យេរេមា
៣១ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ ខ្ញុំនឹងទៅជាព្រះរបស់កុលសម្ព័ន្ធទាំងអស់នៃអ៊ីស្រាអែល ហើយពួកគេនឹងធ្វើជារាស្ត្ររបស់ខ្ញុំ»។+
២ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«បណ្ដាជនដែលរួចជីវិតពីដាវ បានទទួលសេចក្ដីមេត្តានៅក្នុងតំបន់ស្ងាត់ជ្រងំ
កាលដែលអ៊ីស្រាអែលធ្វើដំណើរទៅទីសម្រាករបស់គាត់»។
៣ ព្រះយេហូវ៉ាបានលេចមកឲ្យខ្ញុំឃើញពីចម្ងាយ រួចមានប្រសាសន៍ថា៖
«ខ្ញុំស្រឡាញ់អ្នកជារៀងរហូត
ហេតុនេះហើយបានជាខ្ញុំទាញនាំអ្នកមកឯខ្ញុំដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។*+
៤ ខ្ញុំនឹងស្ថាបនាអ្នកឡើងវិញ ហើយអ្នកនឹងត្រូវស្ថាបនាមែន។+
ឱកូនក្រមុំបរិសុទ្ធនៃស្រុកអ៊ីស្រាអែល*អើយ! អ្នករាល់គ្នានឹងយកស្គរដៃមកវាយម្ដងទៀត ហើយរាំលេងដោយសប្បាយ។+
៥ អ្នករាល់គ្នានឹងដាំចម្ការទំពាំងបាយជូរនៅតំបន់ភ្នំសាម៉ារីម្ដងទៀត+
អ្នកណាដែលដាំ អ្នកនោះនឹងបានផ្លែបរិភោគ។+
៦ ព្រោះពេលថ្ងៃនោះមកដល់ ពួកអ្នកចាំយាមនៅតំបន់ភ្នំអេប្រាអ៊ីមនឹងស្រែកឡើងថា៖
‹ចូរយើងក្រោកឡើង ហើយឡើងទៅភ្នំស៊ីយ៉ូន គឺទៅឯព្រះយេហូវ៉ាជាព្រះនៃយើង›»។+
៧ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរស្រែកអបអរដល់កូនចៅយ៉ាកុប។
ចូរស្រែកដោយអំណរ ព្រោះអ្នករាល់គ្នាកំពុងដឹកនាំប្រជាជាតិនានាហើយ។+
ចូរប្រកាសអំពីនោះ ហើយច្រៀងសរសើរថា៖ ‹ឱព្រះយេហូវ៉ាអើយ! សូមសង្គ្រោះពួកអ៊ីស្រាអែលជារាស្ដ្រលោកដែលនៅសេសសល់ផង›។+
៨ ខ្ញុំនឹងនាំពួកគេពីស្រុកនៃភាគខាងជើង ឲ្យត្រឡប់មកវិញ។+
ខ្ញុំនឹងប្រមូលពួកអ្នកដែលខ្ចាត់ខ្ចាយទៅតំបន់ឆ្ងាយបំផុតនៃផែនដីឲ្យមកជួបជុំគ្នាវិញ។+
ក្នុងចំណោមពួកគេ មានអ្នកងងឹតភ្នែកនិងអ្នកពិការជើង+
រួមទាំងស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលសម្រាលកូនដែរ។
ពួកគេនឹងត្រឡប់មកទីនេះវិញជាក្រុមជំនុំដ៏ធំ។+
៩ ពួកគេនឹងត្រឡប់មកវិញទាំងស្រក់ទឹកភ្នែក+
ហើយខ្ញុំនឹងដឹកនាំពួកគេ កាលដែលពួកគេអង្វរសុំសេចក្ដីមេត្តាពីខ្ញុំ។
ខ្ញុំនឹងនាំពួកគេទៅឯផ្លូវទឹក+
និងតាមផ្លូវរាបស្មើដើម្បីកុំឲ្យពួកគេជំពប់ដួល។
ព្រោះខ្ញុំជាបិតាដល់អ៊ីស្រាអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់ខ្ញុំ»។+
១០ ឱប្រជាជាតិទាំងឡាយអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា
ហើយចូរប្រកាសដល់បណ្ដាកោះដែលនៅឆ្ងាយៗថា៖+
«ព្រះដែលបានធ្វើឲ្យអ៊ីស្រាអែលខ្ចាត់ខ្ចាយ លោកនឹងប្រមូលពួកគេឲ្យមកជុំគ្នាវិញ។
លោកនឹងមើលថែពួកគេដូចជាគង្វាលមើលថែហ្វូងចៀម។+
១១ ព្រោះព្រះយេហូវ៉ានឹងលោះយ៉ាកុប+
ហើយរំដោះគាត់ឲ្យរួចផុតពីកណ្ដាប់ដៃបុគ្គលដែលខ្លាំងក្លាជាងគាត់។+
១២ ពួកគេនឹងមក ហើយស្រែកអរសប្បាយនៅលើកំពូលភ្នំស៊ីយ៉ូន+
ពួកគេនឹងរីករាយចំពោះអ្វីល្អៗដែលមកពីព្រះយេហូវ៉ា
គឺផលស្រូវ ស្រាថ្មី+ និងប្រេងអូលីវ ព្រមទាំងហ្វូងចៀមនិងហ្វូងគោល្អៗ។+
ពួកគេនឹងប្រៀបដូចជាសួនច្បារដ៏ស្រស់បំព្រងដែលមានទឹកស្រោចស្រព+
ហើយពួកគេនឹងលែងខ្សោយទៀតហើយ»។+
១៣ «នៅគ្រានោះ ពួកស្រីក្រមុំនឹងច្រៀងរាំដោយអំណរ
ឯពួកយុវជននិងបុរសវ័យចាស់វិញ ពួកគេក៏ច្រៀងរាំដែរ។+
ខ្ញុំនឹងផ្លាស់ប្រែការកាន់ទុក្ខរបស់ពួកគេទៅជាការត្រេកអរវិញ។+
ខ្ញុំនឹងសម្រាលទុក្ខពួកគេ ហើយធ្វើឲ្យពួកគេសប្បាយរីករាយជាជាងកើតទុក្ខ។+
១៤ ខ្ញុំនឹងឲ្យអាហារជាបរិបូរដល់ពួកសង្ឃ
ហើយរាស្ត្ររបស់ខ្ញុំនឹងទទួលសេចក្ដីល្អដ៏លើសលប់ពីខ្ញុំ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៥ «ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹មានឮសំឡេងទួញយំនៅក្រុងរ៉ាម៉ា+ ជាសំឡេងទ្រហោយំយ៉ាងខ្លាំង
គឺរ៉ាជែលកំពុងយំកាន់ទុក្ខនឹងកូនៗរបស់នាង+
នាងមិនព្រមទទួលការសម្រាលទុក្ខពីអ្នកឯទៀតឡើយ
ព្រោះកូនប្រុសៗនាងលែងមានទៀតហើយ›»។+
១៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«‹ចូរឈប់ទ្រហោយំ ហើយឈប់ស្រក់ទឹកភ្នែកទៀតទៅ
ព្រោះអ្នកនឹងទទួលរង្វាន់ចំពោះកិច្ចការរបស់អ្នក›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
‹ពួកគេនឹងចេញពីស្រុករបស់សត្រូវ ហើយត្រឡប់មកវិញ›។+
១៧ ‹អ្នកនឹងមានសេចក្ដីសង្ឃឹមនៅអនាគត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
‹កូនៗរបស់អ្នកនឹងត្រឡប់មកទឹកដីរបស់ពួកគេវិញ›»។+
១៨ «ខ្ញុំបានឮសំឡេងថ្ងូររបស់អេប្រាអ៊ីមប្រាកដណាស់
‹លោកបានកែតម្រង់ខ្ញុំ ហើយខ្ញុំបានទទួលការកែតម្រង់
ព្រោះខ្ញុំប្រៀបដូចជាកូនគោដែលមិនទាន់ថ្នឹកនឹងនឹម។
សូមមេត្តានាំខ្ញុំមកវិញផង ហើយខ្ញុំនឹងត្រឡប់មកវិញភ្លាម
ព្រោះលោកគឺយេហូវ៉ាជាព្រះនៃខ្ញុំហើយ។
១៩ ព្រោះក្រោយពីខ្ញុំត្រឡប់មកវិញ ខ្ញុំស្ដាយក្រោយជាខ្លាំង+
ក្រោយពីខ្ញុំយល់ហើយ ខ្ញុំបានវាយភ្លៅខ្លួនឯងដោយក្ដីទុក្ខ។
ខ្ញុំមានសេចក្ដីខ្មាស ហើយអាម៉ាស់មុខជាខ្លាំង+
ព្រោះតែកំហុសឆ្គងដែលខ្ញុំបានធ្វើនៅគ្រាយុវវ័យ›»។
២០ ព្រះយេហូវ៉ាប្រកាសថា៖ «តើអេប្រាអ៊ីមមិនមែនជាកូនសំណព្វនិងជាទីស្រឡាញ់របស់ខ្ញុំទេឬ?+
ទោះជាខ្ញុំស្ដីបន្ទោសគាត់ច្រើនលើកច្រើនសាក្ដី ក៏ខ្ញុំនៅតែចាំអំពីគាត់ជានិច្ច។
ហេតុនេះហើយបានជាខ្ញុំរំជួលចិត្តពេលគិតដល់គាត់+
ហើយខ្ញុំនឹងបង្ហាញសេចក្ដីអាណិតអាសូរដល់គាត់»។+
២១ «ចូរដំឡើងបង្គោលសញ្ញានៅលើផ្លូវសម្រាប់ខ្លួន
ព្រមទាំងដាក់តម្រុយផងដែរ។+
ចូរផ្ដោតអារម្មណ៍ទៅលើផ្លូវធំ ជាផ្លូវដែលអ្នកត្រូវដើរ។+
ឱកូនក្រមុំបរិសុទ្ធនៃស្រុកអ៊ីស្រាអែល*អើយ! ចូរត្រឡប់មកវិញចូរវិលមកក្រុងទាំងប៉ុន្មានរបស់អ្នកវិញចុះ។
២២ ឱកូនស្រីដែលមិនស្មោះត្រង់អើយ! តើអ្នកនៅតែរេរាដល់កាលណាទៀត?
ព្រោះព្រះយេហូវ៉ាបានធ្វើអ្វីៗជាថ្មីនៅផែនដី
គឺស្ត្រីម្នាក់នឹងខំស្វែងរកបុរសម្នាក់»។
២៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានប្រសាសន៍ដូច្នេះថា៖ «ពេលខ្ញុំរំដោះពួកគេឲ្យរួចផុតពីការធ្វើជាឈ្លើយ ហើយនាំពួកគេត្រឡប់មកវិញ ពួកគេនឹងនិយាយពាក្យទាំងនេះម្ដងទៀតថា៖ ‹ឱលំនៅដ៏សុចរិត+និងភ្នំដ៏បរិសុទ្ធអើយ!+ សូមឲ្យព្រះយេហូវ៉ាឲ្យពរអ្នក›។ ២៤ នៅស្រុកយូដានិងក្រុងទាំងប៉ុន្មានក្នុងស្រុកនោះ នឹងមានមនុស្សម្នារស់នៅ មានទាំងពួកអ្នកចម្ការ ទាំងពួកគង្វាលផងដែរ។+ ២៥ ព្រោះខ្ញុំនឹងចម្អែតពួកអ្នកដែលខ្សោយ ហើយពង្រឹងកម្លាំងពួកអ្នកដែលល្វើយ»។+
២៦ ពេលនោះ ខ្ញុំបានភ្ញាក់ ហើយបើកភ្នែកឡើង ក្រោយពីបានសម្រាន្តលក់ស្កប់ស្កល់។
២៧ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ ដែលខ្ញុំនឹងធ្វើឲ្យពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដាមានគ្នាកាន់តែច្រើនឡើង ហើយហ្វូងសត្វរបស់ពួកគេក៏នឹងចម្រើនឡើងដែរ»។+
២៨ «ដូចខ្ញុំបានស្វែងរកឱកាសដើម្បីដករំលើង កាច់បំបាក់ រំលំ បំផ្លាញ និងធ្វើទុក្ខពួកគេ+ នោះខ្ញុំនឹងមើលថែពួកគេដោយសង់និងដាំពួកគេឡើងវិញដែរ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ២៩ «នៅគ្រានោះ ពួកគេនឹងមិននិយាយទៀតទេថា៖ ‹ឪពុកបរិភោគផ្លែទំពាំងបាយជូរដែលមានរសជាតិជូរ តែកូនជាអ្នកសង្កៀរធ្មេញ›។+ ៣០ ប៉ុន្តែ អ្នកណាដែលបរិភោគផ្លែទំពាំងបាយជូរដែលមានរសជាតិជូរ អ្នកនោះជាអ្នកដែលសង្កៀរធ្មេញវិញ។ ដូច្នេះ គ្រប់គ្នានឹងស្លាប់ដោយសារតែកំហុសឆ្គងរបស់ខ្លួន»។
៣១ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ដែលខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងថ្មី ជាមួយនឹងពូជពង្សយូដានិងពូជពង្សអ៊ីស្រាអែល។+ ៣២ កិច្ចព្រមព្រៀងនោះមិនដូចកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងបុព្វបុរសរបស់ពួកគេ នៅថ្ងៃដែលខ្ញុំបានកាន់ដៃពួកគេ នាំពួកគេចេញពីស្រុកអេហ្ស៊ីបនោះទេ+ ព្រោះ‹ពួកគេបានផ្ដាច់កិច្ចព្រមព្រៀងជាមួយខ្ញុំហើយ+ ទោះជាខ្ញុំជាម្ចាស់ដ៏ពិត*របស់ពួកគេក៏ដោយ›។ នេះសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៣៣ ព្រះយេហូវ៉ាប្រកាសថា៖ «ព្រោះនេះជាកិច្ចព្រមព្រៀងដែលខ្ញុំនឹងធ្វើជាមួយនឹងពូជពង្សអ៊ីស្រាអែល ក្រោយពីគ្រាទាំងនោះ។ ខ្ញុំនឹងដាក់ច្បាប់របស់ខ្ញុំនៅក្នុងជម្រៅចិត្តពួកគេ+ ហើយខ្ញុំនឹងចារឹកកិច្ចព្រមព្រៀងនេះនៅលើចិត្តពួកគេ។+ ខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ»។+
៣៤ ព្រះយេហូវ៉ាប្រកាសថា៖ «ពួកគេនឹងឈប់បង្រៀនអ្នកជិតខាងខ្លួន និងបងប្អូនខ្លួនទៀតថា៖ ‹ចូរស្គាល់ព្រះយេហូវ៉ា!›+ ព្រោះពួកគេនឹងស្គាល់ខ្ញុំ ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត។+ ព្រោះខ្ញុំនឹងអភ័យទោសឲ្យពួកគេ ហើយខ្ញុំក៏នឹងលែងនឹកចាំអំពើខុសឆ្គងរបស់ពួកគេតទៅទៀតដែរ»។+
៣៥ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ជាព្រះដែលឲ្យដួងអាទិត្យមានពន្លឺនៅពេលថ្ងៃ
និងជាអ្នកដាក់ច្បាប់ដល់ដួងច័ន្ទ និងឲ្យផ្កាយមានពន្លឺនៅពេលយប់
ហើយជាអ្នកដែលបណ្ដាលឲ្យសមុទ្រកញ្ជ្រោលបក់បោក
លោកមាននាមថាយេហូវ៉ា លោកមានប្រសាសន៍ថា៖+
៣៦ «‹ប្រសិនបើច្បាប់ទាំងនេះសាបសូន្យ នោះកូនចៅអ៊ីស្រាអែលនឹងលែងជាប្រជាជាតិនៅចំពោះខ្ញុំទៀតហើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៣៧ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «‹ទាល់តែគេអាចវាស់មេឃនៅខាងលើ ហើយរកគ្រឹះនៃផែនដីនៅខាងក្រោមបាន ទើបខ្ញុំបោះបង់ចោលកូនចៅអ៊ីស្រាអែលទាំងឡាយដោយសារអ្វីដែលពួកគេបានធ្វើ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។+
៣៨ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ ដែលក្រុងនេះនឹងត្រូវសង់ឡើងវិញ+ជូនព្រះយេហូវ៉ា ចាប់ពីប៉មហាណានៀល+ រហូតដល់ទ្វារជ្រុងកំពែង។+ ៣៩ ខ្សែវាស់+នឹងត្រូវលាតសន្ធឹងទៅដល់ទួលការេប ហើយបត់ទៅកូអារ។ ៤០ ឯជ្រលង*ទាំងអស់ដែលមានសាកសពនិងផេះ ព្រមទាំងវាលស្រែទាំងឡាយរហូតដល់ជ្រលងគីដ្រុន+ និងជ្រុងទ្វារសេះ+ ឆ្ពោះទៅទិសខាងកើត កន្លែងទាំងនោះនឹងទៅជាកន្លែងបរិសុទ្ធជូនព្រះយេហូវ៉ា+ ហើយនឹងមិនត្រូវដករំលើងឬរំលំចោលទៀតឡើយ»។