បណ្ដាស្ដេចទី២
១៦ នៅឆ្នាំទី១៧ក្នុងរាជ្យភេកាជាកូនរេម៉ាលៀ អេហាស+ជាកូនយ៉ូថាមបានគ្រប់គ្រងជាស្ដេចលើស្រុកយូដា។ ២ ពេលនោះ គាត់មានអាយុ២០ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១៦ឆ្នាំ។ គាត់មិនបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ដូចដាវីឌជាបុព្វបុរសរបស់គាត់ទេ។+ ៣ ផ្ទុយទៅវិញ គាត់បានដើរតាមគន្លងរបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល+ ហើយថែមទាំងដុតកូនរបស់ខ្លួនជូនជាគ្រឿងបូជា*ទៀតផង។+ គាត់បានធ្វើតាមទង្វើដ៏គួរឲ្យស្អប់ខ្ពើមរបស់ប្រជាជាតិនានា+ ដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។ ៤ បន្ថែមទៅទៀត គាត់ក៏បានជូនគ្រឿងបូជា និងដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅលើទីខ្ពស់ពិសិដ្ឋ+ នៅទីទួល និងនៅក្រោមដើមឈើខៀវខ្ចី។+
៥ នៅគ្រានោះ រេសិនជាស្ដេចស្រុកស៊ីរី និងភេកាកូនរេម៉ាលៀជាស្ដេចស្រុកអ៊ីស្រាអែល បានរួមគ្នាឡើងទៅច្បាំងនឹងអេហាស។+ ពួកគេបានឡោមព័ទ្ធក្រុងយេរូសាឡិម តែមិនអាចដណ្ដើមយកក្រុងនោះបានទេ។ ៦ ពេលនោះ រេសិនជាស្ដេចស្រុកស៊ីរីបានដណ្ដើមយកក្រុងអេឡាត+ ហើយគាត់ក៏ប្រគល់ឲ្យជនជាតិអេដំវិញ។ គាត់បានបណ្ដេញជនជាតិយូដាចេញពីក្រុងអេឡាត ហើយឲ្យជនជាតិអេដំចូលទៅរស់នៅក្នុងក្រុងនោះរហូតដល់សព្វថ្ងៃ។ ៧ ដូច្នេះ អេហាសបានចាត់ពួកអ្នកនាំសារឲ្យទៅជម្រាបធីឡាតភីលីសឺ+ជាស្ដេចស្រុកអាស៊ីរីថា៖ «ខ្ញុំជាអ្នកបម្រើនិងជាកូនចៅរបស់លោក។ ស្ដេចស្រុកស៊ីរីនិងស្ដេចស្រុកអ៊ីស្រាអែលកំពុងរួមដៃគ្នាប្រយុទ្ធនឹងខ្ញុំ សូមលោកឡើងមកជួយសង្គ្រោះខ្ញុំផង»។ ៨ រួចមក អេហាសបានប្រមូលមាសប្រាក់ទាំងអស់ពីវិហារព្រះយេហូវ៉ានិងពីឃ្លាំងវិមានស្ដេច យកទៅប្រគល់ឲ្យស្ដេចស្រុកអាស៊ីរីជាជំនូន។+ ៩ ស្ដេចអាស៊ីរីក៏ធ្វើតាមសំណូមពររបស់អេហាស។ គាត់ក៏ទៅច្បាំងនឹងក្រុងដាម៉ាស់ ហើយដណ្ដើមយកបានក្រុងនោះ។ គាត់បាននិរទេសបណ្ដាជនក្នុងក្រុងនោះទៅតំបន់គា។+ នៅពេលនោះ គាត់ក៏បានសម្លាប់រេសិនដែរ។+
១០ បន្ទាប់មក ស្ដេចអេហាសបានទៅក្រុងដាម៉ាស់ ដើម្បីជួបធីឡាតភីលីសឺជាស្ដេចស្រុកអាស៊ីរី។ នៅទីនោះអេហាសបានឃើញទីបូជាធំមួយ។ ដូច្នេះ គាត់ក៏ផ្ញើគំរូនិងទ្រង់ទ្រាយនៃទីបូជានោះទៅឲ្យយូរ៉ាយ៉ាជាសង្ឃ។+ ១១ យូរ៉ាយ៉ា+ក៏សង់ទីបូជាមួយ+ តាមការណែនាំទាំងអស់ដែលស្ដេចអេហាសបានផ្ញើពីក្រុងដាម៉ាស់។ យូរ៉ាយ៉ាបានសង់ទីបូជានោះរួចរាល់ មុននឹងស្ដេចអេហាសត្រឡប់ពីក្រុងដាម៉ាស់វិញ។ ១២ កាលស្ដេចអេហាសបានមកដល់ គាត់ឃើញទីបូជានោះ ហើយក៏ចូលទៅជូនគ្រឿងបូជានៅលើនោះទៅ។+ ១៣ បន្ថែមទៅទៀត គាត់ក៏ជូនគ្រឿងបូជាដុត និងគ្រឿងបូជាពីស្រូវឲ្យផ្សែងហុយឡើង ព្រមជាមួយនឹងគ្រឿងបូជាជាស្រាផងដែរ។ គាត់ថែមទាំងបានប្រោះឈាមនៃគ្រឿងបូជានៃមេត្រីភាពទៅលើទីបូជានោះផងដែរ។ ១៤ រីឯទីបូជាធ្វើពីស្ពាន់+ ដែលស្ថិតនៅខាងមុខវិហារព្រះយេហូវ៉ា ស្ដេចឲ្យគេលើកចេញពីកន្លែងដើមដែលស្ថិតនៅចន្លោះវិហារព្រះយេហូវ៉ានិងទីបូជារបស់គាត់ ហើយយកទៅដាក់នៅប៉ែកខាងជើងទីបូជារបស់គាត់វិញ។ ១៥ ស្ដេចអេហាសបានបង្គាប់យូរ៉ាយ៉ា+ជាសង្ឃថា៖ «ចូរជូនគ្រឿងបូជាដុតនៅពេលព្រឹក និងគ្រឿងបូជាពីស្រូវនៅពេលល្ងាច+ ព្រមទាំងជូនគ្រឿងបូជាដុត និងគ្រឿងបូជាពីស្រូវរបស់ស្ដេចលើទីបូជាដ៏ធំនេះ ឲ្យផ្សែងហុយឡើង។+ អ្នកក៏ត្រូវជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រារបស់បណ្ដាជនទាំងអស់ដែរ។ បន្ថែមទៅទៀត អ្នកត្រូវប្រោះឈាមនៃគ្រឿងបូជាដុត និងឈាមនៃគ្រឿងបូជាឯទៀតទៅលើទីបូជាដ៏ធំនោះ។ ឯទីបូជាធ្វើពីស្ពាន់វិញ ចាំខ្ញុំគិតសិនថាត្រូវធ្វើយ៉ាងណា»។ ១៦ ក្រោយពីស្ដាប់រួច យូរ៉ាយ៉ាជាសង្ឃក៏ធ្វើតាមបង្គាប់របស់ស្ដេចអេហាសគ្រប់ជំពូក។+
១៧ លើសពីនោះទៅទៀត អេហាសបានកាត់បន្ទះជុំវិញរទេះទឹក+ទៅជាបំណែកៗ ហើយដកចានក្លាំចេញពីរទេះទាំងនោះ។+ គាត់ក៏បានយកអាងធំ*ចេញពីលើគោស្ពាន់+ ទៅដាក់នៅលើកម្រាលថ្មវិញ។+ ១៨ គាត់បានបំបាត់ចោលរោងសម្រាប់ប្រើក្នុងថ្ងៃឈប់សម្រាកដែលគេបានសង់នៅវិហារ និងបិទច្រកចូលដែលស្ដេចធ្វើដំណើរទៅវិហារព្រះយេហូវ៉ា។ គាត់ធ្វើដូច្នោះ ដើម្បីផ្គាប់ចិត្តស្ដេចស្រុកអាស៊ីរី។
១៩ រីឯកិច្ចការទាំងប៉ុន្មានដែលអេហាសបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។+ ២០ ក្រោយមក អេហាសបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់នៅក្រុងដាវីឌ។ រួចមក ហេសេគា*+ជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។