អេម៉ុស
២ «ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹«ម៉ូអាប់+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀត ដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះគាត់បានដុតឆ្អឹងស្ដេចស្រុកអេដំឲ្យទៅជាផេះ។
២ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះបំផ្លាញម៉ូអាប់ ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំនៅកេរីយ៉ុត។+
ម៉ូអាប់នឹងវិនាសក្នុងអំឡុងពេលមានការជ្រួលច្របល់
មានសម្រែកចម្បាំង និងសំឡេងផ្លុំស្នែង។+
៣ ខ្ញុំនឹងដកអ្នកគ្រប់គ្រងចេញពីទីនោះ
ហើយប្រហារពួកអ្នកដឹកនាំទាំងអស់»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›។
៤ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹ពួកយូដា+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេមិនបានធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា
ហើយក៏មិនបានកាន់តាមច្បាប់របស់លោកដែរ។+
ប៉ុន្តែ ពួកគេធ្វើតាមសេចក្ដីភូតភរដែលបុព្វបុរសរបស់ពួកគេកាន់ខ្ជាប់ហើយពួកគេបានវង្វេងចេញ។+
៥ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះបំផ្លាញស្រុកយូដា
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងយេរូសាឡិម›។+
៦ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹ពួកអ៊ីស្រាអែល+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេលក់មនុស្សសុចរិត ដើម្បីបានប្រាក់
ហើយលក់ជនក្រីក្រ ដើម្បីបានស្បែកជើងមួយគូ។+
៧ ពួកគេបានជាន់ឈ្លីមនុស្សទន់ទាបឲ្យកប់ទៅក្នុងដី+
ហើយពួកគេមិនប្រព្រឹត្តទៅលើមនុស្សដែលមានចិត្តសុភាពដោយសុចរិតយុត្តិធម៌ទេ។+
ឪពុកនិងកូនរួមដំណេកជាមួយនឹងស្រីតែម្នាក់។
ពួកគេធ្វើឲ្យនាមបរិសុទ្ធរបស់ខ្ញុំអាប់ឱន។
៨ ពួកគេយកសម្លៀកបំពាក់ដែលពួកគេទទួលបញ្ចាំ+ មកក្រាលដេកនៅក្បែរទីបូជានានា។+
រីឯស្រាដែលពួកគេផឹកនៅវិហាររបស់ព្រះពួកគេ គឺជាស្រាដែលទិញដោយប្រាក់ដែលពួកគេបានផាកពិន័យពីបណ្ដាជន›។
៩ ‹ប៉ុន្តែ គឺខ្ញុំទេដែលបានបំផ្លាញជនជាតិអាម៉ូរីចេញពីមុខរាស្ត្រខ្ញុំ។+
ទោះជាជនជាតិអាម៉ូរីខ្ពស់ដូចដើមស៊ីដារ និងរឹងមាំដូចដើមអូកក៏ដោយ
ក៏ខ្ញុំបានកម្ទេចទាំងផ្លែនៅលើដើម ទាំងឫសនៅក្នុងដី។+
១០ ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប+
ហើយខ្ញុំបានដឹកនាំអ្នករាល់គ្នាដើរឆ្លងកាត់តំបន់ស្ងាត់ជ្រងំអស់រយៈពេល៤០ឆ្នាំ+
ដើម្បីចាប់យកទឹកដីរបស់ជនជាតិអាម៉ូរីទុកជាមត៌ក។
១១ ខ្ញុំបានតែងតាំងកូនប្រុសខ្លះរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកប្រកាសទំនាយ+
ហើយឲ្យពួកយុវជនខ្លះធ្វើជាពួកណាសារីត។+
ឱបណ្ដាជនអ៊ីស្រាអែលអើយ! តើខ្ញុំមិនគួរធ្វើដូច្នោះទេឬ?›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១២ ‹ប៉ុន្តែ អ្នករាល់គ្នាចេះតែឲ្យស្រាដល់ពួកណាសារីតផឹក+
ហើយបង្គាប់ពួកអ្នកប្រកាសទំនាយថា៖ «ឈប់ប្រកាសទំនាយទៀតទៅ»។+
១៣ ហេតុនេះ ខ្ញុំនឹងកម្ទេចអ្នករាល់គ្នាឲ្យខ្ទេចខ្ទីនៅនឹងកន្លែង
ដូចរទេះដែលពេញដោយកណ្ដាប់ស្រូវ កិនកម្ទេចអ្វីៗទាំងអស់ដែលនៅក្រោមកង់វា។
១៤ ពេលនោះ អ្នកដែលរត់លឿននឹងគេចមិនផុតឡើយ+
ហើយអ្នកដែលខ្លាំងក្លានឹងលែងមានកម្លាំងទៀត។
ចំណែកទាហានដ៏អង់អាចវិញ ពួកគេនឹងមិនរួចជីវិតឡើយ។
១៥ អ្នកប្រសប់បាញ់ធ្នូនឹងមិនអាចតទល់បានទេ
ហើយអ្នកពូកែរត់ក៏គេចមិនរួចដែរ។
រីឯអ្នកជិះសេះ ក៏គាត់មិនរួចជីវិតឡើយ។
១៦ នៅថ្ងៃនោះ សូម្បីតែទាហានដ៏ក្លាហានជាងគេ
នឹងរត់គេចទាំងគ្មានសម្លៀកបំពាក់›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។