ដំណើរចាកចេញ
៣៧ បន្ទាប់មក បេសាលែល+ធ្វើហឹប+មួយពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ*កន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។+ ២ គាត់ស្រោបហឹបនោះដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើក្បាច់នៅលើគែមជុំវិញមាត់ហឹបពីមាសដែរ។+ ៣ ឯនៅលើជើងហឹបវិញ គាត់ធ្វើកងមាសបួន គឺម្ខាងពីរៗ។ ៤ រួចគាត់ធ្វើដងពីរ ពីឈើអាកាស្យា ហើយស្រោបដងនោះដោយមាស។+ ៥ រួចមក គាត់ស៊កដងឈើនោះទៅក្នុងកងមាសដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះ។+
៦ គាត់ធ្វើគម្របហឹបនោះពីមាសសុទ្ធ+ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។+ ៧ បន្ទាប់មក គាត់ដំមាសធ្វើជារូបចេរូប៊ីនពីរ+ រួចដាក់នៅលើចុងសងខាងគម្របហឹប+ ៨ គឺចេរូប៊ីនមួយនៅចុងម្ខាង ហើយចេរូប៊ីនមួយនៅចុងម្ខាងទៀត។ ៩ រួចគាត់ដាក់ចេរូប៊ីនទាំងពីរប្រទល់មុខគ្នា។ ចេរូប៊ីនទាំងពីរនោះឱនមុខទៅលើហឹប+ ព្រមទាំងត្រដាងស្លាបឡើងលើចោលស្រមោលលើគម្របហឹប។+
១០ បន្ទាប់ពីនោះ គាត់ធ្វើតុពីឈើអាកាស្យា+ ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។+ ១១ រួចគាត់ស្រោបតុនោះដោយមាសសុទ្ធ ហើយធ្វើក្បាច់នៅគែមជុំវិញពីមាសដែរ។ ១២ គាត់ដាក់រឹមដែលមានកម្ពស់មួយទះ*នៅជុំវិញគែមតុ ហើយធ្វើក្បាច់ពីមាសនៅលើរឹមនោះ។ ១៣ គាត់ធ្វើកងមាសបួនដាក់នៅជ្រុងនីមួយៗភ្ជាប់នឹងជើងតុ។ ១៤ កងមាសទាំងនោះនៅផ្នែកខាងលើនៃជើងតុជាប់នឹងរឹម សម្រាប់ទុកស៊កឈើស្នែងដើម្បីសែងតុ។ ១៥ បន្ទាប់មក គាត់យកឈើអាកាស្យាធ្វើដងឈើស្នែងនោះ ហើយស្រោបមាសពីលើវា។ ១៦ រួចគាត់យកមាសសុទ្ធធ្វើប្រដាប់ប្រដាផ្សេងៗដាក់លើតុ គឺចាន ពែង និងចានគោម ព្រមទាំងថូសម្រាប់ប្រើប្រាស់ពេលជូនគ្រឿងបូជាជាស្រា។+
១៧ ក្រោយនោះ គាត់យកមាសសុទ្ធមួយដុំមកដំធ្វើជាជើងចង្កៀង។+ ជើងចង្កៀងនោះមានតួ និងមានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក។ គាត់មិនបានធ្វើផ្នែកនីមួយៗដោយឡែកពីគ្នាទេ។+ ១៨ ជើងចង្កៀងនោះមានមែក៦ គឺម្ខាងមានមែក៣ ហើយម្ខាងទៀតក៏មានមែក៣ដែរ។ ១៩ មែកទាំង៦ដែលបែកចេញពីតួចង្កៀង មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ក្បាច់ទាំងបីនោះឆ្លាស់គ្នា។ ក្នុងមួយមែកៗមានក្បាច់ផ្ការីកបី ហើយក្បាច់នោះមានរាងដូចផ្កាអល់ម៉ុន។ ២០ ឯនៅលើតួចង្កៀងវិញ មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ឆ្លាស់គ្នាបួនដង។ ក្បាច់ផ្ការីកនេះក៏មានរាងដូចផ្កាអល់ម៉ុនដែរ។ ២១ ក្រោមមែកទាំង៦ដែលបែកចេញពីតួចង្កៀងមានផ្កាក្ដោប គឺក្រោមមែកមួយគូមានផ្កាក្ដោបមួយ ក្រោមមែកមួយគូទៀតមានផ្កាក្ដោបមួយ ហើយក្រោមមែកមួយគូចុងក្រោយក៏មានផ្កាក្ដោបមួយដែរ។ ២២ ជើងចង្កៀងទាំងមូល មែក និងផ្កាក្ដោប បានត្រូវធ្វើពីមាសសុទ្ធមួយដុំ។ ២៣ គាត់ធ្វើចង្កៀង៧+ ប្រដាប់ពន្លត់ប្រឆេះ និងប្រដាប់ដាក់រងើកភ្លើង ពីមាសសុទ្ធទាំងអស់។ ២៤ គាត់យកមាសសុទ្ធមួយថាលិន*មកធ្វើជើងចង្កៀងនិងប្រដាប់ប្រដាទាំងនេះ។
២៥ រួចមក គាត់ធ្វើទីបូជាមួយពីឈើអាកាស្យាសម្រាប់ដុតគ្រឿងក្រអូប។+ ទីបូជានោះមានរាងបួនជ្រុង ដែលមានបណ្ដោយមួយហត្ថ ទទឹងមួយហត្ថ និងកម្ពស់ពីរហត្ថ ហើយមានស្នែងជាប់ជាមួយដែរ។+ ២៦ គាត់ស្រោបទីបូជានោះដោយមាសសុទ្ធ គឺនៅផ្ទៃខាងលើ ផ្ទៃជុំវិញ និងលើស្នែង។ រួចគាត់ធ្វើក្បាច់ពីមាសនៅជុំវិញគែមខាងលើ។ ២៧ គាត់ក៏ធ្វើកងមាសភ្ជាប់នៅខាងក្រោមគែមនោះ គឺម្ខាងពីរៗ។ កងទាំងនោះគឺសម្រាប់ស៊កដងស្នែងទីបូជានោះ។ ២៨ គាត់ធ្វើដងនោះពីឈើអាកាស្យា ហើយស្រោបដោយមាស។ ២៩ បន្ទាប់មក គាត់លាយធ្វើប្រេងបរិសុទ្ធសម្រាប់ចាក់តែងតាំង+ និងគ្រឿងក្រអូបវិសុទ្ធ+ តាមវិធីនៃអ្នកផ្សំគ្រឿងក្រអូប។