តើព្រះប្រើការវិវត្តន៍ដើម្បីបង្កើតជីវិតផ្សេងៗឬ?
ចម្លើយពីគម្ពីរ
មិនមែនទេ។ គម្ពីរប្រាប់យ៉ាងច្បាស់ថាព្រះបានបង្កើតមនុស្ស សត្វ និងរុក្ខជាតិ«តាមពូជ»នីមួយៗ។a (លោកុប្បត្តិ ១:១២, ២១, ២៥, ២៧; ការបើកបង្ហាញ ៤:១១) គម្ពីរចែងថាមនុស្សជាតិទាំងអស់ជាកូនចៅរបស់អាដាមនិងអេវ៉ា ដែលជាឪពុកម្ដាយដំបូងរបស់យើង។ (លោកុប្បត្តិ ៣:២០; ៤:១) កំណត់ហេតុគម្ពីរមិនគាំទ្រទ្រឹស្ដីដែលថាព្រះបានប្រើការវិវត្តន៍ដើម្បីបង្កើតជីវិតផ្សេងៗទេ។ ប៉ុន្តែ អ្វីដែលគម្ពីរចែងមិនបានផ្ទុយគ្នានឹងអ្វីដែលអ្នកវិទ្យាសាស្ត្របានប្រាប់ថាភាវរស់នីមួយៗមានប្រភេទផ្សេងៗតាមពូជរបស់វាទេ។b
តើព្រះបានប្រើការវិវត្តន៍ទេ?
មនុស្សខ្លះដែលជឿថាព្រះប្រើការវិវត្តន៍ដើម្បីបង្កើតភាវរស់ផ្សេងៗមានគំនិតខុសៗគ្នា។ យោងតាមសព្វវចនាធិប្បាយមួយ (Encyclopædia Britannica) បានប្រាប់ថាមនុស្សខ្លះជឿថា៖«ការជ្រើសរើសតាមធម្មជាតិជាវិធីមួយដែលព្រះប្រើដើម្បីណែនាំពិភពធម្មជាតិ»។
ការជឿថាព្រះប្រើការវិវត្តន៍ដើម្បីបង្កើតភាវរស់ផ្សេងៗក៏រួមបញ្ចូលគំនិតដូចតទៅនេះដែរ៖
ភាវរស់ទាំងអស់បានកើតតាមពូជតាំងពីសម័យបុរាណមក។
ភាវរស់មួយប្រភេទអាចវិវត្តន៍ទៅជាប្រភេទខុសគ្នាទាំងស្រុង។ ពេលខ្លះ គំនិតនេះបានត្រូវហៅថាមីក្រូវិវត្តន៍។
ព្រះមានចំណែកចំពោះដំណើរការនៃការវិវត្តន៍ទាំងនេះ។
តើការវិវត្តន៍ស្របគ្នាជាមួយនឹងគម្ពីរទេ?
ការជឿថាព្រះប្រើការវិវត្តន៍ដើម្បីបង្កើតភាវរស់ផ្សេងៗ បង្ហាញថាកំណត់ហេតុអំពីការបង្កើតក្នុងសៀវភៅលោកុប្បត្តិ គឺមិនត្រឹមត្រូវទាំងស្រុងទេ។ ក៏ប៉ុន្តែ លោកយេស៊ូបានមានប្រសាសន៍ថាកំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិជាកំណត់ត្រាប្រវត្តិសាស្ត្រពិត។ (លោកុប្បត្តិ ១:២៦, ២៧; ២:១៨-២៤; ម៉ាថាយ ១៩:៤-៦) គម្ពីរចែងថាមុនលោកយេស៊ូមកផែនដី លោករស់នៅស្ថានសួគ៌ជាមួយនឹងព្រះ ហើយលោកជាជំនួយរបស់ព្រះក្នុងការបង្កើត«អ្វីៗទាំងអស់»។ (យ៉ូហាន ១:៣) ដូច្នេះ គំនិតដែលថាព្រះបានប្រើការវិវត្តន៍ដើម្បីបង្កើតភាវរស់ផ្សេងៗ គឺមិនស្របគ្នានឹងអ្វីដែលគម្ពីរបង្រៀនឡើយ។
តើរុក្ខជាតិនិងសត្វអាចសម្របខ្លួនដើម្បីរស់ជាការវិវត្តន៍បានទេ?
គម្ពីរមិនបានពន្យល់ថាមានភាវរស់ប៉ុន្មានប្រភេទដែលកើតក្នុងពូជមួយទេ។ ម្យ៉ាងទៀត គម្ពីរក៏មិនបានប្រឆាំងការពិតដែលថា សត្វនិងរុក្ខជាតិប្រភេទថ្មីផ្សេងៗបានកើតឡើងពីការបង្កាត់ពូជ ឬមកពីការសម្របខ្លួននឹងបរិស្ថានថ្មីនោះដែរ។ ទោះជាមនុស្សខ្លះចាត់ទុកការបន្សាំដូចនេះជាការវិវត្តន៍មួយក៏ដោយ តែគ្មានភាវរស់ពូជថ្មីកើតមកទេ។
a គម្ពីរប្រើពាក្យ«តាមពូជ» នេះមានអត្ថន័យទូលាយជាងពាក្យ«ប្រភេទ»ដែលពួកអ្នកវិទ្យាសាស្ត្របានប្រើ។ ជាញឹកញយ ពេលអ្នកវិទ្យាសាស្ត្ររកឃើញភាវរស់ប្រភេទថ្មី ពួកគេនិយាយថានោះបានមកពីការវិវត្តន៍។ ប៉ុន្តែ តាមពិតនោះគ្រាន់តែជាប្រភេទមួយដែលនៅក្នុងពូជរបស់វា ដូចដែលសៀវភៅលោកុប្បត្តិចែង។
b ជួនកាលគំនិតនេះបានត្រូវហៅថា«មីក្រូវិវត្តន៍»។