ការបើកបង្ហាញ
២២ ហើយគាត់បង្ហាញឲ្យខ្ញុំឃើញទន្លេដែលមានទឹកដែលផ្ដល់ជីវិត ថ្លាដូចកែវចរណៃ កំពុងចេញពីបល្ល័ង្ករបស់ព្រះនិងរបស់កូនចៀម ២ ហូរកាត់កណ្ដាលផ្លូវធំនៃក្រុងនោះ។ ហើយនៅខាងនាយនិងខាងអាយទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ដែលផ្លែដប់ពីរដងរាល់ឆ្នាំ ដោយផ្លែមួយដងរៀងរាល់ខែ។ ឯស្លឹកឈើទាំងនោះគឺសម្រាប់ធ្វើឲ្យប្រជាជាតិទាំងអស់ជាសះស្បើយ។
៣ ហើយនឹងលែងមានបណ្ដាសាតទៅទៀត។ ប៉ុន្តែបល្ល័ង្ករបស់ព្រះនិងរបស់កូនចៀមនឹងនៅក្នុងក្រុងនោះ ហើយពួកខ្ញុំបម្រើរបស់ព្រះនឹងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោក ៤ ពួកគេនឹងឃើញមុខរបស់លោក ហើយនាមលោកនឹងនៅលើថ្ងាសរបស់ពួកគេ។ ៥ ម្យ៉ាងទៀត យប់ក៏នឹងលែងមានដែរ ហើយពួកគេមិនត្រូវការភ្លើងចង្កៀង ក៏មិនមានពន្លឺថ្ងៃ ពីព្រោះព្រះយេហូវ៉ានិងបញ្ចាំងពន្លឺទៅលើពួកគេ ហើយពួកគេនឹងគ្រប់គ្រងជាស្តេចជារៀងរហូតតទៅ។
៦ រួចទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់។ ពិតមែន ព្រះយេហូវ៉ាជាព្រះដែលមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយ បានចាត់ទេវតារបស់លោកឲ្យទៅបង្ហាញពួកខ្ញុំបម្រើរបស់លោកឲ្យឃើញអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ៧ ហើយមើល! ខ្ញុំនឹងមកយ៉ាងឆាប់។ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះ អ្នកនោះមានសុភមង្គល»។
៨ ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮនិងឃើញការទាំងនោះ។ លុះឃើញនិងឮហើយ ខ្ញុំបានលំឱនកាយដើម្បីគោរពប្រណិប័តន៍នៅជិតជើងរបស់ទេវតាដែលបានបង្ហាញការទាំងនោះដល់ខ្ញុំ។ ៩ ប៉ុន្តែទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នោះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក ដែលជាអ្នកប្រកាសទំនាយ និងអ្នកដែលកំពុងប្រព្រឹត្តតាមសេចក្ដីក្នុងរមូរនេះ។ ចូរគោរពប្រណិប័តន៍ព្រះ»។
១០ លោកក៏ប្រាប់ខ្ញុំថា៖ «កុំបិទត្រាលើសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះឡើយ ពីព្រោះពេលកំណត់គឺជិតដល់ហើយ។ ១១ ចូរឲ្យអ្នកដែលប្រព្រឹត្តអំពើមិនសុចរិត ប្រព្រឹត្តអំពើមិនសុចរិតតទៅទៀត ឯអ្នកដែលកខ្វក់ ចូរឲ្យអ្នកនោះធ្វើឲ្យខ្លួនកខ្វក់តទៅទៀត តែចូរឲ្យអ្នកដែលសុចរិត ប្រព្រឹត្តអំពើសុចរិតតទៅទៀត ហើយចូរឲ្យអ្នកដែលបរិសុទ្ធ ធ្វើឲ្យខ្លួនបរិសុទ្ធតទៅទៀត។
១២ «‹មើល! ខ្ញុំនឹងមកយ៉ាងឆាប់ ហើយរង្វាន់ដែលខ្ញុំឲ្យក៏នៅជាមួយនឹងខ្ញុំដែរ ដើម្បីចែកឲ្យម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។ ១៣ ខ្ញុំជាអាលផានិងអូមេហ្គា* ជាអ្នកដំបូងបង្អស់ និងជាអ្នកក្រោយបង្អស់ ជាដើមនិងជាចុង។ ១៤ អ្នកណាដែលបោកអាវវែងរបស់ពួកគេ អ្នកនោះមានសុភមង្គល ព្រោះអ្នកនោះនឹងមានសិទ្ធិទៅឯដើមឈើដែលផ្ដល់ជីវិត ហើយអាចចូលក្រុងនោះតាមទ្វារកំពែង។ ១៥ នៅខាងក្រៅមានពួកឆ្កែ ពួកអ្នកដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកអ្នកដែលគោរពបូជារូបព្រះ និងអស់អ្នកដែលភូតភរ ហើយចូលចិត្តការភូតភរ›។
១៦ «‹ខ្ញុំ យេស៊ូ បានចាត់ទេវតារបស់ខ្ញុំឲ្យទៅធ្វើជាសាក្សីបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំទាំងឡាយ។ ខ្ញុំជាឫសនិងជាពូជពង្សរបស់ដាវីឌ ក៏ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច›»។
១៧ សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ «មកចុះ!» ហើយអ្នកណាដែលបានឮ ចូរនិយាយថា៖ «មកចុះ!» ហើយចូរឲ្យអ្នកណាដែលស្រេក មកចុះ ចូរឲ្យអ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃ។
១៨ «ចំពោះអស់អ្នកដែលឮសេចក្ដីក្នុងទំនាយដែលនៅក្នុងរមូរនេះ ខ្ញុំបញ្ជាក់ប្រាប់ថា៖ ប្រសិនបើអ្នកណាបន្ថែមអ្វីទៅលើពាក្យទាំងនេះ ព្រះនឹងបន្ថែមសេចក្ដីវេទនាដែលមាននៅក្នុងរមូរនេះទៅលើអ្នកនោះ ១៩ ហើយប្រសិនបើអ្នកណាដកពាក្យណាចេញពីទំនាយក្នុងរមូរនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីអ្វីដែលបានត្រូវសរសេរក្នុងរមូរនេះ ពោលគឺលោកនឹងមិនអនុញ្ញាតឲ្យអ្នកនោះបរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិត ហើយនឹងមិនឲ្យអ្នកនោះចូលក្នុងក្រុងបរិសុទ្ធឡើយ។
២០ «លោកដែលធ្វើជាសាក្សីបញ្ជាក់អំពីការទាំងនេះមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងមកយ៉ាងឆាប់›»។
«អាមេន! លោកម្ចាស់យេស៊ូ សូមអញ្ជើញមក»។
២១ សូមឲ្យពួកអ្នកបរិសុទ្ធបានប្រកបដោយគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្ត។