សៀវភៅសាំយូអែលទី១
១៥ សាំយូអែលបាននិយាយទៅកាន់សុលថា៖ «ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យរើសតាំងអ្នកជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោក។+ ឥឡូវ សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។+ ២ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងដាក់ទោសពួកអាម៉ាលេក ចំពោះអ្វីដែលពួកគេបានធ្វើដល់ជនជាតិអ៊ីស្រាអែល។ ពួកគេបានចេញមកប្រយុទ្ធប្រឆាំងនឹងជនជាតិអ៊ីស្រាអែលពេលកំពុងធ្វើដំណើរចាកចេញពីស្រុកអេហ្ស៊ីប។+ ៣ ឥឡូវ ចូរទៅសម្លាប់ពួកអាម៉ាលេក+ ហើយបំផ្លាញពួកគេចោល+ រួមទាំងអ្វីៗទាំងអស់ដែលពួកគេមាន។ កុំត្រាប្រណី*ពួកគេឲ្យសោះ។ ទោះជាប្រុស ស្រី កូនក្មេង ទារក សត្វគោ សត្វចៀម សត្វអូដ្ឋ និងសត្វលាក៏ដោយ+ អ្នកត្រូវសម្លាប់ចោលទាំងអស់›»។+ ៤ សុលបានកោះហៅបណ្ដាជនឲ្យមក ហើយរាប់ចំនួនពួកគេនៅថេលែម ឃើញថាមានពលទ័ពថ្មើរជើងចំនួន២០០.០០០នាក់ និងបុរសយូដាចំនួន១០.០០០នាក់។+
៥ សុលបានទៅដល់ក្រុងរបស់ពួកអាម៉ាលេក ហើយបានបង្កប់ទ័ពនៅតាមជ្រលងភ្នំ។ ៦ សុលបានប្រាប់ទៅជនជាតិកែនថា៖+ «ចូរចាកចេញពីពួកអាម៉ាលេក ក្រែងលោខ្ញុំសម្លាប់ទាំងអ្នករាល់គ្នាដែរ+ ព្រោះអ្នករាល់គ្នាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះបណ្ដាជនអ៊ីស្រាអែលទាំងអស់+ កាលដែលពួកគេចាកចេញពីស្រុកអេហ្ស៊ីប»។ ម្ល៉ោះហើយ ជនជាតិកែនបានចេញពីចំណោមពួកអាម៉ាលេក។ ៧ បន្ទាប់មក សុលសម្លាប់ពួកអាម៉ាលេក+ ចាប់ពីស្រុកហាវីឡា+រហូតដល់ស៊ើ+ដែលនៅជាប់នឹងស្រុកអេហ្ស៊ីប។ ៨ សុលបានសម្លាប់ពួកអាម៉ាលេកចោលទាំងអស់+ តែគាត់មិនសម្លាប់អាកាក់+ដែលជាស្ដេចពួកអាម៉ាលេកទេ។ សុលចាប់ស្ដេចនោះទៅទាំងរស់។ ៩ សុលនិងពួកទ័ពបានត្រាប្រណី*អាកាក់ និងសត្វធាត់ៗល្អបំផុតពីហ្វូងសត្វផ្សេងៗ មានសត្វចៀម សត្វគោ សត្វចៀមឈ្មោល ព្រមទាំងអ្វីល្អៗឯទៀត។+ ប៉ុន្តែ អ្វីៗដែលពួកគេមិនចង់បាននិងគ្មានតម្លៃ ពួកគេបំផ្លាញចោលវិញ។
១០ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍មកសាំយូអែលថា៖ ១១ «ខ្ញុំស្ដាយដែលបានរើសតាំងសុលឲ្យធ្វើជាស្ដេច។ គាត់បានបែរចេញពីខ្ញុំ ហើយមិនបានធ្វើតាមបង្គាប់របស់ខ្ញុំទេ»។+ ឮដូច្នេះ សាំយូអែលឈឺចិត្តខ្លាំងណាស់ ហើយគាត់បានអធិដ្ឋានអង្វរព្រះយេហូវ៉ាពេញមួយយប់។+ ១២ សាំយូអែលបានក្រោកពីព្រលឹម ធ្វើដំណើរទៅជួបសុល តែគេប្រាប់សាំយូអែលថា៖ «សុលបានចេញទៅក្រុងកើមែល+ ដើម្បីសង់បង្គោលសម្រាប់រំលឹកអំពីខ្លួនគាត់។+ រួចមក គាត់នឹងត្រឡប់ចុះទៅក្រុងគីលកាលវិញ»។ ១៣ ពេលសាំយូអែលបានជួបសុល នោះសុលនិយាយទៅគាត់ថា៖ «សូមព្រះយេហូវ៉ាឲ្យពរអ្នក។ ខ្ញុំបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាហើយ»។ ១៤ ប៉ុន្តែ សាំយូអែលនិយាយថា៖ «ចុះហេតុអ្វីបានជាខ្ញុំឮសំឡេងហ្វូងគោហ្វូងចៀម?»។+ ១៥ សុលឆ្លើយថា៖ «ពួកទាហានបានយកសត្វទាំងនោះពីពួកអាម៉ាលេក ព្រោះពួកគេចង់ទុកហ្វូងសត្វល្អបំផុត ដើម្បីជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ប៉ុន្តែ ក្រៅពីនោះយើងបានបំផ្លាញចោលអស់ហើយ»។ ១៦ ភ្លាមនោះ សាំយូអែលនិយាយទៅកាន់សុលថា៖ «បានហើយ! ខ្ញុំចង់ប្រាប់អ្នកនូវអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំកាលពីយប់មិញ»។+ សុលនិយាយថា៖ «សូមប្រាប់មក!»។
១៧ ដូច្នេះ សាំយូអែលប្រាប់ថា៖ «អ្នកបានដឹងច្បាស់ហើយថា ព្រះយេហូវ៉ាបានរើសតាំងអ្នកឲ្យធ្វើជាស្ដេចគ្រប់គ្រងជនជាតិអ៊ីស្រាអែល+ ហើយអ្នកបានត្រូវលើកឲ្យធ្វើជាមេដឹកនាំកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ក្នុងពេលដែលអ្នកចាត់ទុកខ្លួនថាទន់ទាបនៅឡើយ មែនទេ?+ ១៨ ក្រោយមក ព្រះយេហូវ៉ាបានចាត់អ្នកឲ្យបំពេញភារកិច្ចមួយ ដោយប្រាប់ថា៖ ‹ចូរទៅសម្លាប់ពួកអាម៉ាលេកជាពួកដែលប្រព្រឹត្តអំពើខុសឆ្គង+ ហើយបំផ្លាញពួកគេឲ្យវិនាសសាបសូន្យទៅ›។+ ១៩ ប៉ុន្តែ ហេតុអ្វីអ្នកមិនធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា? អ្នកបានស្ទុះទៅចាប់យកជ័យភណ្ឌដោយចិត្តលោភលន់+ ទោះជាព្រះយេហូវ៉ាមិនពេញចិត្តក៏ដោយ!»។
២០ សុលនិយាយទៅសាំយូអែលថា៖ «តែខ្ញុំបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ាហើយ! ខ្ញុំបានបំពេញភារកិច្ចដែលព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យធ្វើ ហើយខ្ញុំបានចាប់អាកាក់ជាស្ដេចរបស់ពួកអាម៉ាលេក ថែមទាំងបានសម្លាប់ចោលពួកអាម៉ាលេកទាំងអស់ទៀតផង។+ ២១ ប៉ុន្តែ ពួកទ័ពបានយកចៀមនិងគោដែលល្អបំផុតពីជ័យភណ្ឌដែលត្រូវបំផ្លាញនោះ មកជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅក្រុងគីលកាល»។+
២២ រួចសាំយូអែលនិយាយថា៖ «តើព្រះយេហូវ៉ាពេញចិត្តគ្រឿងបូជាដុតនិងគ្រឿងបូជាផ្សេងទៀត+ ខ្លាំងជាងការស្ដាប់បង្គាប់ព្រះយេហូវ៉ាឬ? ការស្ដាប់បង្គាប់គឺប្រសើរជាងការជូនគ្រឿងបូជា+ ហើយការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការជូនខ្លាញ់+នៃចៀមឈ្មោលដែរ។ ២៣ រីឯការរឹងទទឹងគឺអាក្រក់+ដូចការទស្សន៍ទាយ+ ហើយការប្រព្រឹត្តដោយព្រហើន*គឺអាក្រក់ដូចការប្រើវេទមន្តនិងការគោរពបូជារូបព្រះ។* ដោយសារអ្នកបានបោះបង់ចោលប្រសាសន៍របស់ព្រះយេហូវ៉ា+ នោះលោកបានបោះបង់ចោលអ្នក ហើយលែងឲ្យអ្នកធ្វើជាស្ដេចទៀត»។+
២៤ រួចសុលនិយាយទៅសាំយូអែលថា៖ «ខ្ញុំបានធ្វើខុសហើយ ព្រោះខ្ញុំបានល្មើសបញ្ជារបស់ព្រះយេហូវ៉ានិងបញ្ជារបស់អ្នក។ ខ្ញុំខ្លាចពួកទ័ព ដូច្នេះខ្ញុំក៏ស្ដាប់តាមសម្ដីពួកគេ។ ២៥ ឥឡូវនេះ សូមលើកលែងទោសឲ្យខ្ញុំផង។ សូមអ្នកត្រឡប់ទៅជាមួយនឹងខ្ញុំ ដើម្បីខ្ញុំអាចលំឱនកាយគោរពព្រះយេហូវ៉ា»។+ ២៦ ប៉ុន្តែ សាំយូអែលនិយាយទៅសុលថា៖ «ខ្ញុំមិនត្រឡប់ទៅជាមួយនឹងអ្នកទេ ព្រោះអ្នកបានបោះបង់ចោលប្រសាសន៍របស់ព្រះយេហូវ៉ា។ ដូច្នេះ ព្រះយេហូវ៉ាក៏បានបោះបង់ចោលអ្នក ហើយលែងឲ្យអ្នកបន្តធ្វើជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលទៀត»។+ ២៧ កាលដែលសាំយូអែលហៀបនឹងដើរចេញទៅ នោះសុលលូកដៃទៅចាប់ជាយអាវវែងរបស់សាំយូអែល ស្រាប់តែជាយអាវនោះរហែកទៅ។ ២៨ សាំយូអែលនិយាយទៅសុលថា៖ «នៅថ្ងៃនេះ ដូចអាវនេះរហែក នោះព្រះយេហូវ៉ាបានដកហូតអំណាចពីអ្នក លែងឲ្យអ្នកគ្រប់គ្រងជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀត។ រួចលោកនឹងប្រគល់អំណាចជាស្ដេចឲ្យបុរសម្នាក់ទៀតដែលល្អជាងអ្នក។+ ២៩ ព្រះដ៏ឧត្តុង្គឧត្តមនៃជនជាតិអ៊ីស្រាអែល+នឹងមិនកុហក+ ឬផ្លាស់ប្ដូរចិត្តគំនិត*ទេ ពីព្រោះលោកខុសពីមនុស្ស លោកពុំផ្លាស់ប្ដូរចិត្តគំនិតឡើយ»។+
៣០ នោះសុលនិយាយថា៖ «ខ្ញុំបានធ្វើខុសហើយ។ តែសូមមេត្តាផ្ដល់កិត្តិយសឲ្យខ្ញុំនៅចំពោះមុខបុរសចាស់ទុំនៃរាស្ត្ររបស់ខ្ញុំ និងចំពោះមុខជនជាតិអ៊ីស្រាអែលផង។ សូមត្រឡប់ទៅជាមួយនឹងខ្ញុំ ហើយខ្ញុំនឹងលំឱនកាយគោរពព្រះយេហូវ៉ាដែលជាព្រះរបស់អ្នក»។+ ៣១ ម្ល៉ោះហើយ សាំយូអែលក៏ត្រឡប់ទៅជាមួយនឹងសុល ហើយសុលបានលំឱនកាយគោរពព្រះយេហូវ៉ា។ ៣២ រួចមក សាំយូអែលនិយាយថា៖ «ចូរនាំអាកាក់ស្ដេចអាម៉ាលេកមកជួបខ្ញុំ»។ អាកាក់ចេញមកជួបសាំយូអែលដោយចិត្តស្ទាក់ស្ទើរ* ព្រោះអាកាក់ធ្លាប់គិតថា៖ ‹ខ្ញុំច្បាស់ជាបានរួចពីស្លាប់ហើយ›។ ៣៣ ប៉ុន្តែ សាំយូអែលនិយាយថា៖ «ដូចអ្នកបានធ្វើឲ្យពួកស្ត្រីត្រូវសោកសង្រេងដោយសារការព្រាត់ប្រាសកូន នោះម្ដាយរបស់អ្នកក៏នឹងត្រូវសោកសង្រេងខ្លាំងជាងពួកគេទៅទៀត ដោយសារការព្រាត់ប្រាសកូនរបស់ខ្លួន»។ រួចសាំយូអែលក៏កាប់អាកាក់នៅចំពោះព្រះយេហូវ៉ាត្រង់ក្រុងគីលកាល។+
៣៤ បន្ទាប់មក សាំយូអែលត្រឡប់ទៅក្រុងរ៉ាម៉ាវិញ។ រីឯសុលបានត្រឡប់ទៅលំនៅរបស់គាត់នៅឯក្រុងគីបៀវិញ។ ៣៥ សាំយូអែលកើតទុក្ខដោយសាររឿងសុល។+ គាត់លែងជួបសុលទៀត រហូតដល់គាត់ស្លាប់។ ចំណែកព្រះយេហូវ៉ាវិញ លោកស្ដាយដែលបានរើសតាំងសុលឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែល។+