បណ្ដាស្ដេចទី២
២១ ពេលម៉ាណាសេ+បានគ្រងរាជ្យ គាត់មានអាយុ១២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល៥៥ឆ្នាំ។+ ម្ដាយរបស់គាត់ឈ្មោះហេបស៊ីបា។ ២ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត គឺអំពើដ៏គួរឲ្យស្អប់ខ្ពើម តាមប្រជាជាតិនានា+ដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។+ ៣ គាត់បានសង់ទីខ្ពស់ពិសិដ្ឋនៅកន្លែងផ្សេងៗឡើងវិញ គឺជាទីខ្ពស់ដែលហេសេគាឪពុកគាត់បានបំផ្លាញចោល។+ គាត់ក៏បានសង់ទីបូជាសម្រាប់ព្រះបាល ហើយធ្វើបង្គោលឈើពិសិដ្ឋ*+ ដូចអាហាប់ជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើដែរ។+ គាត់ថែមទាំងបានក្រាបគោរពចំពោះផ្កាយទាំងប៉ុន្មាននៅលើមេឃទៀតផង។+ ៤ គាត់ក៏បានសង់ទីបូជាផ្សេងៗនៅក្នុងវិហារព្រះយេហូវ៉ា+ ជាកន្លែងដែលព្រះយេហូវ៉ាធ្លាប់មានប្រសាសន៍ថា៖ «ក្រុងយេរូសាឡិមជាតំណាងនាមខ្ញុំ»។+ ៥ លើសពីនេះទៅទៀត គាត់បានសង់ទីបូជាផ្សេងៗសម្រាប់គោរពបូជាដល់ផ្កាយទាំងប៉ុន្មាននៅលើមេឃ+ ក្នុងទីធ្លាទាំងពីរនៃវិហារព្រះយេហូវ៉ា។+ ៦ មិនត្រឹមតែប៉ុណ្ណោះ គាត់បានដុតកូនជូនជាគ្រឿងបូជា ថែមទាំងប្រើវេទមន្ត មើលប្រផ្នូល+ ហើយតែងតាំងគ្រូខាបនិងគ្រូទាយទៀតផង។+ គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកខឹងជាខ្លាំង។
៧ គាត់បានឆ្លាក់រូបព្រះនៅលើបង្គោលឈើពិសិដ្ឋ*+ ហើយក៏យកទៅដាក់ក្នុងវិហារព្រះ ជាកន្លែងដែលព្រះយេហូវ៉ាបានប្រាប់ដាវីឌនិងសាឡូម៉ូនថា៖ «ខ្ញុំបានញែកវិហារនេះនិងក្រុងយេរូសាឡិម ទុកជាបរិសុទ្ធសម្រាប់នាមរបស់ខ្ញុំរហូតតទៅ។ កន្លែងនេះខ្ញុំបានជ្រើសរើសពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល។+ ៨ បើជនជាតិអ៊ីស្រាអែលធ្វើតាមបញ្ញត្តិទាំងប៉ុន្មានរបស់ខ្ញុំយ៉ាងដិតដល់+ ហើយកាន់តាមគ្រប់ទាំងច្បាប់ដែលម៉ូសេជាអ្នកបម្រើខ្ញុំឲ្យពួកគេ នោះខ្ញុំនឹងមិនឲ្យពួកគេខ្ចាត់ព្រាត់ម្ដងទៀត ពីទឹកដីដែលខ្ញុំបានឲ្យដល់បុព្វបុរសរបស់ពួកគេឡើយ»។+ ៩ ប៉ុន្តែ ពួកគេមិនបានស្ដាប់ទេ ហើយម៉ាណាសេចេះតែនាំពួកគេឲ្យប្រព្រឹត្តអំពើអាក្រក់ក្រៃលែងលើសប្រជាជាតិនានា ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកអ៊ីស្រាអែលទៅទៀត។+
១០ ព្រះយេហូវ៉ាតែងតែមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោក+ថា៖ ១១ «ម៉ាណាសេបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម និងធ្វើអំពើអាក្រក់ជាច្រើនលើសជនជាតិអាម៉ូរី+ទៅទៀត។+ គាត់ក៏បាននាំឲ្យបណ្ដាជនយូដាប្រព្រឹត្តអំពើខុសឆ្គងដែរ ដោយសាររូបព្រះដ៏គួរឲ្យខ្ពើមរអើមដែលគាត់បានធ្វើនោះ។ ១២ ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងបណ្ដាលឲ្យមានអន្តរាយមកលើក្រុងយេរូសាឡិម+និងស្រុកយូដា។ ពួកអ្នកដែលឮអំពីរឿងនោះនឹងភ័យតក់ស្លុត។*+ ១៣ ខ្ញុំនឹងវាស់ក្រុងយេរូសាឡិមដោយខ្សែវាស់+ដែលខ្ញុំបានប្រើសម្រាប់វាស់ក្រុងសាម៉ារី+ ហើយដូចដែលខ្ញុំបានប្រើខ្សែប្រយោល*ដើម្បីវាស់ពូជពង្សអាហាប់។+ ខ្ញុំនឹងសម្អាតក្រុងយេរូសាឡិម ដូចជាបុគ្គលម្នាក់លាងចានឲ្យស្អាត ហើយផ្កាប់ទុក។+ ១៤ ខ្ញុំនឹងបោះបង់ចោលរាស្ត្រជាមត៌ករបស់ខ្ញុំដែលនៅសេសសល់+ ហើយខ្ញុំនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវរបស់ពួកគេ។ ពួកសត្រូវនឹងចាប់ពួកគេទៅធ្វើជាឈ្លើយ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេដែរ។+ ១៥ នេះគឺដោយសារពួកគេបានប្រព្រឹត្តអំពើដែលខ្ញុំមិនពេញចិត្ត ហើយតែងតែធ្វើឲ្យខ្ញុំមានសេចក្ដីក្រោធ តាំងពីពេលដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេហ្ស៊ីប រហូតមកដល់សព្វថ្ងៃ›»។+
១៦ ម៉ាណាសេបាននាំឲ្យបណ្ដាជនយូដាប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត។ លើសពីនោះទៅទៀត គាត់ក៏បានសម្លាប់មនុស្សដែលគ្មានទោសយ៉ាងច្រើនសន្ធឹក ដែលធ្វើឲ្យក្រុងយេរូសាឡិមពេញទៅដោយឈាម។+ ១៧ រីឯកិច្ចការទាំងប៉ុន្មានដែលម៉ាណាសេបានធ្វើ និងអំពើខុសឆ្គងទាំងប៉ុន្មានរបស់គាត់ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។ ១៨ ក្រោយមក ម៉ាណាសេបានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅសួនវិមានស្ដេច គឺក្នុងសួនអឺសា។+ រួចមក អេម៉ុនជាកូនបានគ្រងរាជ្យបន្ទាប់ពីគាត់។
១៩ ពេលអេម៉ុន+គ្រងរាជ្យ គាត់មានអាយុ២២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេលពីរឆ្នាំ។+ ម្ដាយរបស់គាត់ឈ្មោះមេសូលេមេតជាកូនហារូស ជាអ្នកមកពីតំបន់យ៉ុតបា។ ២០ អេម៉ុនតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចម៉ាណាសេឪពុកគាត់ដែរ។+ ២១ គាត់បានដើរតាមគន្លងរបស់ឪពុកគាត់ ដោយគោរពបម្រើរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។+ ២២ ដូច្នេះ គាត់បានលះចោលព្រះយេហូវ៉ាជាព្រះរបស់បុព្វបុរសគាត់ ហើយមិនដើរតាមផ្លូវរបស់ព្រះយេហូវ៉ាឡើយ។+ ២៣ ក្រោយមក ពួកអ្នកបម្រើរបស់អេម៉ុនបានឃុបឃិតគ្នាក្បត់នឹងគាត់ ហើយក៏សម្លាប់គាត់នៅក្នុងវិមានទៅ។ ២៤ ប៉ុន្តែ បណ្ដាជនបានសម្លាប់ពួកអ្នកក្បត់ទាំងនោះចោល។ រួចមក ពួកគេក៏បានតែងតាំងយ៉ូសៀសជាកូនឲ្យគ្រងរាជ្យបន្ទាប់ពីគាត់។+ ២៥ រីឯកិច្ចការទាំងប៉ុន្មានដែលអេម៉ុនបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។ ២៦ ដូច្នេះ គេបានបញ្ចុះសពគាត់នៅក្នុងសួនអឺសា។+ បន្ទាប់មក យ៉ូសៀស+ជាកូនបានគ្រងរាជ្យបន្ទាប់ពីគាត់។