តើការសំរាលទុក្ខដ៏ពិតអាចរកឃើញនៅឯណា?
«ព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូជាអម្ចាស់នៃយើង . . . ព្រះអង្គសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង»។—កូរិនថូសទី២ ១:៣, ៤, ខ.ស.
១. តើកាលៈទេសៈអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថា គេត្រូវការការសំរាលទុក្ខយ៉ាងខ្លាំង?
ជំងឺរ៉ាំរ៉ៃដ៏ធ្ងន់ធ្ងរអាចនាំឲ្យបុគ្គលម្នាក់មានអារម្មណ៍ថា ជីវិតរបស់ខ្លួនត្រូវបំផ្លាញអស់រលីង។ ដោយសារកក្រើកដី ព្យុះសង្ឃរា និងទុរភិក្ស នោះធ្វើឲ្យមនុស្សចុះក្រគ្មានអ្វីសោះ។ សង្គ្រាមអាចធ្វើឲ្យសមាជិកគ្រួសារស្លាប់ ខ្ទេចផ្ទះសម្បែង ឬក៏អាចធ្វើឲ្យម្ចាស់រត់ចោលផ្ទះដើម្បីសុវត្ថិភាពរបស់ខ្លួន។ ភាពអយុត្ដិធម៌អាចធ្វើឲ្យមនុស្សមានអារម្មណ៍ថា គ្មានកន្លែងណាដែលពួកគេអាចពឹងរកការធូរស្រាលនោះឡើយ។ ពួកអ្នកដែលពិសោធនឹងសេចក្ដីវេទនាទាំងនេះ គឺត្រូវការការសំរាលទុក្ខយ៉ាងខ្លាំង។ តើយើងអាចរកការសំរាលទុក្ខនៅឯណា?
២. ហេតុអ្វីក៏ការសំរាលទុក្ខដែលព្រះយេហូវ៉ាប្រទានគឺគ្មានអ្វីដែលយកមកប្រៀបផ្ទឹមបាននោះ?
២ បុគ្គលខ្លះនិងអង្គការខ្លះខំប្រឹងផ្ដល់ឲ្យនូវការសំរាលទុក្ខ។ មនុស្សជាច្រើនទទួលស្គាល់ទាំងមានអំណរគុណណាស់ចំពោះពាក្យសំដីដ៏ស្លូតបូតហើយដោយសប្បុរសនោះ។ ការផ្ដល់ជំនួយជាសម្ភារៈជួយផ្គត់ផ្គង់នូវតម្រូវការភ្លាមៗ។ ប៉ុន្តែ មានតែព្រះយេហូវ៉ាទេដែលជាព្រះដ៏ពិត ដែលអាចធ្វើឲ្យអ្វីៗទាំងអស់ល្អដូចដើមវិញ និងផ្ដល់នូវជំនួយដែលត្រូវការចាំបាច់ ដើម្បីកុំឲ្យមានវិបត្ដិភ័យបែបនេះម្ដងទៀត។ ព្រះគម្ពីរចែងអំពីព្រះយេហូវ៉ាថា៖ «សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណានិង ជាព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ ព្រះអង្គសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីអោយយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានអោយយើងផ្ទាល់បានធូរស្បើយរួចហើយដែរ»។ (កូរិនថូសទី២ ១:៣, ៤, ខ.ស.) តើព្រះយេហូវ៉ាសំរាលទុក្ខយើងយ៉ាងដូចម្ដេច?
ដោះស្រាយនូវដើមហេតុនៃបញ្ហា
៣. តើការសំរាលទុក្ខដែលព្រះប្រទាននឹងដោះស្រាយនូវដើមហេតុនៃបញ្ហារបស់មនុស្សជាតិដោយដូចម្ដេច?
៣ មនុស្សជាតិទាំងឡាយមានភាពឥតគ្រប់ល័ក្ខណ៍ជាមរតកដែលមកពីអំពើបាបរបស់អ័ដាម ហើយនេះនាំឲ្យមានបញ្ហាច្រើនឥតគណនា ដែលក្រោយមកនាំឲ្យយើងឈានទៅដល់សេចក្ដីស្លាប់។ (រ៉ូម ៥:១២) ដោយសារអារក្សសាតាំងជា«ចៅហ្វាយរបស់លោកីយនេះ» ក៏ធ្វើឲ្យស្ថានការណ៍នេះកាន់តែពិបាកធ្ងន់ធ្ងរឡើង។ (យ៉ូហាន ១២:៣១; យ៉ូហានទី១ ៥:១៩) ព្រះយេហូវ៉ាមិនគ្រាន់តែបង្ហាញនូវការសោកស្ដាយនឹងស្ថានភាពដ៏អាណោចអាធ័មដែលមនុស្សជួបប្រទះប៉ុណ្ណោះទេ។ ទ្រង់បានបញ្ជូនរាជបុត្រាតែមួយគត់ដែលព្រះបានបង្កើតផ្ទាល់ ឲ្យផ្ដល់ជាតម្លៃលោះ ដើម្បីរំដោះមនុស្សលោក។ ទ្រង់បានមានបន្ទូលប្រាប់យើងថា យើងអាចរួចផុតពីឥទ្ធិពលនៃអំពើបាបរបស់អ័ដាមបាន ប្រសិនបើយើងអនុវត្តជំនឿលើរាជបុត្រារបស់ទ្រង់។ (យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:១០) ព្រះក៏បានទាយថាព្រះយេស៊ូគ្រីស្ទ ដែលបានទទួលអំណាចទាំងអស់ទាំងនៅស្ថានសួគ៌ហើយផែនដី នឹងកំទេចចោលរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ។—ម៉ាថាយ ២៨:១៨; យ៉ូហានទី១ ៣:៨; វិវរណៈ ៦:២; ២០:១០
៤. (ក) តើព្រះយេហូវ៉ាបានប្រទានអ្វី ដើម្បីពង្រឹងទំនុកចិត្តយើងលើសេចក្ដីសន្យារបស់ទ្រង់ចំពោះការផ្ដល់នូវភាពធូរស្បើយនោះ? (ខ) តើព្រះយេហូវ៉ាបានជួយយើងឲ្យយល់ដឹងពីពេលណាដែលនឹងមានការធូរស្បើយនោះតាមរបៀបណា?
៤ ដើម្បីពង្រឹងទំនុកចិត្តរបស់យើងលើសេចក្ដីសន្យារបស់ទ្រង់ ព្រះបានការពារនូវទីសំអាងជាច្រើនដែលជួយបង្ហាញឲ្យឃើញថា អ្វីដែលទ្រង់ទាយតែងតែសម្រេចពិតមែន។ (យ៉ូស្វេ ២៣:១៤) នៅក្នុងព្រះគម្ពីរ ទ្រង់បានរួមបញ្ចូលនូវកំណត់ហេតុអំពីអ្វីៗដែលទ្រង់បានធ្វើក្នុងការរំដោះរាស្ត្ររបស់ទ្រង់ពីស្ថានការណ៍ដ៏លំបាកដែលតាមទស្សនៈរបស់មនុស្សគិតថាគ្មានលទ្ធភាពអាចទទួលបានជោគជ័យឡើយ។ (និក្ខមនំ ១៤:៤-៣១; ពង្សាវតារក្សត្រទី២ ១៨:១៣–១៩:៣៧) តាមរយៈព្រះយេស៊ូគ្រីស្ទ ព្រះយេហូវ៉ាបានបង្ហាញថាគោលបំណងរបស់ទ្រង់ ដែលរួមបញ្ចូលការប្រោសមនុស្សឲ្យជាពី «អស់ទាំងជំងឺរោគានឹងជរាពិការ» ព្រមទាំងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផងដែរ។ (ម៉ាថាយ ៩:៣៥; ១១:៣-៦) តើនេះនឹងកើតឡើងនៅពេលណា? ក្នុងការតបឆ្លើយ ព្រះគម្ពីរបានពិពណ៌នាអំពីថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍ចាស់នេះ មុននឹងរៀបរាប់អំពីផ្ទៃមេឃថ្មីនិងផែនដីថ្មីរបស់ព្រះ។ ការពិពណ៌នារបស់ព្រះយេស៊ូគឺមានស្ថានភាពដូចគ្នាបេះបិទនឹងជំនាន់យើងដែលកំពុងតែរស់នៅសព្វថ្ងៃនេះ។—ម៉ាថាយ ២៤:៣-១៤; ធីម៉ូថេទី២ ៣:១-៥
ការសំរាលទុក្ខសំរាប់មនុស្សដែលមានទុក្ខលំបាក
៥. ពេលព្រះយេហូវ៉ាជួយសំរាលទុក្ខអ៊ីស្រាអែលពីសម័យបុរាណ តើទ្រង់បាននាំឲ្យគេប្រុងស្មារតីទៅលើអ្វី?
៥ ចំពោះរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើអ៊ីស្រាអែលពីសម័យបុរាណក្នុងកាលដែលមានទុក្ខលំបាក យើងអាចរៀននូវរបៀបដែលទ្រង់បានសំរាលទុក្ខពួកគេ។ ទ្រង់បានរំឭកពួកគេថាទ្រង់ជាព្រះបែបណា។ នេះបានពង្រឹងទំនុកចិត្តរបស់គេទៅលើសេចក្ដីសន្យារបស់ទ្រង់។ ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីរបស់ទ្រង់ពណ៌នាយ៉ាងរស់រវើកអំពីភាពខុសគ្នារវាងទ្រង់ដែលជាព្រះដ៏មានព្រះជន្មរស់និងជាព្រះដ៏ពិតទៅនឹងរូបចម្លាក់ដែលពុំអាចជួយគេនិងពួកអ្នកថ្វាយបង្គំរបស់គេបានឡើយ។ (អេសាយ ៤១:១០; ៤៦:១; យេរេមា ១០:២-១៥) ពេលព្រះយេហូវ៉ាមានបន្ទូលប្រាប់អេសាយថា‹ចូរសំរាលទុក្ខ! ចូរសំរាលទុក្ខរាស្ត្រអញ!› នោះទ្រង់ជំរុញព្យាការីនេះឲ្យប្រើរឿងប្រៀបប្រដូចនិងពណ៌នាអំពីការបង្កើតរបស់ទ្រង់ ដើម្បីបញ្ជាក់នូវភាពខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាដែលជាព្រះដ៏ពិតតែមួយអង្គ។—អេសាយ ៤០:១-៣១
៦. តើអ្វីដែលបង្ហាញឲ្យឃើញថានៅពេលខ្លះ ព្រះយេហូវ៉ាបានឲ្យដឹងពីពេលណាដែលត្រូវមានការរំដោះនោះ?
៦ នៅគ្រាខ្លះ ព្រះយេហូវ៉ាសំរាលទុក្ខដោយប្រាប់ពេលវេលាយ៉ាងជាក់លាក់ គឺនៅពេលដែលជិតមកដល់ឬនៅឆ្ងាយទៅទៀតដែលនឹងត្រូវរំដោះរាស្ត្រទ្រង់នោះ។ កាលដែលការរំដោះពីប្រទេសអេស៊ីបជិតមកដល់ ទ្រង់បានមានបន្ទូលប្រាប់ពួកអ៊ីស្រាអែលដែលត្រូវគេជិះជាន់ថា៖ «អញនឹងនាំសេចក្ដីវេទនា១ទៀតមកលើផារ៉ោន ហើយនឹងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ»។ (និក្ខមនំ ១១:១) នៅពេលដែលប្រទេសបីបានវាយលុកស្រុកយូដានៅសម័យស្តេចយ៉ូសាផាត ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់ថាទ្រង់នឹងធ្វើអន្តរាគមន៍ជួយពួកគេ‹នៅថ្ងៃស្អែក›។ (របាក្សត្រទី២ ២០:១-៤, ១៤-១៧) ផ្ទុយទៅវិញ ការរំដោះពួកគេពីពួកបាប៊ីឡូនបានត្រូវកត់ទុកដោយអេសាយជិត២០០ឆ្នាំមុន ហើយយេរេមាបានផ្ដល់នូវពត៌មានថែមទៀតជិតមួយរយឆ្នាំមុននឹងការរំដោះនេះកើតឡើង។ ទំនាយទាំងនោះបានជាទីលើកទឹកចិត្តដល់រាស្ត្ររបស់ទ្រង់មែន នៅពេលដែលការរំដោះរបស់ពួកគេជិតឈានមកដល់នោះ!—អេសាយ ៤៤:២៦–៤៥:៣; យេរេមា ២៥:១១-១៤
៧. ជាញឹកញប់ តើសេចក្ដីសន្យាអំពីការរំដោះនោះធ្លាប់រួមបញ្ចូលអ្វី? ហើយតើការដឹងពត៌មាននេះមានអានុភាពលើមនុស្សស្មោះត្រង់យ៉ាងដូចម្ដេច?
៧ ជាការគួរឲ្យកត់សម្គាល់ដែរ ដែលសេចក្ដីសន្យារបស់ព្រះបានជួយសំរាលទុក្ខរាស្ត្ររបស់ទ្រង់ គឺមានប្រាប់ពត៌មានអំពីព្រះមេស្ស៊ីជាញឹកញយ។ (អេសាយ ៥៣:១-១២) ទំនាយទាំងនេះនាំឲ្យមានសេចក្ដីសង្ឃឹមដល់មនុស្សដែលមានចិត្តស្មោះត្រង់ច្រើនតំណ ក្នុងកាលដែលពួកគេប្រឈមមុខនឹងសេចក្ដីទុក្ខលំបាកផ្សេងៗ។ នៅលូកា ២:២៥ យើងអានថា៖ «នោះមើល! នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខ[ឬការសំរាលទុក្ខ; ការពិតនិយាយអំពីការយាងមកនៃព្រះមេស្ស៊ី] របស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់»។ ស៊ីម្មានបានដឹងអំពីសេចក្ដីសង្ឃឹមដែលព្រះមេស្ស៊ីនឹងផ្ដល់ឲ្យ ដែលបានកត់ទុកក្នុងព្រះគម្ពីរ ហើយការសង្ឃឹមលើការសម្រេចនៃទំនាយទាំងនេះ បានមានអានុភាពលើជីវិតរបស់គាត់។ គាត់ពុំបានដឹងថាទំនាយទាំងនេះនឹងត្រូវសម្រេចយ៉ាងណាទេ ហើយគាត់ក៏មិនបាននៅរស់រហូតដល់ឃើញការសម្រេចចំពោះសេចក្ដីសង្គ្រោះដែលបានទាយនោះដែរ ប៉ុន្តែគាត់មានចិត្តសប្បាយ ពេលគាត់អាចសម្គាល់បុគ្គលដែលនឹងទៅជា«សេចក្ដីសង្គ្រោះ»ដែលមកពីព្រះ។—លូកា ២:៣០
ការសំរាលទុក្ខដែលផ្ដល់មកតាមរយៈព្រះគ្រីស្ទ
៨. តើជំនួយដែលព្រះយេស៊ូប្រទានឲ្យ និងជំនួយដែលមនុស្សសន្មតថាគេត្រូវការនោះគឺខុសគ្នាយ៉ាងដូចម្ដេច?
៨ កាលដែលព្រះយេស៊ូគ្រីស្ទជាប់រវល់ក្នុងកិច្ចបំរើផ្សាយនៅផែនដី ទ្រង់មិនតែងតែផ្ដល់ជំនួយដែលមនុស្សគិតថាគេត្រូវការនោះទេ។ មនុស្សខ្លះចង់បានយ៉ាងខ្លាំងឲ្យព្រះមេស្ស៊ីរំដោះពួកគេចេញពីការជិះជាន់របស់ចក្រភពរ៉ូម។ ប៉ុន្តែ ព្រះយេស៊ូពុំបានគាំទ្រការធ្វើបដិវត្តន៍របស់ពួកគេទេ តែទ្រង់បានមានបន្ទូលប្រាប់គេឲ្យ«ថ្វាយរបស់សេសារ ទៅសេសារទៅ»។ (ម៉ាថាយ ២២:២១) គោលបំណងរបស់ព្រះរួមបញ្ចូលអ្វីច្រើនទៀត មិនគ្រាន់តែរំដោះមនុស្សពីរបបនយោបាយណាមួយនោះឡើយ។ ប្រជាជនចង់តាំងព្រះយេស៊ូជាស្តេច តែទ្រង់បានមានបន្ទូលថាទ្រង់នឹង«ឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើន»វិញ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៦:១៥) ពេលដែលទ្រង់ឡើងសោយរាជ្យគឺមិនទាន់មកដល់ទេ ហើយអំណាចដែលទ្រង់នឹងទទួល គឺនឹងត្រូវប្រគល់ឲ្យដោយព្រះយេហូវ៉ា មិនមែនដោយហ្វូងមនុស្សដែលមានចិត្តប្រកបដោយទោមនស្សនោះឡើយ។
៩. (ក) តើអ្វីជាសារសំរាលទុក្ខដែលព្រះយេស៊ូបានប្រកាស? (ខ) តើព្រះយេស៊ូបានបង្ហាញដូចម្ដេចថាសារនេះមានប្រយោជន៍ចំពោះស្ថានការណ៍ដែលមនុស្សកំពុងប្រឈមមុខផ្ទាល់នោះ? (គ) តើកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូបានរៀបចំឡើងដោយមានមូលដ្ឋានសំរាប់អ្វី?
៩ ការសំរាលទុក្ខដែលព្រះយេស៊ូបានប្រទានមក គឺត្រូវបានតំណាងដោយ«ដំណឹងល្អពីនគរព្រះ»។ ព្រះយេស៊ូបានប្រកាសសារនេះនៅគ្រប់កន្លែងដែលទ្រង់បានយាងទៅ។ (លូកា ៤:៤៣) ទ្រង់បានបញ្ជាក់ពីសារនេះថាមានប្រយោជន៍ដែលជួយចំពោះបញ្ហាប្រចាំថ្ងៃរបស់មនុស្ស ដោយទ្រង់សម្ដែងឲ្យឃើញថាទ្រង់នឹងធ្វើយ៉ាងណាសំរាប់មនុស្សជាតិ ពេលទ្រង់គ្រប់គ្រងជាព្រះមេស្ស៊ីនោះ។ ព្រះយេស៊ូបានធ្វើឲ្យមនុស្សដែលកំពុងតែរងទុក្ខវេទនាចង់រស់តទៅទៀតដោយប្រោសមនុស្សខ្វាក់ឲ្យមើលឃើញនិងមនុស្សគឲ្យនិយាយបានវិញ។ (ម៉ាថាយ ១២:២២; ម៉ាកុស ១០:៥១, ៥២) ទ្រង់ប្រោសមនុស្សពិការឲ្យជា។ (ម៉ាកុស ២:៣-១២) ទ្រង់ប្រោសជនជាតិអ៊ីស្រាអែលខ្លះឲ្យស្អាតពីជំងឺដែលគួរឲ្យខ្ពើម។ (លូកា ៥:១២, ១៣) ទ្រង់ប្រោសឲ្យគេជាពីជំងឺដ៏ធ្ងន់ធ្ងរ។ (ម៉ាកុស ៥:២៥-២៩) ទ្រង់បានជួយសំរាលទុក្ខយ៉ាងច្រើនដល់សមាជិកគ្រួសារផ្សេងៗ ដោយប្រោសកូនគេឲ្យរស់ឡើងវិញ។ (លូកា ៧:១១-១៥; ៨:៤៩-៥៦) ទ្រង់បានសម្ដែងនូវសមត្ថភាពបង្ក្រាបព្យុះសង្ឃរា និងប្រទានឲ្យមនុស្សមួយហ្វូងធំមានអាហារបរិភោគឆ្អែត។ (ម៉ាកុស ៤:៣៧-៤១; ៨:២-៩) ម្យ៉ាងវិញទៀត ព្រះយេស៊ូបានបង្រៀនគេនូវគោលការណ៍សំរាប់រស់នៅ ដែលអាចជួយឲ្យគេចេះប្រឈមមុខនឹងបញ្ហាដែលកំពុងមានដោយប្រសិទ្ធភាព និងធ្វើឲ្យចិត្តមនុស្សពោរពេញទៅដោយសេចក្ដីសង្ឃឹមក្រោមការគ្រប់គ្រងដ៏សុចរិតរបស់ព្រះមេស្ស៊ី។ ដូច្នេះ កាលដែលព្រះយេស៊ូជាប់រវល់ក្នុងកិច្ចបំរើផ្សាយ ទ្រង់មិនគ្រាន់តែសំរាលទុក្ខអស់អ្នកដែលស្ដាប់ទ្រង់ដោយមានជំនឿនោះទេ តែបានរៀបចំនូវមូលដ្ឋានសំរាប់លើកទឹកចិត្តមនុស្សនៅរាប់ពាន់ឆ្នាំទៅមុខដែរ។
១០. តើយញ្ញបូជាលោះរបស់ព្រះយេស៊ូបានបើកឲ្យមានលទ្ធភាពអ្វី?
១០ ជាង៦០ឆ្នាំក្រោយពីព្រះយេស៊ូបានបូជាព្រះជន្មទ្រង់ជាមនុស្ស និងត្រូវបានព្រះប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ នោះសាវ័កយ៉ូហានបានត្រូវបណ្ដាលឲ្យសរសេរថា៖ «កូនតូចៗរាល់គ្នាអើយ! ដែលខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយទាំងមូលដែរ»។ (យ៉ូហានទី១ ២:១, ២) ដោយសារប្រយោជន៍ដែលយើងបានទទួលពីយញ្ញបូជាដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ នោះយើងពិតជាបានទទួលការសំរាលទុក្ខយ៉ាងខ្លាំងមែន។ យើងដឹងថាយើងអាចទទួលការអត់ឱនទោសពីអំពើបាប អាចមានមនសិការជ្រះថ្លា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះ និងមានសេចក្ដីសង្ឃឹមចំពោះជីវិតអស់កល្បជានិច្ច។—យ៉ូហាន ១៤:៦; រ៉ូម ៦:២៣; ហេព្រើរ ៩:២៤-២៨; ពេត្រុសទី១ ៣:២១
វិញ្ញាណបរិសុទ្ធជាអ្នកសំរាលទុក្ខ
១១. តើសំវិធានការអ្វីទៀតដែលជួយសំរាលទុក្ខ ដែលព្រះយេស៊ូសន្យាមុននឹងទ្រង់សោយទិវង្គត?
១១ ពេលព្រះយេស៊ូគង់ជាមួយនឹងពួកសាវ័កនៅរាត្រីចុងក្រោយមុននឹងទ្រង់បូជាព្រះជន្ម នោះព្រះយេស៊ូបានមានបន្ទូលអំពីសំវិធានការមួយទៀត ដែលព្រះវរបិតានៅស្ថានសួគ៌បានរៀបចំឲ្យមានដើម្បីសំរាលទុក្ខពួកគេ។ ព្រះយេស៊ូបានមានបន្ទូលថា៖ ‹ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានអ្នកជំនួយ[អ្នកសំរាលទុក្ខ; ភាសាក្រិចប៉ារ៉ាក្លេតុស]មួយទៀត មកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយដរាបអស់កល្បរៀងទៅ›។ ព្រះយេស៊ូបានធានារ៉ាប់រងថា៖ ‹អ្នកជំនួយនេះ គឺជាព្រះវិញ្ញាណបរិសុទ្ធ . . . នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ›។ (យ៉ូហាន ១៤:១៦, ១៧, ២៦) តើវិញ្ញាណបរិសុទ្ធពិតជាសំរាលទុក្ខពួកគេយ៉ាងដូចម្ដេច?
១២. ដោយសារវិញ្ញាណបរិសុទ្ធមានតួនាទីជាជំនួយដើម្បីរំឭកសិស្សរបស់ព្រះយេស៊ូ តើនេះបានជួយសំរាលទុក្ខមនុស្សជាច្រើនយ៉ាងដូចម្ដេច?
១២ ពួកសាវ័កបានទទួលការបង្រៀនយ៉ាងច្រើនពីព្រះយេស៊ូ។ ពួកគេប្រាកដជាពុំអាចភ្លេចនូវអ្វីដែលគេបានពិសោធនោះឡើយ ក៏ប៉ុន្តែតើពួកគេនឹងអាចនឹកចាំអ្វីដែលទ្រង់បានមានបន្ទូលនោះទេ? តើពួកគេនឹងភ្លេចនូវបណ្ដាំដ៏សំខាន់ៗដោយសារពួកគេជាមនុស្សឥតគ្រប់ល័ក្ខណ៍នោះឬ? ព្រះយេស៊ូបានធានារ៉ាប់រងថាវិញ្ញាណបរិសុទ្ធនឹង‹រំឭកពីគ្រប់ទាំងសេចក្ដី ដែលទ្រង់បានប្រាប់ដល់ពួកគេ›។ ដូច្នេះហើយ ប្រហែលជាប្រាំបីឆ្នាំក្រោយពីព្រះយេស៊ូសោយទិវង្គត ម៉ាថាយអាចសរសេរសៀវភៅដំណឹងល្អទីមួយបាន ដោយគាត់បានកត់ទុកអំពីធម្មទាននៅលើភ្នំដែលពោរពេញទៅដោយភាពកក់ក្ដៅ និងកត់ទុករឿងប្រៀបប្រដូចជាច្រើនស្តីអំពីព្រះរាជាណាចក្រ ព្រមទាំងបានកត់ទុកនូវការពិគ្រោះដ៏ល្អិតល្អន់របស់ព្រះយេស៊ូអំពីទីសម្គាល់នៃវត្តមានរបស់ទ្រង់។ ជាង៥០ឆ្នាំក្រោយមក សាវ័កយ៉ូហានអាចសរសេរនូវកំណត់ហេតុដែលអាចទុកចិត្តបាន ដោយផ្ដល់នូវពត៌មានល្អិតល្អន់ជាច្រើនអំពីគ្រាចុងក្រោយនៃព្រះជន្មរបស់ព្រះយេស៊ូនៅលើផែនដីនេះ។ កំណត់ហេតុនេះជាអ្វីដែលគួរឲ្យលើកទឹកចិត្តរហូតមកដល់សព្វថ្ងៃនេះ!
១៣. តើវិញ្ញាណបរិសុទ្ធមានតួនាទីជាគ្រូបង្រៀនដល់គ្រីស្ទានពីដើមយ៉ាងដូចម្ដេច?
១៣ ក្រៅពីការជួយរំឭកពួកសិស្ស នោះវិញ្ញាណបរិសុទ្ធក៏បានបង្រៀនពួកសិស្សរបស់ព្រះយេស៊ូនិងណែនាំពួកគេឲ្យយល់យ៉ាងពេញលេញអំពីគោលបំណងរបស់ព្រះ។ កាលព្រះយេស៊ូគង់នៅជាមួយសិស្សរបស់ទ្រង់នៅឡើយ ទ្រង់បានមានបន្ទូលប្រាប់គេអំពីអ្វីដែលពួកគេយល់ពុំច្បាស់។ ប៉ុន្តែ ក្រោយមកដោយមានការជំរុញពីវិញ្ញាណបរិសុទ្ធ នោះយ៉ូហាន ពេត្រុស យ៉ាកុប យូដាស និងប៉ុលបានសរសេររៀបរាប់ពីព្រឹត្ដិការណ៍ជាច្រើនដែលពន្យល់ប្រាប់អំពីគោលបំណងរបស់ព្រះ។ ដូច្នេះ ដោយសារវិញ្ញាណបរិសុទ្ធមានតួនាទីជាគ្រូបង្រៀន នោះបានផ្ដល់នូវទីសំអាងថា ពួកគេមានការដឹកនាំពីព្រះ។
១៤. តើវិញ្ញាណបរិសុទ្ធជួយរាស្ត្ររបស់ព្រះយេហូវ៉ាតាមរបៀបណា?
១៤ អំណោយខាងឯវិញ្ញាណបរិសុទ្ធដែលផ្ដល់សមត្ថភាពធ្វើអព្ភូតហេតុ ក៏ជួយយើងឲ្យឃើញជាក់ស្តែងថា ព្រះផ្ទេរព្រះគុណពីអ៊ីស្រាអែលខាងសាច់ឈាមឲ្យទៅក្រុមជំនុំគ្រីស្ទានវិញ។ (ហេព្រើរ ២:៤) ផលផ្លែនៃវិញ្ញាណបរិសុទ្ធដែលមានក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ជាកត្ដាដ៏សំខាន់ក្នុងការសម្គាល់អស់អ្នកដែលពិតជាសិស្សរបស់ព្រះយេស៊ូ។ (យ៉ូហាន ១៣:៣៥; កាឡាទី ៥:២២-២៤) វិញ្ញាណបរិសុទ្ធក៏ពង្រឹងកម្លាំងចិត្តសមាជិកនៃក្រុមជំនុំនេះឲ្យមានចិត្តក្លាហាននិងឥតភិតភ័យចំពោះការធ្វើបន្ទាល់។—កិច្ចការ ៤:៣១
ការផ្ដល់ជំនួយពេលមានការបង្ខិតបង្ខំខាងផ្លូវចិត្តយ៉ាងខ្លាំង
១៥. (ក) តើមានការបង្ខិតបង្ខំខាងផ្លូវចិត្តបែបណា ដែលគ្រីស្ទាននៅសម័យមុននិងសម័យនេះជួបប្រទះ? (ខ) ហេតុអ្វីក៏អស់អ្នកដែលផ្ដល់ការលើកទឹកចិត្តជួនកាលត្រូវការនូវការលើកទឹកចិត្តដែរនោះ?
១៥ អស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ានិងមានចិត្តស្មោះត្រង់ចំពោះទ្រង់ នឹងពិសោធនូវការបៀតបៀនណាមួយជាមិនខាន។ (ធីម៉ូថេទី២ ៣:១២) យ៉ាងណាក៏ដោយ គ្រីស្ទានជាច្រើនបានស៊ូទ្រាំនឹងការបង្ខិតបង្ខំខាងផ្លូវចិត្តយ៉ាងខ្លាំង។ នៅសម័យនេះ គ្រីស្ទានខ្លះបានត្រូវបៀតបៀនដោយហ្វូងមនុស្ស និងត្រូវចាប់ដាក់ជំរំឃុំឃាំង ដាក់គុក និងដាក់ក្នុងជំរំឲ្យធ្វើការក្រោមស្ថានការណ៍ដ៏លំបាក។ រដ្ឋាភិបាលបានក្លាយទៅជាអ្នកបៀតបៀនដ៏សកម្ម ឬពួកគេអនុញ្ញាតឲ្យក្រុមមនុស្សពាលប្រព្រឹត្តអំពើឃោរឃៅដោយមិនជាប់ទោសឡើយ។ ម្យ៉ាងទៀត ពួកគ្រីស្ទានបានប្រឈមមុខនឹងបញ្ហាសុខភាពឬបញ្ហាដ៏ធំក្នុងគ្រួសារ។ ពួកគ្រីស្ទានដែលមានគំនិតចាស់ទុំក៏ទទួលការបង្ខិតបង្ខំខាងផ្លូវចិត្តដែរ ពេលគាត់ជួយស្មរបន្ទាល់ជាច្រើនឲ្យប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកផ្សេងៗ។ ក្នុងករណីបែបនេះ បុគ្គលដែលជាអ្នកផ្ដល់នូវការលើកទឹកចិត្ត ក៏ត្រូវការនូវការលើកទឹកចិត្តដែរ។
១៦. នៅពេលដាវីឌមានការបង្ខិតបង្ខំយ៉ាងខ្លាំង តើគាត់ទទួលជំនួយយ៉ាងដូចម្ដេច?
១៦ ពេលស្តេចសូលបានដេញសម្លាប់ដាវីឌ ដាវីឌបានពឹងព្រះឲ្យជួយគាត់និងបានទូលអង្វរថា៖ «ឱព្រះអង្គអើយ! . . . ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់»។ (ទំនុកដំកើង ៥៤:២, ៤; ៥៧:១) តើដាវីឌទទួលជំនួយឬទេ? មែនហើយ គាត់បានទទួលមែន។ ក្នុងកំឡុងពេលនោះ ព្រះយេហូវ៉ាបានប្រើព្យាការីកាឌ់និងសង្ឃអ័បៀថើរ ដើម្បីណែនាំដាវីឌ ហើយព្រះយេហូវ៉ាបានប្រើយ៉ូណាថានដែលជាបុត្រារបស់សូលឲ្យពង្រឹងកម្លាំងដាវីឌ។ (សាំយូអែលទី១ ២២:១, ៥; ២៣:៩-១៣, ១៦-១៨) ព្រះយេហូវ៉ាក៏បានអនុញ្ញាតឲ្យពួកភីលីស្ទីនមករុករានស្រុកនេះ ដើម្បីបំបែរអារម្មណ៍សូលពីការដេញតាមដាវីឌ។—សាំយូអែលទី១ ២៣:២៧, ២៨
១៧. ពេលមានការបង្ខិតបង្ខំខាងផ្លូវចិត្តយ៉ាងខ្លាំង តើព្រះយេស៊ូពឹងជំនួយអ្នកណា?
១៧ ព្រះយេស៊ូគ្រីស្ទក៏បានស្ថិតនៅក្រោមការបង្ខិតបង្ខំខាងផ្លូវចិត្តយ៉ាងខ្លាំងដែរ កាលដែលចុងបញ្ចប់នៃជីវិតរបស់ទ្រង់នៅលើផែនដីកាន់តែកៀកនោះ។ ទ្រង់បានជ្រាបថាការប្រព្រឹត្តរបស់ទ្រង់នឹងមានអានុភាពទៅលើព្រះនាមរបស់ព្រះវរបិតានៅស្ថានសួគ៌ ហើយនិងមានអានុភាពចំពោះមនុស្សជាតិនៅថ្ងៃមុខ។ ទ្រង់បានខំព្យាយាមអធិស្ឋាន ព្រមទាំង«កើតទុក្ខជាខ្លាំង»។ ព្រះបានធានាថា ព្រះយេស៊ូនឹងទទួលនូវការគាំទ្រដែលទ្រង់ត្រូវការក្នុងកំឡុងពេលពិបាកនោះ។—លូកា ២២:៤១-៤៤
១៨. តើព្រះបានប្រទានការសំរាលទុក្ខយ៉ាងណាដល់ពួកគ្រីស្ទានសម័យដើមដែលត្រូវបានបៀតបៀនយ៉ាងខ្លាំងនោះ?
១៨ ក្រោយពីបានបង្កើតក្រុមជំនុំនៅសតវត្សទីមួយនោះ ពួកគ្រីស្ទានបានទទួលការបៀតបៀនយ៉ាងសាហាវខ្លាំងណាស់ដល់ម្ល៉េះដែលពួកគ្រីស្ទានទាំងឡាយបានភៀសខ្លួនចេញពីក្រុងយេរូសាឡិមលើកលែងតែពួកសាវ័កប៉ុណ្ណោះ។ មនុស្សប្រុសស្រីបានត្រូវគេអូសទាញចេញពីផ្ទះរបស់ខ្លួន។ តើព្រះបានប្រទានការសំរាលទុក្ខដល់ពួកគេយ៉ាងដូចម្ដេច? សេចក្ដីធានារ៉ាប់រងពីបន្ទូលរបស់ព្រះ គឺថាពួកគេ«មានទ្រព្យសម្បត្ដិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង» ដែលជាមរតកដ៏ស្ថិតស្ថេរនៅឯស្ថានសួគ៌ជាមួយនឹងព្រះគ្រីស្ទ។ (ហេព្រើរ ១០:៣៤; អេភេសូរ ១:១៨-២០) កាលដែលពួកគេបន្តផ្សព្វផ្សាយ ពួកគេបានឃើញនូវទីសំអាងដែលវិញ្ញាណរបស់ព្រះបានគង់នៅជាមួយពួកគេ និងការពិសោធន៍ដែលគេធ្លាប់មានផ្ដល់ហេតុឲ្យគេអរសប្បាយច្រើនជាង។—ម៉ាថាយ ៥:១១, ១២; កិច្ចការ ៨:១-៤០
១៩. ទោះជាប៉ុលបានរងការបៀតបៀនយ៉ាងខ្លាំងក៏ដោយ តើគាត់មានអារម្មណ៍យ៉ាងណាចំពោះការសំរាលទុក្ខដែលព្រះប្រទានឲ្យ?
១៩ ក្រោយមក សូល(ប៉ុល)ដែលខ្លួនគាត់ធ្លាប់ជាអ្នកបៀតបៀនយ៉ាងសាហាវ នោះពេលគាត់ក្លាយទៅជាគ្រីស្ទានក៏ទទួលការបៀតបៀនដែរ។ នៅកោះគីប្រុស គឺមានគ្រូអាបធ្មប់ម្នាក់ដែលបានខំព្យាយាមបញ្ឈប់កិច្ចបំរើផ្សាយរបស់ប៉ុលដោយប្រើការបន្លំនិងការបំភ្លៃសេចក្ដីពិត។ នៅស្រុកកាឡាទី មនុស្សបានយកដុំថ្មគប់ប៉ុល រួចយកគាត់ទៅចោលនៅក្រៅក្រុងដោយនឹកស្មានថាគាត់ស្លាប់ហើយ។ (កិច្ចការ ១៣:៨-១០; ១៤:១៩) នៅប្រទេសម៉ាសេដូន គេបានយករំពាត់វាយគាត់។ (កិច្ចការ ១៦:២២, ២៣) ក្រោយពីអំពើហិង្សាពីហ្វូងមនុស្សដ៏ឃោរឃៅនៅទីក្រុងអេភេសូរ គាត់បានសរសេរថា៖ «យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម្ល៉េះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្ដីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរ»។ (កូរិនថូសទី២ ១:៨, ៩) ប៉ុន្តែ នៅក្នុងសំបុត្រដដែលនេះ ប៉ុលបានសរសេរពាក្យសំរាលទុក្ខនោះដែលបានស្រង់ចេញពីវគ្គ២នៃអត្ថបទនេះ។—កូរិនថូសទី២ ១:៣, ៤
២០. តើយើងនឹងពិនិត្យមើលអ្វីក្នុងអត្ថបទជាបន្ទាប់?
២០ តើអ្នកអាចជួយផ្ដល់នូវការសំរាលទុក្ខបែបនេះយ៉ាងដូចម្ដេច? មនុស្សជាច្រើននៅសម័យយើងនេះត្រូវការការសំរាលទុក្ខពេលមានទុក្ខលំបាក ប្រហែលជាដោយសារវិបត្ដិភ័យដែលមានឥទ្ធិពលលើមនុស្សរាប់ពាន់នាក់ ឬក៏ពីព្រោះមានសេចក្ដីវេទនាដែលមានអានុភាពទៅលើពួកគេនោះ។ ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិនិត្យមើលនូវរបៀបដែលអាចផ្ដល់ការសំរាលទុក្ខក្នុងករណីទាំងពីរនេះ។
តើអ្នកនឹកចាំអ្វីខ្លះ?
• ហេតុអ្វីក៏ការសំរាលទុក្ខពីព្រះមានតម្លៃជាទីបំផុត?
• តើការសំរាលទុក្ខអ្វីដែលបានផ្ដល់មកតាមរយៈព្រះគ្រីស្ទ?
• តើវិញ្ញាណបរិសុទ្ធបានសឲ្យឃើញជាអ្នកសំរាលទុក្ខយ៉ាងដូចម្ដេច?
• សូមផ្ដល់នូវឧទាហរណ៍នៃការសំរាលទុក្ខដែលព្រះបានប្រទាន ពេលពួកអ្នកបំរើរបស់ទ្រង់នៅក្រោមការបង្ខិតបង្ខំខាងផ្លូវចិត្តយ៉ាងខ្លាំងនោះ។
[រូបភាពនៅទំព័រ១៤]
ព្រះគម្ពីរបង្ហាញថាព្រះយេហូវ៉ាបានសំរាលទុក្ខ រាស្ត្រទ្រង់ដោយរំដោះពួកគេ