រ៉ូម
៦ បើដូច្នេះ តើយើងគួរនិយាយយ៉ាងណាវិញ? តើយើងគួរបន្តធ្វើខុស* ដើម្បីឲ្យគុណដ៏វិសេសលើសលប់មានកាន់តែច្រើនឡើងឬ? ២ ទេ! មិនអាចទៅរួចទេ! បើគិតពីភាពខុសឆ្គង យើងបានស្លាប់ហើយ ដូច្នេះ តើយើងអាចរស់នៅដោយបន្តធ្វើអំពើខុសឆ្គងដូចម្ដេចបាន? ៣ ឬតើអ្នករាល់គ្នាមិនដឹងទេថា យើងទាំងអស់គ្នាដែលបានទទួលការជ្រមុជក្នុងគ្រិស្តយេស៊ូ គឺបានទទួលការជ្រមុជដើម្បីរួមចំណែកក្នុងសេចក្ដីស្លាប់របស់លោក?* ៤ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងលោក ដោយសារយើងបានទទួលការជ្រមុជដើម្បីរួមចំណែកក្នុងសេចក្ដីស្លាប់របស់លោក ដើម្បីឲ្យយើងមានរបៀបរស់នៅថ្មី ដូចគ្រិស្តបានត្រូវប្រោសឲ្យរស់ឡើងវិញ តាមរយៈសិរីរុងរឿងរបស់បិតាលោក។ ៥ ព្រោះប្រសិនបើយើងស្លាប់ដូចលោក យើងប្រាកដជានឹងត្រូវប្រោសឲ្យរស់ឡើងវិញដូចលោកដែរ ហើយយ៉ាងនេះយើងមានឯកភាពជាមួយនឹងលោក។ ៦ ពីព្រោះយើងដឹងថាបុគ្គលិកលក្ខណៈចាស់របស់យើងបានត្រូវព្យួរនឹងបង្គោលឈើ* ជាមួយនឹងលោក ដើម្បីធ្វើឲ្យរូបកាយរបស់យើងដែលពោរពេញទៅដោយភាពខុសឆ្គង លែងមានអំណាចលើយើងទៀត ដើម្បីឲ្យយើងឈប់ធ្វើជាខ្ញុំបម្រើភាពខុសឆ្គងតទៅទៀត។ ៧ ព្រោះអ្នកដែលស្លាប់ ព្រះចាត់ទុកថាបានទូទាត់ឲ្យជ្រះស្រឡះពីភាពខុសឆ្គងរបស់ខ្លួនហើយ។
៨ ម្យ៉ាងទៀត ប្រសិនបើយើងបានស្លាប់ជាមួយនឹងគ្រិស្ត យើងក៏ជឿថាយើងនឹងរស់ជាមួយនឹងលោកដែរ។ ៩ ព្រោះយើងដឹងថា ឥឡូវនេះ ក្រោយពីគ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ លោកមិនស្លាប់ទៀតឡើយ ហើយសេចក្ដីស្លាប់ក៏លែងធ្វើជាម្ចាស់របស់លោកទៀតដែរ។ ១០ ព្រោះលោកបានស្លាប់មួយដងជាការស្រេច ដើម្បីដកភាពខុសឆ្គងចេញ ប៉ុន្តែលោករស់ដើម្បីព្រះ។ ១១ អ្នករាល់គ្នាក៏ដូច្នោះដែរ គឺបើគិតពីភាពខុសឆ្គង ចូរចាត់ទុកថាខ្លួនបានស្លាប់ហើយ តែចូរចាត់ទុកថាខ្លួនកំពុងរស់នៅដើម្បីព្រះតាមរយៈគ្រិស្តយេស៊ូ។
១២ ដូច្នេះ កុំឲ្យភាពខុសឆ្គងបន្តគ្រប់គ្រងក្នុងរូបកាយដែលអាចស្លាប់របស់អ្នករាល់គ្នា ដោយនាំឲ្យអ្នករាល់គ្នាស្ដាប់តាមសេចក្ដីប៉ងប្រាថ្នារបស់វាឡើយ ១៣ ហើយឈប់ប្រគល់អវយវៈរបស់អ្នករាល់គ្នាទៅភាពខុសឆ្គងឲ្យធ្វើជាអាវុធសម្រាប់ការមិនសុចរិត ប៉ុន្តែចូរប្រគល់ខ្លួនទៅព្រះ ទុកជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញ ថែមទាំងប្រគល់អវយវៈរបស់អ្នករាល់គ្នាទៅព្រះឲ្យធ្វើជាអាវុធសម្រាប់ការសុចរិតវិញ។ ១៤ ព្រោះភាពខុសឆ្គងមិនត្រូវធ្វើជាម្ចាស់របស់អ្នករាល់គ្នាទៀតឡើយ ដោយឃើញថាអ្នករាល់គ្នាមិននៅក្រោមច្បាប់ តែនៅក្រោមគុណដ៏វិសេសលើសលប់។
១៥ តើត្រូវធ្វើដូចម្ដេចវិញ? តើគប្បីឲ្យយើងធ្វើខុសពីព្រោះយើងមិននៅក្រោមច្បាប់ តែនៅក្រោមគុណដ៏វិសេសលើសលប់ឬ? ទេ! មិនអាចទៅរួចទេ! ១៦ តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាបន្តប្រគល់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើដើម្បីស្ដាប់បង្គាប់អ្នកណា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ ដោយសារអ្នកស្ដាប់បង្គាប់អ្នកនោះ គឺថា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់ភាពខុសឆ្គង ដែលនាំឲ្យទទួលសេចក្ដីស្លាប់ ឬមួយក៏ជាខ្ញុំបម្រើរបស់ការស្ដាប់បង្គាប់ ដែលនាំឲ្យសុចរិត។ ១៧ ប៉ុន្តែខ្ញុំអរគុណព្រះ ដោយសារអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើភាពខុសឆ្គង តែឥឡូវអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្តតាមសេចក្ដីបង្រៀនដែលបានត្រូវផ្ញើទុកនឹងអ្នករាល់គ្នា។ ១៨ ដោយសារអ្នករាល់គ្នាបានត្រូវរំដោះឲ្យរួចពីភាពខុសឆ្គង នោះអ្នករាល់គ្នាបានទៅជាខ្ញុំបម្រើរបស់សេចក្ដីសុចរិត។ ១៩ (ដោយសារភាពទន់ខ្សោយរបស់អ្នករាល់គ្នា* ខ្ញុំកំពុងនិយាយដោយប្រើពាក្យដែលមនុស្សទូទៅយល់)។ ដូច្នេះ ឥឡូវ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នាឲ្យធ្វើជាខ្ញុំបម្រើរបស់សេចក្ដីសុចរិតនិងសេចក្ដីបរិសុទ្ធ ដើម្បីប្រព្រឹត្តអំពើបរិសុទ្ធ ដូចអ្នករាល់គ្នាធ្លាប់ប្រគល់អវយវៈខ្លួនឲ្យធ្វើជាខ្ញុំបម្រើសេចក្ដីស្មោកគ្រោកនិងការប្រឆាំងច្បាប់ ដើម្បីប្រព្រឹត្តអំពើប្រឆាំងច្បាប់។ ២០ ព្រោះកាលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើភាពខុសឆ្គង នោះសេចក្ដីសុចរិតមិនមែនជាម្ចាស់របស់អ្នករាល់គ្នាឡើយ។
២១ ដូច្នេះ តើអ្នករាល់គ្នាធ្លាប់មានផលអ្វីនៅពេលនោះ? ផលនោះជាការទាំងប៉ុន្មានដែលឥឡូវធ្វើឲ្យអ្នករាល់គ្នាមានអារម្មណ៍អៀនខ្មាស។ ព្រោះនៅទីបំផុតការទាំងនោះនាំឲ្យស្លាប់។ ២២ ក៏ប៉ុន្តែ ឥឡូវនេះដោយសារអ្នករាល់គ្នាបានត្រូវរំដោះឲ្យរួចពីភាពខុសឆ្គង តែបានទៅជាខ្ញុំបម្រើរបស់ព្រះវិញ នោះអ្នករាល់គ្នាមានផលជាសេចក្ដីបរិសុទ្ធ ដែលនៅទីបំផុតនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។ ២៣ ព្រោះប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង។