ដំណើរចាកចេញ
២៨ «អ្នកត្រូវហៅអេរ៉ុនបងប្រុសរបស់អ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ពីចំណោមបណ្ដាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ+ គឺអេរ៉ុន+ ណាដាប អាបាយហ៊ូ+ អេលាសារ និងអ៊ីតតាម៉ា។+ ២ អ្នកត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធឲ្យអេរ៉ុន សម្រាប់លម្អនិងជាកិត្តិយសដល់គាត់។+ ៣ អ្នកត្រូវប្រាប់ជាងជំនាញ គឺអស់អ្នកដែលខ្ញុំផ្ដល់ប្រាជ្ញាឲ្យ+ ហើយពួកគេនឹងធ្វើសម្លៀកបំពាក់ឲ្យអេរ៉ុនសម្រាប់ញែកគាត់ជាបរិសុទ្ធ ដើម្បីគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។
៤ «សម្លៀកបំពាក់បរិសុទ្ធដែលពួកគេត្រូវធ្វើមានដូចតទៅ៖ ប្រដាប់បាំងទ្រូង+ អាវអេផូឌ+ អាវអត់ដៃ+ អាវវែងសាច់ក្រឡាការ៉ូ ឈ្នួតក្បាល*+ និងខ្សែក្រវាត់។+ ពួកគេត្រូវធ្វើសម្លៀកបំពាក់ទាំងនេះឲ្យអេរ៉ុននិងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យពួកគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។ ៥ ជាងជំនាញដែលធ្វើរបស់ទាំងនេះ ត្រូវប្រើមាស អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម និងអំបោះសាច់ល្អ។
៦ «ពួកគេត្រូវធ្វើអាវអេផូឌពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា។ រួចយកសរសៃមាសមកប៉ាក់ពីលើ។+ ៧ បន្ទាប់មក ត្រូវយកក្រណាត់ពីរចំណែកមកធ្វើជាស្មាអាវអេផូឌ។ ៨ ឯខ្សែក្រវាត់+ដែលនៅជាប់នឹងអាវអេផូឌសម្រាប់ចង នោះក៏ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម សរសៃមាស និងអំបោះល្អដែលវេញចូលគ្នាដែរ។
៩ «អ្នកត្រូវយកត្បូងអូនីក្សពីរ+ ហើយឲ្យគេឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលលើត្បូងនោះ+ ១០ គឺលើត្បូងមួយឆ្លាក់ឈ្មោះ៦ លើត្បូងមួយទៀតឆ្លាក់ឈ្មោះ៦ តាមលំដាប់អាយុពួកគេ។ ១១ អ្នកឆ្លាក់ត្បូងនោះត្រូវឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើត្បូងទាំងពីរនោះ តាមលំនាំនៃការឆ្លាក់ត្រា។+ រួចត្រូវដាំត្បូងពីរនោះក្នុងគ្រោងមាស។ ១២ បន្ទាប់មក អ្នកត្រូវដាក់ត្បូងពីរនោះនៅលើស្មាអាវអេផូឌ ជាត្បូងនៃសេចក្ដីរំលឹកសម្រាប់កូនចៅអ៊ីស្រាអែល+ ហើយអេរ៉ុនត្រូវពាក់ឈ្មោះពួកគេនៅលើស្មាទុកជាសេចក្ដីរំលឹកនៅចំពោះព្រះយេហូវ៉ា។ ១៣ អ្នកត្រូវធ្វើគ្រោងមាស ១៤ ហើយត្រូវធ្វើខ្សែពីមាសសុទ្ធពីរខ្សែ ដែលវេញដូចខ្សែពួរ+ រួចភ្ជាប់ខ្សែពីរនោះនៅលើគ្រោងមាសទាំងពីរ។+
១៥ «អ្នកត្រូវឲ្យអ្នកដេរប៉ាក់ ធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ។+ ដូចអាវអេផូឌដែរ ប្រដាប់បាំងនោះត្រូវត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា រួចយកសរសៃមាសមកប៉ាក់ពីលើ។+ ១៦ ប្រដាប់បាំងនោះ ពេលដែលបត់ជាពីរមានរាងបួនជ្រុង គឺបណ្ដោយប្រវែងមួយចំអាម* ទទឹងមួយចំអាម។ ១៧ នៅលើប្រដាប់បាំងនោះ ត្រូវមានត្បូងបួនជួរដែលដាំក្នុងគ្រោង។ ជួរទី១ មានត្បូងទទឹម ត្បូងថូផាស និងត្បូងមរកត។ ១៨ ជួរទី២ មានត្បូងថឺខយ ត្បូងកណ្ដៀង និងត្បូងយ៉ាស្បា។ ១៩ ជួរទី៣ មានត្បូងលេសិម ត្បូងថ្មកែវ និងត្បូងអេម៉ាទេស។ ២០ ជួរទី៤ មានត្បូងគ្រីសូឡែត ត្បូងអូនីក្ស និងត្បូងហ្គេច។ ត្បូងទាំងនោះត្រូវដាំក្នុងគ្រោងមាស។ ២១ ត្បូងទាំងនោះមានឈ្មោះកូនប្រុស១២នាក់របស់អ៊ីស្រាអែល ជាឈ្មោះដែលតំណាងកុលសម្ព័ន្ធទាំង១២។ ឈ្មោះដែលនៅលើត្បូងនីមួយៗ ត្រូវឆ្លាក់តាមលំនាំនៃការឆ្លាក់ត្រា។
២២ «អ្នកត្រូវធ្វើខ្សែពីមាសសុទ្ធវេញដូចខ្សែពួរភ្ជាប់នឹងប្រដាប់បាំងទ្រូង។+ ២៣ អ្នកត្រូវធ្វើកងមាសពីរសម្រាប់ប្រដាប់បាំងទ្រូង ហើយដាក់នៅគែមខាងលើចុងសងខាង។ ២៤ អ្នកត្រូវស៊កខ្សែមាសទាំងពីរ ភ្ជាប់នឹងកងមាសដែលនៅគែមសងខាងប្រដាប់បាំងនោះ។ ២៥ រួចមក អ្នកត្រូវភ្ជាប់ចុងខ្សែមាសទាំងពីរលើគ្រោងមាសទាំងពីរដែលនៅលើស្មាអាវអេផូឌទាំងសងខាងនៅផ្នែកខាងមុខ។ ២៦ នៅគែមខាងក្រោមសងខាងប្រដាប់បាំងទ្រូង អ្នកត្រូវធ្វើកងមាសពីរទៀតដាក់ភ្ជាប់ខាងក្នុង ទល់នឹងអាវអេផូឌ។+ ២៧ រួចមក អ្នកត្រូវធ្វើកងមាសពីរដាក់នៅត្រង់កន្លែងដែលខ្សែក្រវាត់ភ្ជាប់នឹងអេផូឌ គឺនៅខាងមុខអេផូឌ ចុះពីក្រោមស្មា ខាងលើខ្សែក្រវាត់។+ ២៨ បន្ទាប់មក ចូរយកខ្សែធ្វើពីអំបោះពណ៌ខៀវ មកចងកងនៃប្រដាប់បាំងទ្រូងភ្ជាប់នឹងកងនៃអាវអេផូឌ។ យ៉ាងនេះ ប្រដាប់បាំងទ្រូងនឹងមិនរបូតពីអាវអេផូឌ ហើយនៅខាងលើខ្សែក្រវាត់។
២៩ «ពេលអេរ៉ុនចូលទៅក្នុងទីបរិសុទ្ធ គាត់ត្រូវពាក់ប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ*ដែលមានឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែល សម្រាប់ជាសេចក្ដីរំលឹកនៅចំពោះព្រះយេហូវ៉ាជានិច្ច។ ៣០ អ្នកត្រូវដាក់យូរីមនិងធូមីម*+ក្នុងប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ហើយអេរ៉ុនត្រូវពាក់នៅលើទ្រូងគាត់ ពេលដែលគាត់ចូលទៅឯព្រះយេហូវ៉ា។ អេរ៉ុនត្រូវពាក់របស់ទាំងនេះនៅលើទ្រូងជានិច្ច សម្រាប់ធ្វើការវិនិច្ឆ័យក្ដីឲ្យកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា។
៣១ «អ្នកត្រូវធ្វើអាវអត់ដៃពីអំបោះពណ៌ខៀវ សម្រាប់ពាក់ពីក្រោមអាវអេផូឌ។+ ៣២ នៅផ្នែកខាងលើអាវនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល ហើយត្រូវដេររឹមជុំវិញឲ្យមាំដូចកអាវទាហាន ដើម្បីកុំឲ្យរហែក។ ៣៣ អ្នកត្រូវធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ និងអំបោះពណ៌ក្រហម ហើយត្រូវធ្វើកណ្ដឹងមាស សម្រាប់ដាក់នៅជាយអាវជាមួយនឹងផ្លែទទឹម។ ៣៤ អ្នកត្រូវដាក់កណ្ដឹងមាសមួយ ផ្លែទទឹមមួយ គឺដាក់ឆ្លាស់គ្នាជុំវិញជាយអាវនោះ។ ៣៥ អេរ៉ុនត្រូវពាក់អាវនោះដើម្បីគាត់អាចបំពេញមុខងាររបស់គាត់។ កាលណាគាត់ចូលវិហារបំពេញកិច្ចបម្រើជូនព្រះយេហូវ៉ា ត្រូវឲ្យឮសំឡេងកណ្ដឹងទាំងនេះ ហើយពេលចេញមកវិញក៏ត្រូវឲ្យឮដែរ។ យ៉ាងនោះ គាត់នឹងមិនស្លាប់ទេ។+
៣៦ «អ្នកត្រូវធ្វើស្លាកមួយពីមាសសុទ្ធខាត់យ៉ាងភ្លឺ ហើយត្រូវឆ្លាក់លើស្លាកនោះតាមលំនាំនៃការឆ្លាក់ត្រា។ ស្លាកនោះមានសេចក្ដីថា៖ ‹ភាពបរិសុទ្ធជារបស់ព្រះយេហូវ៉ា›។+ ៣៧ អ្នកត្រូវយកខ្សែពណ៌ខៀវចងស្លាកនោះឲ្យនៅជាប់ខាងមុខឈ្នួតក្បាល+ជានិច្ច។ ៣៨ ស្លាកនោះត្រូវនៅលើថ្ងាសអេរ៉ុន។ អេរ៉ុននឹងទទួលខុសត្រូវចំពោះអំពើខុសឆ្គង ដែលបណ្ដាជនអ៊ីស្រាអែលបានធ្វើទាក់ទងនឹងអំណោយបរិសុទ្ធ+ ពោលគឺគ្រឿងបូជាដែលពួកគេត្រូវយកមកជូនព្រះ។ អេរ៉ុនត្រូវពាក់ស្លាកនោះនៅលើថ្ងាសជានិច្ច ដើម្បីបណ្ដាជនអ៊ីស្រាអែលអាចទទួលការពេញចិត្តពីព្រះយេហូវ៉ា។
៣៩ «អ្នកត្រូវត្បាញក្រណាត់សាច់ល្អជាក្រឡាការ៉ូ រួចធ្វើជាអាវវែង ព្រមទាំងយកក្រណាត់សាច់ល្អធ្វើជាឈ្នួតក្បាល និងខ្សែក្រវាត់។+
៤០ «បន្ថែមទៀត អ្នកត្រូវធ្វើអាវវែង ខ្សែក្រវាត់ និងឈ្នួតក្បាលឲ្យកូនប្រុសៗរបស់អេរ៉ុនដែរ+ សម្រាប់លម្អនិងជាកិត្តិយសដល់ពួកគាត់។+ ៤១ អ្នកត្រូវបំពាក់សម្លៀកបំពាក់ទាំងនេះដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ បន្ទាប់មក អ្នកត្រូវចាក់ប្រេងតែងតាំងពួកគាត់+ ហើយញែកពួកគាត់ជាបរិសុទ្ធដើម្បីឲ្យពួកគាត់បំពេញមុខងារជាសង្ឃដល់ខ្ញុំ។ ៤២ មួយវិញទៀត អ្នកត្រូវយកក្រណាត់សាច់ល្អធ្វើជាខោខ្លីឲ្យពួកគាត់ ដើម្បីស្លៀកបិទបាំងកេរ្តិ៍ខ្មាស។+ សម្រុងខោគឺពីចង្កេះទៅដល់ភ្លៅ។ ៤៣ អេរ៉ុននិងកូនប្រុសៗគាត់ត្រូវស្លៀកខោនោះ ពេលចូលក្នុងត្រសាលជំនុំ ឬពេលចូលទៅឯទីបូជាដើម្បីបំពេញកិច្ចបម្រើនៅកន្លែងបរិសុទ្ធ។ យ៉ាងនោះ ពួកគាត់នឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ។ នេះជាច្បាប់សម្រាប់អេរ៉ុននិងកូនចៅរបស់គាត់ជាដរាបតទៅ។