លូកា
៥ នៅគ្រាមួយ កាលដែលបណ្ដាជនកំពុងស្ដាប់លោកយេស៊ូបង្រៀនបណ្ដាំរបស់ព្រះ នៅក្បែរបឹងហ្គេណិសារ៉ែត នោះពួកគេចាប់ផ្ដើមប្រជ្រៀតលោក ២ ហើយលោកឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទ បានឡើងពីទូកទៅលាងអួនរបស់ពួកគេហើយ។ ៣ លោកក៏ចុះទូកមួយ គឺទូករបស់ស៊ីម៉ូន ហើយសុំគាត់ចេញទូកឆ្ងាយពីមាត់បឹងបន្ដិច។ រួចលោកក៏អង្គុយចុះ ហើយចាប់ផ្ដើមបង្រៀនបណ្ដាជនពីក្នុងទូក។ ៤ លុះមានប្រសាសន៍ចប់ហើយ លោកប្រាប់ស៊ីម៉ូនថា៖ «ចូរចេញទៅកន្លែងទឹកជ្រៅ រួចអ្នករាល់គ្នាទម្លាក់អួនចាប់ត្រីនៅទីនោះ»។ ៥ ប៉ុន្តែស៊ីម៉ូនតបឆ្លើយថា៖ «លោកគ្រូ យើងបានខំប្រឹងអស់មួយយប់ តែចាប់មិនបានអ្វីសោះ។ ប៉ុន្តែ ខ្ញុំនឹងទម្លាក់អួនតាមប្រសាសន៍លោក»។ ៦ ពេលដែលទម្លាក់អួនទៅ នោះពួកគេចាប់បានត្រីសន្ធឹកណាស់ រហូតដល់អួនរបស់ពួកគេចាប់ផ្ដើមធ្លាយ។ ៧ ដូច្នេះ ពួកគេធ្វើសញ្ញាឲ្យដៃគូរបស់ពួកគេដែលនៅក្នុងទូកផ្សេងទៀតមកជួយ។ អ្នកទាំងនោះក៏មក រួចពួកគេដាក់ត្រីពេញទូកទាំងពីរ រហូតដល់ទូកទាំងនោះចាប់ផ្ដើមលិច។ ៨ ឃើញដូច្នេះ ស៊ីម៉ូនពេត្រុសលុតជង្គង់នៅមុខលោកយេស៊ូហើយនិយាយថា៖ «លោកម្ចាស់ សូមចេញពីខ្ញុំទៅ ពីព្រោះខ្ញុំជាមនុស្សមានភាពខុសឆ្គង» ៩ ព្រោះក្រោយពីពួកគេចាប់បានត្រីជាច្រើនដូច្នេះ ស៊ីម៉ូនពេត្រុសនិងអស់អ្នកដែលនៅជាមួយនឹងគាត់បាននឹកអស្ចារ្យក្នុងចិត្តក្រៃលែង ១០ ហើយកូនប្រុសរបស់សេបេដេពីរនាក់ គឺយ៉ាកុបនិងយ៉ូហានដែលជាដៃគូរបស់ស៊ីម៉ូន ក៏ដូច្នោះដែរ។ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅស៊ីម៉ូនថា៖ «កុំខ្លាចឡើយ។ ចាប់តាំងពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។ ១១ ដូច្នេះ ពួកគេបានអុំទូកទាំងនោះទៅលើគោកវិញ រួចទុកអ្វីៗទាំងអស់ចោល ហើយទៅតាមលោក។
១២ នៅគ្រាមួយផ្សេងទៀត ពេលដែលលោកនៅក្រុងមួយ មើល! មានបុរសម្នាក់កើតឃ្លង់ពេញខ្លួន! កាលដែលគាត់ក្រឡេកទៅឃើញលោកយេស៊ូ នោះគាត់ក្រាបក្បាលដល់ដី រួចអង្វរលោកថា៖ «លោកម្ចាស់ បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។ ១៣ ម្ល៉ោះហើយ លោកលូកដៃទៅពាល់គាត់ ដោយពោលថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ រំពេចនោះ ជំងឺឃ្លង់បានបាត់ពីខ្លួនគាត់ទៅ។ ១៤ រួចមក លោកបង្គាប់បុរសនោះកុំប្រាប់អ្នកណាឲ្យសោះ៖ «តែដោយសារអ្នកបានជាស្អាត ចូរចេញទៅបង្ហាញខ្លួនអ្នកដល់ពួកសង្ឃ ហើយបូជាអ្វីដែលម៉ូសេបានបង្គាប់ ដើម្បីឲ្យពួកគាត់ធ្វើជាសាក្សី»។ ១៥ ប៉ុន្តែមនុស្សកាន់តែច្រើនឡើងៗបានឮអំពីលោក ហើយតែងតែមានមនុស្សមូលគ្នាជាក្រុមធំដើម្បីស្ដាប់លោក ហើយដើម្បីឲ្យបានជាសះស្បើយពីជំងឺរបស់ពួកគេ។ ១៦ ក៏ប៉ុន្តែ លោកបន្តនៅតំបន់ស្ងាត់ជ្រងំនិងអធិដ្ឋាន។
១៧ នៅថ្ងៃមួយ ពេលលោកកំពុងបង្រៀន ពួកផារិស៊ី* និងពួកអ្នកបង្រៀនច្បាប់* ដែលមកពីគ្រប់ភូមិនៃស្រុកកាលីឡេ តំបន់យូឌា និងក្រុងយេរូសាឡិមក៏អង្គុយនៅទីនោះដែរ ហើយលោកក៏មានឫទ្ធានុភាពពីព្រះយេហូវ៉ាដើម្បីធ្វើឲ្យមនុស្សជាសះស្បើយ ១៨ ហើយមើល! មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែ។ ពួកគេកំពុងរកផ្លូវដើម្បីនាំគាត់ចូលទៅក្នុងហើយដាក់នៅមុខលោកយេស៊ូ។ ១៩ ប៉ុន្តែដោយសារមានមនុស្សច្រើនកកកុញ ពួកគេមិនអាចរកផ្លូវនាំបុរសនោះចូលទៅក្នុងបានឡើយ ដូច្នេះ ពួកគេឡើងលើដំបូល បើកក្បឿង ហើយសម្រូតបុរសនោះចុះជាមួយនឹងគ្រែតូច ទៅក្នុងចំណោមមនុស្សដែលនៅមុខលោកយេស៊ូ។ ២០ ពេលដែលលោកឃើញជំនឿរបស់ពួកគេ លោកមានប្រសាសន៍ថា៖ «ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសហើយ»។ ២១ ឮដូច្នេះ ពួកអ្នកជំនាញខាងច្បាប់* និងពួកផារិស៊ីចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ «តើអ្នកដែលកំពុងនិយាយប្រមាថព្រះនេះជាអ្នកណា? តើអ្នកណាអាចអភ័យទោសចំពោះភាពខុសឆ្គងបាន ក្រៅពីព្រះ?»។ ២២ ប៉ុន្តែលោកយេស៊ូបានជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិត ក៏បានតបឆ្លើយថា៖ «តើអ្នករាល់គ្នាកំពុងរិះគិតអ្វីក្នុងចិត្ត? ២៣ តើមួយណាស្រួលជាង? និយាយថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសហើយ?› ឬនិយាយថា៖ ‹ចូរងើបឡើងហើយដើរទៅចុះ?›។ ២៤ ក៏ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនៅផែនដីដើម្បីអភ័យទោសចំពោះការខុសឆ្គង» នោះលោកមានប្រសាសន៍ទៅកាន់បុរសស្លាប់ដៃស្លាប់ជើងនោះថា៖ «ចូរងើបឡើង យកគ្រែតូចរបស់អ្នក ហើយទៅផ្ទះអ្នកចុះ»។ ២៥ រំពេចនោះគាត់ក៏ងើបឡើងនៅមុខពួកគេ លើកគ្រែដែលគាត់ធ្លាប់ដេក ហើយចេញទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះ។ ២៦ រួចពួកគេគ្រប់គ្នាបានរំភើបចិត្តក្រៃលែង ក៏ចាប់ផ្ដើមសរសើរតម្កើងព្រះ ហើយពួកគេបានភ័យខ្លាចជាខ្លាំង ក៏និយាយថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកណាស់!»។
២៧ បន្ទាប់ពីហេតុការណ៍ទាំងនេះ លោកបានចេញទៅ ហើយឃើញអ្នកយកពន្ធម្នាក់ឈ្មោះលេវី ដែលកំពុងអង្គុយនៅកន្លែងយកពន្ធ។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ»។* ២៨ រួចគាត់ទុកអ្វីៗទាំងអស់ចោល ហើយក្រោកឡើងទៅតាមលោក។ ២៩ ម្យ៉ាងទៀត លេវីបានរៀបពិធីជប់លៀងមួយដ៏ធំនៅផ្ទះរបស់គាត់ ហើយមានអ្នកយកពន្ធមួយក្រុមធំនិងអ្នកឯទៀតកំពុងរួមតុជាមួយនឹងពួកគាត់។ ៣០ ឃើញដូច្នេះ ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់របស់ពួកគេ ចាប់ផ្ដើមនិយាយរអ៊ូរទាំប្រាប់អ្នកកាន់តាមលោកថា៖ «ហេតុអ្វីអ្នករាល់គ្នាផឹកនិងបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងដូច្នេះ?»។ ៣១ លោកយេស៊ូតបឆ្លើយថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ៣២ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្ត»។
៣៣ ពួកគេជម្រាបលោកថា៖ «ពួកអ្នកកាន់តាមយ៉ូហានតមអាហារញឹកញយ ក៏អធិដ្ឋានអង្វរករ ហើយពួកអ្នកកាន់តាមពួកផារិស៊ីក៏ធ្វើដូច្នេះដែរ ក៏ប៉ុន្តែពួកអ្នកកាន់តាមលោកផឹកនិងបរិភោគ»។ ៣៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាមិនអាចធ្វើឲ្យមិត្តភក្ដិរបស់កូនកំលោះតមអាហារដរាបណាដែលកូនកំលោះនៅជាមួយនឹងពួកគេបានឡើយ មែនទេ? ៣៥ ក៏ប៉ុន្តែ នឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិមែន ហើយនៅគ្រានោះពួកគេនឹងតមអាហារ»។
៣៦ ម្យ៉ាងទៀត លោកលើកឧទាហរណ៍ថា៖ «គ្មានអ្នកណាកាត់ក្រណាត់ពីសម្លៀកបំពាក់ថ្មី យកមកប៉ះសម្លៀកបំពាក់ចាស់ទេ។ ប៉ុន្តែបើអ្នកណាធ្វើដូច្នេះ ក្រណាត់ថ្មីនោះនឹងធ្វើឲ្យសម្លៀកបំពាក់ចាស់រហែក ហើយក្រណាត់ថ្មីនោះក៏មិនសមនឹងសម្លៀកបំពាក់ចាស់នោះទៀត។ ៣៧ ក៏គ្មានអ្នកណាយកស្រាថ្មីមកច្រកថង់ស្បែកចាស់ដែរ។ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ៣៨ ប៉ុន្តែ គេត្រូវតែច្រកស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ។ ៣៩ អ្នកណាដែលពិសាស្រាចាស់មិនដែលចង់ពិសាស្រាថ្មីឡើយ ព្រោះអ្នកនោះនិយាយថា៖ ‹ស្រាចាស់មានគុណភាពល្អ›»។