បណ្ដាស្ដេចទី២
១៣ នៅឆ្នាំទី២៣ក្នុងរាជ្យយេហូអាស+ជាកូនអាហាស៊ីយ៉ា+ស្ដេចស្រុកយូដា យេហូអាហាសជាកូនយេហ៊ូ+បានគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល។ យេហូអាហាសបានគ្រប់គ្រងនៅក្រុងសាម៉ារីអស់រយៈពេល១៧ឆ្នាំ។ ២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយក៏បានប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គងដែរ។+ គាត់មិនបានបែរចេញពីអំពើខុសឆ្គងនោះឡើយ។ ៣ ហេតុនេះ ព្រះយេហូវ៉ាខឹង+ជាខ្លាំងចំពោះជនជាតិអ៊ីស្រាអែល។+ ម្ល៉ោះហើយ នៅគ្រានោះលោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃហាសេអែល+ជាស្ដេចស្រុកស៊ីរី និងក្នុងកណ្ដាប់ដៃបេនហាដាត+ជាកូនគាត់។
៤ លុះក្រោយមក យេហូអាហាសបានអង្វរសុំសេចក្ដីមេត្តាពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្ដាប់តាមការអង្វរសុំរបស់គាត់ ព្រោះលោកបានឃើញថាស្ដេចស្រុកស៊ីរីបានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល។+ ៥ ព្រះយេហូវ៉ាក៏ឲ្យមានអ្នកសង្គ្រោះម្នាក់+ដើម្បីរំដោះជនជាតិអ៊ីស្រាអែលពីកណ្ដាប់ដៃពួកស៊ីរី។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរស់នៅដោយសុខសាន្តដូចគ្រាមុន។ ៦ (ទោះជាយ៉ាងនោះក៏ដោយ ពួកគេនៅតែប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ ពួកគេមិនបានបែរចេញពីអំពើខុសឆ្គងនោះឡើយ។ ឯក្រុងសាម៉ារីនៅតែមានបង្គោលឈើពិសិដ្ឋ*+ដដែល)។ ៧ នៅគ្រានោះ យេហូអាហាសនៅសល់តែរទេះចម្បាំងចំនួន១០គ្រឿង ទាហានសេះ៥០នាក់ និងទាហានថ្មើរជើង១០.០០០នាក់ប៉ុណ្ណោះ ពីព្រោះស្ដេចស្រុកស៊ីរីបានវាយបំផ្លាញពួកគេឲ្យវិនាសស្ទើរតែគ្មានសល់+ ហើយធ្វើឲ្យគេដូចជាលម្អងធូលីនៅទីលានបញ្ជាន់ស្រូវ។+
៨ រីឯកិច្ចការទាំងប៉ុន្មានដែលយេហូអាហាសបានធ្វើ និងភាពខ្លាំងពូកែរបស់គាត់ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ៩ ក្រោយមក យេហូអាហាសបានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅក្រុងសាម៉ារី+ជាមួយនឹងបុព្វបុរសរបស់គាត់។ រួចមក យេហូអាសជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។
១០ នៅឆ្នាំទី៣៧ក្នុងរាជ្យយេហូអាសស្ដេចស្រុកយូដា យេហូអាស+ជាកូនយេហូអាហាសបានគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល។ យេហូអាសបានគ្រប់គ្រងនៅក្រុងសាម៉ារីអស់រយៈពេល១៦ឆ្នាំ។ ១១ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយក៏បានប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គងដែរ។+ គាត់មិនបានបែរចេញពីអំពើខុសឆ្គងទាំងនោះឡើយ។
១២ រីឯកិច្ចការទាំងប៉ុន្មានដែលយេហូអាសបានធ្វើនិងភាពខ្លាំងពូកែរបស់គាត់ ថែមទាំងការធ្វើចម្បាំងនឹងអាម៉ាស៊ាជាស្ដេចស្រុកយូដា+ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចនៅស្រុកអ៊ីស្រាអែល។ ១៣ ក្រោយមក យេហូអាសបានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅក្រុងសាម៉ារីជាមួយនឹងបុព្វបុរសរបស់គាត់។+ រួចមក យេរ៉ូបោម*+ក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។
១៤ ឯអេលីសេវិញ+ គាត់មានជំងឺជាទម្ងន់ហៀបនឹងស្លាប់។ នៅពេលនោះ យេហូអាសជាស្ដេចស្រុកអ៊ីស្រាអែលបានទៅជួបអេលីសេ។ គាត់ក៏បានយំស្រណោះអេលីសេ រួចនិយាយថា៖ «លោកឪពុក លោកឪពុកខ្ញុំអើយ! យើងត្រូវការរទេះចម្បាំង និងពលសេះរបស់អ៊ីស្រាអែល!»។*+ ១៥ អេលីសេបង្គាប់គាត់ថា៖ «សូមយកធ្នូនិងព្រួញមក»។ ដូច្នេះ ស្ដេចក៏យកធ្នូនិងព្រួញមក។ ១៦ រួចមក អេលីសេប្រាប់ស្ដេចអ៊ីស្រាអែលថា៖ «សូមលើកធ្នូឡើង»។ ដូច្នេះ ស្ដេចក៏ធ្វើតាម រួចអេលីសេក៏ដាក់ដៃគាត់លើដៃស្ដេច។ ១៧ បន្ទាប់មក អេលីសេប្រាប់ថា៖ «សូមបើកបង្អួចដែលបែរទៅទិសខាងកើត» គាត់ក៏បើក។ អេលីសេក៏និយាយទៀតថា៖ «សូមបាញ់ទៅ!» គាត់ក៏បាញ់។ ពេលនោះ អេលីសេប្រាប់ថា៖ «នេះជាព្រួញជ័យជម្នះមកពីព្រះយេហូវ៉ា ជាព្រួញជ័យជម្នះលើពួកស៊ីរី! អ្នកនឹងប្រហារពួកស៊ីរីនៅក្រុងអាផែក+ រហូតដល់ពួកគេវិនាសសាបសូន្យទៅ»។
១៨ អេលីសេក៏និយាយទៀតថា៖ «សូមយកព្រួញមក»។ ដូច្នេះ ស្ដេចក៏យកមក។ អេលីសេក៏ប្រាប់ស្ដេចថា៖ «សូមវាយលើដី»។ ដូច្នេះ គាត់បានវាយលើដីបីដង រួចក៏ឈប់វាយទៅ។ ១៩ ភ្លាមនោះ អេលីសេជាតំណាងព្រះបានខឹងយ៉ាងខ្លាំង ហើយនិយាយទៅកាន់ស្ដេចថា៖ «អ្នកគួរតែវាយឲ្យបាន៥ឬ៦ដង! យ៉ាងនោះ អ្នកនឹងប្រហារពួកស៊ីរីទាល់តែសាបសូន្យទៅ។ ប៉ុន្តែ អ្នកបែរជាវាយតែបីដងវិញ ដូច្នេះអ្នកនឹងវាយឈ្នះពួកស៊ីរីបានតែបីដងទេ»។+
២០ ក្រោយមក អេលីសេបានស្លាប់ ហើយគេក៏យកសពគាត់ទៅបញ្ចុះ។ រៀងរាល់ដើមឆ្នាំក្រុមចោរប្លន់ជនជាតិម៉ូអាប់+ តែងតែចូលមកលុកលុយក្នុងស្រុក។ ២១ ថ្ងៃមួយ មានមនុស្សមួយក្រុមកំពុងបញ្ចុះសពបុរសម្នាក់ ស្រាប់តែពួកគេឃើញក្រុមចោរប្លន់មក។ ពេលនោះ ពួកគេប្រញាប់ប្រញាល់បោះសពបុរសនោះចូលទៅក្នុងទីបញ្ចុះសពរបស់អេលីសេ ហើយក៏រត់គេចខ្លួនទៅ។ ពេលសពបុរសនោះប៉ះឆ្អឹងរបស់អេលីសេ បុរសនោះក៏មានជីវិតឡើងវិញ+ ហើយក្រោកឈរឡើង។
២២ នៅគ្រាយេហូអាហាស+ ហាសេអែលជាស្ដេចស្រុកស៊ីរីបានជិះជាន់ជនជាតិអ៊ីស្រាអែល+យ៉ាងខ្លាំង។ ២៣ ប៉ុន្តែ ព្រះយេហូវ៉ាបានបង្ហាញចិត្តសប្បុរស សេចក្ដីមេត្តា និងការយកចិត្តទុកដាក់ចំពោះពួកគេ+ ដោយសារលោកយល់ដល់កិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ+ អ៊ីសាក+ និងយ៉ាកុប។+ លោកមិនបានឲ្យពួកគេវិនាសសាបសូន្យទៅទេ។ រហូតមកដល់សព្វថ្ងៃ លោកក៏មិនបានបោះបង់ចោលពួកគេដែរ។ ២៤ លុះក្រោយមក ហាសេអែលជាស្ដេចស្រុកស៊ីរីបានស្លាប់ ហើយបេនហាដាតជាកូន ក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។ ២៥ ឯយេហូអាសជាកូនយេហូអាហាស គាត់បានដណ្ដើមយកក្រុងនានាពីបេនហាដាតជាកូនហាសេអែលមកវិញ គឺជាក្រុងដែលហាសេអែលបានចាប់យកពីពួកអ៊ីស្រាអែល ពេលច្បាំងឈ្នះយេហូអាហាសជាឪពុកគាត់។ យេហូអាសបានវាយឈ្នះបេនហាដាតអស់បីដង+ ហើយក៏ដណ្ដើមយកក្រុងទាំងនោះមកវិញ។