ដំណើរចាកចេញ
១២ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុននៅស្រុកអេហ្ស៊ីបថា៖ ២ «អ្នកត្រូវរាប់ខែនេះជាខែដំបូង ទុកជាខែដើមឆ្នាំរបស់អ្នក។+ ៣ ចូរទៅប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ ‹នៅថ្ងៃទី១០ក្នុងខែនេះ អ្នករាល់គ្នាត្រូវយកចៀមមួយ+សម្រាប់គ្រួសារមួយ គឺចៀមមួយសម្រាប់ផ្ទះមួយ។ ៤ ប៉ុន្តែ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគចៀមទាំងមូលអស់ នោះត្រូវចែកជាមួយនឹងគ្រួសារណាមួយដែលនៅក្បែរបំផុត តាមចំនួនសមាជិកក្នុងគ្រួសារនោះ។ មុនចែកត្រូវគិតមើលថាម្នាក់ៗអាចបរិភោគប៉ុន្មាន។ ៥ ចៀមដែលអ្នករាល់គ្នាត្រូវយកមកនោះ ត្រូវជាចៀមឈ្មោលដែលល្អឥតខ្ចោះ+ ហើយមានអាយុមួយខួប។ ប៉ុន្តែ អ្នករាល់គ្នាអាចជ្រើសយកកូនពពែឈ្មោលក៏បានដែរ។ ៦ អ្នករាល់គ្នាត្រូវរក្សាទុកចៀមនោះរហូតដល់ថ្ងៃទី១៤។+ បន្ទាប់មក ក្រុមគ្រួសារអ៊ីស្រាអែលនីមួយៗត្រូវសម្លាប់ចៀមឬពពែនោះ ក្រោយពីថ្ងៃលិច។*+ ៧ រួចត្រូវយកឈាមខ្លះរបស់វាទៅលាបនៅលើបង្គោលទ្វារសងខាង និងលើធ្នឹមទ្វារផ្ទះ គឺនៅផ្ទះណាដែលគេបរិភោគសាច់សត្វនោះ។+
៨ «‹នៅយប់នោះឯង ពួកគេត្រូវដុតសត្វនោះនៅលើភ្លើង ហើយត្រូវបរិភោគសាច់វាជាមួយនឹងនំប៉័ងឥតដំបែ+និងបន្លែល្វីង។+ ៩ ពួកគេមិនត្រូវស្ងោរសាច់សត្វនោះឬបរិភោគទាំងនៅឆៅឡើយ តែត្រូវដុតទាំងក្បាលទាំងជើងនិងគ្រឿងក្នុង។ ១០ អ្នករាល់គ្នាមិនត្រូវទុកអ្វីឲ្យនៅសល់ដល់ព្រឹកឡើយ។ ប៉ុន្តែ បើមានអ្វីដែលនៅសល់ ត្រូវដុតចោលទាំងអស់។+ ១១ ពេលអ្នករាល់គ្នាបរិភោគត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង និងកាន់ដំបង ហើយត្រូវបរិភោគឲ្យរហ័ស។ ពិធីនេះជាបុណ្យរំលងជូនព្រះយេហូវ៉ា។ ១២ ព្រោះនៅយប់នោះ ខ្ញុំនឹងឆ្លងកាត់ស្រុកអេហ្ស៊ីប ហើយប្រហារកូនច្បងទាំងអស់នៅក្នុងស្រុកនោះ គឺចាប់ពីកូនរបស់មនុស្សរហូតដល់កូនរបស់សត្វ។+ បន្ថែមទៅទៀត ខ្ញុំនឹងវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេហ្ស៊ីប។+ ខ្ញុំនេះជាយេហូវ៉ា។ ១៣ ឯឈាមដែលអ្នករាល់គ្នាលាបនោះ នឹងធ្វើជាសញ្ញាសម្គាល់នៅលើផ្ទះអ្នករាល់គ្នា។ ពេលឃើញឈាមនោះ ខ្ញុំនឹងរំលងទៅ។ អ្នករាល់គ្នានឹងមិនជួបសេចក្ដីវេទនានោះទេ ពេលខ្ញុំវាយប្រហារស្រុកអេហ្ស៊ីប។+
១៤ «‹ថ្ងៃនោះនឹងទៅជាថ្ងៃរំលឹកសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវធ្វើបុណ្យនោះជូនព្រះយេហូវ៉ានៅគ្រប់ជំនាន់។ ព្រោះនោះនឹងទៅជាច្បាប់ជារៀងរហូតតទៅ ដែលអ្នករាល់គ្នាត្រូវកាន់តាម។ ១៥ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែរយៈពេល៧ថ្ងៃ។+ នៅថ្ងៃទី១ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះអ្នករាល់គ្នា ហើយចាប់ពីថ្ងៃនោះដល់ថ្ងៃទី៧ បើអ្នកណាបរិភាគនំប៉័ងដែលមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញ*ពីជនជាតិអ៊ីស្រាអែល។ ១៦ នៅថ្ងៃទី១ អ្នករាល់គ្នាត្រូវជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ហើយនៅថ្ងៃទី៧ក៏ត្រូវធ្វើដូច្នោះដែរ។ នៅថ្ងៃទាំងនោះ មិនត្រូវធ្វើការឡើយ+ លើកលែងតែការរៀបចំអាហារប៉ុណ្ណោះ។
១៧ «‹អ្នករាល់គ្នាត្រូវកំណត់ថ្ងៃនោះជាថ្ងៃបុណ្យនំប៉័ងឥតដំបែ+ ព្រោះនៅថ្ងៃនោះឯងខ្ញុំនឹងរំដោះអ្នករាល់គ្នាដ៏ច្រើនសន្ធឹក ចេញពីស្រុកអេហ្ស៊ីប។ អ្នករាល់គ្នាត្រូវធ្វើបុណ្យនោះគ្រប់ជំនាន់ ហើយទុកជាច្បាប់ជារៀងរហូតតទៅ។ ១៨ ចាប់ពីល្ងាចថ្ងៃទី១៤ រហូតដល់ល្ងាចថ្ងៃទី២១ ក្នុងខែទី១ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ។+ ១៩ ក្នុងអំឡុង៧ថ្ងៃនោះ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះអ្នករាល់គ្នាទេ។ បើអ្នកណាម្នាក់បរិភោគអ្វីដែលមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំអ៊ីស្រាអែល+ ទោះជាអ្នកនោះជាជនបរទេសឬជនជាតិអ៊ីស្រាអែលក៏ដោយ។+ ២០ នៅថ្ងៃទាំងនោះ ក្នុងផ្ទះរបស់អ្នករាល់គ្នា មិនត្រូវបរិភោគអ្វីដែលមានដំបែទេ តែត្រូវបរិភោគនំប៉័ងឥតដំបែប៉ុណ្ណោះ›»។
២១ ស្ដាប់រួច ម៉ូសេក៏ប្រញាប់ទៅហៅពួកបុរសចាស់ទុំទាំងអស់នៃអ៊ីស្រាអែលឲ្យមកជួបជុំគ្នា+ ហើយប្រាប់ពួកគេថា៖ «ចូរទៅជ្រើសយកកូនចៀមឬកូនពពែ សម្រាប់ក្រុមគ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់ធ្វើជាគ្រឿងបូជានៃបុណ្យរំលង។ ២២ បន្ទាប់មក ត្រូវយកឈាមសត្វនោះដាក់ក្នុងចានក្លាំ ហើយយកមែកហ៊ីសុបមួយបាច់ជ្រលក់ក្នុងឈាមនោះ រួចលាបលើធ្នឹមនិងបង្គោលទ្វារទាំងសងខាង ហើយមិនត្រូវឲ្យអ្នកណាម្នាក់ចេញពីផ្ទះឡើយ រហូតដល់ព្រឹក។ ២៣ យ៉ាងនោះ ពេលព្រះយេហូវ៉ាឆ្លងកាត់ស្រុកនេះ ដើម្បីធ្វើឲ្យជនជាតិអេហ្ស៊ីបមានសេចក្ដីវេទនា លោកនឹងឃើញឈាមនៅលើធ្នឹមនិងបង្គោលទ្វារសងខាង ហើយលោកនឹងរំលងផ្ទះរបស់អ្នករាល់គ្នាទៅ។ ព្រះយេហូវ៉ានឹងមិនឲ្យមានសេចក្ដីស្លាប់ធ្លាក់លើផ្ទះរបស់អ្នករាល់គ្នាទេ។+
២៤ «អ្នករាល់គ្នានិងកូនចៅអ្នករាល់គ្នាត្រូវធ្វើតាមបង្គាប់នេះជាដរាបតទៅ។+ ២៥ ពេលអ្នករាល់គ្នាចូលក្នុងស្រុកដែលព្រះយេហូវ៉ាបានសន្យាប្រគល់ឲ្យ នោះអ្នករាល់គ្នាត្រូវធ្វើពិធីពិសិដ្ឋនេះតទៅទៀត។+ ២៦ បើកូនចៅជំនាន់ក្រោយសួរអ្នករាល់គ្នាថា៖ ‹តើធ្វើពិធីបុណ្យនេះដើម្បីអ្វី?›+ ២៧ អ្នករាល់គ្នាត្រូវឆ្លើយថា៖ ‹ពិធីនេះធ្វើឡើងដើម្បីជូនគ្រឿងបូជានៃបុណ្យរំលងដល់ព្រះយេហូវ៉ា ព្រោះលោកបានរំលងផ្ទះជនជាតិអ៊ីស្រាអែលពេលដែលលោកប្រហារជនជាតិអេហ្ស៊ីប តែបានទុកជីវិតឲ្យពួកយើងវិញ›»។
ក្រោយស្ដាប់រួច បណ្ដាជនបានឱនខ្លួនក្រាបគោរព។ ២៨ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទៅធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់តាមរយៈម៉ូសេនិងអេរ៉ុន+ គឺពួកគេធ្វើតាមសព្វគ្រប់ទាំងអស់។
២៩ លុះដល់ពាក់កណ្ដាលអធ្រាត្រ ព្រះយេហូវ៉ាបានប្រហារកូនច្បងទាំងអស់ក្នុងស្រុកអេហ្ស៊ីប+ គឺចាប់ពីកូនច្បងរបស់ផារ៉ូជាអ្នកគ្រប់គ្រង រហូតដល់កូនច្បងរបស់អ្នកទោសក្នុងគុក រួមទាំងកូនដំបូងពីហ្វូងសត្វផងដែរ។+ ៣០ នៅយប់នោះ ផារ៉ូ និងពួកអ្នកបម្រើរបស់គាត់ ព្រមទាំងជនជាតិអេហ្ស៊ីបទាំងអស់ បានក្រោកឡើងទាំងយប់ ហើយទ្រហោយំយ៉ាងខ្លាំង ព្រោះក្នុងផ្ទះទាំងអស់សុទ្ធតែមានអ្នកស្លាប់។+ ៣១ ភ្លាមនោះ ផារ៉ូក៏បានចាត់គេឲ្យទៅហៅម៉ូសេនិងអេរ៉ុនមក+ ហើយនិយាយទៅកាន់ពួកគាត់ថា៖ «ចូរពួកអ្នកនិងជនជាតិអ៊ីស្រាអែលចេញពីរាស្ត្រខ្ញុំទៅ! ចូរទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដូចដែលអ្នកបានសុំចុះ។+ ៣២ ចូរនាំយកហ្វូងសត្វទៅជាមួយ តាមសំណូមពររបស់អ្នកចុះ!+ តែអ្នកត្រូវសុំព្រះឲ្យពរខ្ញុំផង»។
៣៣ បន្ទាប់មក ជនជាតិអេហ្ស៊ីបបានសុំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុកនោះជាប្រញាប់។+ ពួកគេបាននិយាយទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «បើអ្នករាល់គ្នាមិនចេញទៅទេ យើងទាំងអស់គ្នាច្បាស់ជាស្លាប់ហើយ!»។+ ៣៤ ភ្លាមនោះ ជនជាតិអ៊ីស្រាអែលបានយកដុំម្សៅដែលមិនទាន់លាយដំបែ រួមទាំងផើងសម្រាប់ច្របាច់ម្សៅ វេចក្នុងបង្វេច រួចលីចេញទៅ។ ៣៥ បន្ថែមទៀត ពួកគេបានធ្វើតាមបង្គាប់ម៉ូសេ ដោយសុំគ្រឿងមាសគ្រឿងប្រាក់ និងសម្លៀកបំពាក់ពីជនជាតិអេហ្ស៊ីប។+ ៣៦ ព្រះយេហូវ៉ាបានឲ្យជនជាតិអេហ្ស៊ីបប្រព្រឹត្តល្អចំពោះរាស្ត្រលោក។ ជាលទ្ធផល ជនជាតិអេហ្ស៊ីបបានឲ្យអ្វីៗទាំងអស់ដែលជនជាតិអ៊ីស្រាអែលសុំ។ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលបានយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ជនជាតិអេហ្ស៊ីប។+
៣៧ ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរចេញពីរ៉ាមស៊ីស+ទៅឯសិកូត+ ក្នុងចំណោមពួកគេមានបុរស*ប្រហែលជា៦០០.០០០នាក់ ឥតរាប់បញ្ចូលកូនក្មេងឡើយ។+ ៣៨ បន្ថែមទៅទៀត ក៏មានជនជាតិផ្សេងៗ*+ទៅជាមួយដែរ ថែមទាំងមានហ្វូងគោហ្វូងចៀម និងហ្វូងសត្វយ៉ាងច្រើនសន្ធឹក។ ៣៩ នៅតាមផ្លូវពួកគេបានយកម្សៅដែលពួកគេយកពីស្រុកអេហ្ស៊ីប ដុតចម្អិនធ្វើជានំប៉័ងឥតដំបែ។ ម្សៅរបស់ពួកគេឥតមានដំបែទេ ព្រោះពួកគេត្រូវបណ្ដេញចេញពីស្រុកអេហ្ស៊ីបទាំងប្រញាប់ប្រញាល់ពេកពុំបានលាយដំបែទេ។ ម្យ៉ាងទៀត ពួកគេគ្មានពេលរៀបចំស្បៀងអាហារឯទៀតដែរ។+
៤០ នៅពេលដែលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ពួកគេបានរស់នៅស្រុកនោះ+អស់រយៈពេល៤៣០ឆ្នាំ។+ ៤១ នៅថ្ងៃគម្រប់៤៣០ឆ្នាំ គឺនៅថ្ងៃនោះឯង រាស្ត្រដ៏ច្រើនសន្ធឹករបស់ព្រះយេហូវ៉ាបានចាកចេញពីស្រុកអេហ្ស៊ីប។ ៤២ ជនជាតិអ៊ីស្រាអែលត្រូវកំណត់យកយប់នោះសម្រាប់ធ្វើពិធីបុណ្យជូនព្រះយេហូវ៉ានៅគ្រប់ជំនាន់។ ពួកគេនឹងធ្វើបុណ្យជូនព្រះយេហូវ៉ានៅយប់នោះ ព្រោះលោកបានរំដោះពួកគេចេញពីស្រុកអេហ្ស៊ីប។+
៤៣ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ប្រាប់ម៉ូសេនិងអេរ៉ុនថា៖ «នេះជាច្បាប់នៃបុណ្យរំលង គឺមិនត្រូវឲ្យជនបរទេសបរិភោគអាហារបុណ្យរំលងទេ។+ ៤៤ ប៉ុន្តែ ខ្ញុំបម្រើប្រុសជាជនបរទេសដែលអ្នករាល់គ្នាបានទិញ អាចចូលរួមបរិភោគបាន បើគាត់បានត្រូវកាត់ចុងស្បែក។+ ៤៥ ឯអ្នកដែលមកតាំងទីលំនៅក្នុងស្រុកនិងកម្មករស៊ីឈ្នួលវិញ ពួកគេមិនអាចចូលរួមបរិភោគបានឡើយ។ ៤៦ អ្នករាល់គ្នាត្រូវបរិភោគអាហារបុណ្យរំលងនៅក្នុងផ្ទះ។ អ្នករាល់គ្នាមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយក៏មិនត្រូវបំបាក់ឆ្អឹងសត្វនោះដែរ។+ ៤៧ ពួកជំនុំអ៊ីស្រាអែលទាំងអស់ត្រូវធ្វើពិធីបុណ្យនេះ កុំអាក់ខានឡើយ។ ៤៨ បើជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ចង់ធ្វើពិធីបុណ្យរំលងជូនព្រះយេហូវ៉ាដែរ គាត់និងប្រុសៗក្នុងក្រុមគ្រួសាររបស់គាត់ត្រូវកាត់ចុងស្បែក។ រួចមក គាត់អាចចូលរួមបរិភោគបាន ហើយត្រូវចាត់ទុកគាត់ដូចជាជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ គ្មានបុរសណាដែលមិនកាត់ចុងស្បែក បានត្រូវអនុញ្ញាតឲ្យបរិភោគទេ។+ ៤៩ ជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា និងជនជាតិអ៊ីស្រាអែល ត្រូវធ្វើតាមច្បាប់តែមួយដូចគ្នា»។+
៥០ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានធ្វើតាមបង្គាប់គ្រប់យ៉ាងរបស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់តាមរយៈម៉ូសេនិងអេរ៉ុន។ ៥១ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែល ដែលជារាស្ត្រដ៏ច្រើនសន្ធឹករបស់លោកចេញពីស្រុកអេហ្ស៊ីប។