ជំរឿនបណ្ដាជន
២៤ កាលបាឡាមបានឃើញថា ព្រះយេហូវ៉ាពេញចិត្តឲ្យពរដល់អ៊ីស្រាអែល នោះគាត់មិនបានទៅរកមើលប្រផ្នូលអំពីការវិនាស+ទៀតទេ តែគាត់បានបែរមុខទៅតំបន់ស្ងាត់ជ្រងំវិញ។ ២ បាឡាមបានសម្លឹងមើលទៅបណ្ដាជនអ៊ីស្រាអែល ហើយឃើញពួកគេកំពុងបោះជំរំតាមកុលសម្ព័ន្ធ។+ ពេលនោះឫទ្ធានុភាពរបស់ព្រះបានបណ្ដាលឲ្យគាត់+ ៣ ពោលពាក្យជាកំណាព្យថា៖+
«នេះជាពាក្យរបស់បាឡាមជាកូនបេអ័រ ជាពាក្យរបស់បុរសដែលបានត្រូវបំភ្លឺភ្នែក
៤ នេះជាពាក្យរបស់អ្នកដែលឮប្រសាសន៍របស់ព្រះ
ជាអ្នកដែលបានឃើញព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាក្នុងគំនិត
ជាអ្នកដែលបានក្រាបខ្លួនទាំងភ្នែកនៅបើក។ ពាក្យទាំងនេះមានដូចតទៅ៖+
៥ ឱយ៉ាកុបអើយ ត្រសាលរបស់អ្នកស្អាតណាស់ហ្ន៎!
ឱអ៊ីស្រាអែលអើយ លំនៅរបស់អ្នកល្អប្រពៃម្ល៉េះ!+
៦ ដូចជាជ្រលងដែលលាតសន្ធឹងទៅឆ្ងាយ+
ដូចជាសួនច្បារតាមដងទន្លេ
ដូចជាដើមអាឡូ*ដែលព្រះយេហូវ៉ាបានដាំ
ដូចជាដើមស៊ីដារ*ដុះក្បែរមាត់ទឹក។
៧ ទឹកតែងតែហូរចេញពីធុងស្បែកទាំងពីររបស់គាត់
ឯគ្រាប់ពូជ*របស់គាត់បានត្រូវសាបព្រោះនៅក្បែរផ្លូវទឹក+
ស្ដេចរបស់គាត់+នឹងខ្លាំងពូកែជាងអាកាក់+
រាជាណាចក្ររបស់គាត់នឹងត្រូវលើកតម្កើង។+
៨ ព្រះនាំគាត់ចេញពីស្រុកអេហ្ស៊ីប។
លោកប្រៀបដូចជាស្នែងគោព្រៃចំពោះពួកគេ។
គាត់នឹងបំផ្លាញប្រជាជាតិនានាដែលជាអ្នកគាបសង្កត់+
គាត់នឹងអង្កៀមឆ្អឹងពួកគេ ហើយនឹងប្រហារពួកគេដោយព្រួញ។
៩ គាត់ក្រាបចុះដូចតោក្រាប
ដូចតោដេក តើអ្នកណាហ៊ានដាស់គាត់?
អស់អ្នកដែលឲ្យពរគាត់ ពួកគេនឹងបានពរ
អស់អ្នកដែលដាក់បណ្ដាសាគាត់ ពួកគេនឹងត្រូវបណ្ដាសា»។+
១០ ឮដូច្នោះ បាឡាក់បានខឹងនឹងបាឡាមជាខ្លាំង។ រួចគាត់ទះដៃដោយកំហឹង ហើយនិយាយថា៖ «ខ្ញុំបានហៅអ្នកមកដើម្បីដាក់បណ្ដាសាពួកសត្រូវរបស់ខ្ញុំ+ តែរហូតមកដល់ឥឡូវអ្នកបានឲ្យពរពួកគេបីដងទៅវិញ។ ១១ ដូច្នេះ ចូរប្រញាប់ត្រឡប់ទៅផ្ទះវិញទៅ។ ខ្ញុំមានបំណងលើកកិត្តិយសអ្នកឲ្យបានថ្កុំថ្កើង+ តែមើល! ព្រះយេហូវ៉ាបានរារាំងមិនឲ្យអ្នកទទួលកិត្តិយសទេ»។
១២ បាឡាមបានតបទៅវិញថា៖ «ក្រែងខ្ញុំបានប្រាប់ពួកអ្នកនាំសាររបស់លោកហើយតើថា៖ ១៣ ‹ទោះបីបាឡាក់ឲ្យវិមានរបស់គាត់ទាំងមូលដែលពេញទៅដោយមាសនិងប្រាក់ក៏ដោយ ក៏ខ្ញុំមិនអាចធ្វើតាមចិត្តលើសពីបង្គាប់របស់ព្រះយេហូវ៉ាបានឡើយ ទោះជារឿងល្អឬអាក្រក់ក្ដី។ ខ្ញុំគ្រាន់តែអាចនិយាយតាមតែប្រសាសន៍របស់ព្រះយេហូវ៉ាប៉ុណ្ណោះ›។+ ១៤ ប៉ុន្តែ មុនខ្ញុំទៅឯជនរួមជាតិរបស់ខ្ញុំ ចូរមកនេះ ខ្ញុំនឹងជម្រាបលោកអំពីអ្វីដែលប្រជាជាតិនោះនឹងធ្វើទៅលើប្រជាជាតិរបស់លោកនៅថ្ងៃអនាគត»។ ១៥ រួចបាឡាមបានពោលពាក្យជាកំណាព្យថា៖+
«នេះជាពាក្យរបស់បាឡាមជាកូនបេអ័រ
ជាពាក្យរបស់បុរសដែលបានត្រូវបំភ្លឺភ្នែក+
១៦ នេះជាពាក្យរបស់អ្នកដែលឮប្រសាសន៍របស់ព្រះ
ជាអ្នកដែលមានចំណេះពីព្រះដ៏ខ្ពង់ខ្ពស់បំផុត
ជាអ្នកដែលបានឃើញព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាក្នុងគំនិត
ជាអ្នកដែលបានក្រាបខ្លួនទាំងភ្នែកនៅបើក។ ពាក្យទាំងនេះមានដូចតទៅ៖
១៧ ខ្ញុំនឹងឃើញគាត់ តែមិនមែនឥឡូវទេ
ខ្ញុំនឹងគន់មើលគាត់ តែមិនមែនភ្លាមៗទេ
នឹងមានផ្កាយមួយ+ចេញពីយ៉ាកុប
នឹងមានដំបងរាជ្យ+លេចចេញពីអ៊ីស្រាអែល+
គាត់នឹងបំបែកថ្ងាសរបស់ជនជាតិម៉ូអាប់+
ព្រមទាំងលលាដ៍ក្បាលរបស់កូនចៅពួកអ្នកដែលបង្កការវឹកវរ។
១៨ កាលអ៊ីស្រាអែលបង្ហាញចិត្តអង់អាច អេដំនឹងទៅជាកេរអាករ+
ឯស្រុកសៀរ+នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសត្រូវ។+
១៩ នឹងមានអ្នកបង្ក្រាបម្នាក់ចេញពីយ៉ាកុប+
គាត់នឹងប្រហារពួកអ្នករួចជីវិតពីក្រុងដែលត្រូវបំផ្លាញឲ្យអស់គ្មានសល់»។
២០ ពេលបាឡាមឃើញអាម៉ាលេក គាត់បានពោលពាក្យជាកំណាព្យថា៖
«អាម៉ាលេកជាប្រជាជាតិដំបូង+ តែនៅទីបំផុតគាត់នឹងត្រូវវិនាសសាបសូន្យ»។+
២១ ពេលបាឡាមឃើញពួកកែន+ គាត់បានពោលពាក្យជាកំណាព្យថា៖
«ទីអាស្រ័យរបស់អ្នកតាំងនៅលើផ្ទាំងថ្ម ហើយលំនៅរបស់អ្នកក៏រឹងមាំ។
២២ ប៉ុន្តែ បុគ្គលម្នាក់នឹងដុតបំផ្លាញពួកកែនចោល។
តើដល់កាលណាទើបពួកអាស៊ីរីចាប់អ្នកទៅធ្វើជាឈ្លើយ?»។
២៣ រួចបាឡាមពោលពាក្យជាកំណាព្យបន្តថា៖
«វេទនាហើយ! តើអ្នកណានឹងរួចជីវិតទៅ ពេលដែលព្រះធ្វើឲ្យការនេះកើតឡើង?
២៤ នាវាទាំងប៉ុន្មាននឹងចេញពីឆ្នេរគីទីម+
នាវាទាំងនោះនឹងធ្វើទុក្ខដល់ពួកអាស៊ីរី+ ហើយបំផ្លាញហេបឺរ។
ប៉ុន្តែ គាត់ក៏នឹងត្រូវវិនាសទៅដែរ»។
២៥ បន្ទាប់មក បាឡាម+បានក្រោកឡើង ធ្វើដំណើរត្រឡប់ទៅលំនៅរបស់គាត់វិញ។ ឯបាឡាក់ក៏ធ្វើដំណើរទៅតាមផ្លូវរបស់គាត់ដែរ។