ដានីយ៉ែល
១១ «ចំណែកខ្ញុំវិញ នៅឆ្នាំទី១ក្នុងរាជ្យដារីយុស+ជាស្ដេចស្រុកមេឌី ខ្ញុំបានក្រោកឡើងគាំទ្រនិងពង្រឹងកម្លាំងគាត់។ ២ អ្វីដែលខ្ញុំប្រាប់អ្នកឥឡូវនេះគឺជាការពិត។
«មើល! នឹងមានស្ដេចបីរូបទៀតឡើងកាន់អំណាចក្នុងស្រុកពើស៊ី ហើយស្ដេចទី៤នឹងប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀត។ ដោយសារទ្រព្យសម្បត្តិទាំងនោះ ស្ដេចទី៤មានអំណាចខ្លាំងក្លាឡើង ហើយគាត់ក៏ប្រើអ្វីៗទាំងអស់ដែលគាត់មានដើម្បីច្បាំងនឹងរាជាណាចក្រក្រិច។+
៣ «គ្រានោះ នឹងមានស្ដេចខ្លាំងក្លាមួយរូបឡើងកាន់អំណាច គាត់គ្រប់គ្រងលើទឹកដីជាច្រើន+ ហើយធ្វើតាមតែចិត្តខ្លួន។ ៤ ប៉ុន្តែ ពេលគាត់មានអំណាចរឹងមាំឡើង រាជាណាចក្រគាត់នឹងត្រូវបំបាក់បំបែក ហើយត្រូវបែងចែកទៅទិសទាំងបួន+ តែមិនមែនឲ្យដល់កូនចៅគាត់ទេ ហើយក៏មិនខ្លាំងក្លាដូចកាលគាត់គ្រប់គ្រងដែរ។ ព្រោះរាជាណាចក្រគាត់នឹងត្រូវដករំលើង ហើយក្លាយទៅជារបស់អ្នកដទៃវិញ។
៥ «ស្ដេចខាងត្បូងនឹងមានអំណាចរឹងមាំ គឺថាអ្នកដឹកនាំម្នាក់របស់គាត់នឹងខ្លាំងក្លាឡើង។ ប៉ុន្តែ នឹងមានបុគ្គលម្នាក់ទៀតខ្លាំងក្លាជាងអ្នកដឹកនាំនោះ។ បុគ្គលនោះនឹងគ្រប់គ្រងលើទឹកដីជាច្រើន ហើយមានអំណាចខ្លាំងជាងអ្នកដឹកនាំនោះ។*
៦ «ប៉ុន្មានឆ្នាំក្រោយមក ពួកគេចងសម្ព័ន្ធភាពនឹងគ្នា។ កូនស្រីរបស់ស្ដេចខាងត្បូងនឹងទៅជួបស្ដេចខាងជើង ដើម្បីធ្វើកិច្ចព្រមព្រៀង។ ទោះជាយ៉ាងនោះក្ដី នាងនឹងបាត់បង់អំណាច។ ឯស្ដេចនោះវិញ គាត់នឹងដួល ហើយបាត់បង់អំណាចដែរ។ នាងនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃអ្នកឯទៀត គឺទាំងខ្លួននាងផង ទាំងពួកអ្នកដែលនាំនាងមកផង ព្រមទាំងឪពុកនាង និងអ្នកដែលធ្វើឲ្យនាងខ្លាំងក្លានៅគ្រានោះ។ ៧ រួចមក នឹងមានបុគ្គលម្នាក់បែកចេញពីឫសរបស់នាង បុគ្គលនោះនឹងទទួលអំណាចគ្រប់គ្រង ហើយគាត់នឹងទៅឯកងទ័ពនិងបន្ទាយរបស់ស្ដេចខាងជើង ដើម្បីច្បាំងនឹងពួកគេ រួចបានជ័យជម្នះ។ ៨ គាត់នឹងមកស្រុកអេហ្ស៊ីប ទាំងនាំយកបណ្ដាព្រះរបស់ស្ដេចនោះ ព្រមទាំងរូបចម្លាក់ធ្វើពីលោហៈ គ្រឿងមាសគ្រឿងប្រាក់ដ៏មានតម្លៃ និងពួកឈ្លើយសឹកទៅជាមួយដែរ។ អស់ជាច្រើនឆ្នាំ គាត់នឹងមិនទៅក្បែរស្ដេចខាងជើងទេ។ ៩ ប៉ុន្តែ ស្ដេចខាងជើងនឹងមកទាស់នឹងរាជាណាចក្ររបស់ស្ដេចខាងត្បូង តែរួចមកគាត់នឹងត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
១០ «ចំណែកកូនចៅគាត់វិញ ពួកគេប្រមូលកងទ័ពយ៉ាងធំ ដើម្បីត្រៀមធ្វើសង្គ្រាម។ គាត់នឹងនាំទ័ពសម្រុកចូលទៅដូចជាទឹកជំនន់។ ប៉ុន្តែ គាត់នឹងត្រឡប់ទៅវិញ ហើយគាត់ធ្វើចម្បាំងនៅតាមផ្លូវរហូតទៅដល់បន្ទាយរបស់ខ្លួន។
១១ «ពេលនោះ ស្ដេចខាងត្បូងខឹងជាខ្លាំង ហើយចេញទៅច្បាំងនឹងស្ដេចខាងជើង។ ដូច្នេះ គាត់ក៏ប្រមូលមនុស្សមួយក្រុមយ៉ាងធំ តែក្រុមនោះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេច*នោះវិញ។ ១២ ក្រុមមនុស្សនោះនឹងត្រូវនាំយកទៅ។ ហេតុនេះ ក្នុងចិត្តគាត់មានអំណួត ហើយគាត់សម្លាប់មនុស្សរាប់ម៉ឺននាក់។ ប៉ុន្តែ គាត់មិនប្រើអំណាចខ្លួនដើម្បីបានជ័យជម្នះទាំងស្រុងទេ។
១៣ «ស្ដេចខាងជើងនឹងត្រឡប់មកវិញ ហើយប្រមូលមនុស្សមួយក្រុម ធំជាងមុនទៅទៀត។ លុះមួយរយៈពេលកន្លងផុតទៅ គឺប៉ុន្មានឆ្នាំក្រោយមក គាត់នឹងចេញទៅទាំងនាំទ័ពយ៉ាងធំដែលបំពាក់ដោយគ្រឿងចម្បាំងគ្រប់ប្រភេទ។ ១៤ នៅគ្រានោះ មនុស្សជាច្រើននឹងក្រោកឡើងប្រឆាំងនឹងស្ដេចខាងត្បូង។
«រីឯពួកមនុស្សឃោរឃៅក្នុងចំណោមជនរួមជាតិអ្នក ពួកគេនឹងព្យាយាមធ្វើឲ្យការបើកបង្ហាញក្លាយទៅជាការពិត តែពួកគេនឹងបរាជ័យ។
១៥ «ស្ដេចខាងជើងនឹងមក ហើយលើកដីឡើងកំពែងដើម្បីចូលវាយលុក រួចដណ្ដើមយកបានក្រុងដែលមានកំពែងរឹងមាំ។ ពេលនោះ ទ័ពរបស់ស្ដេចខាងត្បូងមិនអាចតបតបានទេ ហើយពួកទាហានខ្លាំងពូកែក៏មិនអាចតទល់បានដែរ គឺពួកគេទាំងអស់គ្មានកម្លាំងតតាំងវិញឡើយ។ ១៦ គាត់*នឹងមកច្បាំងនឹងស្ដេចខាងត្បូង ហើយធ្វើតាមទំនើងចិត្តខ្លួន គ្មាននរណាអាចតទល់នឹងគាត់បានទេ។ គាត់នឹងឈរនៅក្នុងស្រុកដ៏ស្រស់ស្អាត+ ហើយនៅក្នុងដៃគាត់មានសមត្ថភាពបំផ្លាញ។ ១៧ គាត់នឹងតាំងចិត្តមកទាំងនាំកងទ័ពខ្លាំងក្លាទាំងអស់នៃរាជាណាចក្រគាត់ ហើយគាត់នឹងធ្វើកិច្ចព្រមព្រៀងមួយ រួចចាត់វិធានការ។ ស្ដីអំពីកូនស្រីរបស់មនុស្សជាតិ គាត់នឹងទទួលការអនុញ្ញាតឲ្យបំផ្លាញនាងចោល។ នាងនឹងមិនបានសម្រេចអ្វីឡើយ ព្រោះនាងមិនរក្សាភក្ដីភាពចំពោះគាត់។ ១៨ គាត់នឹងបែរមុខទៅតំបន់ឆ្នេរសមុទ្រវិញ ហើយចាប់បានតំបន់ជាច្រើន។ មេបញ្ជាការម្នាក់នឹងបំបាត់ចោលការមើលងាយចេញពីខ្លួន ដើម្បីកុំឲ្យរងការមាក់ងាយទៀត។ មេបញ្ជាការនោះនឹងធ្វើឲ្យការអាម៉ាស់ធ្លាក់ទៅលើអ្នកនោះវិញ។ ១៩ បន្ទាប់មក គាត់នឹងបែរទៅបន្ទាយរឹងមាំក្នុងទឹកដីខ្លួន រួចគាត់នឹងជំពប់ដួល ហើយវិនាសសាបសូន្យទៅ។
២០ «រួចនឹងមានបុគ្គលម្នាក់ទទួលតំណែងគាត់ ហើយបុគ្គលនោះនឹងចាត់អាជ្ញាធរ*ម្នាក់ឲ្យទៅទូទាំងរាជាណាចក្រដ៏រុងរឿង។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក បុគ្គលនោះនឹងត្រូវបំផ្លាញ តែមិនមែនដោយអំពើឃោរឃៅឬសង្គ្រាមទេ។
២១ «ពេលនោះ នឹងមានបុគ្គលម្នាក់ដែលគ្មាននរណាគោរពរាប់អាន* ឡើងកាន់តំណែងគាត់ តែគេនឹងមិនផ្ដល់កិត្តិយសជាស្ដេចដល់បុគ្គលនោះទេ។ គាត់នឹងមកនៅគ្រាដែលមានសេចក្ដីសុខសាន្ត* ហើយដណ្ដើមយករាជាណាចក្រនោះដោយការបោកបញ្ឆោត។ ២២ កងទ័ពដែលប្រៀបដូចជាទឹកជំនន់ នឹងត្រូវកម្ចាត់ចោលដោយសារគាត់។ ពួកគេនឹងត្រូវបំផ្លាញ ហើយមេដឹកនាំ+នៃកិច្ចព្រមព្រៀង+ក៏នឹងត្រូវបំផ្លាញចោលដែរ។ ២៣ ដោយសារពួកគេចងសម្ព័ន្ធភាពជាមួយនឹងគាត់ គាត់នឹងបោកបញ្ឆោតតទៅទៀត រួចមកគាត់ឡើងកាន់អំណាចខ្លាំងក្លាតាមរយៈប្រជាជាតិតូចមួយ។ ២៤ ក្នុងអំឡុងគ្រាដែលមានសេចក្ដីសុខសាន្ត* គាត់នឹងចូលទៅកន្លែងដ៏ល្អបំផុតក្នុងខេត្ត ហើយធ្វើអ្វីដែលឪពុកគាត់និងបុព្វបុរសគាត់មិនដែលធ្វើពីមុនឡើយ។ គាត់នឹងចែកទ្រព្យសម្បត្តិ ព្រមទាំងរបស់របរដែលគាត់រឹបអូសបានជាមួយនឹងពួកគេ។ គាត់នឹងរៀបគម្រោងច្បាំងនឹងកន្លែងរឹងមាំនានា តែគ្រាន់តែមួយរយៈពេលខ្លីប៉ុណ្ណោះ។
២៥ «គាត់នឹងពង្រឹងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីច្បាំងនឹងស្ដេចខាងត្បូងដោយប្រើកងទ័ពដ៏ធំ ហើយស្ដេចខាងត្បូងក៏ប្រមូលទ័ពដ៏ខ្លាំងក្លាច្រើនឥតគណនា ដើម្បីត្រៀមច្បាំងនឹងគាត់វិញដែរ។ ប៉ុន្តែ គាត់នឹងតទល់មិនបានទេ ព្រោះពួកគេបានរៀបគម្រោងទាស់នឹងគាត់ហើយ។ ២៦ ពួកអ្នកដែលបរិភោគអាហារប្រណីតៗរបស់គាត់ នឹងនាំឲ្យគាត់បរាជ័យ។
«ឯកងទ័ពរបស់គាត់វិញ ពួកគេនឹងខ្ចាត់ខ្ចាយ ហើយមនុស្សជាច្រើននឹងស្លាប់។
២៧ «ស្ដីអំពីស្ដេចទាំងពីររូបនេះ ចិត្តពួកគេតែងតែចង់ធ្វើអាក្រក់។ ពួកគេអង្គុយនៅតុជាមួយគ្នាមែន តែនិយាយកុហកគ្នា។ ប៉ុន្តែ គ្មានអ្វីសម្រេចឡើយ ព្រោះគ្រាចុងបញ្ចប់ដែលកំណត់ទុកជាមុន មិនទាន់មកដល់ទេ។+
២៨ «គាត់នឹងត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ ទាំងនាំយករបស់របរច្រើនសន្ធឹកសន្ធាប់ទៅជាមួយដែរ។ ចិត្តគាត់ប្រឆាំងនឹងកិច្ចព្រមព្រៀងបរិសុទ្ធ។ គាត់នឹងចាត់វិធានការ ហើយវិលទៅស្រុករបស់ខ្លួនវិញ។
២៩ «លុះដល់ពេលកំណត់ គាត់នឹងត្រឡប់មកវិញ ហើយច្បាំងនឹងរាជាណាចក្រខាងត្បូង។ ប៉ុន្តែ លើកនេះនឹងមិនដូចលើកមុនទេ ៣០ ព្រោះសំពៅពីស្រុកគីទីម+នឹងមកច្បាំងនឹងគាត់ ហើយគាត់នឹងត្រូវបន្ទាបចុះ។
«គាត់នឹងត្រឡប់ទៅវិញ ហើយបញ្ចេញកំហឹងទៅលើកិច្ចព្រមព្រៀងបរិសុទ្ធ+ រួចគាត់ចាត់វិធានការ។ គាត់នឹងវិលទៅវិញ ហើយផ្ដោតអារម្មណ៍ទៅលើអស់អ្នកដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងបរិសុទ្ធ។ ៣១ កងទ័ពគាត់នឹងក្រោកឡើង ហើយធ្វើឲ្យទីបរិសុទ្ធ+និងបន្ទាយរឹងមាំទៅជាអាប់ឱន ព្រមទាំងបំបាត់ចោលការជូនគ្រឿងបូជាជាប្រចាំទៀតផង។+
«ពួកគេនឹងដំឡើងអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញ។+
៣២ «ចំពោះអស់អ្នកដែលប្រព្រឹត្តទុច្ចរិតទាស់នឹងកិច្ចព្រមព្រៀង គាត់នឹងនាំពួកគេឲ្យក្បត់ជំនឿដោយពាក្យសម្ដីផ្អែមពីរោះ។* ប៉ុន្តែ បណ្ដាជនដែលស្គាល់ព្រះរបស់ខ្លួន ពួកគេនឹងមិនចាញ់បោកទេ ហើយចាត់វិធានការ។ ៣៣ ក្នុងចំណោមបណ្ដាជននឹងមានពួកអ្នកដែលមានការយល់ធ្លុះជ្រៅ+ ហើយពួកគេនឹងផ្ដល់ការយល់ដឹងដល់មនុស្សជាច្រើន។ អស់មួយរយៈ ពួកគេនឹងត្រូវផ្ដួលដោយដាវ ដោយអណ្ដាតភ្លើង ដោយការជាប់ជាឈ្លើយ និងដោយការប្លន់យកទ្រព្យ។ ៣៤ ប៉ុន្តែ ពេលពួកគេជំពប់ដួល ពួកគេនឹងទទួលជំនួយបន្តិចបន្តួច។ មនុស្សជាច្រើននឹងមកចូលរួមជាមួយនឹងពួកគេ ដោយសារពាក្យសម្ដីផ្អែមពីរោះ។* ៣៥ អ្នកខ្លះដែលមានការយល់ធ្លុះជ្រៅ នឹងត្រូវគេធ្វើឲ្យជំពប់ដួល ដើម្បីធ្វើការសម្រិតសម្រាំងដែលទាក់ទងនឹងពួកគេ និងដើម្បីជម្រះឲ្យសស្អាត+ រហូតដល់គ្រាចុងបញ្ចប់ ព្រោះគ្រាដែលបានត្រូវកំណត់ទុកជាមុននោះ មិនទាន់មកដល់ទេ។
៣៦ «ស្ដេចនោះនឹងធ្វើតាមទំនើងចិត្ត ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងព្រះទាំងអស់។ គាត់ថែមទាំងនិយាយយ៉ាងព្រហើនទាស់នឹងព្រះលើអស់ទាំងព្រះទៀតផង។+ គាត់ចេះតែចម្រើនឡើង រហូតដល់គ្រានៃកំហឹងមកដល់ទីបញ្ចប់ ព្រោះអ្វីដែលបានត្រូវសម្រេចហើយនឹងកើតឡើងជាមិនខាន។ ៣៧ គាត់នឹងមិនគោរពព្រះរបស់បុព្វបុរសគាត់ទេ ហើយក៏មិនអើពើនឹងបំណងចិត្តរបស់ពួកស្ត្រី ឬអើពើនឹងព្រះណាដែរ តែគាត់នឹងលើកតម្កើងខ្លួនឲ្យខ្ពស់ជាងមនុស្សទាំងអស់។ ៣៨ ផ្ទុយទៅវិញ គាត់នឹងផ្ដល់កិត្តិយសដល់ព្រះនៃបន្ទាយរឹងមាំ ជាព្រះដែលបុព្វបុរសគាត់មិនធ្លាប់ស្គាល់ឡើយ។ គាត់លើកកិត្តិយសព្រះនោះតាមរយៈមាស ប្រាក់ ត្បូង និងរបស់មានតម្លៃផ្សេងៗ។ ៣៩ គាត់នឹងចាត់វិធានការប្រឆាំងនឹងបន្ទាយដ៏រឹងមាំបំផុត ដោយជំនួយពីព្រះរបស់ជនជាតិដទៃ។ គាត់នឹងផ្ដល់កិត្តិយសខ្ពង់ខ្ពស់ដល់អស់អ្នកដែលទទួលស្គាល់គាត់* ហើយគាត់នឹងឲ្យពួកគេគ្រប់គ្រងក្នុងចំណោមមនុស្សជាច្រើន រួចគាត់នឹងបែងចែកទឹកដីដល់អ្នកណាដែលបង់ប្រាក់ឲ្យគាត់។
៤០ «នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងរុញច្រានជាមួយនឹងគាត់។ ស្ដេចខាងជើងនឹងប្រមូលរទេះចម្បាំង ទ័ពសេះ និងសំពៅជាច្រើន មកច្បាំងនឹងគាត់ដូចជាខ្យល់ព្យុះ ហើយគាត់សម្រុកចូលទៅក្នុងស្រុកនានា ដូចជាទឹកជំនន់។ ៤១ បន្ថែមទៅទៀត គាត់នឹងចូលទៅក្នុងស្រុកដ៏ស្រស់ស្អាត+ ហើយស្រុកជាច្រើននឹងត្រូវគេចាប់យក។ ប៉ុន្តែ មានស្រុកខ្លះនឹងរួចផុតពីកណ្ដាប់ដៃគាត់ គឺស្រុកអេដំ ស្រុកម៉ូអាប់ និងផ្នែកសំខាន់បំផុតនៃស្រុកអាំម៉ូន។ ៤២ គាត់នឹងបន្តលើកដៃទៅទាស់នឹងស្រុកនានា ហើយសូម្បីតែស្រុកអេហ្ស៊ីបក៏គេចមិនរួចដែរ។ ៤៣ គាត់នឹងគ្រប់គ្រងលើកំណប់មាស កំណប់ប្រាក់ និងរបស់ដ៏មានតម្លៃទាំងអស់ក្នុងស្រុកអេហ្ស៊ីប។ ឯពួកលីប៊ីនិងពួកអេត្យូពីវិញ ពួកគេនឹងតាមគាត់។
៤៤ «ប៉ុន្តែ នឹងមានដំណឹងចេញពីទិសខាងកើតនិងទិសខាងជើង មករំខានចិត្តគាត់ រួចគាត់នឹងចេញទៅទាំងមានកំហឹងជាខ្លាំង ដើម្បីបំផ្លិចបំផ្លាញ ព្រមទាំងប្រហារមនុស្សជាច្រើន។ ៤៥ គាត់នឹងដំឡើងរាជ្យត្រសាល*របស់គាត់នៅចន្លោះសមុទ្រធំនិងភ្នំបរិសុទ្ធក្នុងស្រុកដ៏ស្រស់ស្អាត។+ គាត់នឹងមកដល់ទីបញ្ចប់ ហើយគ្មាននរណាអាចជួយគាត់បានឡើយ។