ដើមកំណើត
៧ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅណូអេថា៖ «ចូរអ្នកនិងក្រុមគ្រួសារចូលក្នុងទូកធំ ព្រោះនៅជំនាន់នេះ ខ្ញុំឃើញមានតែអ្នកប៉ុណ្ណោះជាមនុស្សសុចរិត។+ ២ អ្នកត្រូវនាំយកសត្វដែលស្អាតបរិសុទ្ធទាំងឈ្មោលទាំងញី តាមពូជនីមួយៗចំនួន៧ក្បាល។*+ ឯសត្វគ្រប់ប្រភេទដែលមិនស្អាតបរិសុទ្ធ ចូរយកមួយគូៗទាំងឈ្មោលទាំងញី។ ៣ អ្នកក៏ត្រូវនាំយកសត្វស្លាបដែលហើរលើអាកាសទាំងឈ្មោលទាំងញី តាមពូជនីមួយៗចំនួន៧*ដែរ ដើម្បីឲ្យពួកវាបន្តពូជពេញលើផែនដី+ ៤ ព្រោះនៅសល់តែ៧ថ្ងៃទៀត ខ្ញុំនឹងធ្វើឲ្យមានភ្លៀង+ធ្លាក់មកលើផែនដីចំនួន៤០ថ្ងៃ៤០យប់។+ ខ្ញុំនឹងបំផ្លាញជីវិតទាំងឡាយដែលខ្ញុំបានបង្កើតឲ្យសាបសូន្យទៅ»។+ ៥ ណូអេក៏បានធ្វើដូច្នោះ តាមបង្គាប់ព្រះយេហូវ៉ាគ្រប់ប្រការ។
៦ ពេលដែលមានទឹកជន់លិចផែនដី ណូអេមានអាយុ៦០០ឆ្នាំ។+ ៧ មុនទឹកជន់លិច ណូអេនិងប្រពន្ធកូន ព្រមទាំងកូនប្រសាស្រី បានចូលក្នុងទូកធំ។+ ៨ ឯសត្វគ្រប់ប្រភេទដែលស្អាតបរិសុទ្ធ និងមិនស្អាតបរិសុទ្ធ ព្រមទាំងសត្វស្លាប សត្វលូនវារ និងសត្វល្អិតគ្រប់ប្រភេទ+ ៩ ពួកវាបានមកឯណូអេមួយគូៗទាំងឈ្មោលទាំងញី ចូលក្នុងទូកធំដូចដែលព្រះបានប្រាប់ណូអេមែន។ ១០ លុះ៧ថ្ងៃក្រោយមក ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ ហើយបណ្ដាលឲ្យទឹកជន់ឡើងពេញផែនដី។
១១ នៅថ្ងៃទី១៧ ខែទី២ ក្នុងឆ្នាំទី៦០០នៃអាយុរបស់ណូអេ ទឹកបានធ្លាក់មកពីប្រភពទឹកទាំងប៉ុន្មាននៅខាងលើ ហើយទ្វារទឹកនៅលើមេឃក៏បានត្រូវបើកដែរ។+ ១២ ភ្លៀងបានធ្លាក់មកលើផែនដីអស់៤០ថ្ងៃ៤០យប់។ ១៣ នៅថ្ងៃនោះ ណូអេនិងប្រពន្ធបានចូលក្នុងទូកធំជាមួយនឹងកូនប្រុសៗរបស់គាត់ គឺសិម ហាំ និងយ៉ាផេត+ ព្រមទាំងប្រពន្ធរបស់ពួកគេ។+ ១៤ ពួកគេបានចូលក្នុងទូកធំជាមួយនឹងសត្វព្រៃតាមពូជ សត្វស្រុកតាមពូជ សត្វលូនវារតាមពូជ និងសត្វហើរលើអាកាសតាមពូជ ព្រមទាំងសត្វទាំងប៉ុន្មានដែលមានស្លាប។ ១៥ សត្វទាំងនោះបាននាំគ្នាទៅឯណូអេ ចូលក្នុងទូកធំទាំងគូៗ គឺសត្វគ្រប់ប្រភេទដែលមានដង្ហើមជីវិត។ ១៦ ដូច្នេះ ពួកវាបានចូលក្នុងទូក ទាំងឈ្មោលទាំងញី ដូចដែលព្រះបានប្រាប់ណូអេមែន។ ក្រោយមក ព្រះយេហូវ៉ាបានបិទទ្វារទូក។
១៧ ទឹកបានបន្តជន់លិចផែនដីអស់៤០ថ្ងៃ ហើយទឹកចេះតែកើនឡើងៗរហូតដល់ទូកអណ្ដែតផុតពីដី។ ១៨ ទឹកនោះជន់ឡើងខ្លាំងក្រៃលែង ហើយបន្តឡើងកាន់តែខ្ពស់ទៅៗ តែទូកធំបានអណ្ដែតលើផ្ទៃទឹក។ ១៩ ទឹកជំនន់នោះធំសម្បើមដល់ម្ល៉េះ បានជាភ្នំខ្ពស់ៗទាំងប៉ុន្មានដែលនៅក្រោមមេឃ បានលិចទាំងអស់+ ២០ ហើយឡើងផុតភ្នំទាំងនោះ អស់១៥ហត្ថ*ទៀត។
២១ ដូច្នេះ ជីវិតទាំងឡាយដែលកម្រើកនៅផែនដីបានវិនាសទៅ+ គឺសត្វស្លាប សត្វព្រៃ សត្វស្រុក ពពួកសត្វល្អិត* និងមនុស្សជាតិទាំងឡាយ។+ ២២ គ្រប់ទាំងអស់ដែលរស់នៅលើដីគោក ហើយមានដង្ហើមជីវិត បានស្លាប់ទៅ។+ ២៣ ដូច្នេះ ព្រះបានបំផ្លាញជីវិតទាំងឡាយនៅផែនដីអស់ទៅ រួមទាំងមនុស្សជាតិ សត្វលូនវារ សត្វហើរលើអាកាស និងសត្វឯទៀត+ មានតែណូអេនិងក្រុមគ្រួសារគាត់ ព្រមទាំងសត្វទាំងប៉ុន្មានដែលនៅក្នុងទូកធំប៉ុណ្ណោះ បានរួចជីវិត។+ ២៤ ទឹកជំនន់ដ៏ធំនោះ បាននៅទ្រឹងលើផែនដីអស់១៥០ថ្ងៃ។+