ដំណើរចាកចេញ
៣៦ «ដូច្នេះ បេសាលែលនឹងធ្វើការជាមួយនឹងអូហូលាភ ព្រមទាំងជាមួយនឹងជាងជំនាញឯទៀត។ ព្រះយេហូវ៉ាបានឲ្យប្រាជ្ញានិងការយល់ដឹងដល់ពួកជាងទាំងនោះ ដើម្បីឲ្យពួកគេអាចធ្វើកិច្ចការទាំងអស់សម្រាប់កិច្ចបម្រើបរិសុទ្ធ តាមបង្គាប់ព្រះយេហូវ៉ា»។+
២ បន្ទាប់មក ម៉ូសេបានហៅបេសាលែលនិងអូហូលាភ ព្រមទាំងជាងជំនាញគ្រប់រូបដែលព្រះយេហូវ៉ាបានឲ្យប្រាជ្ញា+ គឺអស់អ្នកដែលពេញចិត្តធ្វើការងារនោះ។+ ៣ រួចម៉ូសេបានប្រគល់ឲ្យពួកគេនូវវិភាគទានទាំងអស់+ដែលបណ្ដាជនអ៊ីស្រាអែលយកមកជូនសម្រាប់កិច្ចបម្រើបរិសុទ្ធ។ ប៉ុន្តែ ជារៀងរាល់ព្រឹកបណ្ដាជននៅតែនាំយកវិភាគទានស្ម័គ្រពីចិត្តមកប្រគល់ឲ្យម៉ូសេថែមទៀត។
៤ ម្ល៉ោះហើយ ក្រោយពួកជាងជំនាញទាំងនោះចាប់ផ្ដើមធ្វើការងារបរិសុទ្ធ ពួកជាងបានចូលទៅបន្តបន្ទាប់គ្នា ៥ ហើយប្រាប់ម៉ូសេថា៖ «បណ្ដាជនបាននាំយកវិភាគទានមកច្រើនណាស់ គឺលើសពីសេចក្ដីត្រូវការសម្រាប់កិច្ចការដែលព្រះយេហូវ៉ាបង្គាប់ឲ្យធ្វើ»។ ៦ ដូច្នេះ ម៉ូសេក៏បង្គាប់ឲ្យគេប្រកាសពេញជំរំថា៖ «បងប្អូនទាំងប្រុសទាំងស្រីអើយ! សូមកុំនាំយករបស់របរមកជូនជាវិភាគទានបរិសុទ្ធទៀត»។ ម្ល៉ោះហើយ បណ្ដាជនក៏ឈប់នាំយកវិភាគទានមកទៀត។ ៧ ឯរបស់របរដែលពួកគេបានយកមកនោះ មានល្មមគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការទាំងអស់ គឺមានច្រើនលើសពីតម្រូវការទៅទៀត។
៨ ដូច្នេះ ពួកជាងជំនាញទាំងអស់+ធ្វើត្រសាលជំនុំ+ ដោយប្រើក្រណាត់១០ផ្ទាំង ធ្វើពីអំបោះវេញយ៉ាងល្អ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* និងអំបោះពណ៌ក្រហម។ គាត់*ប៉ាក់រូបចេរូប៊ីននៅលើក្រណាត់ទាំងនោះ។+ ៩ ក្រណាត់ទាំងនោះមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ២៨ហត្ថ* និងទទឹង៤ហត្ថ។ ១០ បន្ទាប់មក គាត់ដេរភ្ជាប់ក្រណាត់ប្រាំផ្ទាំងជាផ្ទាំងធំមួយ ហើយគាត់ក៏ធ្វើដូច្នេះនឹងក្រណាត់ប្រាំផ្ទាំងទៀតដែរ។ ១១ រួចគាត់យកអំបោះពណ៌ខៀវមកវេញធ្វើខ្សែកងភ្ជាប់នៅជាយក្រណាត់ផ្ទាំងធំនោះ ហើយក្រណាត់ផ្ទាំងធំមួយទៀត គាត់ក៏ធ្វើដូច្នោះដែរ ដើម្បីទុកភ្ជាប់ផ្ទាំងទាំងពីរ។ ១២ នៅលើក្រណាត់ផ្ទាំងធំមួយមានខ្សែកង៥០ ហើយលើផ្ទាំងធំមួយទៀតក៏មានខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១៣ រួចគាត់ធ្វើកន្លាស់មាស៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ សម្រាប់គ្របលើត្រសាល។
១៤ បន្ទាប់មក គាត់ធ្វើក្រណាត់ពីរោមពពែ១១ផ្ទាំង សម្រាប់គ្របលើត្រសាលដែរ។+ ១៥ ក្រណាត់១១ផ្ទាំងនោះមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ៣០ហត្ថ និងទទឹង៤ហត្ថ។ ១៦ គាត់ដេរភ្ជាប់ក្រណាត់៥ផ្ទាំងជាផ្ទាំងធំមួយ ហើយគាត់ដេរ៦ផ្ទាំងទៀតភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ១៧ នៅចុងផ្ទាំងក្រណាត់ធំមួយ គាត់ធ្វើខ្សែកង៥០ ហើយនៅចុងផ្ទាំងធំមួយទៀតគាត់ក៏ធ្វើខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១៨ រួចគាត់ធ្វើកន្លាស់ស្ពាន់៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ។
១៩ ក្រោយនោះ គាត់យកស្បែកចៀមឈ្មោលដែលជ្រលក់ពណ៌ក្រហម មកគ្របលើត្រសាល ហើយយកស្បែកទន់*មកគ្របពីលើនោះ។+
២០ រួចគាត់យកឈើអាកាស្យា+មកធ្វើជាក្ដារស៊ុម ហើយតម្រៀបបញ្ឈរជាជញ្ជាំងត្រសាល។+ ២១ ក្ដារស៊ុមនីមួយៗមានកម្ពស់១០ហត្ថ និងទទឹងមួយហត្ថកន្លះ។ ២២ នៅផ្នែកខាងក្រោមនៃក្ដារស៊ុមនីមួយៗ គាត់ធ្វើពន្លួញពីរលៀនចេញពីក្ដារស៊ុម។ នោះជារបៀបដែលគាត់ធ្វើក្ដារស៊ុមត្រសាល។ ២៣ គាត់ធ្វើក្ដារស៊ុមចំនួន២០ សម្រាប់ជញ្ជាំងខាងត្បូងនៃត្រសាល។ ២៤ រួចគាត់យកប្រាក់ធ្វើជាជើងពន្លួញ៤០ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើង២សម្រាប់ស៊កពន្លួញ២នៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។+ ២៥ សម្រាប់ជញ្ជាំងខាងជើងនៃត្រសាល គាត់ធ្វើក្ដារស៊ុមចំនួន២០ដែរ ២៦ ហើយគាត់ធ្វើជើងពន្លួញចំនួន៤០ពីប្រាក់ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើង២សម្រាប់ស៊កពន្លួញ២នៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។
២៧ សម្រាប់ជញ្ជាំងខាងលិចផ្នែកខាងក្រោយត្រសាល គាត់ធ្វើក្ដារស៊ុមចំនួន៦។+ ២៨ គាត់ធ្វើក្ដារស៊ុមពីរសម្រាប់ធ្វើជាជ្រុងជញ្ជាំងទាំងពីរ ដែលនៅខាងក្រោយត្រសាល។ ២៩ ក្ដារស៊ុមនោះមានបន្ទះឈើពីរផ្ទាំងអបគ្នា ចាប់ពីក្រោមឡើងទៅលើភ្ជាប់នៅត្រង់កងទី១។ គាត់បានធ្វើដូច្នេះសម្រាប់ជ្រុងជញ្ជាំងទាំងពីរ។ ៣០ ម្ល៉ោះហើយ ជញ្ជាំងខាងក្រោយមានក្ដារស៊ុមចំនួន៨ ហើយមានជើងពន្លួញ១៦ធ្វើពីប្រាក់ គឺជើង២សម្រាប់ស៊កពន្លួញ២នៃក្ដារស៊ុមមួយ។
៣១ រួចគាត់ធ្វើរនុកពីឈើអាកាស្យា គឺធ្វើប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងត្រសាល+ ៣២ ប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងម្ខាងទៀត ហើយប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅផ្នែកខាងក្រោយត្រសាលប៉ែកខាងលិច។ ៣៣ ឯរនុកសម្រាប់ស៊កក្ដារស៊ុមត្រង់កណ្ដាល មានប្រវែងវែងពីចុងម្ខាងត្រសាលដល់ចុងម្ខាងទៀត។ ៣៤ គាត់ស្រោបក្ដារស៊ុមទាំងអស់ដោយមាស ហើយគាត់ធ្វើកងភ្ជាប់ក្ដារស៊ុមនីមួយៗពីមាស។ ឯរនុកសម្រាប់ស៊កចូលកងទាំងនោះ គាត់ក៏ស្រោបដោយមាសដែរ។+
៣៥ គាត់ធ្វើវាំងនន+ពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា ហើយគាត់ប៉ាក់រូបចេរូប៊ីន+នៅលើវាំងនននោះ។+ ៣៦ ដើម្បីព្យួរវាំងនននោះ គាត់ធ្វើសសរបួនដើមពីឈើអាកាស្យា ហើយស្រោបដោយមាស រួចគាត់ធ្វើតម្ពក់ពីមាស។ ឯជើងសសរទាំងបួនវិញ គាត់ធ្វើពីប្រាក់។ ៣៧ បន្ទាប់មក គាត់ធ្វើវាំងននសម្រាប់បាំងច្រកចូលត្រសាល។ វាំងនននោះគាត់ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ៣៨ គាត់ធ្វើសសរនៅច្រកចូលនោះប្រាំដើម ហើយធ្វើតម្ពក់ដែរ។ រួចគាត់ស្រោបក្បាលសសរនិងកងសម្រាប់ភ្ជាប់ដោយមាស។ ប៉ុន្តែ ជើងសសរទាំងប្រាំវិញ គាត់ធ្វើពីស្ពាន់។