សៀវភៅម៉ាថាយ
១២ នៅពេលនោះ លោកយេស៊ូបានធ្វើដំណើរកាត់វាលស្រែនៅថ្ងៃឈប់សម្រាក។* ពួកអ្នកកាន់តាមលោកក៏ចាប់ឃ្លាន ហើយបានកាច់កួរស្រូវមកបរិភោគ។+ ២ ឃើញដូច្នេះ ពួកផារិស៊ីជម្រាបលោកថា៖ «មើល! ពួកអ្នកកាន់តាមអ្នកកំពុងធ្វើអ្វីដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាក»។+ ៣ លោកមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានអំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងពួកបុរសដែលនៅជាមួយនឹងគាត់ឃ្លានទេឬ?+ ៤ គាត់បានចូលក្នុងវិហារ*របស់ព្រះ ហើយយកនំប៉័ងតាំងទុកជាគ្រឿងបូជា មកបរិភោគជាមួយនឹងពួកបុរសរបស់គាត់+ ដែលតាមច្បាប់ពួកគាត់គ្មានសិទ្ធិបរិភោគឡើយ លើកលែងតែពួកសង្ឃប៉ុណ្ណោះដែលមានសិទ្ធិបរិភោគ មែនទេ?+ ៥ ឬតើអ្នកមិនធ្លាប់អានច្បាប់ទេឬ ថានៅថ្ងៃឈប់សម្រាក ពួកសង្ឃនៅតែធ្វើការក្នុងវិហារ តែគ្មានទោសទេ?+ ៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលវិសេសជាងវិហារនោះ គឺនៅទីនេះហើយ។+ ៧ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបានយល់អត្ថន័យនៃពាក្យថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្តាករុណា+ មិនមែនគ្រឿងបូជាឡើយ›+ នោះអ្នកមុខជាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសនោះទេ។ ៨ ពីព្រោះកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាក»។+
៩ រួចលោកចេញពីកន្លែងនោះ ហើយចូលទៅក្នុងសាលាប្រជុំ។ ១០ មើល! នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។+ ដូច្នេះ ពួកគេសួរលោកថា៖ «នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយឬទេ?»។ ពួកគេសួរដូច្នេះ ដើម្បីឲ្យមានហេតុចោទប្រកាន់លោក។+ ១១ លោកសួរពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមិនទៅលើកយកចៀមតែមួយរបស់ខ្លួនចេញពីរណ្ដៅ បើវាធ្លាក់នៅថ្ងៃឈប់សម្រាកនោះ?+ ១២ ម្ល៉ោះហើយ មនុស្សមានតម្លៃជាងចៀមឆ្ងាយណាស់! ដូច្នេះ មានច្បាប់ឲ្យមនុស្សធ្វើអំពើល្អនៅថ្ងៃឈប់សម្រាក»។ ១៣ រួចមក លោកប្រាប់បុរសស្វិតដៃនោះថា៖ «ចូរលាដៃរបស់អ្នក»។ គាត់ក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ ដូចដៃម្ខាងទៀត។ ១៤ ប៉ុន្តែ ពួកផារិស៊ីបានចេញទៅ ហើយប្រឹក្សាគ្នារកវិធីសម្លាប់លោក។ ១៥ ពេលលោកយេស៊ូជ្រាបដូច្នេះ លោកបានចេញពីទីនោះ។ មនុស្សជាច្រើនក៏បានទៅតាមលោកដែរ+ ហើយលោកបានធ្វើឲ្យពួកគេទាំងអស់គ្នាជាសះស្បើយ។ ១៦ ប៉ុន្តែ លោកបានបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ មិនឲ្យប្រាប់គេថាលោកជាអ្នកណាឡើយ។+ ១៧ នេះដើម្បីសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយជាអ្នកប្រកាសទំនាយ ដែលថា៖
១៨ «មើល! អ្នកបម្រើ+ជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំបានជ្រើសរើស និងជាទីពេញចិត្តរបស់ខ្ញុំ!+ ខ្ញុំនឹងដាក់ឫទ្ធានុភាពរបស់ខ្ញុំឲ្យសណ្ឋិតលើគាត់+ ហើយគាត់នឹងធ្វើឲ្យប្រជាជាតិនានាស្គាល់យុត្តិធម៌យ៉ាងច្បាស់។ ១៩ គាត់នឹងមិនឈ្លោះប្រកែក+ ឬស្រែកឡើយ ហើយគ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវធំទេ។ ២០ គាត់នឹងមិនជាន់ឈ្លីដើមត្រែងណាដែលទក់ឡើយ ក៏មិនពន្លត់ប្រឆេះណាដែលជិតរលត់ដែរ+ រហូតដល់គាត់នាំឲ្យមានយុត្តិធម៌ពិតប្រាកដ។ ២១ ពិតណាស់ ប្រជាជាតិទាំងឡាយនឹងសង្ឃឹមលើនាមរបស់គាត់»។+
២២ រួចមក ពួកគេនាំបុរសម្នាក់ដែលងងឹតភ្នែកនិងគដោយសារមានវិញ្ញាណកំណាចចូល មកឯលោក។ លោកក៏បានបណ្ដេញវិញ្ញាណកំណាច ហើយធ្វើឲ្យបុរសនោះនិយាយនិងមើលឃើញឡើងវិញ។ ២៣ ឃើញដូច្នោះ បណ្ដាជនរំភើបចិត្តក្រៃលែង ហើយចាប់ផ្ដើមសួរគ្នាថា៖ «តើលោកជាបុត្រដាវីឌទេដឹង?»។ ២៤ ឮដូច្នេះ ពួកផារិស៊ីនិយាយថា៖ «បុរសនេះបណ្ដេញវិញ្ញាណកំណាចបាន ដោយសារតែទទួលអំណាចពីបេលសេប៊ូល*ដែលជាអ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច»។+ ២៥ លោកជ្រាបអំពីគំនិតរបស់ពួកគេ ហើយមានប្រសាសន៍ថា៖ «រាជាណាចក្រណាដែលប្រឆាំងគ្នាឯង នឹងវិនាសទៅ ហើយផ្ទះណាឬក្រុងណាដែលប្រឆាំងគ្នាឯង នឹងមិនស្ថិតស្ថេរឡើយ។ ២៦ ដូចគ្នាដែរ បើសាថាន*បណ្ដេញសាថាន នោះសាថានប្រឆាំងខ្លួនឯងហើយ។ បើដូច្នេះ តើរាជាណាចក្ររបស់សាថាននឹងអាចស្ថិតស្ថេរដូចម្ដេចបាន? ២៧ ម្យ៉ាងទៀត បើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល ចុះតើអ្នកកាន់តាមអ្នករាល់គ្នាបណ្ដេញវិញ្ញាណកំណាចដោយសារអ្នកណាវិញ? ហេតុនេះហើយបានជាអ្នកកាន់តាមអ្នករាល់គ្នានឹងបង្ហាញថាអ្នករាល់គ្នានិយាយខុស។ ២៨ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយឫទ្ធានុភាពរបស់ព្រះវិញ នោះមានន័យថារាជាណាចក្ររបស់ព្រះបានមកដល់ហើយ តែអ្នករាល់គ្នាមិនដឹងខ្លួន។+ ២៩ ឬតើមានអ្នកណាអាចចូលផ្ទះរបស់បុរសខ្លាំងពូកែម្នាក់ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បាន? លុះត្រាតែចងបុរសខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ ៣០ អ្នកណាដែលមិនគាំទ្រខាងខ្ញុំ អ្នកនោះប្រឆាំងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមនុស្សជាមួយនឹងខ្ញុំ អ្នកនោះធ្វើឲ្យមនុស្សខ្ចាត់ខ្ចាយវិញ។+
៣១ «ហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងពាក្យប្រមាថ*និងការខុសឆ្គងរបស់មនុស្សនឹងត្រូវអភ័យទោសឲ្យ។ ប៉ុន្តែ ការពោលពាក្យប្រមាថឫទ្ធានុភាពរបស់ព្រះនឹងមិនត្រូវអភ័យទោសឲ្យទេ។+ ៣២ ជាឧទាហរណ៍ អ្នកណាដែលពោលពាក្យប្រឆាំងកូនមនុស្ស អ្នកនោះនឹងត្រូវអភ័យទោសឲ្យ។+ ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ អ្នកនោះនឹងមិនត្រូវអភ័យទោសឲ្យទេ ទោះជានៅសម័យ*នេះ ឬនៅអនាគតក៏ដោយ។+
៣៣ «ប្រសិនបើអ្នកជាដើមឈើល្អ នោះផលផ្លែរបស់អ្នកក៏ល្អដែរ។ ប៉ុន្តែ បើអ្នកជាដើមឈើមិនល្អ នោះផលផ្លែរបស់អ្នកក៏មិនល្អដែរ។ ព្រោះមនុស្សសម្គាល់ដើមឈើដោយផលផ្លែរបស់វា។+ ៣៤ ពូជពស់មានពិស!+ តើអ្នកអាចនិយាយអ្វីល្អដូចម្ដេចបាន កាលដែលអ្នកជាមនុស្សទុច្ចរិត? ពីព្រោះមាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។+ ៣៥ មនុស្សល្អ បញ្ចេញអ្វីល្អ ពីរបស់ល្អដែលគាត់បានសន្សំទុក។ រីឯមនុស្សអាក្រក់វិញ គាត់បញ្ចេញអ្វីអាក្រក់ពីរបស់អាក្រក់ ដែលគាត់បានសន្សំទុក។+ ៣៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សនឹងទទួលខុសត្រូវ+ចំពោះពាក្យឥតប្រយោជន៍ទាំងអស់ដែលពួកគេបានពោល។ ៣៧ ពីព្រោះអ្នកនឹងត្រូវរាប់ជាសុចរិតដោយសារសម្ដីរបស់ខ្លួន ឬនឹងត្រូវផ្ដន្ទាទោសដោយសារសម្ដីរបស់ខ្លួន»។
៣៨ ពេលនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីខ្លះ បានតបនឹងសម្ដីរបស់លោក ដោយនិយាយថា៖ «លោកគ្រូ! យើងចង់ឃើញសញ្ញាសម្គាល់មួយពីលោក»។+ ៣៩ លោកមានប្រសាសន៍ទៅពួកគេថា៖ «មនុស្សជំនាន់នេះដែលទុច្ចរិត ហើយមិនស្មោះត្រង់ចំពោះព្រះ* ចេះតែរកមើលសញ្ញាសម្គាល់។ ប៉ុន្តែ សញ្ញាសម្គាល់នឹងមិនត្រូវបង្ហាញឲ្យពួកគេឃើញឡើយ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាសដែលជាអ្នកប្រកាសទំនាយ។+ ៤០ ពីព្រោះដូចយ៉ូណាសបាននៅក្នុងពោះត្រីធំអស់បីថ្ងៃបីយប់+ នោះកូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដីអស់បីថ្ងៃបីយប់ដែរ។+ ៤១ នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយអ្នកក្រុងនោះនឹងផ្ដន្ទាទោសពួកគេ ពីព្រោះអ្នកក្រុងនោះបានប្រែចិត្តពេលស្ដាប់អ្វីដែលយ៉ូណាសផ្សព្វផ្សាយ។+ ប៉ុន្តែមើល! អ្នកដែលធំជាងយ៉ូណាស គឺនៅទីនេះហើយ។+ ៤២ នៅថ្ងៃវិនិច្ឆ័យក្ដី មហាក្សត្រីនៃភាគខាងត្បូងនឹងត្រូវប្រោសឲ្យរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយមហាក្សត្រីនោះនឹងផ្ដន្ទាទោសពួកគេ ពីព្រោះនាងបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន។+ ប៉ុន្តែមើល! អ្នកដែលធំជាងសាឡូម៉ូន គឺនៅទីនេះហើយ។+
៤៣ «នៅពេលដែលវិញ្ញាណអសោចចេញពីបុគ្គលម្នាក់ វាឆ្លងកាត់ទីហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានទេ។+ ៤៤ រួចមក វានិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅឯបុគ្គលនោះដែលធ្លាប់ជាផ្ទះរបស់ខ្ញុំវិញ›។ លុះទៅដល់ហើយ វាឃើញថាផ្ទះនោះគ្មានអ្នកណានៅទេ តែបែរជាបានត្រូវបោសស្អាត និងតុបតែងយ៉ាងល្អទៅវិញ។ ៤៥ ក្រោយមក វាចេញទៅ ហើយនាំវិញ្ញាណ៧ទៀតដែលទុច្ចរិតជាងវាចូលបុគ្គលនោះ។ ពេលចូលហើយ ពួកវាអាស្រ័យនៅទីនោះ ហើយស្ថានភាពចុងក្រោយរបស់បុគ្គលនោះ គឺអាក្រក់លើសមុនទៅទៀត។+ នោះជាអ្វីដែលនឹងកើតឡើងដល់មនុស្សជំនាន់ទុច្ចរិតនេះ»។
៤៦ កាលដែលលោកកំពុងមានប្រសាសន៍ទៅកាន់បណ្ដាជន មើល! ម្ដាយនិងប្អូនប្រុសៗរបស់លោក+កំពុងឈរនៅខាងក្រៅ ចាំនិយាយជាមួយនឹងលោក។+ ៤៧ ដូច្នេះ មានគេមកជម្រាបលោកថា៖ «មើល! ម្ដាយនិងប្អូនប្រុសៗរបស់លោកកំពុងឈរចាំនៅខាងក្រៅ។ ពួកគេចង់និយាយជាមួយនឹងលោក»។ ៤៨ លោកមានប្រសាសន៍តបទៅវិញថា៖ «តើអ្នកណាជាម្ដាយខ្ញុំ? ហើយតើអ្នកណាជាប្អូនប្រុសៗរបស់ខ្ញុំ?»។ ៤៩ រួចមក លោកលាតដៃសំដៅទៅពួកអ្នកកាន់តាមលោក ហើយមានប្រសាសន៍ថា៖ «នុ៎ះន៏! ម្ដាយរបស់ខ្ញុំ និងប្អូនប្រុសៗរបស់ខ្ញុំ!+ ៥០ ព្រោះអ្នកណាដែលធ្វើតាមបំណងប្រាថ្នាបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។+