ការបើកបង្ហាញចំពោះយ៉ូហាន
៩ ពេលដែលទេវតាទី៥ផ្លុំត្រែរបស់គាត់+ ខ្ញុំឃើញផ្កាយមួយដែលបានធ្លាក់ដល់ផែនដី ហើយផ្កាយនោះបានទទួលកូនសោនៃទីជ្រៅបំផុត។+ ២ ពេលដែលផ្កាយនោះបើកទីជ្រៅបំផុត មានផ្សែងចេញមកពីរណ្ដៅ ដូចផ្សែងចេញពីឡដ៏ធំមួយ ហើយដួងអាទិត្យនិងមេឃបានទៅជាងងឹត+ដោយសារផ្សែងពីរណ្ដៅនោះ។ ៣ មានកណ្ដូបចេញពីផ្សែងនោះមកផែនដី។+ កណ្ដូបទាំងនោះបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅផែនដី។ ៤ កណ្ដូបទាំងនោះបានត្រូវប្រាប់មិនឲ្យបង្ខូចរុក្ខជាតិ ដើមឈើ ឬតិណជាតិណានៅផែនដីឡើយ គ្រាន់តែធ្វើទុក្ខដល់មនុស្សដែលមិនមានត្រារបស់ព្រះនៅលើថ្ងាសពួកគេប៉ុណ្ណោះ។+
៥ កណ្ដូបទាំងនោះមិនបានទទួលការអនុញ្ញាតឲ្យសម្លាប់មនុស្សទាំងនោះទេ តែឲ្យធ្វើទារុណកម្មពួកគេអស់ប្រាំខែ ហើយទារុណកម្មដែលពួកគេទទួល គឺដូចពេលដែលខ្យាដំរី+ទិចមនុស្ស។ ៦ នៅគ្រានោះ មនុស្សនឹងរកវិធីស្លាប់ តែរកមិនឃើញទេ។ ពួកគេចង់ស្លាប់ តែស្លាប់មិនទាន់បានទេ។
៧ រីឯលក្ខណៈរបស់កណ្ដូបទាំងនោះគឺស្រដៀងនឹងសេះដែលបានត្រូវរៀបចំសម្រាប់ចម្បាំង+ ហើយលើក្បាលកណ្ដូបទាំងនោះមានអ្វីដែលមើលទៅដូចមកុដមាស ឯមុខគឺដូចមុខមនុស្ស។ ៨ ប៉ុន្តែ សក់របស់កណ្ដូបទាំងនោះគឺដូចសក់ស្ត្រី ហើយធ្មេញគឺដូចធ្មេញតោ។+ ៩ កណ្ដូបទាំងនោះមានអាវការពារដើមទ្រូងដូចអាវការពារធ្វើពីដែក ឯសន្ធឹកស្លាបគឺដូចសន្ធឹករទេះសេះជាច្រើនកំពុងស្រូតទៅច្បាំង។+ ១០ ម្យ៉ាងទៀត កន្ទុយនិងទ្រនិចរបស់កណ្ដូបទាំងនោះគឺដូចកន្ទុយនិងទ្រនិចរបស់ខ្យាដំរី ហើយក្នុងកន្ទុយមានអំណាចធ្វើទុក្ខដល់មនុស្សទាំងនោះអស់ប្រាំខែ។+ ១១ កណ្ដូបទាំងនោះមានស្ដេច គឺទេវតានៃទីជ្រៅបំផុត។+ ជាភាសាហេប្រឺ ទេវតានោះមានឈ្មោះថាអាបាដូន* តែជាភាសាក្រិចមានឈ្មោះថាអាប៉ូលីយ៉ូន។*
១២ សេចក្ដីវេទនាទី១បានកន្លងផុតទៅហើយ។ មើល! សេចក្ដីវេទនាពីរទៀត+នឹងមកបន្ទាប់ពីការទាំងនេះ។
១៣ ពេលដែលទេវតាទី៦+ផ្លុំត្រែរបស់គាត់+ ខ្ញុំឮសំឡេងមួយបន្លឺចេញមកពីជ្រុង*ទាំងប៉ុន្មានរបស់ទីបូជាធ្វើពីមាស+ ដែលនៅមុខព្រះ។ ១៤ សំឡេងនោះបន្លឺទៅកាន់ទេវតាទី៦ដែលមានត្រែថា៖ «ចូរស្រាយទេវតាទាំងបួនដែលជាប់ចំណងនៅទន្លេដ៏ធំឈ្មោះអឺប្រាត»។+ ១៥ រួចគាត់ស្រាយទេវតាទាំងបួននោះ។ ទេវតាទាំងបួននោះបានត្រូវរៀបចំសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំ ដើម្បីឲ្យទៅសម្លាប់១ភាគ៣នៃមនុស្សទាំងនោះ។
១៦ ខ្ញុំបានឮអំពីទ័ពទាហានសេះ មានចំនួន២០.០០០គុណ១០.០០០។* ១៧ ខ្ញុំបានត្រូវបើកបង្ហាញឲ្យឃើញក្នុងគំនិត គឺខ្ញុំឃើញសេះនិងពួកអ្នកដែលជិះសេះទាំងនោះមានលក្ខណៈដូចតទៅនេះ៖ ពួកគេមានអាវការពារដើមទ្រូង ដែលមានពណ៌ក្រហមឆេះ ពណ៌ខៀវចាស់ និងពណ៌លឿង ឯក្បាលសេះទាំងនោះគឺដូចក្បាលតោ+ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់សេះទាំងនោះ។ ១៨ ចំណែកឯ១ភាគ៣នៃមនុស្សទាំងនោះបានត្រូវសម្លាប់ដោយសេចក្ដីវេទនាទាំងបីនេះគឺ ភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់សេះទាំងនោះ។ ១៩ សេះទាំងនោះមានអំណាចនៅក្នុងមាត់និងកន្ទុយ ពីព្រោះកន្ទុយរបស់ពួកវាដូចពស់ ក៏មានក្បាល ហើយពួកវាប្រើអ្វីៗទាំងនេះធ្វើទុក្ខមនុស្សទាំងនោះ។
២០ ប៉ុន្តែ មនុស្សទាំងប៉ុន្មានទៀតដែលមិនបានត្រូវសម្លាប់ដោយសេចក្ដីវេទនាទាំងនោះ មិនបានប្រែចិត្តពីស្នាដៃរបស់ពួកគេឡើយ គឺពួកគេមិនព្រមឈប់គោរពបូជាពួកវិញ្ញាណកំណាច* និងរូបព្រះធ្វើពីប្រាក់ មាស ស្ពាន់ ថ្ម និងឈើ ជារូបដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនបាននោះទេ។+ ២១ ម្យ៉ាងទៀត ពួកគេមិនបានប្រែចិត្តពីការសម្លាប់មនុស្ស ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការលួច និងការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ឡើយ។