ដំណើរចាកចេញ
៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «មើល! ខ្ញុំបានធ្វើឲ្យអ្នកប្រៀបដូចជាព្រះនៅចំពោះមុខផារ៉ូ។ ឯអេរ៉ុនបងរបស់អ្នក គាត់នឹងក្លាយទៅជាអ្នកប្រកាសទំនាយរបស់អ្នក។+ ២ អ្នកត្រូវប្រាប់អេរ៉ុនអំពីអ្វីៗទាំងអស់ដែលខ្ញុំបង្គាប់អ្នក ហើយគាត់នឹងនិយាយទៅកាន់ផារ៉ូ រួចផារ៉ូនឹងអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប។ ៣ ចំណែកខ្ញុំវិញ ខ្ញុំនឹងឲ្យផារ៉ូមានចិត្តរឹងទទឹង+ ហើយខ្ញុំនឹងធ្វើសញ្ញាសម្គាល់និងការអស្ចារ្យជាច្រើនក្នុងស្រុកអេហ្ស៊ីប។+ ៤ ប៉ុន្តែ ផារ៉ូនឹងមិនស្ដាប់អ្នកទេ។ ខ្ញុំនឹងវាយប្រហារស្រុកអេហ្ស៊ីប ហើយដាក់ទោសជនជាតិអេហ្ស៊ីបយ៉ាងធ្ងន់ រួចនាំជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំចេញពីទីនោះមក ជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពយ៉ាងធំ។+ ៥ ពេលពួកអេហ្ស៊ីបឃើញថាខ្ញុំលើកដៃវាយប្រហារស្រុកអេហ្ស៊ីប ហើយនាំជនជាតិអ៊ីស្រាអែលចេញពីទីនោះ ពួកគេនឹងដឹងច្បាស់ថាខ្ញុំនេះហើយគឺយេហូវ៉ា»។+ ៦ បន្ទាប់មក ម៉ូសេនិងអេរ៉ុនបានធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា។ ៧ ពេលម៉ូសេនិងអេរ៉ុនចូលទៅជួបផារ៉ូ ម៉ូសេមានអាយុ៨០ឆ្នាំ ហើយអេរ៉ុនមានអាយុ៨៣ឆ្នាំ។+
៨ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ៩ «បើផារ៉ូទាមទារថា៖ ‹ចូរធ្វើការអស្ចារ្យមក› ចូរប្រាប់អេរ៉ុនថា៖ ‹ចូរយកដំបងនៅដៃអ្នក បោះនៅមុខផារ៉ូទៅ›។ ដំបងនោះនឹងក្លាយទៅជាសត្វពស់ធំមួយ»។+ ១០ ដូច្នេះ ម៉ូសេនិងអេរ៉ុនបានចូលទៅជួបផារ៉ូ ហើយធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។ អេរ៉ុនបានបោះដំបងនៅមុខផារ៉ូនិងពួកអ្នកបម្រើរបស់គាត់ រួចដំបងនោះបានក្លាយទៅជាសត្វពស់ធំមួយ។ ១១ ប៉ុន្តែ ផារ៉ូបានកោះហៅពួកអ្នកប្រាជ្ញ គ្រូធ្មប់ និងពួកសង្ឃដែលចេះវេទមន្តឲ្យមក។+ ពួកគេបានប្រើវេទមន្តធ្វើដូច្នោះដែរ។+ ១២ ពួកគេម្នាក់ៗបានបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះបានក្លាយទៅជាសត្វពស់ធំៗ តែពស់*របស់អេរ៉ុនបានលេបពស់របស់ពួកគេទាំងអស់។ ១៣ ទោះជាយ៉ាងនោះក្ដី ផារ៉ូនៅតែមានចិត្តរឹងរូស+ ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
១៤ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ផារ៉ូមានចិត្តរឹងរូសណាស់។+ គាត់មិនព្រមឲ្យរាស្ត្រខ្ញុំចេញទៅទេ។ ១៥ នៅព្រឹកថ្ងៃស្អែក ផារ៉ូនឹងចេញទៅឯមាត់ទន្លេនីល ដូច្នេះចូរទៅឈរចាំជួបគាត់នៅទីនោះ ហើយអ្នកត្រូវយកដំបងទៅជាមួយផង ជាដំបងដែលបានក្លាយជាសត្វពស់។+ ១៦ អ្នកត្រូវប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺបានចាត់ខ្ញុំឲ្យមកជួបអ្នក+ ហើយលោកបានមានប្រសាសន៍ថា៖ «ចូរឲ្យរាស្ត្រខ្ញុំចាកចេញពីស្រុកនេះ ដើម្បីពួកគេអាចគោរពប្រណិប័តន៍*ខ្ញុំនៅតំបន់ស្ងាត់ជ្រងំ»។ ប៉ុន្តែ រហូតមកដល់ពេលនេះ អ្នកមិនព្រមស្ដាប់ទេ។ ១៧ ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នកនឹងដឹងថាខ្ញុំគឺយេហូវ៉ា+ ដោយសារអ្វីដែលខ្ញុំនឹងធ្វើបន្ទាប់នេះ គឺខ្ញុំនឹងវាយទឹកទន្លេនីលនឹងដំបងនៅដៃខ្ញុំ ហើយទឹកនេះនឹងក្លាយទៅជាឈាម។ ១៨ ត្រីក្នុងទន្លេនឹងងាប់អស់ទៅ ហើយទឹកទន្លេនឹងធុំក្លិនស្អុយ។ ដូច្នេះ ជនជាតិអេហ្ស៊ីបនឹងមិនអាចផឹកទឹកពីទន្លេនេះបានឡើយ»›»។
១៩ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរប្រាប់អេរ៉ុនថា៖ ‹សូមលើកដំបងតម្រង់ទៅលើប្រភពទឹកក្នុងស្រុកអេហ្ស៊ីប+ គឺទន្លេ បឹងបួ ព្រែក*+ និងអាងទឹកទាំងឡាយ។ រួចប្រភពទឹកទាំងនោះនឹងក្លាយទៅជាឈាម›។ នេះនឹងកើតឡើងនៅទូទាំងស្រុកអេហ្ស៊ីប សូម្បីតែទឹកក្នុងធុងឈើនិងពាងក៏ក្លាយទៅជាឈាមដែរ»។ ២០ ភ្លាមនោះ ម៉ូសេនិងអេរ៉ុនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា។ អេរ៉ុនបានលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ូនិងពួកអ្នកបម្រើគាត់ ហើយទឹកទន្លេបានក្លាយទៅជាឈាម។+ ២១ ត្រីក្នុងទន្លេបានងាប់អស់ទៅ+ ហើយទឹកទន្លេបានធុំក្លិនស្អុយ។ ដូច្នេះ ជនជាតិអេហ្ស៊ីបមិនអាចផឹកទឹកពីទន្លេនោះបានឡើយ។+ នៅគ្រានោះ មានឈាមពេញក្នុងស្រុកអេហ្ស៊ីប។
២២ ទោះជាយ៉ាងនោះក្ដី ពួកសង្ឃដែលចេះវេទមន្តក៏បានប្រើវេទមន្តធ្វើឲ្យទឹកក្លាយទៅជាឈាមដែរ។+ ហេតុនេះ ផារ៉ូនៅតែមានចិត្តរឹងរូស ហើយមិនស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។+ ២៣ រួចមក ផារ៉ូបានត្រឡប់ទៅវិមានរបស់គាត់វិញ ហើយគាត់មិនបានយកចិត្តទុកដាក់ចំពោះរឿងនោះទេ។ ២៤ នៅពេលនោះ ជនជាតិអេហ្ស៊ីបបាននាំគ្នាជីករកទឹកនៅក្បែរទន្លេនីល ព្រោះពួកគេមិនអាចផឹកទឹកពីទន្លេនោះបានឡើយ។ ២៥ ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេនីលក្លាយទៅជាឈាមអស់រយៈពេល៧ថ្ងៃ។