ប្រសិទ្ធិពរពីព្រះយេហូវ៉ាទៅលើ«ស្រុក»របស់យើង
«ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ»។—អេសេគាល ៤៧:៩
១, ២. (ក) តើទឹកមានសារៈសំខាន់យ៉ាងដូចម្ដេច? (ខ) តើទឹកនៅក្នុងទន្លេនៃចក្ខុនិមិត្តរបស់អេសេគាលតំណាងអ្វី?
ទឹកគឺជាវត្ថុរាវដ៏អស្ចារ្យមែន។ ជីវិតទាំងអស់គឺពឹងពាក់លើទឹក។ គ្មានយើងណាម្នាក់អាចនៅរស់បានយូរ ដោយគ្មានទឹកពិសានោះឡើយ។ យើងក៏ពឹងពាក់លើទឹកសំរាប់ការសំអាតដែរ ពីព្រោះទឹកអាចរំលាយនិងលាងអ្វីៗដែលមិនស្អាត។ ដូច្នេះ យើងដុសលាងខ្លួន បោកខោអាវ ព្រមទាំងលាងអាហាររបស់យើងផងដែរនៅក្នុងទឹកនោះ។ ការធ្វើបែបនេះ ប្រហែលជាអាចសង្គ្រោះជីវិតរបស់យើង។
២ ព្រះគម្ពីរប្រើទឹក ដើម្បីតំណាងសំវិធានការខាងវិញ្ញាណរបស់ព្រះយេហូវ៉ាសំរាប់ជីវិត។ (យេរេមា ២:១៣; យ៉ូហាន ៤:៧-១៥) សំវិធានការទាំងនេះរួមបញ្ចូលការសំអាតរាស្ត្ររបស់ទ្រង់ តាមរយៈយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ និងតាមរយៈចំណេះអំពីព្រះ ដែលមាននៅក្នុងបន្ទូលរបស់ទ្រង់។ (អេភេសូរ ៥:២៥-២៧) នៅក្នុងចក្ខុនិមិត្តរបស់អេសេគាលអំពីព្រះវិហារ នោះទន្លេដ៏អព្ភូតហេតុដែលហូរចេញពីព្រះវិហារនេះ ក៏តំណាងប្រសិទ្ធិពរបែបហ្នឹងដែលផ្ដល់ឲ្យជីវិត។ ប៉ុន្តែ តើនៅពេលណាដែលទន្លេនេះហូរនោះ ហើយតើនេះមានន័យយ៉ាងណាសំរាប់យើងសព្វថ្ងៃនេះ?
ទន្លេហូរចូលស្រុកដែលបានស្ដារឡើងវិញ
៣. តើអេសេគាលបានពិសោធន៍អ្វី ដូចបានរាយការណ៍នៅអេសេគាល ៤៧:២-១២?
៣ ជាពួកជាប់ឃុំឃាំងនៅក្នុងស្រុកបាប៊ីឡូន នោះបណ្ដាជនទាំងឡាយ បានត្រូវការយ៉ាងខ្លាំង នូវសំវិធានការពីព្រះយេហូវ៉ា។ បើអ៊ីចឹង តើជាការលើកទឹកចិត្តយ៉ាងណាទៅហ្ន៎ ដែលអេសេគាលឃើញទឹកស្រក់តក់ៗក៏ផុសលេចឡើងពីទីនោះ ហើយហូរចេញពីព្រះវិហារក្នុងចក្ខុនិមិត្តនេះ! ទេវតាមួយអង្គ ក៏វាស់ចម្ងាយព្រែកនេះឲ្យបាន១.០០០ហត្ថៗរហូត។ ជម្រៅព្រែកនេះគឺមានពីត្រឹមភ្នែកគោលដល់ត្រឹមក្បាលជង្គង់ ក្រោយដល់ត្រឹមចង្កេះ ហើយទៅជាទន្លេដែលតម្រូវឲ្យហែល។ ទន្លេនេះនាំឲ្យមានជីវិតនិងភាពមានជីវជាតិ។ (អេសេគាល ៤៧:២-១១) អេសេគាលគឺបានត្រូវប្រាប់ថា៖ «ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សំរាប់ជាអាហារ»។ (អេសេគាល ៤៧:១២ក) កាលដែលទន្លេនេះហូរចូលសមុទ្រស្លាប់ ជាទឹកដែលគ្មានជីវជាតិ នោះជីវិតក៏កើតមានឡើង! មានត្រីច្រើនឥតគណនា។ ឧស្សាហកម្មនេសាទត្រីក៏ចំរើនលូតលាស់ឡើង។
៤, ៥. តើតាមរបៀបណាដែលទំនាយរបស់យ៉ូអែល ស្តីអំពីទន្លេមួយដូចនឹងទំនាយអេសេគាលនោះ ហើយហេតុអ្វីក៏នេះមានសារៈសំខាន់?
៤ ទំនាយដ៏ល្អនេះ ប្រហែលជាបានរំឭកពួកនិរទេសសាសន៍យូដា អំពីទំនាយមួយទៀត ដែលបានកត់ទុកជាងពីរសតវត្សមុននោះ ដែលថា៖ «ហើយនឹងមានក្បាលទឹក១ ហូរចេញពីព្រះវិហារនៃព្រះយេហូវ៉ាមកស្រោចស្រពច្រកភ្នំស៊ីទីម»។a (យ៉ូអែល ៣:១៨) ទំនាយរបស់យ៉ូអែល ដូចទំនាយរបស់អេសេគាល ក៏ទាយប្រាប់ថានឹងមានទន្លេមួយ ដែលនឹងហូរចេញពីដំណាក់របស់ព្រះ គឺព្រះវិហារ ហើយនាំឲ្យមានជីវិតដល់ទីកន្លែងហួតហែង។
៥ ទស្សនាវដ្ដីប៉មយាមបានពន្យល់ជាច្រើនឆ្នាំមកហើយថា ទំនាយរបស់យ៉ូអែល គឺកំពុងតែសម្រេចនៅសម័យយើងនេះ។b បើអ៊ីចឹង យ៉ាងប្រាកដណាស់ នេះក៏ជាការពិតចំពោះចក្ខុនិមិត្តរបស់អេសេគាលដែរ ដែលស្រដៀងនេះ។ នៅក្នុងស្រុកដែលបានស្ដារឡើងវិញនៃរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ ដូចនៅអ៊ីស្រាអែលពីសម័យបុរាណ នោះប្រសិទ្ធិពរពីព្រះយេហូវ៉ាក៏ពិតជាបានហូរមកដែរ។
ប្រសិទ្ធិពរដែលហូរមកយ៉ាងខ្លាំង
៦. តើការប្រោះឈាមលើអាសនៈក្នុងចក្ខុនិមិត្តនេះ គួររំឭកពួកយូដាអំពីអ្វី?
៦ តើអ្វីទៅជាប្រភពនៃពរដែលមកលើរាស្ត្ររបស់ព្រះ ដែលបានស្ដារឡើងវិញនេះ? សូមកត់សម្គាល់ថា ទឹកហូរចេញពីព្រះវិហាររបស់ព្រះ។ សព្វថ្ងៃនេះដូចអ៊ីចឹងដែរ ពរគឺមកពីព្រះយេហូវ៉ាតាមរយៈព្រះវិហារខាងវិញ្ញាណដ៏ឧត្តមរបស់ទ្រង់ ដែលជារបៀបរៀបចំសំរាប់ការថ្វាយបង្គំបរិសុទ្ធ។ ចក្ខុនិមិត្តរបស់អេសេគាល ក៏បន្ថែមនូវចំណុចដ៏សំខាន់មួយទៀត។ នៅក្នុងទីលានខាងក្នុង នោះមានទឹកហូរកាត់អាសនៈ គឺពីខាងត្បូង។ (អេសេគាល ៤៧:១) អាសនៈនេះគឺនៅពាក់កណ្ដាលព្រះវិហារក្នុងចក្ខុនិមិត្ត។ ព្រះយេហូវ៉ាពណ៌នាយ៉ាងប្រយ័ត្នប្រយែងប្រាប់អេសេគាល ហើយបង្គាប់ឲ្យប្រោះឈាមពីយញ្ញបូជាមួយលើអាសនៈនោះ។ (អេសេគាល ៤៣:១៣-១៨, ២០) អាសនៈនោះមានអត្ថន័យយ៉ាងសំខាន់ចំពោះពួកអ៊ីស្រាអែលទាំងអស់។ កិច្ចព្រមព្រៀងរបស់គេជាមួយនឹងព្រះយេហូវ៉ា បានត្រូវធ្វើឲ្យមានសុពលភាពជាយូរយារមកហើយ ពេលដែលម៉ូសេបានប្រោះឈាមលើអាសនៈមួយ នៅជើងភ្នំស៊ីណាយ។ (និក្ខមនំ ២៤:៤-៨) ការប្រោះឈាមលើអាសនៈក្នុងចក្ខុនិមិត្តនេះ គួររំឭកគេថា ក្រោយពីគេបានត្រឡប់ទៅស្រុកដែលស្ដារឡើងវិញហើយ នោះពររបស់ព្រះយេហូវ៉ានឹងហូរមក ឲ្យតែគេធ្វើតាមកិច្ចព្រមព្រៀងរបស់គេជាមួយនឹងទ្រង់។—ចោទិយកថា ២៨:១-១៤
៧. តើអត្ថន័យអ្វីដែលពួកគ្រីស្ទានរកឃើញសព្វថ្ងៃនេះ នៅក្នុងអាសនៈជានិមិត្តរូបនេះ?
៧ ស្រដៀងគ្នាដែរ រាស្ត្ររបស់ព្រះសព្វថ្ងៃនេះ បានត្រូវទទួលពរតាមរយៈកិច្ចព្រមព្រៀងមួយ ដ៏ជាប្រសើរជាង គឺកិច្ចព្រមព្រៀងថ្មី។ (យេរេមា ៣១:៣១-៣៤) កិច្ចព្រមព្រៀងនេះក៏បានត្រូវធ្វើឲ្យមានសុពលភាពជាយូរយារមកហើយដោយឈាម គឺជាឈាមរបស់ព្រះយេស៊ូគ្រីស្ទ។ (ហេព្រើរ ៩:១៥-២០) សព្វថ្ងៃនេះ មិនថាយើងនៅក្នុងចំណោមពួកចាក់ប្រេងតាំង ដែលមានចំណែកក្នុងកិច្ចព្រមព្រៀងនេះ ឬក៏យើងនៅក្នុងចំណោម«ចៀមឯទៀត» ដែលជាអ្នកទទួលប្រយោជន៍ពីនោះវិញ នោះយើងរកឃើញនូវអត្ថន័យរុងរឿងនៅក្នុងអាសនៈជានិមិត្តរូបនេះ។ នេះគឺតំណាងបំណងព្រះហឫទ័យរបស់ព្រះ ដែលជាប់ទាក់ទងនឹងយញ្ញបូជារបស់ព្រះគ្រីស្ទ។ (យ៉ូហាន ១០:១៦; ហេព្រើរ ១០:១០) ដូចជាអាសនៈជានិមិត្តរូបគឺនៅពាក់កណ្ដាលព្រះវិហារខាងវិញ្ញាណ នោះយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ ក៏ជាសារ:សំខាន់បំផុត ចំពោះការថ្វាយបង្គំបរិសុទ្ធដែរ។ នេះជាមូលដ្ឋានសំរាប់ការអត់ឱនទោសបាបរបស់យើង ដូច្នេះហើយគឺសំរាប់សេចក្ដីសង្ឃឹមទាំងអស់របស់យើងចំពោះអនាគត។ (យ៉ូហានទី១ ២:២) ដូច្នេះយើងខំរស់នៅតាមក្រិត្យវិន័យ ដែលជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងថ្មី គឺ«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។ (កាឡាទី ៦:២) ឲ្យតែយើងខំធ្វើដូចនេះ យើងនឹងទទួលប្រយោជន៍ពីសំវិធានការរបស់ព្រះយេហូវ៉ាចំពោះជីវិត។
៨. (ក) តើខ្វះអ្វីនៅទីលានខាងក្នុងនៃព្រះវិហារក្នុងចក្ខុនិមិត្តនេះ? (ខ) តើតាមរយៈអ្វីដែលពួកសង្ឃនៅក្នុងព្រះវិហារជាចក្ខុនិមិត្តនេះអាចសំអាតខ្លួនគេ?
៨ ផលប្រយោជន៍មួយ គឺឋានៈស្អាតស្អំចំពោះព្រះយេហូវ៉ា។ នៅក្នុងព្រះវិហារក្នុងចក្ខុនិមិត្ត នោះទីលានខាងក្នុងគឺឥតមានអ្វីមួយដែលគេធ្លាប់ឃើញស្តែងនៅក្នុងទីលាននៃត្រសាលសំរាប់ធ្វើសក្ការៈ និងនៅក្នុងព្រះវិហាររបស់សាឡូម៉ូន គឺអាង ដែលក្រោយមកបានត្រូវហៅថាសមុទ្រមួយ សំរាប់ឲ្យពួកសង្ឃដុសលាងខ្លួន។ (និក្ខមនំ ៣០:១៨-២១; របាក្សត្រទី២ ៤:២-៦) តើអ្វីដែលពួកសង្ឃនៅឯព្រះវិហារក្នុងចក្ខុនិមិត្តរបស់អេសេគាល នោះអាចប្រើសំរាប់ការដុសលាងអ៊ីចឹង? គឺជ្រោះដ៏អព្ភូតហេតុនេះ ដែលកំពុងហូរកាត់ទីលានខាងក្នុង! ត្រូវហើយ ព្រះយេហូវ៉ានឹងប្រទានពរឲ្យគេមានឋានៈស្អាតស្អំ ឬដ៏បរិសុទ្ធ។
៩. តើតាមរបៀបណាដែលពួកចាក់ប្រេងតាំងនិងពួកអ្នកនៃហ្វូងធំ អាចមានឋានៈស្អាតស្អំសព្វថ្ងៃនេះ?
៩ សព្វថ្ងៃនេះក៏ដូចគ្នាដែរ ដែលពួកចាក់ប្រេងតាំងបានទទួលពរឲ្យមានឋានៈស្អាតស្អំចំពោះព្រះយេហូវ៉ា។ ព្រះយេហូវ៉ាចាត់ទុកពួកគេជាអ្នកបរិសុទ្ធ ក៏រាប់ពួកគេជាអ្នកសុចរិត។ (រ៉ូម ៥:១, ២) ចុះយ៉ាងណាវិញចំពោះ«មនុស្ស១ហ្វូងយ៉ាងធំ» ដែលបានត្រូវតំណាងដោយកុលសម្ព័ន្ធមិនមែនខាងពួកសង្ឃនោះ? ពួកគេថ្វាយបង្គំនៅទីលានខាងក្រៅ ហើយព្រែកដដែលនេះក៏ហូរកាត់តាមកន្លែងនោះដែរនៃព្រះវិហារក្នុងចក្ខុនិមិត្ត។ ដូច្នេះ គឺសមហេតុផល ដែលសាវ័កយ៉ូហានបានឃើញពួកហ្វូងធំពាក់អាវសវែងយ៉ាងស្អាតស្អំ កាលដែលគេថ្វាយបង្គំនៅឯទីលាននៃព្រះវិហារខាងវិញ្ញាណ! (វិវរណៈ ៧:៩-១៤) ទោះបីបានត្រូវប្រព្រឹត្តមកលើយ៉ាងណាក៏ដោយនៅក្នុងលោកីយ៍ដ៏ថោកទាបនេះ នោះគេអាចដឹងប្រាកដថា ឲ្យតែគេអនុវត្តជំនឿលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ នោះព្រះយេហូវ៉ាចាត់ទុកគេជាទីស្អាតស្អំនិងបរិសុទ្ធដែរ។ តើគេអនុវត្តជំនឿយ៉ាងដូចម្ដេច? ដោយធ្វើតាមលំអានដាននៃព្រះយេស៊ូ ដោយមានការទុកចិត្តទាំងស្រុងលើយញ្ញបូជាលោះនេះ។—ពេត្រុសទី១ ២:២១
១០, ១១. តើទឹកជានិមិត្តរូបមានលក្ខណៈសំខាន់អ្វី ហើយតើនេះមានការទាក់ទងយ៉ាងណាដល់ការពង្រីកនៃទន្លេដ៏ធំនេះ?
១០ ដូចបានពណ៌នារួចមកហើយ គឺមានលក្ខណៈដ៏សំខាន់មួយទៀតនៃទឹកជានិមិត្តរូបនេះ គឺជាចំណេះដឹង។ នៅក្នុងស្រុកអ៊ីស្រាអែលដែលបានត្រូវស្ដារឡើងវិញ ព្រះយេហូវ៉ាប្រទានឲ្យពរដល់រាស្ត្រទ្រង់ ដោយបង្ហាត់បង្រៀនពីបទគម្ពីរ តាមរយៈគណៈពួកសង្ឃ។ (អេសេគាល ៤៤:២៣) តាមរបៀបដែលអាចប្រៀបធៀបនោះ ព្រះយេហូវ៉ាបានប្រទានពរឲ្យរាស្ត្រទ្រង់សព្វថ្ងៃ ដោយមានសេចក្ដីបង្រៀនជាច្រើនអំពីបន្ទូលទ្រង់ខាងឯសេចក្ដីពិត តាមរយៈ«ពួកសង្ឃហ្លួង»។ (ពេត្រុសទី១ ២:៩) ចំណេះអំពីព្រះយេហូវ៉ា អំពីគោលបំណងរបស់ទ្រង់សំរាប់មនុស្សលោក ហើយជាពិសេសអំពីព្រះយេស៊ូគ្រីស្ទនិងព្រះរាជាណាចក្រនៃព្រះមេស្ស៊ី បានហូរចូលជាទន្លេដែលហូរកាន់តែធំឡើង ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់។ សេចក្ដីលំហើយខាងវិញ្ញាណដែលយើងកំពុងតែទទួល ដែលហូរមករឹតតែជ្រៅឡើងៗ នោះជាទីអស្ចារ្យមែន!—ដានីយ៉ែល ១២:៤
១១ ដូចជាទន្លេដែលទេវតាបានវាស់ បានទៅជាជ្រៅឡើងៗ នោះការហូរមកនៃប្រសិទ្ធិពរពីព្រះយេហូវ៉ាដែលផ្ដល់ឲ្យជីវិត ក៏បានកើនឡើងៗយ៉ាងអស្ចារ្យដែរ ដើម្បីទទួលយកមនុស្សយ៉ាងច្រើន ឲ្យចូលស្រុកខាងវិញ្ញាណរបស់យើងដែលបានទទួលពរនោះ។ ទំនាយមួយទៀតអំពីការស្ដារឡើងវិញ ក៏បានទាយប្រាប់ថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេសាយ ៦០:២២) ពាក្យទាំងនេះបានសម្រេចយ៉ាងពិតមែន គឺមនុស្សរាប់លាននាក់បានមកចូលរួមជាមួយនឹងយើងក្នុងការថ្វាយបង្គំដ៏បរិសុទ្ធ! ព្រះយេហូវ៉ាបានធ្វើឲ្យមាន«ទឹក»ច្រើនក្រៃលែង សំរាប់អស់អ្នកដែលបែរមករកទ្រង់។ (វិវរណៈ ២២:១៧) ទ្រង់ធ្វើឲ្យប្រាកដប្រជាថា អង្គការរបស់ទ្រង់នៅលើផែនដីនេះ នឹងចែកចាយព្រះគម្ពីរនិងឧបករណ៍ផ្សាយខាងព្រះគម្ពីរពាសពេញពិភពលោក ដែលមានរាប់រយភាសា។ ស្រដៀងគ្នាដែរ កិច្ចប្រជុំគ្រីស្ទាននិងមហាសន្និបាត បានត្រូវរៀបចំទូទាំងពិភពលោក ដើម្បីឲ្យទាំងអស់គ្នាអាចទទួលបាននូវទឹកដ៏ថ្លានៃសេចក្ដីពិត។ តើសំវិធានការបែបនេះមានឥទ្ធិពលយ៉ាងណាទៅលើមនុស្ស?
ទឹកនោះក៏នាំឲ្យមានជីវិត!
១២. (ក) ហេតុអ្វីក៏ដើមឈើទាំងឡាយនៅក្នុងចក្ខុនិមិត្តរបស់អេសេគាល អាចបង្កើតផលដូច្នេះ? (ខ) តើអ្វីដែលបានត្រូវតំណាងដោយដើមឈើដែលមានផ្លែនេះ ក្នុងកំឡុងថ្ងៃជាន់ក្រោយ?
១២ ទន្លេនៅក្នុងចក្ខុនិមិត្តរបស់អេសេគាល ក៏នាំឲ្យមានជីវិតនិងសុខភាព។ នៅពេលដែលអេសេគាលដឹងអំពីដើមឈើ ដែលនឹងដុះតាមមាត់ទន្លេនេះ នោះគាត់បានត្រូវប្រាប់ថា៖ «ស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ . . . ហើយផ្លែឈើទាំងនោះ នឹងបានសំរាប់ជាអាហារ ឯស្លឹកក៏សំរាប់នឹងកែរោគឲ្យជាដែរ»។ ហេតុអ្វីក៏ដើមឈើទាំងនេះបង្កើតផលតាមរបៀបដ៏អស្ចារ្យម្ល៉េះ? «ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក»។ (អេសេគាល ៤៧:១២ខ) ដើមឈើជានិមិត្តរូបទាំងនេះ គឺតំណាងសំវិធានការទាំងអស់របស់ព្រះ សំរាប់ការស្ដារមនុស្សឡើងវិញឲ្យបានគ្រប់ល័ក្ខណ៍ ដែលមានមូលដ្ឋានលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ នៅលើផែនដីនៅគ្រានេះ ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ គឺនាំមុខក្នុងការផ្ដល់អាហារខាងវិញ្ញាណនិងការប្រោសឲ្យជា។ ក្រោយពីពួក១៤៤.០០០នាក់បានទទួលរង្វាន់របស់គេនៅស្ថានសួគ៌ នោះផលប្រយោជន៍ពីកិច្ចបំរើរបស់គេជាពួកសង្ឃ ជាអ្នកគ្រប់គ្រងជាមួយព្រះគ្រីស្ទ នឹងបន្តទៅអនាគត ដែលនៅក្រោយបំផុត គឺនាំឲ្យមានជ័យជំនះលើសេចក្ដីស្លាប់ពីអ័ដាម។—វិវរណៈ ៥:៩, ១០; ២១:២-៤
១៣. តើការប្រោសឲ្យជាអ្វី ដែលបានសម្រេចក្នុងកំឡុងសម័យយើងនេះ?
១៣ ទន្លេដែលនៅក្នុងចក្ខុនិមិត្តក៏ហូរចូលសមុទ្រស្លាប់ ហើយបានប្រោសឲ្យជានូវគ្រប់ទាំងអស់ដែលប៉ះនោះ។ សមុទ្រនេះតំណាងបរិយាកាសស្លាប់ខាងវិញ្ញាណ។ ប៉ុន្តែមានជីវិតរស់រវើក«នៅគ្រប់កន្លែងណាដែលទន្លេនោះហូរ»។ (អេសេគាល ៤៧:៩) ស្រដៀងគ្នាដែរ នៅថ្ងៃជាន់ក្រោយបង្អស់ មនុស្សក៏មានជីវិតឡើងវិញខាងវិញ្ញាណ នៅកន្លែងណាដែលទឹកជីវិតនេះជ្រាបចូល។ ពួកដំបូងដែលបានត្រូវស្ដារឡើងវិញនោះ ក៏បានជាពួកអ្នកចាក់ប្រេងតាំងដែលនៅសល់នៅឆ្នាំ១៩១៩។ ពួកគេមានជីវិតរស់ឡើងវិញខាងវិញ្ញាណ ពីសភាពអសកម្មដែលដូចស្លាប់នោះ។ (អេសេគាល ៣៧:១-១៤; វិវរណៈ ១១:៣, ៧-១២) ទឹកដែលត្រូវការជាចាំបាច់នេះ ក៏បានហូរដល់ពួកអ្នកស្លាប់ឯទៀតខាងវិញ្ញាណ ហើយពួកទាំងនេះក៏មានជីវិតឡើងវិញ ហើយបានបង្កើតពួកហ្វូងធំនៃចៀមឯទៀតដែលស្រឡាញ់និងបំរើព្រះយេហូវ៉ា ហើយកើនកាន់ច្រើនឡើងៗ។ មិនយូរប៉ុន្មានទៀត សំវិធានការនេះនឹងហុចឲ្យពួកមនុស្សជាច្រើន ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។
១៤. តើឧស្សាហកម្មនេសាទត្រី ដែលរីកចំរើនតាមឆ្នេរសមុទ្រស្លាប់ នោះបង្ហាញយ៉ាងល្អអំពីអ្វីសព្វថ្ងៃនេះ?
១៤ ភាពក្លៀវក្លាខាងវិញ្ញាណនាំឲ្យមានសមត្ថភាពបង្កើតផល។ នេះគឺបានបង្ហាញដោយឧស្សាហកម្មនេសាទត្រី ដែលរីកចំរើនតាមឆ្នេរសមុទ្រ ដែលពីដើមឥតមានសកម្មភាពនោះ។ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «ខ្ញុំនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ»។ (ម៉ាថាយ ៤:១៩) នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ កិច្ចការនេសាទត្រីបានចាប់ផ្ដើម ដោយការប្រមូលពួកចាក់ប្រេងតាំងដែលនៅសល់ ប៉ុន្តែមិនគ្រាន់តែប៉ុណ្ណោះទេ។ ទឹកពីព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា ដែលផ្ដល់ឲ្យជីវិតហើយរួមបញ្ចូលប្រសិទ្ធិពរជាចំណេះត្រឹមត្រូវ មានឥទ្ធិពលលើមនុស្សពីគ្រប់សាសន៍។ កន្លែងណាក៏ដោយដែលទន្លេនេះហូរដល់ នោះជាលទ្ធផលនឹងមានជីវិតខាងវិញ្ញាណ។
១៥. តើអ្វីដែលបង្ហាញថា មិនមែនមនុស្សគ្រប់គ្នានឹងព្រមទទួលសំវិធានការរបស់ព្រះចំពោះជីវិត ហើយតើលទ្ធផលចុងក្រោយរបស់ពួកនេះនឹងបានយ៉ាងដូចម្ដេច?
១៥ ប្រាកដហើយ ពេលឥឡូវក៏មិនមែនសំរាប់មនុស្សទាំងអស់ទេ ដែលព្រមទទួលសារនៃជីវិត។ ហើយមនុស្សទាំងអស់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ក្នុងកំឡុងសហស្សវត្សនៃការសោយរាជ្យរបស់ព្រះគ្រីស្ទ ក៏នឹងមិនទទួលព្រមសារនៃជីវិតដែរ។ (អេសាយ ៦៥:២០; វិវរណៈ ២១:៨) ទេវតាប្រកាសថា ចំណែកខ្លះៗនៃសមុទ្រនេះ នឹងមិនបានជាទេ។ ទីល្បាប់និងកន្លែងឥតជីវិតនេះ គឺ«ទុកសំរាប់ធ្វើអំបិល»។ (អេសេគាល ៤៧:១១) ចំពោះមនុស្សនៅសម័យយើងនេះ មិនមែនមនុស្សគ្រប់គ្នានឹងទទួលយកទឹករបស់ព្រះយេហូវ៉ាដែលផ្ដល់ជីវិត ដែលគេបានប្រគល់ឲ្យនោះទេ។ (អេសាយ ៦:១០) នៅឯអើម៉ាគេដូន អស់អ្នកដែលបានសម្រេចចិត្តចង់នៅក្នុងស្ថានភាពឥតជីវិតនិងឈឺខាងវិញ្ញាណ នោះនឹងទុកសំរាប់ធ្វើអំបិល គឺថានឹងត្រូវបានបំផ្លាញចោលជានិរន្តរ៍។ (វិវរណៈ ១៩:១១-២១) ប៉ុន្តែ អស់អ្នកដែលបានពិសាទឹកទាំងនេះយ៉ាងស្មោះត្រង់ នោះអាចសង្ឃឹមនឹងបានរស់រានមានជីវិត និងឃើញនូវសេចក្ដីសម្រេចចុងបំផុតនៃទំនាយនេះ។
ទន្លេនេះក៏ហូរចូលសួនមនោរម្យ
១៦. តើនៅពេលណានិងតាមរបៀបណា ដែលព្រះវិហារក្នុងចក្ខុនិមិត្តរបស់អេសេគាល នឹងបានសម្រេចនៅចុងក្រោយនោះ?
១៦ ដូចទំនាយឯទៀតអំពីការស្ដារឡើងវិញ នោះចក្ខុនិមិត្តរបស់អេសេគាលអំពីព្រះវិហារ ក៏ឃើញមានការសម្រេចចុងក្រោយក្នុងកំឡុងសហស្សវត្សដែរ។ រួចមក ក្រុមពួកសង្ឃនឹងមិននៅលើផែនដីទៀតឡើយ។ «អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ នឹងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់[នៅស្ថានសួគ៌]អស់១ពាន់ឆ្នាំ»។ (វិវរណៈ ២០:៦) ពួកសង្ឃទាំងនេះដែលនៅស្ថានសួគ៌នឹងរួមជាមួយព្រះគ្រីស្ទ ក្នុងការចាត់ចែងឲ្យបានពេញលេញនូវផលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ ដូច្នេះហើយមនុស្សលោកដ៏សុចរិតនឹងបានត្រូវសង្គ្រោះ នឹងបានស្ដារឡើងវិញឲ្យបានគ្រប់ល័ក្ខណ៍។—យ៉ូហាន ៣:១៧
១៧, ១៨. (ក) តើទន្លេដែលផ្ដល់ឲ្យជីវិត បានពណ៌នាយ៉ាងណានៅក្នុងវិវរណៈ ២២:១, ២ ហើយតើនៅពេលណាជាគ្រាសំខាន់បំផុតនៃការអនុវត្តសំរាប់ចក្ខុនិមិត្តនេះ? (ខ) នៅក្នុងសួនមនោរម្យ ហេតុអ្វីក៏ទន្លេទឹកជីវិតនឹងឃើញគ្រានៃការពង្រីក?
១៧ នេះមានសេចក្ដីថា ទន្លេដែលអេសេគាលបានឃើញ នៅពេលនោះឯងនឹងហូរដោយមានទឹកជីវិតដ៏ខ្លាំងបំផុត។ នេះជាគ្រាសំខាន់បំផុតចំពោះការអនុវត្តន៍នៃទំនាយ ដែលបានកត់ទុកនៅវិវរណៈ ២២:១, ២ ដែលថា៖ «ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម ឯនៅកណ្ដាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្ដងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា»។
១៨ នៅក្នុងកំឡុងសហស្សវត្ស នោះជម្ងឺទាំងអស់ ខាងរូបកាយ គំនិត និងខាងផ្លូវចិត្ត នឹងបានត្រូវជាហើយ។ នេះបានតំណាងយ៉ាងល្អដោយធ្វើ«អស់ទាំងសាសន៍ឲ្យជា» តាមរយៈដើមឈើជានិមិត្តរូបនេះ។ ដោយព្រោះសំវិធានការដែលបានត្រូវចាត់ចែងដោយព្រះគ្រីស្ទ និងពួក១៤៤.០០០នាក់ នោះ«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។ (អេសាយ ៣៣:២៤) ហើយទន្លេនេះនឹងមកដល់គ្រានៃការហូរពង្រីកដ៏ធំបំផុត។ ទន្លេនេះនឹងត្រូវតែធ្វើឲ្យបានធំនិងឲ្យបានជ្រៅឡើង ដើម្បីទទួលមនុស្សជាច្រើនលាននាក់ ប្រហែលជាមនុស្សរាប់រយកោដិនាក់ផង គឺពួកមនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ដែលនឹងពិសាទឹកជីវិតដ៏បរិសុទ្ធនេះ។ ទន្លេដែលនៅក្នុងចក្ខុនិមិត្ត នោះបានធ្វើឲ្យសមុទ្រស្លាប់បានជាវិញ ដោយនាំឲ្យមានជីវិតពេលទឹកនេះហូរដល់ទីនោះ។ នៅក្នុងសួនមនោរម្យ នោះពួកបុរសនិងស្ត្រីនឹងទទួលជីវិតបានពេញលេញ ដោយបានជាពីសេចក្ដីស្លាប់ជាមរតកពីអ័ដាម បើសិនជាគេអនុវត្តជំនឿលើផលប្រយោជន៍នៃតម្លៃលោះ ដែលធ្វើឲ្យមានសំរាប់គេនោះ។ វិវរណៈ ២០:១២ ទាយប្រាប់ទុកជាមុនថា «បញ្ជី»នឹងបើកឡើងនៅក្នុងគ្រានោះ ដែលនឹងផ្ដល់នូវពន្លឺឲ្យបានយល់ថែមទៀត ដែលពួកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងទទួលប្រយោជន៍ពីនោះ។ គួរឲ្យសោកស្ដាយដែរ សូម្បីតែនៅក្នុងសួនមនោរម្យ មនុស្សខ្លះនឹងមិនចង់បានឲ្យជានោះទេ។ ពួកបះបោរទាំងនេះគឺជាពួកដែលនឹង«ទុកសំរាប់ធ្វើអំបិល» គឺសេចក្ដីហិនវិនាសអស់កល្បជានិច្ច។—វិវរណៈ ២០:១៥
១៩. (ក) តើតាមរបៀបណាដែលការបែងចែកដី នឹងបានសម្រេចក្នុងសួនមនោរម្យ? (ខ) តើមានអ្វីដែលសំខាន់ក្នុងសួនមនោរម្យ ដែលបានតំណាងដោយទីក្រុងនោះ? (គ) តើមានសារៈសំខាន់យ៉ាងណា ដោយថាទីក្រុង មានកន្លែងឆ្ងាយពីព្រះវិហារនោះ?
១៩ ម្យ៉ាងទៀតនៅគ្រានោះ ការបែងចែកដីនៅក្នុងចក្ខុនិមិត្តរបស់អេសេគាល នឹងបានសម្រេចផ្ដាច់ព្រ័ត្រដែរ។ អេសេគាលបានឃើញដីបានត្រូវបែងចែកយ៉ាងត្រឹមត្រូវ ដូច្នេះដែរ គ្រីស្ទានស្មោះត្រង់ម្នាក់ៗអាចប្រាកដក្នុងចិត្តថា គាត់នឹងមានកន្លែង ដែលជាមរតកនៅក្នុងសួនមនោរម្យ។ ប្រហែលជា សេចក្ដីប្រាថ្នាឲ្យមានផ្ទះរស់នៅរបស់ខ្លួន ដែលត្រូវមើលថែរក្សានឹងបានសម្រេចតាមរបៀបដ៏រៀបរយហើយ។ (អេសាយ ៦៥:២១; កូរិនថូសទី១ ១៤:៣៣) ទីក្រុងដែលអេសេគាលបានឃើញ តំណាងយ៉ាងសមហេតុផលនូវការរៀបចំជាអភិបាល ដែលព្រះយេហូវ៉ាមានបំណងរៀបសំរាប់ផែនដីថ្មី។ ក្រុមពួកសង្ឃចាក់ប្រេងតាំង នឹងមិនមានវត្តមានខាងរូបកាយទៀតទេក្នុងចំណោមមនុស្សលោក។ ចក្ខុនិមិត្តនេះបញ្ជាក់អ៊ីចឹង ដោយតំណាងក្រុងនេះនៅលើដី«សាមញ្ញធម្មតា» ដែលមានចម្ងាយឆ្ងាយពីព្រះវិហារ។ (អេសេគាល ៤៨:១៥; ព្រះគម្ពីរភាសាខ្មែរសម្រាយ) កាលដែលពួក១៤៤.០០០នាក់គ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌ នោះមិនមានសេចក្ដីថា ស្តេចនេះឥតមានអ្នកតំណាងនៅលើផែនដីឡើយ។ មនុស្សលោកជាអនុរាស្ត្ររបស់ទ្រង់នឹងទទួលប្រយោជន៍បានយ៉ាងច្រើន ពីការណែនាំនិងការដឹកនាំដោយសេចក្ដីស្រឡាញ់របស់គណៈចៅហ្វាយ។ ក៏ប៉ុន្តែ ទីតាំងពិតនៃរដ្ឋាភិបាលគឺនៅលើស្ថានសួគ៌ មិនមែននៅលើផែនដីនេះទេ។ មនុស្សគ្រប់គ្នានៅលើផែនដី រួមបញ្ចូលគណៈចៅហ្វាយ នឹងចុះចូលចំពោះព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។—ដានីយ៉ែល ២:៤៤; ៧:១៤, ១៨, ២២
២០, ២១. (ក) ហេតុអ្វីក៏ឈ្មោះទីក្រុងគឺសមហេតុផល? (ខ) តើសំនួរអ្វីខ្លះដែលការយល់ចក្ខុនិមិត្តរបស់អេសេគាល គួរបណ្ដាលឲ្យយើងសួរខ្លួននោះ?
២០ ចូរកត់សម្គាល់នូវពាក្យចុងបញ្ចប់ក្នុងទំនាយរបស់អេសេគាល ដែលថា៖ «តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។ (អេសេគាល ៤៨:៣៥) ទីក្រុងនេះនឹងមិនមានវត្តមាន ដើម្បីឲ្យមនុស្សមានអំណាចឬអនុភាពឡើយ ហើយក៏មិនមាន ដើម្បីបង្ខំឲ្យធ្វើតាមបំណងណាមួយរបស់មនុស្សទេ។ នេះគឺជាទីក្រុងរបស់ព្រះយេហូវ៉ា ដែលនឹងសម្ដែងឲ្យឃើញនូវគំនិតនិងផ្លូវដ៏សមហេតុផល ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់ជានិច្ច។ (យ៉ាកុប ៣:១៧) នេះផ្ដល់ឲ្យយើងនូវការធានារ៉ាប់រងដ៏កក់ក្ដៅថា ព្រះយេហូវ៉ានឹងប្រទានពរដល់«ផែនដីថ្មី»នេះ ដែលជាសង្គមមនុស្សលោកមានរចនាសម្ព័ន្ធ ហើយនឹងមានពរនោះជារៀងរហូតតទៅ។—ពេត្រុសទី២ ៣:១៣
២១ តើយើងមានចិត្តរំភើបនឹងសេចក្ដីសង្ឃឹមខាងមុខយើងនេះឬទេ? បើអ៊ីចឹង គឺជាការល្អដែលយើងម្នាក់ៗត្រូវសួរថា៖ ‹តើខ្ញុំតបយ៉ាងណាចំពោះពរដ៏អស្ចារ្យ ដែលបានបង្ហាញនៅក្នុងចក្ខុនិមិត្តរបស់អេសេគាលនោះ? តើខ្ញុំគាំទ្រយ៉ាងស្មោះត្រង់នឹងកិច្ចការដែលពួកអ្នកត្រួតពិនិត្យដែលប្រកបដោយសេចក្ដីស្រឡាញ់ គឺរួមបញ្ចូលពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ និងសមាជិកនៃគណៈចៅហ្វាយ បានធ្វើនោះទេ? តើខ្ញុំបានធ្វើឲ្យការថ្វាយបង្គំបរិសុទ្ធ ជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំហើយឬ? តើខ្ញុំប្រើប្រាស់ទឹកជីវិត ដែលមានហូរហៀរសព្វថ្ងៃនេះឬទេ›? សូមឲ្យយើងម្នាក់ៗបន្តធ្វើបែបនេះចុះ ហើយមានចិត្តរីករាយនឹងសំវិធានការរបស់ព្រះយេហូវ៉ារហូតដ៏អស់កល្បជានិច្ច!
[កំណត់សម្គាល់]
a ច្រកភ្នំនេះប្រហែលជាសំដៅទៅជ្រោះកេដ្រុន ដែលបន្តពីក្រុងយេរូសាឡិមខាងទិសអាគ្នេយ៍និងចប់នៅឯសមុទ្រស្លាប់។ ខ្សែទឹកនៅខាងក្រោមនៃជ្រោះនេះជាពិសេសគឺគ្មានទឹកទេ ហើយរីងស្ងួតពេញមួយឆ្នាំ។
b សូមមើលទស្សនាវដ្ដីប៉មយាម ១ ឧសភា ១៨៨១ និង ១ មិថុនា ១៩៨១។ (ភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើទឹកដែលហូរចេញពីព្រះវិហារតំណាងអ្វី?
◻ តើការប្រោសឲ្យជាអ្វីដែលព្រះយេហូវ៉ាបានសម្រេច តាមរយៈទន្លេជានិមិត្តរូបនេះ ហើយហេតុអ្វីក៏ទន្លេនេះបានរីកចំរើនឡើង?
◻ តើដើមឈើដែលមានតាមមាត់ទន្លេតំណាងអ្វី?
◻ តើទីក្រុងនេះនឹងតំណាងអ្វីក្នុងកំឡុងការសោយរាជ្យមួយសហស្សវត្ស ហើយហេតុអ្វីក៏ឈ្មោះទីក្រុងគឺសមហេតុផល?