-
ម៉ាថាយ ២២:១៥-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ រួចមក ពួកផារិស៊ីបានទៅប្រឹក្សាគ្នារកវិធីដើម្បីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចចោទប្រកាន់លោកបាន។+ ១៦ ដូច្នេះ ពួកផារិស៊ីក៏ចាត់អ្នកកាន់តាមរបស់ពួកគេនិងពួកអ្នកគាំទ្រហេរ៉ូឌ ឲ្យទៅឯលោកយេស៊ូ។+ អ្នកទាំងនោះបាននិយាយទៅលោកថា៖ «លោកគ្រូ យើងដឹងថាលោកតែងតែនិយាយពាក្យពិត ហើយបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ លោកមិនផ្គាប់ផ្គុនអ្នកណាឡើយ ពីព្រោះលោកមិនចាប់អារម្មណ៍នឹងសម្បកក្រៅរបស់អ្នកណាទេ។ ១៧ ដូច្នេះ តើលោកគិតដូចម្ដេច? សូមប្រាប់យើង តើមានច្បាប់ឲ្យបង់ពន្ធជូនសេសារឬទេ?»។* ១៨ ក៏ប៉ុន្តែ លោកយេស៊ូជ្រាបអំពីភាពទុច្ចរិតរបស់ពួកគេ នោះលោកមានប្រសាសន៍ថា៖ «នែ! មនុស្សលាក់ពុត! ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ? ១៩ ចូរយកកាក់សម្រាប់បង់ពន្ធដារមកបង្ហាញខ្ញុំ»។ ពួកគេយកប្រាក់ឌីណារី*មួយមកជូនលោក។ ២០ រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ២១ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ នោះលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។+ ២២ ពេលដែលឮដូច្នេះ ពួកគេកោតស្ងើចក្នុងចិត្ត រួចបានចេញពីលោកទៅ។
-
-
លូកា ២០:២០-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ដូច្នេះ ពួកគេស្វែងរកឱកាសដើម្បីបញ្ឆោតលោកយេស៊ូ។ ពួកគេក៏ជួលបុរសមួយចំនួនដោយសម្ងាត់ ឲ្យបន្លំខ្លួនជាមនុស្សសុចរិត ដើម្បីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុចោទប្រកាន់លោក+ រួចបញ្ជូនលោកទៅពួកអាជ្ញាធរនិងអភិបាល។ ២១ អ្នកទាំងនោះក៏សួរលោកថា៖ «លោកគ្រូ យើងដឹងថាលោកតែងមានប្រសាសន៍និងបង្រៀនយ៉ាងត្រឹមត្រូវ ក៏មិនរើសមុខអ្នកណាឡើយ ហើយលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ ២២ បើដូច្នេះ តើមានច្បាប់ឲ្យយើងបង់ពន្ធជូនសេសារ*ឬទេ?»។ ២៣ ប៉ុន្តែ លោកជ្រាបល្បិចកលរបស់ពួកគេ ក៏មានប្រសាសន៍ទៅពួកគេថា៖ ២៤ «ចូរបង្ហាញប្រាក់ឌីណារី*មួយឲ្យខ្ញុំមើល។ តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ ២៥ លោកមានប្រសាសន៍ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ+ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។+ ២៦ ពេលលោកមានប្រសាសន៍ដូច្នេះ ពួកគេមិនអាចចោទប្រកាន់លោកនៅមុខបណ្ដាជនឡើយ តែពួកគេបាននៅស្ងៀមវិញ ព្រោះនឹកអស្ចារ្យក្នុងចិត្តនឹងចម្លើយរបស់លោក។
-