អេសាយ
២៣ នេះជាសេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស៖+
ឱសំពៅតើស៊ីសអើយ+ ចូរទ្រហោយំទៅ!
ព្រោះកំពង់ផែបានត្រូវបំផ្លាញហើយ អ្នកមិនអាចចូលចតបានទេ។
នៅស្រុកគីទីម+ រឿងនេះបានត្រូវបើកបង្ហាញឲ្យដឹង។
២ ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ! ចូរស្ងៀមទៅ។
ពួកឈ្មួញពីក្រុងស៊ីដូន+បានឆ្លងសមុទ្រ មកធ្វើឲ្យអ្នករាល់គ្នាសម្បូរសប្បាយហើយ។
៣ ស្រូវពីស៊ីហូ*+បានត្រូវនាំចេញទៅតាមផ្លូវទឹកជាច្រើន
ភោគផលពីទន្លេនីលជាប្រាក់ចំណូលរបស់ក្រុងទីរ៉ុស
៤ ឱស្រុកស៊ីដូន ជាទីបង្អែកនៃសមុទ្រអើយ ចូរអាម៉ាស់មុខចុះ!
ព្រោះសមុទ្របាននិយាយថា៖
«ខ្ញុំមិនបានឈឺពោះសម្រាលកូន ហើយក៏មិនបានបង្កើតកូនដែរ។
ខ្ញុំមិនបានបីបាច់ថែរក្សាកូនប្រុស ហើយក៏មិនបានចិញ្ចឹមអប់រំកូនស្រីដែរ»។+
៥ ពេលគេឮដំណឹងអំពីស្រុកអេហ្ស៊ីប គេកើតទុក្ខយ៉ាងណា+
នោះបណ្ដាជនក៏កើតទុក្ខយ៉ាងនោះដែរ ពេលពួកគេឮដំណឹងអំពីក្រុងទីរ៉ុស។+
៦ ចូរឆ្លងទៅតើស៊ីសចុះ!
ឱពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំទៅ!
៧ តើក្រុងនេះឬដែលធ្លាប់មានភាពគគ្រឹកគគ្រេងតាំងពីសម័យមុននោះ?
ពួកអ្នកក្រុងនេះហើយដែលធ្លាប់ធ្វើដំណើរទៅរស់នៅកន្លែងឆ្ងាយៗ មែនទេ?
៨ តើអ្នកណាបានសម្រេចចិត្តធ្វើដូច្នេះទាស់នឹងក្រុងទីរ៉ុស
ជាក្រុងដែលធ្លាប់បំពាក់មកុដឲ្យគេ
និងមានពួកឈ្មួញដែលសុទ្ធតែជាអ្នកគ្រប់គ្រង
និងពួកពាណិជ្ជករដែលសុទ្ធតែបានទទួលកិត្តិយសពីមនុស្សទាំងអស់នៅផែនដី?+
៩ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានសម្រេចចិត្តធ្វើដូច្នេះ
ដើម្បីបំបាក់អំណួតនិងបង្អាប់កិត្តិយសរបស់ក្រុងនោះ
ដើម្បីធ្វើឲ្យពួកអ្នកដែលទទួលកិត្តិយសនៅផែនដីអាម៉ាស់មុខវិញ។+
១០ ឱអ្នកតើស៊ីសអើយ ចូរឆ្លងកាត់ស្រុករបស់អ្នកដូចទន្លេនីលទៅ
ព្រោះលែងមានកំពង់ផែទៀតហើយ។+
១១ ព្រះយេហូវ៉ាបានលើកដៃទៅលើសមុទ្រ
លោកបានអង្រួនរាជាណាចក្រនានា។
លោកបានបង្គាប់ឲ្យបំផ្លាញទីបង្អែករបស់ស្រុកភេនីស៊ី។+
១២ លោកមានប្រសាសន៍ថា៖ «អ្នកនឹងលែងត្រេកអរទៀតហើយ+
ឱពួកអ្នកក្រុងស៊ីដូន* ជាពួកអ្នកដែលត្រូវគេសង្កត់សង្កិនអើយ!
ចូរក្រោកឡើង ហើយឆ្លងទៅស្រុកគីទីមទៅ+
តែអ្នកនឹងមិនបានសម្រាកនៅទីនោះឡើយ»។
១៣ មើល! ស្រុករបស់ពួកខាល់ដេ!+
គឺជាពួកខាល់ដេ មិនមែនពួកអាស៊ីរីទេ+
ដែលបានធ្វើឲ្យក្រុងនេះទៅជាកន្លែងសម្រាប់សត្វព្រៃ។
ពួកខាល់ដេបានដំឡើងគ្រឿងសឹក*ដើម្បីឡោមព័ទ្ធ
ពួកគេបានបំផ្លាញប៉មរឹងមាំទាំងប៉ុន្មានរបស់ក្រុងនេះ+
ហើយវាយកម្ទេចក្រុងនោះទៅ។
១៤ ឱសំពៅតើស៊ីសអើយ ចូរទ្រហោយំទៅ
ព្រោះទីបង្អែករបស់អ្នក បានត្រូវបំផ្លាញចោលហើយ។+
១៥ នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេបំភ្លេចចោលអស់រយៈពេល៧០ឆ្នាំ+ ដូចអាយុកាលរបស់ស្ដេចមួយរូប។ លុះផុត៧០ឆ្នាំហើយ នោះនឹងមានហេតុការណ៍កើតឡើងដល់ក្រុងទីរ៉ុសដូចក្នុងចម្រៀងរបស់ស្រីពេស្យា ដែលរៀបរាប់ដូចតទៅ៖
១៦ «ឱស្រីពេស្យាដែលគេបំភ្លេចចោលអើយ
ចូរយកពិណហើយដើរជុំវិញក្រុងទៅ។
ចូរលេងពិណយ៉ាងពីរោះ ហើយច្រៀងចម្រៀងជាច្រើនចុះ
ដើម្បីឲ្យគេនឹកឃើញអ្នកឡើងវិញ»។
១៧ លុះផុត៧០ឆ្នាំហើយ ព្រះយេហូវ៉ានឹងនឹកឃើញក្រុងទីរ៉ុស។ ក្រុងនោះនឹងចាប់ផ្ដើមទទួលកម្រៃម្ដងទៀត ហើយប្រព្រឹត្តដូចជាស្រីពេស្យាជាមួយនឹងរាជាណាចក្រទាំងឡាយនៅផែនដី។ ១៨ ប៉ុន្តែ ប្រាក់ចំណូលនិងប្រាក់ចំណេញរបស់ក្រុងនោះ នឹងត្រូវញែកជាបរិសុទ្ធជូនព្រះយេហូវ៉ា។ ប្រាក់ទាំងនោះនឹងគ្មាននរណាប្រមូលទុកឡើយ ព្រោះនឹងត្រូវទុកសម្រាប់រាស្ត្ររបស់ព្រះយេហូវ៉ា ដើម្បីឲ្យពួកគេអាចមានអាហារបរិភោគឆ្អែតស្កប់ស្កល់ និងមានសម្លៀកបំពាក់ថ្លៃថ្នូរ។+