យ៉ូហាន
១៤ «កុំឲ្យចិត្តរបស់អ្នករាល់គ្នាថប់បារម្ភឡើយ។ ចូរបង្ហាញជំនឿលើព្រះ ហើយបង្ហាញជំនឿលើខ្ញុំដែរ។ ២ ក្នុងលំនៅរបស់បិតានៃខ្ញុំមានទីអាស្រ័យជាច្រើន។ បើមិនដូច្នោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ពីព្រោះខ្ញុំនឹងទៅដើម្បីរៀបចំកន្លែងមួយឲ្យអ្នករាល់គ្នា។ ៣ ម្យ៉ាងទៀត ប្រសិនបើខ្ញុំទៅរៀបចំកន្លែងមួយឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងមកម្ដងទៀត រួចនឹងទទួលអ្នករាល់គ្នាមកឯលំនៅរបស់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។ ៤ ឯកន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាស្គាល់ផ្លូវហើយ»។
៥ ថូម៉ាស់និយាយទៅកាន់លោកថា៖ «លោកម្ចាស់ យើងមិនដឹងថាលោកនឹងទៅឯណាទេ តើយើងអាចស្គាល់ផ្លូវដូចម្ដេចបាន?»។
៦ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ។ ៧ ប្រសិនបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នានឹងស្គាល់បិតារបស់ខ្ញុំដែរ។ ចាប់តាំងពីឥឡូវនេះទៅ អ្នករាល់គ្នាស្គាល់លោក ក៏ឃើញលោក»។
៨ ភីលីពនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សូមបង្ហាញឲ្យយើងឃើញបិតានៅស្ថានសួគ៌ នោះគ្រប់គ្រាន់ហើយសម្រាប់យើង»។
៩ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ភីលីព ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាយូរហើយ តើអ្នកនៅតែមិនស្គាល់ខ្ញុំឬ? អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ។ ហេតុដូចម្ដេចបានជាអ្នកនិយាយថា៖ ‹សូមបង្ហាញឲ្យយើងឃើញបិតាដែលនៅស្ថានសួគ៌›ដូច្នេះ? ១០ តើអ្នកមិនជឿថា ខ្ញុំរួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ ហើយបិតានៅស្ថានសួគ៌ក៏រួបរួមជាមួយនឹងខ្ញុំដែរទេឬ? អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិននិយាយចេញពីខ្លួនខ្ញុំឡើយ ប៉ុន្តែបិតានៅស្ថានសួគ៌ដែលរួបរួមជាមួយនឹងខ្ញុំជានិច្ច កំពុងធ្វើការរបស់លោក។ ១១ ចូរជឿខ្ញុំថា ខ្ញុំរួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ ហើយបិតានៅស្ថានសួគ៌រួបរួមជាមួយនឹងខ្ញុំដែរ ឬបើមិនដូច្នោះ ចូរជឿដោយសារការនោះឯងដែលខ្ញុំបានធ្វើ។ ១២ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ អ្នកនោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការដ៏ធំជាងនោះទៅទៀត ពីព្រោះខ្ញុំនឹងទៅឯបិតាដែលនៅស្ថានសួគ៌។ ១៣ ម្យ៉ាងទៀត អ្វីក៏ដោយដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើ ដើម្បីឲ្យបិតានៅស្ថានសួគ៌ទទួលការលើកតម្កើងតាមរយៈបុត្ររបស់លោក។ ១៤ ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើ។
១៥ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ នោះអ្នករាល់គ្នានឹងប្រព្រឹត្តតាមបញ្ញត្ដិរបស់ខ្ញុំ ១៦ ហើយខ្ញុំនឹងសុំបិតាដែលនៅស្ថានសួគ៌ រួចលោកនឹងឲ្យអ្នកជួយមួយ* ទៀតដល់អ្នករាល់គ្នា ដែលនឹងនៅជាមួយនឹងអ្នករាល់គ្នាជារៀងរហូត ១៧ ពោលគឺសកម្មពល* ដែលសម្ដែងពីសេចក្ដីពិត។ ពិភពលោកនេះមិនអាចទទួលសកម្មពលនោះបានទេ ពីព្រោះពិភពលោកនេះមិនឃើញហើយមិនស្គាល់សកម្មពលនោះ។ អ្នករាល់គ្នាស្គាល់សកម្មពលនោះ ពីព្រោះនោះនៅជាប់ជាមួយនឹងអ្នករាល់គ្នា ក៏នៅក្នុងអ្នករាល់គ្នាទៀតផង។ ១៨ ខ្ញុំនឹងមិនទុកឲ្យអ្នករាល់គ្នានៅកំព្រាឡើយ។ ខ្ញុំនឹងមកឯអ្នករាល់គ្នា។ ១៩ បន្ដិចទៀតពិភពលោកនេះនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ពីព្រោះខ្ញុំរស់ ហើយអ្នករាល់គ្នាក៏នឹងរស់ដែរ។ ២០ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំរួបរួមជាមួយនឹងបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នារួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំរួបរួមជាមួយនឹងអ្នករាល់គ្នាដែរ។ ២១ អ្នកណាដែលមានបញ្ញត្ដិរបស់ខ្ញុំហើយប្រព្រឹត្តតាម អ្នកនោះស្រឡាញ់ខ្ញុំ ហើយអ្នកណាដែលស្រឡាញ់ខ្ញុំ អ្នកនោះនឹងទទួលសេចក្ដីស្រឡាញ់ពីបិតារបស់ខ្ញុំ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះ ក៏នឹងបង្ហាញខ្លួនជាចំហឲ្យអ្នកនោះឃើញ»។
២២ យូដាស (មិនមែនអ៊ីស្ការីយ៉ុតទេ) បាននិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើអ្វីបានកើតឡើងបានជាលោកនឹងបង្ហាញខ្លួនជាចំហឲ្យយើងឃើញ តែមិនបង្ហាញខ្លួនឲ្យពិភពលោកឃើញ?»។
២៣ លោកយេស៊ូតបទៅគាត់ថា៖ «ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ ហើយបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងលំនៅជាមួយនឹងគាត់។ ២៤ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រព្រឹត្តតាមពាក្យរបស់ខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាកំពុងស្ដាប់ មិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែជាបណ្ដាំរបស់បិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក។
២៥ «កាលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា។ ២៦ ប៉ុន្តែអ្នកជួយ* ដែលជាសកម្មពលបរិសុទ្ធរបស់ព្រះ ដែលបិតានៅស្ថានសួគ៌នឹងចាត់ឲ្យមកក្នុងឈ្មោះខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់ ហើយធ្វើឲ្យអ្នករាល់គ្នានឹកឃើញអ្វីៗដែលខ្ញុំបានប្រាប់។ ២៧ ខ្ញុំបន្សល់សេចក្ដីសុខសាន្តទុកឲ្យអ្នករាល់គ្នា។ ខ្ញុំឲ្យអ្នករាល់គ្នានូវសេចក្ដីសុខសាន្តរបស់ខ្ញុំ។ ខ្ញុំមិនឲ្យតាមរបៀបដែលពិភពលោកនេះឲ្យទេ។ កុំឲ្យចិត្តរបស់អ្នករាល់គ្នាថប់បារម្ភឡើយ ហើយកុំមានចិត្តរួញរាដែរ។ ២៨ អ្នករាល់គ្នាបានឮខ្ញុំនិយាយថា ខ្ញុំនឹងទៅ រួចនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ នោះអ្នករាល់គ្នានឹងត្រេកអរដោយសារខ្ញុំទៅឯបិតាដែលនៅស្ថានសួគ៌ ពីព្រោះបិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ។ ២៩ ដូច្នេះ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាមុនការទាំងនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាជឿ ពេលដែលការទាំងនោះកើតឡើង។ ៣០ ខ្ញុំនឹងមិននិយាយច្រើនជាមួយនឹងអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នកគ្រប់គ្រងពិភពលោកនេះជិតមកដល់ហើយ។ អ្នកនោះមិនមានអំណាចលើខ្ញុំទេ ៣១ ប៉ុន្តែដើម្បីឲ្យពិភពលោកនេះដឹងថាខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌ ខ្ញុំកំពុងធ្វើអ្វីដែលបិតានៅស្ថានសួគ៌បានបង្គាប់ខ្ញុំឲ្យធ្វើ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះទៅ។