ដំណើរចាកចេញ
១៣ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថែមទៀតថា៖ ២ «ចូរញែកកូនប្រុសច្បងរបស់ជនជាតិអ៊ីស្រាអែលជាបរិសុទ្ធទុកសម្រាប់ខ្ញុំ គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ សុទ្ធតែជារបស់ខ្ញុំ»។+
៣ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់បណ្ដាជនថា៖ «សូមចងចាំថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីប។+ អ្នករាល់គ្នាបានរួចផុតពីភាពជាខ្ញុំបម្រើ ដោយព្រោះតែឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា។+ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគអ្វីដែលមានដំបែឡើយ។ ៤ គឺនៅថ្ងៃនេះឯង ក្នុងខែអាប៊ីប* ដែលអ្នករាល់គ្នាបានចាកចេញពីស្រុកអេហ្ស៊ីប។+ ៥ ក្រោយមក ព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាចូលក្នុងស្រុកដែលលោកបានសន្យានឹងបុព្វបុរសរបស់អ្នករាល់គ្នា+ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស។+ ពេលអ្នករាល់គ្នានៅទីនោះ អ្នករាល់គ្នាត្រូវបន្តធ្វើពិធីនេះនៅក្នុងខែនេះ។ ៦ អស់រយៈពេល៧ថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ។+ នៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យជូនព្រះយេហូវ៉ា។ ៧ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែអស់រយៈពេល៧ថ្ងៃ+ ហើយមិនត្រូវមានអ្វីដែលមានដំបែ+ និងម្សៅដែលលាយដំបែក្នុងទឹកដីរបស់អ្នករាល់គ្នាឡើយ។ ៨ នៅថ្ងៃនោះ ត្រូវប្រាប់កូនចៅអ្នករាល់គ្នាថា៖ ‹យើងធ្វើដូច្នេះដើម្បីរំលឹកនូវអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង ក្នុងកាលដែលយើងចេញពីស្រុកអេហ្ស៊ីប›។+ ៩ នេះនឹងបានជាសញ្ញាសម្គាល់នៅលើដៃអ្នករាល់គ្នា ហើយជាសេចក្ដីរំលឹកនៅលើថ្ងាសអ្នករាល់គ្នា+ ដើម្បីឲ្យច្បាប់របស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ព្រោះព្រះយេហូវ៉ាបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ ១០ ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ ហើយជារៀងរាល់ឆ្នាំអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅថ្ងៃកំណត់។+
១១ «ពេលព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលក្នុងស្រុករបស់ជនជាតិកាណាន ជាស្រុកដែលលោកបានស្បថនឹងអ្នករាល់គ្នា ព្រមទាំងស្បថនឹងបុព្វបុរសអ្នករាល់គ្នាថាប្រគល់ឲ្យអ្នករាល់គ្នា+ ១២ នោះអ្នករាល់គ្នាត្រូវជូនកូនប្រុសច្បងដល់ព្រះយេហូវ៉ា ព្រមទាំងកូនដំបូងពីហ្វូងសត្វរបស់អ្នករាល់គ្នាដែរ។ ដូច្នេះ ទាំងកូនប្រុសច្បង ទាំងកូនសត្វឈ្មោលដំបូង សុទ្ធតែជារបស់ព្រះយេហូវ៉ា។+ ១៣ ចំណែកកូនដំបូងរបស់សត្វលាវិញ អ្នករាល់គ្នាត្រូវលោះដោយសត្វចៀមមួយក្បាល។ ប៉ុន្តែ បើអ្នករាល់គ្នាមិនលោះទេ អ្នករាល់គ្នាត្រូវបំបាក់កសត្វលានោះទៅ។ អ្នករាល់គ្នាត្រូវលោះកូនប្រុសច្បងទាំងអស់។+
១៤ «ក្រោយមក បើកូនចៅអ្នករាល់គ្នាសួរថា៖ ‹តើការនោះមានន័យដូចម្ដេច?›។ អ្នករាល់គ្នាត្រូវឆ្លើយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកអេហ្ស៊ីប ពីភាពជាខ្ញុំបម្រើ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+ ១៥ ពេលផារ៉ូតាំងចិត្តរឹងទទឹងមិនឲ្យយើងចេញមក+ នោះព្រះយេហូវ៉ាបានសម្លាប់កូនច្បងទាំងអស់នៅក្នុងស្រុកអេហ្ស៊ីប គឺចាប់ពីកូនច្បងរបស់មនុស្សរហូតដល់កូនដំបូងរបស់សត្វ។+ ហេតុនេះហើយបានជាយើងត្រូវជូនកូនសត្វឈ្មោលដំបូងជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ហើយយើងត្រូវលោះកូនប្រុសច្បងទាំងអស់របស់យើង›។ ១៦ នេះនឹងបានជាសញ្ញាសម្គាល់នៅលើដៃអ្នករាល់គ្នា ហើយជាសេចក្ដីរំលឹកនៅលើថ្ងាសអ្នករាល់គ្នា+ ព្រោះព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក»។
១៧ ពេលផារ៉ូបណ្ដេញបណ្ដាជនចេញទៅ ព្រះមិនបាននាំពួកគេទៅតាមផ្លូវកាត់តាមស្រុកភីលីស្ទីនទេ ទោះជាទៅតាមផ្លូវនោះជិតជាងក៏ដោយ។ ពីព្រោះព្រះបានមានប្រសាសន៍ថា៖ «ក្រែងលោបណ្ដាជនប្ដូរគំនិតពេលជួបនឹងសង្គ្រាម ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ»។ ១៨ ដូច្នេះ ព្រះបានធ្វើឲ្យបណ្ដាជនដើរវាងតាមផ្លូវទៅតំបន់ស្ងាត់ជ្រងំក្បែរសមុទ្រក្រហម។+ កាលជនជាតិអ៊ីស្រាអែលធ្វើដំណើរចេញពីស្រុកអេហ្ស៊ីបនោះ ពួកគេធ្វើដំណើរជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពដ៏ធំ។ ១៩ ម៉ូសេក៏បានយកឆ្អឹងយ៉ូសែបទៅជាមួយដែរ ព្រោះយ៉ូសែបបានឲ្យកូនចៅអ៊ីស្រាអែលស្បថនឹងគាត់ ហើយគាត់បានផ្ដាំពួកគេថា៖ «ពេលព្រះជួយបងប្អូនចេញពីស្រុកនេះ សូមបងប្អូនយកឆ្អឹងខ្ញុំទៅជាមួយផង»។+ ២០ ពួកគេបានធ្វើដំណើរចេញពីតំបន់សិកូត ហើយបោះជំរំនៅអេថាម ដែលស្ថិតនៅជាយតំបន់ស្ងាត់ជ្រងំ។
២១ គ្រានោះ ព្រះយេហូវ៉ាបាននាំផ្លូវពួកគេដោយបង្គោលពពកនៅពេលថ្ងៃ+ និងដោយបង្គោលភ្លើងនៅពេលយប់ ដើម្បីពួកគេអាចធ្វើដំណើរទាំងយប់ទាំងថ្ងៃ។+ ២២ បង្គោលពពកនឹងមិនថយចេញពីបណ្ដាជននៅពេលថ្ងៃទេ ហើយបង្គោលភ្លើងក៏មិនថយចេញពីពួកគេនៅពេលយប់ដែរ។+