យេរេមា
៣៨ រីឯសេផាធាជាកូនម៉ាថាន កេដាលៀជាកូនផាសហឺ យូកាល+ជាកូនសេលេមៀ និងផាសហឺ+ជាកូនម៉ាលខាយយ៉ា ពួកគេក៏បានឮពាក្យទាំងប៉ុន្មានដែលយេរេមានិយាយទៅកាន់បណ្ដាជនទាំងអស់ដែរថា៖ ២ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹អ្នកណាដែលនៅក្នុងក្រុងនេះតទៅទៀត អ្នកនោះនឹងស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត។+ ប៉ុន្តែ អ្នកណាដែលចេញទៅចុះចូលនឹងពួកខាល់ដេ អ្នកនោះនឹងរួចជីវិត›។+ ៣ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃទ័ពស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងចាប់យកក្រុងនេះជាមិនខាន›»។+
៤ គ្រានោះ ពួកអ្នកគ្រប់គ្រងបានចូលទៅប្រាប់ស្ដេចថា៖ «សូមប្រហារជីវិតបុរសនេះទៅ+ ព្រោះពាក្យសម្ដីរបស់គាត់ធ្វើឲ្យពួកទាហាន និងបណ្ដាជនដែលនៅសល់ក្នុងក្រុងនេះធ្លាក់ទឹកចិត្តហើយ។ បុរសនេះកំពុងបង្កឲ្យមានអន្តរាយ មិនមែននាំឲ្យមានសេចក្ដីសុខសាន្តទេ»។ ៥ ស្ដេចសេដេគាក៏ឆ្លើយថា៖ «មើល! គាត់នៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នាស្រាប់ហើយ។ ទោះជាខ្ញុំឃាត់អ្នករាល់គ្នា ក៏ឃាត់មិនបានដែរ»។
៦ ហេតុនេះ ពួកអ្នកគ្រប់គ្រងបានយកយេរេមាទៅដាក់ក្នុងអណ្ដូងរបស់ម៉ាលខាយយ៉ាជាកូនស្ដេច នៅក្នុងទីធ្លាអ្នកយាម។+ ពួកគេបានយកខ្សែមកចងយេរេមា ហើយសម្រូតគាត់ទៅក្នុងអណ្ដូង។ អណ្ដូងនោះគ្មានទឹកទេ មានតែភក់ប៉ុណ្ណោះ។ ដូច្នេះ យេរេមាក៏ផុងទៅក្នុងភក់នោះ។
៧ ចំណែកអ៊ីបេតមេលេក+ជាជនជាតិអេត្យូពីដែលជាមន្ត្រីបម្រើក្នុងវិមានស្ដេច គាត់ឮថាគេបានដាក់យេរេមាទៅក្នុងអណ្ដូង។ ដូច្នេះ កាលស្ដេចកំពុងអង្គុយនៅត្រង់ខ្លោងទ្វារបេនយ៉ាមីន+ ៨ អ៊ីបេតមេលេកក៏ចេញពីវិមានទៅជួបស្ដេចនៅទីនោះ ហើយជម្រាបគាត់ថា៖ ៩ «ឱស្ដេចជាម្ចាស់ខ្ញុំអើយ! អ្វីដែលពួកអ្នកគ្រប់គ្រងបានធ្វើចំពោះយេរេមាជាអ្នកប្រកាសទំនាយគឺអាក្រក់ណាស់! ពួកគេបានដាក់គាត់ទៅក្នុងអណ្ដូង គាត់មុខជាស្លាប់នៅទីនោះដោយការអត់ឃ្លានជាមិនខាន ព្រោះគ្មាននំប៉័ងនៅក្នុងក្រុងទៀតទេ»។+
១០ បន្ទាប់មក ស្ដេចបានបង្គាប់អ៊ីបេតមេលេកជាជនជាតិអេត្យូពីថា៖ «ចូរនាំយកបុរស៣០នាក់ពីទីនេះ ហើយទៅយោងយេរេមាជាអ្នកប្រកាសទំនាយចេញពីអណ្ដូងមក ដើម្បីកុំឲ្យគាត់ស្លាប់»។ ១១ ដូច្នេះ អ៊ីបេតមេលេកក៏នាំបុរសទាំងនោះទៅឯវិមានស្ដេច ហើយចូលក្នុងបន្ទប់ខាងក្រោមឃ្លាំងទ្រព្យ+ រួចយកចម្រៀកក្រណាត់ចាស់ៗនិងខ្សែពួរ ដើម្បីទៅយោងយេរេមាចេញពីអណ្ដូង។ ១២ រួចមក អ៊ីបេតមេលេកជាជនជាតិអេត្យូពីប្រាប់យេរេមាថា៖ «សូមដាក់ចម្រៀកក្រណាត់ចាស់ៗនៅក្រោមក្លៀក ហើយស៊កខ្សែពួរពីលើ»។ យេរេមាក៏ធ្វើដូច្នោះ ១៣ រួចពួកគេបានយោងយេរេមាចេញពីអណ្ដូង។ ប៉ុន្តែ យេរេមានៅជាប់ឃុំក្នុងទីធ្លាអ្នកយាមដូចពីមុន។+
១៤ គ្រានោះ ស្ដេចសេដេគាបានចាត់គេឲ្យទៅនាំយេរេមាជាអ្នកប្រកាសទំនាយមកជួបគាត់ នៅឯខ្លោងទ្វារទី៣ក្នុងវិហារព្រះយេហូវ៉ា។ ស្ដេចនិយាយទៅកាន់យេរេមាថា៖ «ខ្ញុំសុំសួរអ្នកនូវសំណួរមួយ សូមកុំលាក់អ្វីពីខ្ញុំឡើយ»។ ១៥ យេរេមាក៏ឆ្លើយទៅសេដេគាថា៖ «បើខ្ញុំប្រាប់អ្នកការពិត អ្នកនឹងសម្លាប់ខ្ញុំ ហើយបើខ្ញុំឲ្យឱវាទអ្នក អ្នកក៏មិនស្ដាប់ខ្ញុំដែរ»។ ១៦ ដូច្នេះ ស្ដេចសេដេគាស្បថនឹងយេរេមាដោយសម្ងាត់ថា៖ «ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅនិងជាព្រះដែលផ្ដល់ជីវិត ខ្ញុំស្បថថាមិនសម្លាប់អ្នកទេ ហើយក៏មិនប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃពួកបុរសដែលតាមរកជីវិតអ្នកដែរ»។
១៧ បន្ទាប់មក យេរេមាក៏និយាយទៅកាន់សេដេគាថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹បើលោកចុះចូលនឹងពួកមន្ត្រីរបស់ស្ដេចស្រុកបាប៊ីឡូន នោះលោកនិងពួកអ្នកផ្ទះរបស់លោកនឹងរួចជីវិត ហើយគេនឹងមិនដុតបំផ្លាញក្រុងនេះចោលទេ។+ ១៨ ប៉ុន្តែ បើលោកមិនចុះចូលនឹងពួកមន្ត្រីរបស់ស្ដេចស្រុកបាប៊ីឡូនទេ នោះក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃពួកខាល់ដេ ហើយពួកគេនឹងដុតបំផ្លាញក្រុងនេះចោល។+ ឯលោកវិញ លោកនឹងគេចមិនរួចពីកណ្ដាប់ដៃពួកគេឡើយ›»។+
១៩ រួចមក ស្ដេចសេដេគាតបទៅយេរេមាថា៖ «ប៉ុន្តែ ខ្ញុំខ្លាចពួកយូដាដែលបានទៅចូលខាងពួកខាល់ដេ។ ព្រោះបើខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកគេ នោះពួកគេនឹងប្រព្រឹត្តយ៉ាងសាហាវឃោរឃៅមកលើខ្ញុំជាមិនខាន»។ ២០ ប៉ុន្តែ យេរេមានិយាយថា៖ «លោកនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃពួកគេទេ។ សូមធ្វើតាមការណែនាំដែលព្រះយេហូវ៉ាបានប្រាប់ខ្ញុំចុះ នោះលោកនឹងបានសុខសាន្ត ហើយមានជីវិតរស់នៅតទៅទៀត។ ២១ ប៉ុន្តែ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យខ្ញុំឃើញថា បើលោកមិនព្រមចុះចូលនឹងពួកខាល់ដេទេ ២២ នោះស្ត្រីទាំងអស់ដែលនៅសេសសល់ក្នុងវិមានស្ដេចស្រុកយូដា នឹងត្រូវនាំយកទៅប្រគល់ឲ្យពួកមន្ត្រីរបស់ស្ដេចស្រុកបាប៊ីឡូន។+ ពួកគេនឹងនិយាយថា៖
‹ពួកបុរសដែលលោកបានទុកចិត្តនោះ ពួកគេបានបញ្ឆោតលោក និងមានប្រៀបលើលោកហើយ។+
ពួកគេបានបណ្ដាលឲ្យជើងលោកផុងទៅក្នុងភក់
ហើយថយចេញពីលោកទៅ›។
២៣ រីឯប្រពន្ធកូនរបស់លោកវិញ ពួកគេនឹងត្រូវនាំយកទៅប្រគល់ឲ្យពួកខាល់ដេ ហើយលោកនឹងគេចមិនរួចពីកណ្ដាប់ដៃពួកគេទេ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់លោកបានជាមិនខាន។+ ដោយសារលោក ក្រុងនេះនឹងត្រូវដុតបំផ្លាញចោល»។+
២៤ បន្ទាប់មក សេដេគានិយាយទៅកាន់យេរេមាថា៖ «កុំឲ្យអ្នកណាដឹងអំពីរឿងទាំងនេះឲ្យសោះ ដើម្បីកុំឲ្យអ្នកត្រូវស្លាប់។ ២៥ បើពួកអ្នកគ្រប់គ្រងឮថាអ្នកបាននិយាយជាមួយនឹងខ្ញុំ រួចពួកគេមកនិយាយថា៖ ‹សូមប្រាប់យើង តើអ្នកបាននិយាយរឿងអ្វីខ្លះប្រាប់ស្ដេច? ហើយស្ដេចបានប្រាប់អ្វីខ្លះដល់អ្នក? សូមប្រាប់មក កុំលាក់អ្វីពីយើងឲ្យសោះ នោះអ្នកនឹងមិនស្លាប់ទេ›។+ ២៦ អ្នកត្រូវឆ្លើយទៅពួកគេថា៖ ‹ខ្ញុំគ្រាន់តែមកអង្វរសុំស្ដេច កុំឲ្យគេយកខ្ញុំទៅឃុំនៅផ្ទះយេហូណាថានវិញ ដើម្បីកុំឲ្យខ្ញុំស្លាប់នៅទីនោះ›»។+
២៧ ក្រោយមក ពួកអ្នកគ្រប់គ្រងទាំងអស់បានមកសួរយេរេមា ហើយគាត់ក៏ប្រាប់ពួកគេតាមបង្គាប់ស្ដេច។ ដូច្នេះ ពួកគេក៏ឈប់សួរគាត់ទៀត ព្រោះគ្មានអ្នកណាម្នាក់បានឮពាក្យសន្ទនារវាងយេរេមានិងស្ដេចទេ។ ២៨ ឯយេរេមាវិញ គាត់នៅជាប់ឃុំក្នុងទីធ្លាអ្នកយាម+ រហូតដល់សត្រូវដណ្ដើមយកបានក្រុងយេរូសាឡិម។+