-
ម៉ាកុស ១២:១៣-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ បន្ទាប់មក ពួកគេចាត់ផារិស៊ីខ្លះ និងអ្នកគាំទ្រខ្លះរបស់ហេរ៉ូឌ ឲ្យទៅនិយាយជាមួយនឹងលោក ដើម្បីរកហេតុចោទប្រកាន់លោក។+ ១៤ ពេលទៅដល់ អ្នកទាំងនោះក៏សួរលោកថា៖ «លោកគ្រូ! យើងដឹងថាលោកតែងមានប្រសាសន៍ជាសេចក្ដីពិត ហើយមិនផ្គាប់ផ្គុនអ្នកណាឡើយ ពីព្រោះលោកមិនចាប់អារម្មណ៍នឹងសម្បកក្រៅរបស់អ្នកណាទេ តែលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ សូមប្រាប់យើង តើមានច្បាប់ឲ្យបង់ពន្ធជូនសេសារ*ឬទេ?* ១៥ តើយើងត្រូវបង់ពន្ធឬមិនត្រូវបង់?»។ ប៉ុន្តែ លោកជ្រាបអំពីពុតត្បុតរបស់ពួកគេ។ លោកក៏សួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ? ចូរយកប្រាក់ឌីណារី*មួយមកបង្ហាញខ្ញុំ»។ ១៦ ពួកគេយកប្រាក់ឌីណារីមួយមក រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ ១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ+ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។+ រួចពួកគេកោតស្ងើចនឹងលោក។
-
-
លូកា ២០:២០-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ដូច្នេះ ពួកគេស្វែងរកឱកាសដើម្បីបញ្ឆោតលោកយេស៊ូ។ ពួកគេក៏ជួលបុរសមួយចំនួនដោយសម្ងាត់ ឲ្យបន្លំខ្លួនជាមនុស្សសុចរិត ដើម្បីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុចោទប្រកាន់លោក+ រួចបញ្ជូនលោកទៅពួកអាជ្ញាធរនិងអភិបាល។ ២១ អ្នកទាំងនោះក៏សួរលោកថា៖ «លោកគ្រូ យើងដឹងថាលោកតែងមានប្រសាសន៍និងបង្រៀនយ៉ាងត្រឹមត្រូវ ក៏មិនរើសមុខអ្នកណាឡើយ ហើយលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ ២២ បើដូច្នេះ តើមានច្បាប់ឲ្យយើងបង់ពន្ធជូនសេសារ*ឬទេ?»។ ២៣ ប៉ុន្តែ លោកជ្រាបល្បិចកលរបស់ពួកគេ ក៏មានប្រសាសន៍ទៅពួកគេថា៖ ២៤ «ចូរបង្ហាញប្រាក់ឌីណារី*មួយឲ្យខ្ញុំមើល។ តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ ២៥ លោកមានប្រសាសន៍ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ+ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។+ ២៦ ពេលលោកមានប្រសាសន៍ដូច្នេះ ពួកគេមិនអាចចោទប្រកាន់លោកនៅមុខបណ្ដាជនឡើយ តែពួកគេបាននៅស្ងៀមវិញ ព្រោះនឹកអស្ចារ្យក្នុងចិត្តនឹងចម្លើយរបស់លោក។
-