ប្រវត្តិហេតុទី១
២១ នៅពេលមួយ សាថាន*បានប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ហើយបានជំរុញចិត្តដាវីឌឲ្យធ្វើជំរឿនបណ្ដាជន។+ ២ ដូច្នេះ ដាវីឌបានប្រាប់យ៉ូអាប់+និងពួកមេដឹកនាំបណ្ដាជនថា៖ «ចូរទៅរាប់ចំនួនបណ្ដាជនអ៊ីស្រាអែលចាប់ពីបៀរសេបារហូតដល់ដាន់+ រួចមករាយការណ៍ប្រាប់ខ្ញុំវិញ»។ ៣ ប៉ុន្តែ យ៉ូអាប់បានជម្រាបស្ដេចថា៖ «សូមឲ្យព្រះយេហូវ៉ាបង្កើនចំនួនរាស្ត្រលោក១០០ដងចុះ! ពួកគេទាំងអស់គ្នាជាអ្នកបម្រើរបស់ស្ដេចជាម្ចាស់ហើយ មែនទេ? ម្ដេចក៏លោកម្ចាស់ចង់ធ្វើដូច្នេះ? ហេតុអ្វីលោកចង់ឲ្យបណ្ដាជនអ៊ីស្រាអែលមានទោស?»។
៤ ប៉ុន្តែ ស្ដេចមិនព្រមធ្វើតាមសម្ដីរបស់យ៉ូអាប់ទេ។ ដូច្នេះ យ៉ូអាប់ក៏ធ្វើដំណើរទូទាំងស្រុកអ៊ីស្រាអែលដើម្បីរាប់ចំនួនបណ្ដាជន ក្រោយមកគាត់ក៏ត្រឡប់មកក្រុងយេរូសាឡិមវិញ។+ ៥ យ៉ូអាប់បានប្រាប់ចំនួនបណ្ដាជនដល់ដាវីឌ គឺប្រុសៗអ៊ីស្រាអែលមានចំនួន១.១០០.០០០នាក់ និងប្រុសៗយូដាមានចំនួន៤៧០.០០០នាក់។ ពួកគេសុទ្ធតែជាអ្នកដែលកាន់ដាវ អាចចូលច្បាំងបាន។+ ៦ ប៉ុន្តែ យ៉ូអាប់មិនបានរាប់ចំនួនបណ្ដាជនក្នុងកុលសម្ព័ន្ធលេវីនិងកុលសម្ព័ន្ធបេនយ៉ាមីនកត់ចូលក្នុងបញ្ជីទេ+ ដោយសារគាត់ទាស់ចិត្តជាខ្លាំងនឹងបញ្ជារបស់ស្ដេច។+
៧ ការធ្វើជំរឿននេះបានបណ្ដាលឲ្យព្រះមិនពេញចិត្តជាខ្លាំង ដូច្នេះលោកក៏វាយប្រហារជនជាតិអ៊ីស្រាអែល។ ៨ បន្ទាប់មក ដាវីឌបានអង្វរព្រះពិតថា៖ «ខ្ញុំបានធ្វើខុសធ្ងន់ណាស់+ ដែលបានធ្វើដូចនេះ។ សូមលោកមេត្តាអភ័យទោសឲ្យខ្ញុំជាអ្នកបម្រើរបស់លោកផង+ ព្រោះខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ»។+ ៩ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់កាដ។+ គាត់ជាអ្នកដែលទទួលការបើកបង្ហាញពីព្រះដើម្បីជួយណែនាំដាវីឌ។ លោកបានប្រាប់កាដថា៖ ១០ «ចូរទៅប្រាប់ដាវីឌថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំឲ្យជម្រើសបីដល់អ្នក។ ចូររើសយកជម្រើសមួយដែលអ្នកចង់ឲ្យខ្ញុំធ្វើទៅលើអ្នកចុះ»›»។ ១១ ដូច្នេះ កាដបានចូលទៅជួបដាវីឌហើយប្រាប់ថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ចូរជ្រើសរើសចុះ! ១២ តើអ្នកចង់ឲ្យស្រុកមានការអត់ឃ្លានអស់រយៈពេលបីឆ្នាំ+ឬចង់ឲ្យសត្រូវបំផ្លាញបីខែ?+ ឬមួយក៏តើអ្នកចង់ឲ្យព្រះយេហូវ៉ាវាយប្រហារដោយរោគរាតត្បាត+ អស់រយៈពេលបីថ្ងៃពេញស្រុកអ៊ីស្រាអែលដោយទេវតារបស់ព្រះយេហូវ៉ា?›។+ សូមលោកប្រាប់ជម្រើសមួយមក ដើម្បីខ្ញុំអាចជម្រាបព្រះដែលបានចាត់ខ្ញុំឲ្យមក»។ ១៣ ដូច្នេះ ដាវីឌនិយាយទៅកាន់កាដថា៖ «នេះពិបាកណាស់សម្រាប់ខ្ញុំ។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់ព្រះយេហូវ៉ាចុះ ព្រោះសេចក្ដីមេត្តាករុណារបស់លោកគឺធំធេងណាស់+ តែសូមកុំឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់មនុស្សឡើយ»។+
១៤ បន្ទាប់មក ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានរោគរាតត្បាត+ពេញស្រុកអ៊ីស្រាអែល។ ហេតុនេះ ជនជាតិអ៊ីស្រាអែលចំនួន៧០.០០០នាក់បានស្លាប់។+ ១៥ បន្ថែមទៅទៀត ព្រះពិតបានចាត់ទេវតាមួយរូបឲ្យទៅបំផ្លាញបណ្ដាជនក្នុងក្រុងយេរូសាឡិម។ ប៉ុន្តែ ពេលដែលទេវតានោះហៀបនឹងបំផ្លាញពួកគេចោល ព្រះយេហូវ៉ាក៏មានចិត្តអាណិតអាសូរចំពោះរាស្ត្រលោក។+ លោកបានមានប្រសាសន៍ទៅទេវតានោះថា៖ «ប៉ុណ្ណឹងបានហើយ!+ ឈប់ប្រហារទៅ!»។ នៅពេលនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងឈរនៅទីលានបញ្ជាន់ស្រូវរបស់អូណាន+ជាជនជាតិយេប៊ូស។+
១៦ ពេលដាវីឌងើបមុខឡើង គាត់បានឃើញទេវតារបស់ព្រះយេហូវ៉ាឈរនៅចន្លោះមេឃនិងផែនដី ដោយកាន់ដាវ+តម្រង់ទៅក្រុងយេរូសាឡិម។ ភ្លាមនោះ ទាំងដាវីឌទាំងពួកបុរសចាស់ទុំដែលបានស្លៀកបាវ+ ក៏ផ្ដួលខ្លួនក្រាបមុខដល់ដី។+ ១៧ រួចមក ដាវីឌនិយាយទៅកាន់ព្រះពិតថា៖ «គឺខ្ញុំទេ ជាអ្នកចាត់គេឲ្យធ្វើជំរឿនបណ្ដាជន។ គឺជាខ្ញុំដែលបានប្រព្រឹត្តអំពើខុសឆ្គង។ គឺខ្ញុំទេដែលជាអ្នកធ្វើខុស+ ចំណែកចៀមទាំងនេះដែលជារាស្ត្ររបស់លោក ពួកគេមិនបានធ្វើអ្វីខុសទេ។ ឱព្រះយេហូវ៉ាអើយ! សូមលោកដាក់ទោសខ្ញុំ និងពូជពង្សរបស់ខ្ញុំចុះ។ ប៉ុន្តែសូមកុំឲ្យរាស្ត្ររបស់លោកជួបអន្តរាយឡើយ»។+
១៨ រួចមក ទេវតារបស់ព្រះយេហូវ៉ាបានបង្គាប់កាដ+ឲ្យប្រាប់ដាវីឌ ឲ្យទៅដំឡើងទីបូជាមួយជូនព្រះយេហូវ៉ានៅទីលានបញ្ជាន់ស្រូវរបស់អូណានជាជនជាតិយេប៊ូស។+ ១៩ ដូច្នេះ ដាវីឌបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់ដល់កាដ។ ២០ នៅដំណាលគ្នានោះ អូណានកំពុងបញ្ជាន់ស្រូវ* ហើយគាត់ក៏បែរទៅឃើញទេវតារបស់ព្រះ។ ឯកូនទាំងបួននាក់របស់គាត់វិញ ពួកគេបានរត់ទៅពួន។ ២១ ពេលនោះ ដាវីឌបានធ្វើដំណើរទៅជួបអូណាន។ ពេលអូណានក្រឡេកឃើញដាវីឌ គាត់ក៏ប្រញាប់ចេញទៅក្រាបគោរពដាវីឌ។ ២២ ដាវីឌនិយាយទៅកាន់អូណានថា៖ «សូមលក់ទីលានបញ្ជាន់ស្រូវរបស់អ្នកឲ្យខ្ញុំ ដើម្បីខ្ញុំអាចសង់ទីបូជាមួយជូនព្រះយេហូវ៉ានៅទីនេះ និងដើម្បីបញ្ឈប់សេចក្ដីវេទនាដែលបណ្ដាជនកំពុងមាន។ ខ្ញុំនឹងបង់ឲ្យអ្នកពេញតម្លៃ»។+ ២៣ ប៉ុន្តែ អូណាននិយាយទៅកាន់ដាវីឌថា៖ «សូមស្ដេចជាម្ចាស់យកទីលាននេះទៅ ហើយធ្វើតាមបំណងចិត្តលោកចុះ។ ខ្ញុំនឹងជូនគោសម្រាប់គ្រឿងបូជាដុត ក្ដារបញ្ជាន់ស្រូវ+សម្រាប់ធ្វើជាអុស និងស្រូវសម្រាប់ជាគ្រឿងបូជា។ របស់ទាំងអស់នេះ ខ្ញុំសូមជូនលោក»។
២៤ ប៉ុន្តែ ស្ដេចដាវីឌបានបដិសេធថា៖ «ទេ! ខ្ញុំនឹងបង់ប្រាក់ពេញតម្លៃ ព្រោះខ្ញុំមិនអាចយកអ្វីៗដែលជារបស់អ្នក ទៅជូនជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ដោយមិនបង់ប្រាក់ឡើយ»។+ ២៥ ដូច្នេះ ដាវីឌក៏ប្រគល់មាសចំនួន៦០០ហ្សេគិល*ឲ្យដល់អូណានសម្រាប់ទីលាននោះ។ ២៦ បន្ទាប់មក ដាវីឌបានសង់ទីបូជាមួយ+នៅទីនោះ ហើយបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា។ ដាវីឌក៏បានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយលោកបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់ ដោយធ្វើឲ្យភ្លើង+ធ្លាក់ពីលើមេឃមកបញ្ឆេះគ្រឿងបូជាដុតនៅលើទីបូជានោះទៅ។ ២៧ រួចមក ព្រះយេហូវ៉ាបានបង្គាប់ទេវតា+របស់លោកឲ្យស៊កដាវទៅក្នុងស្រោមវិញ។ ២៨ កាលដាវីឌបានឃើញថាព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់ នៅទីលានបញ្ជាន់ស្រូវរបស់អូណានជាជនជាតិយេប៊ូស នោះគាត់ក៏ជូនគ្រឿងបូជានៅទីនោះនៅពេលក្រោយៗទៀត។ ២៩ នៅគ្រានោះ ត្រសាលរបស់ព្រះយេហូវ៉ាដែលម៉ូសេបានធ្វើកាលនៅតំបន់ស្ងាត់ជ្រងំ និងទីបូជាសម្រាប់គ្រឿងបូជាដុត ស្ថិតនៅលើទីខ្ពស់ពិសិដ្ឋនៅឯគីបៀន។+ ៣០ ប៉ុន្តែ ដាវីឌមិនបានទៅទីនោះដើម្បីសុំការណែនាំពីព្រះទេ ព្រោះគាត់ខ្លាចដាវរបស់ទេវតានៃព្រះយេហូវ៉ា។