រ.អ. ដែលបងប្រុសហេដិន ខូវិងថិនបានធ្វើជាមេធាវីការពារបងប្អូន។ គាត់បានស្លាប់នៅឆ្នាំ១៩៧៨។ ប្រពន្ធគាត់ ឈ្មោះដ័ររ៉ឺធីដែលបានបម្រើយ៉ាងស្មោះត្រង់រហូតដល់ស្លាប់នៅឆ្នាំ២០១៥ ក្នុងអាយុ៩២ឆ្នាំ។
b ការចោទប្រកាន់នេះគឺផ្អែកលើច្បាប់មួយដែលបានត្រូវអនុម័តនៅឆ្នាំ១៦០៦។ ច្បាប់នោះឲ្យគណៈវិនិច្ឆ័យសម្រេចថាចុងចោទមានទោស បើពួកគេគិតថា អ្វីដែលគាត់និយាយធ្វើឲ្យមនុស្សស្អប់គ្នា ទោះជាអ្វីគាត់និយាយជាការពិតក៏ដោយ។
c នៅឆ្នាំ១៩៥០ មានអ្នកបម្រើពេញពេល១៦៤នាក់នៅខេត្តកេបិក។ នេះរួមបញ្ចូលបងប្អូន៦៣នាក់ដែលបានរៀននៅសាលាគីលាត។ បងប្អូនទាំងនោះបានព្រមទៅផ្សព្វផ្សាយនៅខេត្តកេបិក ទោះជានោះតម្រូវឲ្យពួកគាត់ជួបការប្រឆាំងដ៏ខ្លាំងក្រៃលែងក៏ដោយ។
d បងប្រុសគ្លេន ហោ ជាមេធាវីដ៏ក្លាហានម្នាក់ ដែលបានការពារសាក្សីព្រះយេហូវ៉ាយ៉ាងប៉ិនប្រសប់ក្នុងរឿងក្ដីរាប់រយរវាងឆ្នាំ១៩៤៣និងឆ្នាំ២០០៣នៅប្រទេសកាណាដានិងនៅប្រទេសឯទៀត។
e ដើម្បីបានព័ត៌មានថែមទៀតអំពីរឿងក្ដីនោះ សូមមើលអត្ថបទចំណងជើងថា«ចំបាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ» (“The Battle Is Not Yours, but God’s”) ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ទំព័រ១៨-២៤។
f នៅទីបំផុត កងទ័ពបានចេញពីដីរបស់ការិយាល័យសាខា ប៉ុន្តែការិយាល័យសាខាថ្មីបានត្រូវសាងសង់នៅតំបន់ផ្សេង។