ការសង្គ្រោះពី«ដំណមនុស្សអាក្រក់»
«ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត»?—លូកា ៩:៤១
១. (ក) តើគ្រាដ៏មានវិបត្ដិភ័យរបស់យើងបញ្ជាក់អំពីអ្វី? (ខ) តើព្រះគម្ពីរបានចែងយ៉ាងណាអំពីពួកអ្នករួចរស់ជីវិត?
យើងកំពុងតែរស់នៅក្នុងគ្រាដែលពោរពេញទៅដោយវិបត្ដិភ័យ។ ការរញ្ជួយផែនដី ទឹកជំនន់ ទុរភិក្ស ជម្ងឺ ការគ្មានច្បាប់ទម្លាប់ ការទំលាក់គ្រាប់បែក សង្គ្រាមដ៏គួរឲ្យខ្លាច—វិបត្ដិភ័យទាំងនេះ ហើយជាច្រើនទៀតបានឡោមព័ទ្ធមនុស្សលោកនៅក្នុងសតវត្សទី២០នេះ។ យ៉ាងណាក្ដី វិបត្ដិភ័យដ៏ធំជាងគេបង្អស់ គឺកំពុងតែគំរាមកំហែងនៅក្នុងអនាគតជិតនេះ។ តើនេះជាអ្វីទៅ? នេះជា«សេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ (ម៉ាថាយ ២៤:២១) ទោះជាយ៉ាងណាក្ដី ពួកយើងជាច្រើនអាចទន្ទឹងចាំនូវអនាគតដ៏សប្បាយ! ហេតុអ្វី? ពីព្រោះបន្ទូលរបស់ព្រះផ្ទាល់បានរៀបរាប់ថា «មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា . . . ‹អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក . . . គេនឹងមិនឃ្លាន ឬស្រេកទៀត . . . ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ› »។—វិវរណៈ ៧:១, ៩, ១៤-១៧
២. ចំពោះខផ្ដើមនៃម៉ាថាយ ២៤ ម៉ាកុស ១៣ និងលូកា ២១ បានការសម្រេចនៅលើកទីមួយដោយយ៉ាងណា?
២ សេចក្ដីចែងដែលព្រះបានបណ្ដាលមកនៅ ម៉ាថាយ ២៤:៣-២២, ម៉ាកុស ១៣:៣-២០, និង លូកា ២១:៧-២៤ សម្ដែងប្រាប់អំពីទំនាយរបស់ព្រះយេស៊ូនៃ‹ទីបញ្ចប់នៃរបបសម័យនេះ›។a ទំនាយនេះបានសម្រេចជាលើកទីមួយទៅលើរបបសម័យយូដានៃសតវត្សទីមួយក្នុងសករាជយើងនេះ ដែលមាន«សេចក្ដីវេទនាជាខ្លាំងណាស់»មកលើពួកយូដា។ រចនាសម្ព័ន្ធទាំងមូលខាងសាសនានិងនយោបាយនៃរបបយូដា នៅឯព្រះវិហារនៃក្រុងយេរូសាឡិម ត្រូវបានកំទេចចោលទាំងអស់ ហើយមិនអាចស្ដារឡើងវិញបានឡើយ។
៣. ហេតុអ្វីជាការបន្ទាន់ដែលយើងត្រូវធ្វើតាមទំនាយរបស់ព្រះយេស៊ូនៅសព្វថ្ងៃនេះ?
៣ ឥឡូវនេះ ចូរឲ្យយើងពិចារណាមើលកាលៈទេសៈផ្សេងៗដែលនៅជុំវិញការសម្រេចទីមួយនៃទំនាយរបស់ព្រះយេស៊ូ។ នេះនឹងជួយយើងឲ្យយល់កាន់តែច្បាស់ឡើងទៀតអំពីការសម្រេចជាទីពីរនៅសព្វថ្ងៃនេះ។ នេះនឹងបង្ហាញប្រាប់យើង ថាជាការបន្ទាន់ក្នុងការចាត់វិធានការដ៏ត្រឹមត្រូវឥឡូវនេះ ដើម្បីឲ្យបានសង្គ្រោះពីសេចក្ដីវេទនាជាខ្លាំងដែលកំពុងតែគំរាមកំហែងដល់មនុស្សលោកទាំងអស់។—រ៉ូម ១០:៩-១៣; ១៥:៤; កូរិនថូសទី១ ១០:១១; ១៥:៥៨
‹ទីបញ្ចប់›—នៅពេលណា?
៤, ៥. (ក) ហេតុអ្វីក៏ពួកយូដាដែលកោតខ្លាចព្រះនៅសតវត្សទីមួយ បានយកចិត្តទុកដាក់នឹងទំនាយនៅដានីយ៉ែល ៩:២៤-២៧? (ខ) តើទំនាយនេះបានសម្រេចតាមរបៀបណា?
៤ ប្រហែលជានៅឆ្នាំ៥៣៩ ម.ស.យ. ព្យាការីរបស់ព្រះឈ្មោះ ដានីយ៉ែល បានទទួលចក្ខុនិមិត្តមួយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងក្នុងកំឡុង«អាទិត្យ»ចុងបំផុតនៃវេលា«៧០អាទិត្យ»នៃឆ្នាំ។ (ដានីយ៉ែល ៩:២៤-២៧) «អាទិត្យ»ទាំងនេះបានចាប់ផ្ដើមក្នុងឆ្នាំ៤៥៥ ម.ស.យ. នៅពេលដែលស្តេចអើថាស៊ើកសេសនៃស្រុកពើស៊ីបានបញ្ជាឲ្យសង់ក្រុងយេរូសាឡិមឡើងវិញ។ «អាទិត្យ»ចុងបំផុត បានចាប់ផ្ដើមនៅពេលដែលព្រះមេស្ស៊ីបានលេចឡើង គឺជាព្រះយេស៊ូគ្រីស្ទ នៅឯទីជ្រមុជទឹកនិងចាក់ប្រេងតាំងក្នុងឆ្នាំ២៩ ស.យ.។b ពួកយូដាដែលកោតខ្លាចព្រះនៃសតវត្សទីមួយ ស.យ. បានដឹងយ៉ាងច្បាស់លាស់អំពីគ្រានេះជាលក្ខណៈសំខាន់នៃទំនាយដានីយ៉ែល។ ឧទាហរណ៍ ចំពោះហ្វូងមនុស្សដែលបានមកស្ដាប់សេចក្ដីបង្រៀនរបស់លោកយ៉ូហាន-បាទីស្ទ ក្នុងឆ្នាំ២៩ ស.យ. លូកា ៣:១៥ បានចែងថា៖ «កាលបណ្ដាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន៖ ‹ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន› »?
៥ «អាទិត្យ»ទី៧០ គឺមានរយៈពេលប្រាំពីរឆ្នាំនៃព្រះគុណពិសេស ដែលត្រូវបានសម្ដែងដល់ពួកយូដា។ ចាប់ផ្ដើមពីឆ្នាំ២៩ ស.យ. នេះរាប់បញ្ចូលទាំងការជ្រមុជទឹកនិងកិច្ចផ្សាយរបស់ព្រះយេស៊ូ និងមរណភាពជាយញ្ញបូជារបស់ទ្រង់នៅ«ពាក់កណ្ដាលអាទិត្យនោះ» នៅក្នុងឆ្នាំ៣៣ ស.យ. ហើយ‹ពាក់កណ្ដាលអាទិត្យ›ទៀតរហូតដល់ឆ្នាំ៣៦ ស.យ.។ ក្នុងកំឡុង«អាទិត្យ»នេះហើយ ដែលគេបានបើកឱកាសឲ្យតែពួកយូដាដែលកោតខ្លាចព្រះនិងពួកអ្នកចូលសាសនាយូដា ដើម្បីឲ្យក្លាយទៅជាសិស្សចាក់ប្រេងតាំងរបស់ព្រះយេស៊ូ។ បន្ទាប់មក នៅឆ្នាំ៧០ ស.យ. ដោយមិនដឹងថ្ងៃទីជាមុននោះ កងទ័ពទាហានរ៉ូម៉ាំង នៅក្រោមបញ្ជាការនៃឧត្តមសេនីយថាយថឹស បានកំទេចចោលប្រព័ន្ធយូដាដែលបះបោរជំនឿនោះ។—ដានីយ៉ែល ៩:២៦, ២៧
៦. តើ«សេចក្ដីស្អប់ខ្ពើម»បានចូលប្រព្រឹត្តយ៉ាងណា នៅក្នុងឆ្នាំ ៦៦ ស.យ. ហើយពួកជនគ្រីស្ទានបានតបឆ្លើយដោយយ៉ាងណា?
៦ ដូច្នេះហើយ សង្ឃភាពយូដា ដែលបានប្រមាថដល់ព្រះវិហារយេរូសាឡិម ហើយបានរួមគំនិតក្នុងការប្រព្រឹត្តឃាតកម្មដល់ព្រះរាជបុត្រារបស់ព្រះផ្ទាល់ ត្រូវបានកំទេចចោលទាំងអស់។ បញ្ជីជាតិនិងបញ្ជីកុលសម្ព័ន្ធក៏បានបំផ្លាញចោលអស់ទៅដែរ។ ដូច្នេះ គ្មានជនយូដាណាម្នាក់អាចមានសិទ្ធិអះអាងថា គេមកពីពូជសង្ឃ ឬពូជស្តេចបានឡើយ។ គួរឲ្យសប្បាយដែរ ពួកយូដាខាងវិញ្ញាណដែលបានចាក់ប្រេងតាំង ត្រូវបានញែកជារាជសង្ឃភាព ដើម្បី«សំដែងចេញឲ្យឃើញអស់ទាំងលក្ខណៈ»របស់ព្រះយេហូវ៉ា។ (ពេត្រុសទី១ ២:៩) នៅពេលដែលកងទ័ពទាហានរ៉ូមបានឡោមព័ទ្ធជុំវិញក្រុងយេរូសាឡិមជាលើកទីមួយ ហើយថែមទាំងជីកពីក្រោមទីព្រះវិហារនៅឆ្នាំ៦៦ ស.យ. ពួកជនគ្រីស្ទានបានទទួលស្គាល់កងទ័ពទាហាននោះជា«សេចក្ដីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»។ ដោយគោរពតាមការបញ្ជារបស់ព្រះយេស៊ូក្នុងទំនាយនោះ ពួកជនគ្រីស្ទាននៅក្នុងក្រុងយេរូសាឡិមនិងក្រុងយូដា ក៏បានភៀសខ្លួនទៅជ្រកកោននៅតាមតំបន់ភ្នំ។—ម៉ាថាយ ២៤:១៥, ១៦; លូកា ២១:២០, ២១
៧, ៨. តើ«ទីសំគាល់»អ្វីដែលពួកជនគ្រីស្ទានបានសង្កេតឃើញ ប៉ុន្តែតើពួកគេមិនដឹងអំពីអ្វី?
៧ ពួកជនគ្រីស្ទានយូដាដ៏ស្មោះត្រង់ទាំងនោះបានឃើញការសម្រេចនៃទំនាយរបស់ដានីយ៉ែល ហើយក៏បានឃើញផ្ទាល់នឹងភ្នែកនូវសង្គ្រាមដ៏ខ្លោចផ្សា ទុរភក្ស ជម្ងឺរាតត្បាត កក្រើកផែនដីនិងការគ្មានច្បាប់ទម្លាប់ ដែលព្រះយេស៊ូបានទាយទុកជាផ្នែកនៃ«ទីសម្គាល់ . . . ពីទីបញ្ចប់នៃរបបសម័យនេះ»។ (ម៉ាថាយ ២៤:៣ ព.ថ.) ប៉ុន្តែ តើព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកគេអំពីពេលវេលា ដែលព្រះយេហូវ៉ានឹងប្រតិបត្ដិការជំនុំជំរះទៅលើរបបដ៏ពុករលួយនោះទេ? អត់ទេ។ អ្វីៗដែលទ្រង់បានទាយទុកអំពីទីខ្ពស់បំផុតនៃរាជវត្តមានអនាគតរបស់ទ្រង់ ក៏ច្បាស់ជាបានសំដៅទៅ«សេចក្ដីវេទនាជាខ្លាំងណាស់»នៃសតវត្សទីមួយដែរ៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។—ម៉ាថាយ ២៤:៣៦
៨ ពីទំនាយរបស់ដានីយ៉ែល ពួកយូដាអាចគិតរិះរកបាននូវពេលវេលាដែលព្រះយេស៊ូលេចឡើងជាព្រះមេស្ស៊ី។ (ដានីយ៉ែល ៩:២៥) ប៉ុន្តែ ពួកគេពុំបានឲ្យដឹងអំពីថ្ងៃខែដែល«សេចក្ដីវេទនាជាខ្លាំងណាស់» បានបំផ្លាញនៅទីបំផុតដល់របបសម័យរបស់ពួកយូដាដែលបានបះបោរនោះឡើយ។ គឺក្រោយពីក្រុងយេរូសាឡិមនិងព្រះវិហារត្រូវបានកំទេចចោលហើយ ទើបពួកគេដឹងថាថ្ងៃខែនោះគឺឆ្នាំ៧០ ស.យ.។ យ៉ាងណាក្ដី ពួកគេបានដឹងអំពីពាក្យទំនាយរបស់ព្រះយេស៊ូដែលថា៖ «មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់»។ (ម៉ាថាយ ២៤:៣៤) តាមមើលទៅ ការប្រើពាក្យ«មនុស្សដំណ»នៅកន្លែងនេះ គឺមានសភាពខុសគ្នាពីការប្រើពាក្យនេះនៅ សាស្ដា ១:៤ ដែលនៅទីនោះនិយាយអំពីដំណមនុស្សកើតឡើងនិងកន្លងបាត់ទៅជាបន្តបន្ទាប់ ក្នុងមួយរយៈពេល។
«មនុស្សដំណនេះ»—តើនេះជាអ្វី?
៩. តើតាមរបៀបណាដែលសទ្ទានុក្រមពន្យល់ពាក្យក្រិកគីនីអៀ?
៩ កាលដែលសាវ័កបួននាក់បានអង្គុយជាមួយព្រះយេស៊ូនៅលើភ្នំអូលីវ ពួកគេបានឮទំនាយរបស់ទ្រង់អំពី «ទីបញ្ចប់នៃរបបសម័យនេះ» តើគេបានយល់ពាក្យ«មនុស្សដំណនេះ»ជាយ៉ាងណា? នៅក្នុងព្រះគម្ពីរដំណឹងល្អ ពាក្យ«មនុស្សដំណ» ត្រូវបានបកប្រែពីពាក្យក្រិកគីនីអៀ ដែលសទ្ទានុក្រមបានពន្យល់ដូចតទៅនេះ៖ «បើនិយាយឲ្យចំទៅ គឺពួកអ្នកដែលមកពីជីដូនជីតាតែមួយ»។ (សទ្ទានុក្រម ក្រិក-អង់គ្លេសនៃគម្ពីរសញ្ញាថ្មីដោយលោកវោលថើ បៅអា) «ពួកអ្នកដែលត្រូវបានបង្កើតមក ជាគ្រួសារ . . . ជាសមាជិកតៗមកនៃពង្សាវលី . . . ឬនៃពូជមនុស្ស . . . ឬនៃមនុស្សមួយក្រុមទាំងមូលដែលរស់នៅស្រករគ្នា មថ. ២៤:៣៤; ម៉ាកុស ១៣:៣០; លូកា ១:៤៨; ២១:៣២; ភីល. ២:១៥, ហើយជាពិសេសនៃពួកជាតិយូដាដែលរស់នៅស្រករគ្នា»។ (W. E. Vine’s Expository Dictionary of New Testament Words) «ពួកអ្នកដែលត្រូវបានបង្កើតមក ជាមនុស្សដែលមកពីប្រភពដូចគ្នា ជាគ្រួសារ . . . មនុស្សមួយក្រុមទាំងមូលដែលរស់នៅស្រករគ្នា៖ មថ. ២៤:៣៤; មក. ១៣:៣០; លក. ១:៤៨ . . . ជាពិសេសប្រើសំរាប់សញ្ជាតិយូដាដែលរស់នៅគ្រាមួយហើយដូចគ្នា»។—សទ្ទានុក្រម ក្រិក-អង់គ្លេសនៃគម្ពីរសញ្ញាថ្មីរបស់លោក ថៃយឺ។
១០. (ក) ក្នុងការយោងទៅម៉ាថាយ ២៤:៣៤ តើមានការពន្យល់ពីរប្រភពណាដែលមានស្រដៀងគ្នានោះ? (ខ) តើវចនានុក្រមសាសនវិទ្យានិងសេចក្ដីបកប្រែព្រះគម្ពីរណាទៀត ដែលគាំទ្រនឹងការពន្យល់នេះ?
១០ ដូច្នេះ លោកវ៉ាញនិងលោកថៃយឺ ទាំងពីរនាក់បានយោងទៅ ម៉ាថាយ ២៤:៣៤ ក្នុងការពន្យល់ «មនុស្សដំណនេះ» (ហ៊ី គីនីអៀ ហូតេ) ជា «មនុស្សមួយក្រុមទាំងមូលដែលរស់នៅស្រករគ្នា»។ វចនានុក្រមសាសនវិទ្យានៃគម្ពីរសញ្ញាថ្មី (១៩៦៤) គាំទ្រដល់អត្ថន័យនេះ ដោយថ្លែងថា៖ «ការប្រើពាក្យ ‹មនុស្សដំណ› ដោយព្រះយេស៊ូ បង្ហាញឲ្យឃើញនូវគោលបំណងដ៏ទូលំទូលាយរបស់ទ្រង់៖ គឺទ្រង់សំដៅទៅមនុស្សជាក្រុម ហើយទ្រង់ជ្រាបពីសាមគ្គីភាពក្នុងអំពើបាបរបស់គេ»។ ពិតមែនហើយ «សាមគ្គីភាពក្នុងអំពើបាប» បានឃើញមានមែនក្នុងសាសន៍យូដា នៅពេលដែលព្រះយេស៊ូគង់នៅលើផែនដី ហើយនេះក៏ឃើញមាននៅក្នុងរបបសម័យនេះដែរ។c
១១. (ក) តើប្រភពដ៏សំខាន់ណា ដែលត្រូវតែដឹកនាំយើងក្នុងការសម្រេចនូវរបៀបដែលអនុវត្តពាក្យហ៊ី គីនីអៀ ហូតេ? (ខ) តើប្រភពនេះបានប្រើពាក្យដោយយ៉ាងណា?
១១ ពិតមែនហើយ ជនគ្រីស្ទានដែលសិក្សារឿងនេះ ដឹកនាំគំនិតរបស់គេតាមរបៀបដែលពួកអ្នកសរសេរសៀវភៅដំណឹងល្អ ដែលវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែងមក បានប្រើពាក្យក្រិក ហ៊ី គីនីអៀ ហូតេ ឬ«មនុស្សដំណនេះ» ក្នុងការរាយការណ៍បន្ទូលរបស់ព្រះយេស៊ូ។ ឃ្លានេះត្រូវបានប្រើដោយឥតផ្លាស់ប្ដូរតាមវិធីមិនល្អ។ ម្ល៉ោះហើយបានជាព្រះយេស៊ូហៅពួកមេដឹកនាំសាសនាយូដាជា‹សត្វពស់ ពូជពស់វែក› ហើយទ្រង់បានមានបន្ទូលទៀតថា ការជំនុំជំរះនៃហ្គេហេណានឹងធ្លាក់មកលើ«មនុស្សដំណនេះ»។ (ម៉ាថាយ ២៣:៣៣, ៣៦) ប៉ុន្តែ តើការជំនុំជំរះនេះមានមកលើតែពួកបព្វជិតដ៏លាក់ពុតឬ? មិនមែនទេ។ នៅក្នុងឱកាសជាច្រើន ពួកសិស្សរបស់ព្រះយេស៊ូបានឮទ្រង់មានបន្ទូលអំពី«មនុស្សដំណនេះ» ដោយប្រើពាក្យនេះក្នុងន័យដ៏ទូលំទូលាយ។ តើនោះជាអ្វី?
«មនុស្សដំណអាក្រក់នេះ»
១២. កាលដែលពួកសិស្សរបស់ទ្រង់បានស្ដាប់ តើតាមរបៀបណាដែលព្រះយេស៊ូភ្ជាប់«ពួកហ្វូងមនុស្ស»ជាមួយនឹង«ដំណនេះ»?
១២ នៅក្នុងឆ្នាំ៣១ ស.យ. ក្នុងកំឡុងកិច្ចផ្សាយរបស់ព្រះយេស៊ូនៅស្រុកកាលីឡេ ហើយមិនយូរប៉ុន្មានក្រោយពីបុណ្យរំលង ពួកសិស្សរបស់ទ្រង់បានឮទ្រង់មានបន្ទូល «នឹងហ្វូងមនុស្ស . . . តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា ‹យើងបានផ្លែខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ ដ្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា ‹គាត់មានអារក្សចូល‹ ឯកូនមនុស្ស[ព្រះយេស៊ូ] បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា ‹មើល! នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្តសំឡាញ់របស់ពួកយកពន្ធ នឹងមនុស្សមានបាប› »។ គឺគ្មានការគាប់ចិត្តសោះចំពោះ«ហ្វូងមនុស្ស»ដែលគ្មានគោលសីលធម៌នោះ!—ម៉ាថាយ ១១:៧, ១៦-១៩
១៣. កាលដែលពួកសិស្សរបស់ទ្រង់បាននៅជាមួយ តើព្រះយេស៊ូបានសម្គាល់អ្នកណា ហើយបានកាត់ទោសជា«មនុស្សដំណអាក្រក់នេះ»?
១៣ ក្រោយមកនៅក្នុងឆ្នាំ៣១ ស.យ. កាលដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់ធ្វើដំណើរផ្សាយជាលើកទីពីរក្នុងស្រុកកាលីឡេ «ពួកអាចារ្យ នឹងពួកផារិស៊ីខ្លះ» បានទូលសួរព្រះយេស៊ូអំពីទីសម្គាល់។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេ ហើយ«ហ្វូងមនុស្ស»ដែលនៅទីនោះថា៖ «ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ព្យាការីយ៉ូណាសឡើយ ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ . . . ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ»។ (ម៉ាថាយ ១២:៣៨-៤៦) ជាការច្បាស់ណាស់ «មនុស្សដំណអាក្រក់នេះ» រាប់បញ្ចូលទាំងពួកមេដឹកនាំសាសនានិង«ហ្វូងមនុស្ស» ដែលនៅតែមិនយល់អំពីទីសម្គាល់ដែលបានសម្រេចក្នុងកាលមរណភាពនិងដំណើររស់ឡើងវិញនៃព្រះយេស៊ូ។d
១៤. តើពួកសិស្សរបស់ព្រះយេស៊ូបានឮទ្រង់ ធ្វើការកាត់ទោសអ្វីចំពោះពួកផារីស៊ីនិងសាឌូស៊ី?
១៤ ក្រោយពីបុណ្យរំលងនៅឆ្នាំ៣២ ស.យ. កាលដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់បានចូលក្នុងតំបន់កាលីឡេនៃស្រុកម៉ាកាដាន់ ពួកសាឌូស៊ីនិងពួកផារីស៊ីបានមកសុំរកទីសម្គាល់ពីព្រះយេស៊ូម្ដងទៀត។ ទ្រង់បានមានបន្ទូលទៅគេទៀតថា៖ «ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស»។ (ម៉ាថាយ ១៦:១-៤) ពួកមេលាក់ពុតខាងសាសនាទាំងនោះ គឺពិតជាអ្នកមានទោសបំផុត ព្រោះខ្លួនគេជាមេដឹកនាំក្នុងចំណោម«ហ្វូងមនុស្ស»ដ៏មិនស្មោះត្រង់ ដែលព្រះយេស៊ូកាត់ទោសពួកគេជា«មនុស្សដំណអាក្រក់នេះ»។
១៥. មុននិងក្រោយពីការផ្លាស់ប្រែទ្រង់ទ្រាយមក តើព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានជួបប្រទះអ្វីជាមួយនឹង‹មនុស្សដំណនេះ›?
១៥ ដល់ចុងបញ្ចប់នៃកិច្ចផ្សាយនៅកាលីឡេ ព្រះយេស៊ូបានហៅហ្វូងមនុស្សនិងពួកសិស្សរបស់ទ្រង់ឲ្យមកឯទ្រង់ រួចមានបន្ទូលថា៖ «ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំនៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ»។ (ម៉ាកុស ៨:៣៤, ៣៨) ដូច្នេះ ពួកយូដាដែលមិនបានប្រែចិត្តនៅសម័យនោះ គឺច្បាស់ជា«ដំណមនុស្សកំផិត ហើយមានបាបនេះ»។ ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីការផ្លាស់ប្រែទ្រង់ទ្រាយ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ក៏«បានមកដល់ហ្វូងមនុស្ស» ហើយបុរសម្នាក់បានសុំឲ្យព្រះយេស៊ូប្រោសកូនប្រុសរបស់គាត់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត»?—ម៉ាថាយ ១៧:១៤-១៧; លូកា ៩:៣៧-៤១
១៦. (ក) នៅស្រុកយូដា តើការកាត់ទោសអ្វីដល់‹ហ្វូងមនុស្ស›ដែលព្រះយេស៊ូបានធ្វើទៀតនោះ? (ខ) តើតាមរបៀបណាដែល«មនុស្សដំណនេះ»ប្រព្រឹត្តឧក្រិដ្ឋកម្មដ៏អាក្រក់ជួជាតិនោះ?
១៦ គឺប្រហែលជានៅស្រុកយូដា ក្រោយពីបុណ្យបារាំនៅឆ្នាំ៣២ ស.យ. «កាលណោះ មានមនុស្សប្រជុំគ្នា»នៅជុំវិញព្រះយេស៊ូ ហើយទ្រង់បានកាត់ទោសដល់ពួកគេម្ដងទៀត ដោយមានបន្ទូលថា៖ «មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ»។ (លូកា ១១:២៩) នៅទីបំផុត នៅពេលដែលពួកមេដឹកនាំសាសនាបាននាំព្រះយេស៊ូមកកាត់ក្ដី លោកពីឡាត់ប្រាថ្នាចង់ដោះលែងទ្រង់។ ព្រះគម្ពីរចែងថា៖ «តែពួកសង្គ្រាជ នឹងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់ . . . លោកពីឡាត់សួរគេថា ‹ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ›? អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ‹ចូរឆ្កាងវាទៅ›! នោះលោកចៅហ្វាយសួរថា ‹តើអ្នកនេះបានធ្វើខុសអ្វី›? តែគេស្រែកកាន់តែខ្លាំងឡើងថា ‹ចូរឆ្កាងវាទៅ› »! «មនុស្សដំណអាក្រក់»នេះ បានទាមទារបង្ហូរឈាមរបស់ព្រះយេស៊ូ!—ម៉ាថាយ ២៧:២០-២៥
១៧. តើពួកខ្លះនៃ«ពូជដំណវៀចនេះ»បានតបឆ្លើយនឹងការផ្សាយរបស់ពេត្រុសនៅឯបុណ្យភិន្ដាកុសយ៉ាងដូចម្ដេច?
១៧ «ដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀច»ជំរុញដោយពួកមេដឹកនាំសាសនា បានមានមុខនាទីដ៏សំខាន់ក្នុងការធ្វើគុតដល់ព្រះអម្ចាស់ ព្រះយេស៊ូគ្រីស្ទ។ ហាសិបថ្ងៃក្រោយមក នៅបុណ្យភិន្ដាកុសក្នុងឆ្នាំ៣៣ ស.យ. ពួកសិស្សបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ចាប់ផ្ដើមនិយាយជាភាសាផ្សេងៗ។ នៅពេលឮសម្លេង «បណ្ដាមនុស្សក៏ប្រជុំគ្នា» ហើយសាវ័កពេត្រុសបានសំដៅទៅពួកគេជា «ពួកសាសន៍យូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា» ដោយមានប្រសាសន៍ថា៖ «ព្រះអង្គនោះ[ព្រះយេស៊ូ] . . . អ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង»។ តើពួកអ្នកស្ដាប់ទាំងនោះខ្លះមានអារម្មណ៍យ៉ាងណាដែរ? «គេមានសេចក្ដីចុកចាប់ក្នុងចិត្ត»។ ដូច្នេះ ពេត្រុសក៏អំពាវនាវដល់ពួកគេឲ្យប្រែចិត្ត។ គាត់«ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ»។ ក្នុងការតបឆ្លើយ មានមនុស្សប្រហែលជាបីពាន់នាក់«ទទួលពាក្យរបស់គាត់ដោយអំណរ [ហើយ] ក៏បានទទួលបុណ្យជ្រមុជទឹក»។—កិច្ចការ ២:៦, ១៤, ២៣, ៣៧, ៤០, ៤១
«មនុស្សដំណនេះ»ត្រូវបានសម្គាល់ឃើញ
១៨. ព្រះយេស៊ូបានប្រើពាក្យ«មនុស្សដំណនេះ»តែងតែបានសំដៅទៅនឹងអ្វីជារឿយៗ?
១៨ អញ្ចឹង តើអ្វីជា«មនុស្សដំណ» ដែលព្រះយេស៊ូតែងតែមានបន្ទូលប្រាប់នៅចំពោះពួកសិស្សរបស់ទ្រង់នោះ? តើគេយល់យ៉ាងណាពីពាក្យរបស់ទ្រង់នេះ៖ «មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រាប់ការទាំងនេះបានកើតមកដល់»? ពិតមែនហើយ ព្រះយេស៊ូមិនបានប្រែប្រួលនូវការប្រើពាក្យ«មនុស្សដំណនេះ»ទេ ដែលទ្រង់តែងតែបានប្រើចំពោះពួកមនុស្សស្រករគ្នា ព្រមទាំងពួក«មនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់»ដែរ ដែលរួមគ្នាជាសាសន៍យូដា។ (ម៉ាថាយ ១៥:១៤) «មនុស្សដំណនេះ» បានពិសោធនូវសេចក្ដីវេទនាទាំងអស់ដែលព្រះយេស៊ូបានទាយទុក ហើយបានកន្លងបាត់ទៅក្នុង«សេចក្ដីវេទនាជាខ្លាំងណាស់»ដែលបានធ្លាក់មកលើក្រុងយេរូសាឡិម។—ម៉ាថាយ ២៤:២១, ៣៤
១៩. នៅពេលណាហើយតាមរបៀបណាដែល«ផ្ទៃមេឃនិងផែនដី»នៃរបបសម័យរបស់យូដាបានកន្លងបាត់ទៅ?
១៩ នៅក្នុងសតវត្សទីមួយ ព្រះយេហូវ៉ាបានជំនុំជំរះប្រជាជនយូដា។ ពួកអ្នកដែលប្រែចិត្ត ដែលបានអនុវត្តជំនឿទៅលើសំវិធានការនៃសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា តាមរយៈព្រះគ្រីស្ទ ត្រូវបានសង្គ្រោះពី«សេចក្ដីវេទនាជាខ្លាំងណាស់»។ សេចក្ដីទាំងអស់បានកើតឡើងដូចអ្វីដែលព្រះយេស៊ូបានទាយមក ហើយ«ផ្ទៃមេឃ ហើយផែនដី»នៃរបបសម័យយូដា—ដែលជាសាសន៍ទាំងមូល ព្រមទាំងពួកមេដឹកនាំសាសនាក្នុងនោះ និងសង្គមមនុស្សដ៏អាក្រក់ជួជាតិ—បានកន្លងបាត់ទៅ។ ព្រះយេហូវ៉ាបានប្រតិបត្ដិការជំនុំជំរះមែន!—ម៉ាថាយ ២៤:៣៥; ប្រៀបធៀប ពេត្រុសទី២ ៣:៧
២០. តើមានការដាស់តឿនដ៏ត្រូវពេលណា ដែលជាការបន្ទាន់ដល់ជនគ្រីស្ទានទាំងឡាយ?
២០ ពួកយូដាទាំងនោះដែលបានយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះយេស៊ូ បានដឹងថា ការសង្គ្រោះរបស់គេ មិនមែនស្រេចទៅលើការខំព្យាយាមគិតរិះរកប្រវែងនៃ«មនុស្សដំណនេះ» ឬគិតរិះរកថ្ងៃខែនៃ‹ពេលកំណត់›ឡើយ ប៉ុន្តែគឺស្រេចទៅលើការញែកខ្លួនចេញពីដំណមនុស្សដ៏អាក្រក់នៅសម័យនោះ ហើយខំខ្នះខ្នែងធ្វើតាមព្រះហឫទ័យរបស់ព្រះ។ ថ្វីបើពាក្យចុងក្រោយនៃទំនាយរបស់ព្រះយេស៊ូ សំដៅទៅចំពោះការសម្រេចដ៏ធំក្នុងសម័យយើងក្ដី ពួកគ្រីស្ទានយូដានៅសតវត្សទីមួយក៏ត្រូវតែធ្វើតាមការដាស់តឿននេះដែរ៖ «ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរ នឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»។—លូកា ២១:៣២-៣៦; កិច្ចការ ១:៦-៨
២១. តើនឹងមានព្រឹត្ដិការណ៍ដ៏មួយរំពេចណាដែលនឹងកើតឡើងនៅនាអនាគត?
២១ នៅសព្វថ្ងៃនេះ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ . . . ក៏បានប្រញឹកណាស់ដែរ»។ (សេផានា ១:១៤-១៨; អេសាយ ១៣:៩, ១៣) មួយរំពេចនោះ នៅ«ថ្ងៃ និងពេលកំណត់»របស់ព្រះយេហូវ៉ា សេចក្ដីក្រោធរបស់ទ្រង់នឹងពន្លែងមកលើកត្ដាខាងសាសនា នយោបាយ និងពាណិជ្ជកម្មកម្មនៃលោកីយ៍ ព្រមទាំងមកលើមនុស្សវៀចវេរនៃ«មនុស្សដំណអាក្រក់ ហើយកំផិត»នៅសម័យនេះ។ (ម៉ាថាយ ១២:៣៩; ២៤:៣៦; វិវរណៈ ៧:១-៣, ៩, ១៤) តើតាមរបៀបណាដែលអ្នកអាចសង្គ្រោះពី«សេចក្ដីវេទនាជាខ្លាំងណាស់»នេះ? អត្ថបទរបស់យើងជាបន្ទាប់នឹងឆ្លើយហើយប្រាប់យើងអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យចំពោះអនាគត។
[កំណត់សម្គាល់]
a ចំពោះការពន្យល់ឲ្យបានក្បោះក្បាយថែមទៀតអំពីទំនាយនេះ សូមមើលតារាងនៅទំព័រ ១៤, ១៥ នៃទស្សនាវដ្ដីប៉មយាមនៃខែកុម្ភៈ ១៥, ១៩៩៤។
b បើចង់បានពត៌មានថែមទៀតអំពី«អាទិត្យ»នៃឆ្នាំ សូមមើលសៀវភៅព្រះគម្ពីរ—ជាពាក្យរបស់ព្រះឬមនុស្ស (ជាភាសាអង់គ្លេស) នៅទំព័រ ១៣០-២ ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។
c ព្រះគម្ពីរខ្លះបកស្រាយពាក្យ ហ៊ី គីនីអៀ ហូតេ នៅម៉ាថាយ ២៤:៣៤ ដូចតទៅនេះ៖ «មនុស្សទាំងនេះ» (ព្រះគម្ពីរបរិសុទ្ធក្នុងភាសាសម័យនេះ [១៩៧៦] ដោយលោកវីលាម បេក); «សាសន៍នេះ» (គម្ពីរសញ្ញាថ្មី—សេចក្ដីបកប្រែពង្រីក [១៩៦១] ដោយលោក ខីណិត វ៉ូស្ទ); «ប្រជាជននេះ» (គម្ពីរសញ្ញាថ្មីយូដា [១៩៧៩] ដោយលោក ដាវីឌ ស្ទើន)
d «ហ្វូងមនុស្ស»ដ៏មិនស្មោះត្រង់ទាំងនេះ មិនមែនស្មើនឹង ‘am-ha·ʼaʹrets ឬ «មនុស្សត្រូវបណ្ដាសា» ដែលមេដឹកនាំសាសនាដ៏ក្រអឺតមិនព្រមចូលរួបរួមជាមួយនោះទេ តែនេះជាពួកមនុស្សដែលព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិត»។—ម៉ាថាយ ៩:៣៦; យ៉ូហាន ៧:៤៩
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើយើងបានរៀនអ្វីខ្លះពីការបំពេញនៃទំនាយនៅដានីយ៉ែល ៩:២៤-២៧?
◻ តើសទ្ទានុក្រមឲ្យអត្ថន័យអំពី«មនុស្សដំណនេះ»ដោយយ៉ាងណា ដូចជាបានប្រើមកនៅក្នុងព្រះគម្ពីរ?
◻ តើព្រះយេស៊ូបានប្រើពាក្យ«មនុស្សដំណ»ដោយមិនចេះផ្លាស់ប្ដូរយ៉ាងណា?
◻ តើម៉ាថាយ ២៤:៣៤, ៣៥ បានបំពេញនៅសតវត្សទីមួយដោយយ៉ាងណា?
[រូបភាពនៅទំព័រ១០]
ព្រះយេស៊ូបានប្រៀបធៀប«មនុស្សដំណនេះ»ទៅនឹងពួកហ្វូងមនុស្សនៃកូនចៅដែលគ្មានការទូន្មាន
[រូបភាពនៅទំព័រ១៣]
មានតែព្រះយេហូវ៉ាទេដែលបានដឹងទុកជាមុន ចំពោះម៉ោងក្នុងការប្រហារសេចក្ដីជំនុំជំរះទៅលើរបបសម័យដ៏អាក្រក់ជួជាតិនៃសាសន៍យូដា