បណ្ដាស្ដេចទី១
៣ សាឡូម៉ូនបានចងសម្ព័ន្ធភាពនឹងផារ៉ូស្ដេចស្រុកអេហ្ស៊ីប ដោយរៀបការជាមួយនឹងកូនស្រីរបស់គាត់។+ សាឡូម៉ូនបាននាំនាងទៅស្នាក់នៅក្នុងក្រុងដាវីឌ+ ព្រោះវិមានស្ដេច វិហាររបស់ព្រះយេហូវ៉ា និងកំពែងក្រុងយេរូសាឡិមមិនទាន់បានត្រូវសង់រួចរាល់។+ ២ នៅគ្រានោះ បណ្ដាជននៅតែជូនគ្រឿងបូជានៅលើទីខ្ពស់ពិសិដ្ឋ+ ដោយសារវិហារដែលតំណាងនាមព្រះយេហូវ៉ាមិនទាន់បានត្រូវសាងសង់នៅឡើយ។+ ៣ សាឡូម៉ូនស្រឡាញ់ព្រះយេហូវ៉ា ហើយធ្វើតាមដំបូន្មានដែលដាវីឌជាឪពុកបានផ្ដែផ្ដាំ។ ប៉ុន្តែ គាត់នៅតែដុតនិងជូនគ្រឿងបូជានៅលើទីខ្ពស់ពិសិដ្ឋនៅឡើយ។+
៤ សាឡូម៉ូនបានទៅឯគីបៀនដើម្បីជូនគ្រឿងបូជានៅទីនោះ ព្រោះទីនោះជាទីខ្ពស់ដែលសំខាន់បំផុត។+ គាត់បានជូនសត្វ១.០០០ក្បាលជាគ្រឿងបូជាដុតនៅលើទីបូជានោះ។+ ៥ នៅគីបៀន ព្រះយេហូវ៉ាបានលេចមកឲ្យសាឡូម៉ូនឃើញក្នុងសុបិននៅវេលាយប់ ហើយព្រះបានមានប្រសាសន៍ថា៖ «ចូរសុំអ្វីដែលអ្នកចង់បានពីខ្ញុំចុះ»។+ ៦ ខណៈនោះ សាឡូម៉ូនបាននិយាយថា៖ «លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះដាវីឌជាឪពុករបស់ខ្ញុំ កាលដែលគាត់បានដើរតាមលោកដោយស្មោះត្រង់ ដោយសុចរិត និងដោយមានចិត្តស្មោះឥតងាករេ។ លោកបានបង្ហាញសេចក្ដីស្រឡាញ់ស្មោះត្រង់ដ៏ធំធេងដល់គាត់ជានិច្ចដរាបមកដល់សព្វថ្ងៃ ដោយឲ្យគាត់មានកូនប្រុសមួយស្នងរាជ្យគាត់។+ ៧ ឥឡូវ ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! លោកបានតែងតាំងខ្ញុំឲ្យធ្វើជាស្ដេចបន្ទាប់ពីដាវីឌឪពុកខ្ញុំ ទោះជាខ្ញុំនៅក្មេងខ្វះបទពិសោធន៍ក្ដី។+ ៨ ខ្ញុំជាអ្នកបម្រើលោក កំពុងគ្រប់គ្រងលើបណ្ដាជនដែលលោកបានជ្រើសរើស+ គឺបណ្ដាជនដែលមានចំនួនច្រើនឥតគណនា។ ៩ ម្ល៉ោះហើយ សូមជួយឲ្យខ្ញុំមានចិត្តដែលចេះស្ដាប់បង្គាប់លោក ដើម្បីវិនិច្ឆ័យបណ្ដាជន+ ព្រមទាំងចេះសម្គាល់អ្វីល្អអ្វីអាក្រក់ផង។+ យ៉ាងនេះ ខ្ញុំអាចវិនិច្ឆ័យរាស្ត្ររបស់លោកដែលមានចំនួនដ៏ច្រើននេះបាន»។
១០ ព្រះយេហូវ៉ាពេញចិត្តនឹងសំណូមពររបស់សាឡូម៉ូនណាស់។+ ១១ រួចមក ព្រះបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ដោយព្រោះអ្នកមិនបានសុំឲ្យខ្លួនអ្នកមានអាយុវែង ឬមានទ្រព្យសម្បត្តិ ឬក៏សុំឲ្យពួកសត្រូវអ្នកស្លាប់ តែបានសុំឲ្យមានការយល់ដឹងដើម្បីវិនិច្ឆ័យក្ដីវិញ+ ១២ នោះខ្ញុំនឹងធ្វើតាមសំណូមពររបស់អ្នក+ ដោយឲ្យអ្នកមានប្រាជ្ញានិងសមត្ថភាពយល់ដឹងច្រើនលើសលប់+ ដល់ម្ល៉េះបានជានៅមុននិងក្រោយអ្នកមិនដែលមានអ្នកណាដូចអ្នកទេ។+ ១៣ លើសពីនោះ ខ្ញុំក៏នឹងឲ្យអ្វីដែលអ្នកមិនបានសុំដែរ+ គឺទាំងទ្រព្យសម្បត្តិទាំងកិត្តិយសផង។+ ហេតុនេះ នឹងគ្មានស្ដេចណាទៀតដូចអ្នកក្នុងគ្រារបស់អ្នកឡើយ។+ ១៤ បើអ្នកដើរតាមផ្លូវរបស់ខ្ញុំដោយបន្តកាន់តាមបញ្ញត្តិនិងបង្គាប់របស់ខ្ញុំទាំងប៉ុន្មាន ដូចដាវីឌឪពុករបស់អ្នក+ នោះខ្ញុំនឹងឲ្យអ្នកមានជីវិតយូរអង្វែងផងដែរ»។+
១៥ លុះភ្ញាក់ពីដំណេក សាឡូម៉ូនដឹងថានោះជាការយល់សប្ដិទេ។ បន្ទាប់មក គាត់បានទៅក្រុងយេរូសាឡិម ហើយឈរនៅមុខហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា រួចជូនគ្រឿងបូជាដុតនិងគ្រឿងបូជាមេត្រី+ ហើយគាត់រៀបចំពិធីភោជនាហារយ៉ាងធំឲ្យអ្នកបម្រើទាំងអស់របស់គាត់។
១៦ កន្លងក្រោយមក មានស្ត្រីពេស្យាពីរនាក់ចូលមកជួបស្ដេច។ ១៧ ស្ត្រីទី១បាននិយាយថា៖ «លោកម្ចាស់ ស្ត្រីនេះនិងខ្ញុំអាស្រ័យនៅផ្ទះជាមួយគ្នា។ ខ្ញុំបានសម្រាលកូនកាលដែលនាងនៅក្នុងផ្ទះ។ ១៨ លុះបីថ្ងៃក្រោយមក ស្ត្រីនេះក៏បានសម្រាលកូនដែរ។ នាងនិងខ្ញុំនៅជាមួយគ្នាតែពីរនាក់ គ្មានអ្នកណាទៀតនៅក្នុងផ្ទះជាមួយនឹងយើងទេ។ ១៩ គាប់ជួនយប់មួយ កូនប្រុសរបស់ស្ត្រីនេះបានស្លាប់ ដោយសារនាងដេកសង្កត់លើ។ ២០ នៅកណ្ដាលអធ្រាត្រ កាលខ្ញុំកំពុងដេកលក់ទាំងមានកូននៅក្បែរ នាងបានក្រោកឡើងយកកូនចេញពីខ្ញុំ ហើយដាក់កូនរបស់នាងដែលស្លាប់មកជំនួសវិញ។ ២១ លុះព្រឹកឡើង ខ្ញុំបានក្រោកពីដំណេកដើម្បីបំបៅកូន ស្រាប់តែឃើញថាកូននោះបានស្លាប់ហើយ។ ខ្ញុំក៏ពិនិត្យមើលយ៉ាងហ្មត់ចត់ ហើយឃើញថាកូននោះមិនមែនជាកូនរបស់ខ្ញុំទេ»។ ២២ ប៉ុន្តែ ស្ត្រីទី២និយាយថា៖ «ទេ! កូនដែលនៅរស់ជាកូនរបស់ខ្ញុំ ចំណែកកូនដែលស្លាប់ជាកូនរបស់អ្នក!»។ ប៉ុន្តែ ស្ត្រីទី១និយាយថា៖ «ទេ! កូនដែលស្លាប់ជាកូនរបស់អ្នក ឯកូនដែលនៅរស់ជាកូនរបស់ខ្ញុំ»។ ពួកនាងចេះតែប្រកែកគ្នាដូច្នោះ នៅចំពោះស្ដេច។
២៣ នៅទីបំផុត ស្ដេចបាននិយាយថា៖ «ស្ត្រីម្នាក់នេះថា៖ ‹កូនរបស់ខ្ញុំជាកូនដែលនៅរស់ ឯកូនដែលស្លាប់ជាកូនរបស់អ្នក!›។ ចំណែកស្ត្រីម្នាក់នោះថា៖ ‹ទេ! កូនរបស់អ្នកជាកូនដែលស្លាប់ ឯកូនដែលរស់ជាកូនរបស់ខ្ញុំ!›»។ ២៤ រួចស្ដេចនិយាយថា៖ «ចូរយកដាវមួយឲ្យខ្ញុំ»។ ដូច្នេះ គេបានយកដាវមួយមកជូនស្ដេច។ ២៥ ខណៈនោះ ស្ដេចនិយាយថា៖ «ចូរកាត់កូនដែលរស់នោះជាពីរទៅ ហើយឲ្យមួយចំណែកដល់ស្ត្រីម្នាក់នេះ ឯមួយចំណែកទៀតឲ្យដល់ស្ត្រីម្នាក់នោះ»។ ២៦ ឮដូច្នោះ ស្ត្រីជាម្ដាយមានចិត្តអាណិតអាសូរដល់កូនរបស់នាងជាខ្លាំង ហើយក៏បានអង្វរស្ដេចថា៖ «លោកម្ចាស់! សូមប្រគល់កូនដែលរស់នោះឲ្យនាងចុះ! សូមកុំសម្លាប់កូននោះអី!»។ ប៉ុន្តែ ស្ត្រីទី២និយាយថា៖ «កូននោះនឹងមិនទៅជារបស់អ្នកឬរបស់ខ្ញុំទេ! ឲ្យគេកាប់កូននោះជាពីរទៅ!»។ ២៧ បន្ទាប់មក ស្ដេចនិយាយថា៖ «កុំសម្លាប់កូននោះអី! ចូរប្រគល់កូនដែលនៅរស់ឲ្យស្ត្រីទី១ទៅ! ព្រោះនាងគឺជាម្ដាយកូននោះហើយ»។
២៨ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានឮអំពីការវិនិច្ឆ័យក្ដីដែលស្ដេចបានធ្វើនោះ ហើយពួកគេបានកោតស្ងើចនឹងស្ដេច+ ព្រោះពួកគេយល់ឃើញថាព្រះបានឲ្យប្រាជ្ញាដល់ស្ដេចដើម្បីវិនិច្ឆ័យក្ដីដោយយុត្តិធម៌។+