ដំណើរចាកចេញ
១៧ ក្រោយមក បណ្ដាជនអ៊ីស្រាអែលបានចាកចេញពីតំបន់ស្ងាត់ជ្រងំស៊ីន។+ ពួកគេធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយតាមបង្គាប់ព្រះយេហូវ៉ា+ ហើយបានបោះជំរំនៅឯរេផិឌីម។+ ប៉ុន្តែ នៅទីនោះបណ្ដាជនគ្មានទឹកផឹកទេ។
២ ម្ល៉ោះហើយ បណ្ដាជនចាប់ផ្ដើមរករឿងម៉ូសេ+ដោយនិយាយថា៖ «យើងត្រូវការទឹកផឹក»។ ប៉ុន្តែ ម៉ូសេបានឆ្លើយថា៖ «ម្ដេចក៏អ្នករាល់គ្នារករឿងខ្ញុំ? ហេតុអ្វីអ្នករាល់គ្នាចេះតែល្បងលព្រះយេហូវ៉ាដូច្នេះ?»។+ ៣ ប៉ុន្តែ ដោយសារបណ្ដាជនស្រេកទឹកជាខ្លាំង ពួកគេក៏បានរអ៊ូរទាំទាស់នឹងម៉ូសេថែមទៀត+ថា៖ «ហេតុអ្វីអ្នកនាំយើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វយើងចេញពីស្រុកអេហ្ស៊ីប ឲ្យមកស្លាប់ដោយអត់ទឹកបែបនេះ?»។ ៤ ទីបំផុត ម៉ូសេបន្លឺសំឡេងទៅព្រះយេហូវ៉ាថា៖ «តើខ្ញុំគួរធ្វើយ៉ាងណានឹងបណ្ដាជននេះ? បន្តិចទៀត ពួកគេមុខជាគប់ដុំថ្មសម្លាប់ខ្ញុំហើយ!»។
៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរទៅមុនបណ្ដាជនអ៊ីស្រាអែល ដោយនាំបុរសចាស់ទុំខ្លះទៅជាមួយ ហើយអ្នកត្រូវកាន់ដំបងដែលអ្នកវាយទឹកទន្លេនីល+ទៅជាមួយដែរ។ ៦ មើល! ខ្ញុំនឹងឈរនៅមុខអ្នកលើថ្មភ្នំហូរែប។ អ្នកត្រូវវាយថ្មនោះ រួចទឹកនឹងចេញមក ដើម្បីឲ្យបណ្ដាជនផឹក»។+ ម៉ូសេក៏ធ្វើដូច្នោះនៅខាងមុខពួកបុរសចាស់ទុំអ៊ីស្រាអែល។ ៧ ដូច្នេះ ម៉ូសេបានដាក់ឈ្មោះកន្លែងនោះថាម៉ាសារ*+និងមេរីបា*+ ព្រោះបណ្ដាជនអ៊ីស្រាអែលបានរករឿងគាត់នៅទីនោះ ហើយបានល្បងលព្រះយេហូវ៉ា+ដោយនិយាយថា៖ «តើព្រះយេហូវ៉ានៅក្នុងចំណោមពួកយើងមែនឬមិនមែន?»។
៨ ក្រោយមក ជនជាតិអាម៉ាលេក+បានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលនៅឯរេផិឌីម។+ ៩ ពេលនោះ ម៉ូសេបាននិយាយទៅយ៉ូស្វេថា៖+ «ចូរជ្រើសរើសពួកបុរសខ្លះ ហើយចេញទៅច្បាំងនឹងជនជាតិអាម៉ាលេកចុះ។ នៅថ្ងៃស្អែក ខ្ញុំនឹងឡើងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះពិត»។ ១០ ស្ដាប់រួច យ៉ូស្វេបានធ្វើតាមបង្គាប់ម៉ូសេ+ ហើយចេញទៅច្បាំងនឹងជនជាតិអាម៉ាលេក។ ឯម៉ូសេ អេរ៉ុន និងហឺរ+វិញ ពួកគាត់បានឡើងទៅកំពូលភ្នំ។
១១ ពេលម៉ូសេលើកដៃឡើង ខាងជនជាតិអ៊ីស្រាអែលមានប្រៀបជាង តែពេលម៉ូសេដាក់ដៃចុះ ខាងជនជាតិអាម៉ាលេកមានប្រៀបវិញ។ ១២ ពេលម៉ូសេរួយដៃ អេរ៉ុននិងហឺរបានយកថ្មមួយដាក់ឲ្យម៉ូសេអង្គុយ។ រួចមក ពួកគាត់ទាំងពីរនាក់ជួយទ្រដៃម៉ូសេម្ខាងម្នាក់ ដើម្បីឲ្យដៃម៉ូសេនៅនឹង រហូតដល់ថ្ងៃលិច។ ១៣ ម្ល៉ោះហើយ យ៉ូស្វេបានវាយឈ្នះអាម៉ាលេកនិងទ័ពរបស់គាត់។+
១៤ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរកត់ត្រាពាក្យនេះក្នុងសៀវភៅទុកជាសេចក្ដីរំលឹក គឺថា៖ ‹ខ្ញុំនឹងបំផ្លាញពួកអាម៉ាលេកឲ្យសាបសូន្យទៅ ហើយគ្មានអ្នកណាចងចាំពីពួកគេទៀតឡើយ› ហើយអ្នកក៏ត្រូវប្រាប់ពាក្យទាំងនេះដល់យ៉ូស្វេដែរ»។+ ១៥ បន្ទាប់មក ម៉ូសេបានសង់ទីបូជាមួយ ហើយបានដាក់ឈ្មោះថាយេហូវ៉ានីសាយ។* ១៦ ព្រោះម៉ូសេបាននិយាយថា៖ «ដោយសារពួកអាម៉ាលេកបានលើកដៃប្រឆាំងនឹងការគ្រប់គ្រងរបស់យ៉ា+ នោះព្រះយេហូវ៉ានឹងធ្វើសង្គ្រាមទាស់នឹងពួកគេពីជំនាន់មួយទៅជំនាន់មួយ»។+