ម៉ាថាយ
៤ ក្រោយមក សកម្មពល* របស់ព្រះបាននាំលោកយេស៊ូទៅតំបន់ស្ងាត់ជ្រងំ ហើយមេកំណាច* បានល្បួងលោក។ ២ ក្រោយពីបានតមអាហារអស់សែសិបថ្ងៃសែសិបយប់ នោះលោកក៏ឃ្លាន។ ៣ ម្យ៉ាងទៀត មេល្បួងបានមកនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងទៅ»។ ៤ ប៉ុន្តែលោកតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក›»។
៥ ក្រោយមក មេកំណាចនាំលោកចូលទៅក្នុងក្រុងបរិសុទ្ធ រួចបានដាក់លោកនៅលើកំពែងវិហារ ៦ ក៏ប្រាប់ថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរលោតចុះពីកំពែងនេះ ពីព្រោះបទគម្ពីរចែងថា៖ ‹លោកនឹងឲ្យការណែនាំស្តីអំពីអ្នក ដល់បណ្ដាទេវតារបស់លោក ហើយពួកគេនឹងទ្រអ្នកលើដៃរបស់ពួកគេ មិនឲ្យជើងរបស់អ្នកទង្គិចនឹងថ្មទាល់តែសោះ›»។ ៧ លោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «បទគម្ពីរចែងទៀតថា៖ ‹អ្នកមិនត្រូវល្បងលព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ›»។
៨ បន្ទាប់មក មេកំណាចបានយកលោកទៅលើភ្នំមួយដ៏ខ្ពស់ក្រៃលែង រួចបង្ហាញលោកនូវរាជាណាចក្រទាំងឡាយក្នុងពិភពលោកនិងភាពរុងរឿងរបស់រាជាណាចក្រទាំងនោះ ៩ ហើយនិយាយថា៖ «អ្វីៗទាំងនេះខ្ញុំនឹងឲ្យដល់អ្នក ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង»។ ១០ នោះលោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «នែ! សាថាន!* ចូរទៅឆ្ងាយពីខ្ញុំទៅ! ពីព្រោះបទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។ ១១ នោះមេកំណាចបានចេញពីលោកទៅ ហើយពួកទេវតាបានមកបម្រើលោក។
១២ ពេលដែលលោកឮថាយ៉ូហានបានត្រូវគេចាប់ខ្លួន នោះលោកចេញទៅស្រុកកាលីឡេ។ ១៣ ម្យ៉ាងទៀត ក្រោយពីលោកចេញពីក្រុងណាសារ៉ែត នោះលោកទៅរស់នៅក្រុងកាពើណិមវិញ នៅក្បែរសមុទ្រ ក្នុងតំបន់សេប៊ូឡូន និងណែបថាលី ១៤ ដើម្បីសម្រេចនូវទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយ។ ទំនាយនោះថា៖ ១៥ «ឱស្រុកសេប៊ូឡូននិងស្រុកណែបថាលីអើយ! ជាស្រុកតាមផ្លូវទៅឯសមុទ្រ ក៏នៅត្រើយម្ខាងនៃទន្លេយ៉ូដាន់ ហើយជាស្រុកកាលីឡេនៃជនជាតិដទៃ។ ១៦ បណ្ដាជនដែលកំពុងរស់នៅទីងងឹតបានឃើញពន្លឺដ៏ភ្លឺស្វាង ហើយចំណែកអ្នកដែលនៅតំបន់ដែលនៅក្រោមស្រមោលនៃសេចក្ដីស្លាប់ នោះពន្លឺបានរះមកលើពួកគេ»។ ១៧ ចាប់ពីពេលនោះមក លោកយេស៊ូបានផ្សព្វផ្សាយថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ព្រោះរាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។
១៨ លុះពេលដែលលោកកំពុងដើរតាមឆ្នេរសមុទ្រ* កាលីឡេ លោកឃើញស៊ីម៉ូនដែលហៅថាពេត្រុស និងអនទ្រេជាប្អូន។ ពួកគាត់កំពុងបង់សំណាញ់ទៅក្នុងសមុទ្រ ពីព្រោះជាអ្នកនេសាទ។ ១៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរមកតាមខ្ញុំចុះ! ហើយខ្ញុំនឹងធ្វើឲ្យអ្នកទៅជាអ្នកនេសាទមនុស្សវិញ»។ ២០ ពួកគាត់បានទុកសំណាញ់ចោលភ្លាម ហើយក៏ទៅតាម* លោក។ ២១ កាលបានដើរហួសពីនោះ លោកឃើញកូនប្រុសរបស់សេបេដេពីរនាក់ គឺយ៉ាកុបនិងប្អូនរបស់គាត់ឈ្មោះយ៉ូហាន។ ពួកគាត់នៅក្នុងទូកជាមួយនឹងសេបេដេដែលជាឪពុកហើយកំពុងជួសជុលសំណាញ់។ លោកក៏បានហៅពួកគាត់ដែរ។ ២២ នោះពួកគាត់បានចាកចេញពីឪពុកនិងទូក ហើយបានទៅតាមលោកភ្លាម។
២៣ រួចមក លោកបានធ្វើដំណើរពេញស្រុកកាលីឡេទាំងមូល ដោយបង្រៀនក្នុងសាលាប្រជុំ* និងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ក៏បានធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់ប្រភេទ។ ២៤ រួចដំណឹងអំពីលោកបានលេចឮពេញស្រុកស៊ីរីទាំងមូល ហើយមនុស្សបាននាំមកនូវអស់អ្នកដែលមានសេចក្ដីលំបាក មនុស្សដែលកំពុងឈឺចាប់ដោយជំងឺផ្សេងៗ មនុស្សដែលមានវិញ្ញាណកំណាចចូល* មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង ហើយលោកបានធ្វើឲ្យពួកគេបានជាសះស្បើយ។ ២៥ ម្ល៉ោះហើយ មនុស្សជាច្រើនពីស្រុកកាលីឡេ តំបន់ដេកាប៉ូល* ក្រុងយេរូសាឡិម តំបន់យូឌា និងពីត្រើយម្ខាងនៃទន្លេយ៉ូដាន់ បានទៅតាមលោក។