ជំរឿនបណ្ដាជន
២៥ ពេលពួកអ៊ីស្រាអែលបោះជំរំនៅតំបន់ស៊ីទីម+ ពួកគេបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងពួកកូនស្រីរបស់ជនជាតិម៉ូអាប់។+ ២ ពួកស្ត្រីទាំងនោះបានអញ្ជើញបណ្ដាជនអ៊ីស្រាអែល ឲ្យទៅចូលរួមពិធីជូនគ្រឿងបូជាដល់ព្រះរបស់ជនជាតិម៉ូអាប់។+ រួចមក បណ្ដាជនបានបរិភោគគ្រឿងបូជាទាំងនោះ ហើយក្រាបគោរពដល់ព្រះរបស់ពួកគេ។+ ៣ ដូច្នេះ ពួកអ៊ីស្រាអែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ+ ហើយនេះបានបណ្ដាលឲ្យព្រះយេហូវ៉ាខឹងពួកគេយ៉ាងខ្លាំង។ ៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរយកពួកមេដឹកនាំទាំងអស់ដែលប្រព្រឹត្តអំពើនោះ ទៅព្យួរនៅកណ្ដាលថ្ងៃនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យកំហឹងរបស់ព្រះយេហូវ៉ារសាយចេញពីពួកអ៊ីស្រាអែល»។ ៥ ស្ដាប់រួច ម៉ូសេបានប្រាប់ពួកអ្នកសម្រេចក្ដីថា៖+ «ចូរអ្នករាល់គ្នាសម្លាប់ពួកអ្នកដែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ ឲ្យអស់ទៅ»។+
៦ ពេលនោះ មានបុរសជនជាតិអ៊ីស្រាអែលម្នាក់ នាំស្ត្រីជនជាតិម៉ាឌាន+ចូលក្នុងជំរំ។ ពួកគេបានដើរកាត់មុខម៉ូសេនិងពួកជំនុំទាំងអស់ ក្នុងកាលដែលពួកគេកំពុងយំនៅមុខត្រសាលជំនុំ។ ៧ ឃើញដូច្នេះ ភីនេហាស+ជាកូនអេលាសារ ត្រូវជាចៅរបស់អេរ៉ុនជាសង្ឃ បានក្រោកឡើងពីពួកជំនុំ ហើយកាន់លំពែងចេញទៅតាម។ ៨ គាត់ក៏ចូលទៅក្នុងត្រសាលរបស់បុរសនោះ ហើយចាក់ទម្លុះបុរសនិងស្ត្រីនោះត្រង់កេរ្តិ៍ខ្មាសនាង។ ភ្លាមនោះ សេចក្ដីវេទនាដែលកើតមានក្នុងចំណោមពួកអ៊ីស្រាអែល ក៏បានបាត់ទៅ។+ ៩ ពួកអ្នកដែលបានស្លាប់ក្នុងសេចក្ដីវេទនានោះមានចំនួន២៤.០០០នាក់។+
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ១១ «តាមការពិតខ្ញុំត្រូវបំផ្លាញប្រជាជាតិអ៊ីស្រាអែលទាំងមូល ព្រោះខ្ញុំតម្រូវឲ្យពួកគេមានភក្ដីភាពផ្ដាច់មុខ។+ ប៉ុន្តែ ភីនេហាស+ជាកូនអេលាសារ ត្រូវជាចៅរបស់អេរ៉ុនជាសង្ឃ បានរម្ងាប់កំហឹងរបស់ខ្ញុំចំពោះបណ្ដាជនអ៊ីស្រាអែល ដោយសារគាត់មិនត្រាប្រណីចំពោះអស់អ្នកដែលប្រឆាំងនឹងខ្ញុំទេ។+ ដូច្នេះ ខ្ញុំមិនបានបំផ្លាញពួកគេទាំងអស់ឡើយ។ ១២ ហេតុនេះ ចូរប្រាប់គាត់ថា៖ ‹ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងគាត់។ ១៣ តាមរយៈកិច្ចព្រមព្រៀងនេះ គាត់និងកូនចៅគាត់នឹងបម្រើជាសង្ឃជារៀងរហូត+ ព្រោះគាត់មិនត្រាប្រណីចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះរបស់គាត់ទេ+ ហើយគាត់ថែមទាំងបានជម្រះភាពខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលទៀតផង›»។
១៤ បុរសជនជាតិអ៊ីស្រាអែលដែលបានស្លាប់ជាមួយនឹងស្ត្រីជនជាតិម៉ាឌាននោះ ឈ្មោះស៊ីមរីជាកូនសាលូ ដែលជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធស៊ីម្មាន។ ១៥ ចំណែកស្ត្រីជនជាតិម៉ាឌានវិញ នាងឈ្មោះខូសបាយជាកូនស្រីរបស់សឺរ។+ សឺរជាមេដឹកនាំម្នាក់ក្នុងអំបូរមួយនៅស្រុកម៉ាឌាន។+
១៦ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ១៧ «ចូរបង្ក្រាបពួកម៉ាឌាន ហើយវាយប្រហារពួកគេទៅ+ ១៨ ពីព្រោះពួកគេបានធ្វើទុក្ខដល់អ្នករាល់គ្នា ដោយល្បួងអ្នករាល់គ្នាឲ្យប្រព្រឹត្តអំពើខុសឆ្គងនៅភ្នំពេអរ+ និងព្រោះតែខូសបាយជាកូនស្រីរបស់មេដឹកនាំម្នាក់នៅស្រុកម៉ាឌានដែលជាជនរួមជាតិរបស់ពួកគេ។ នាងបានស្លាប់នៅថ្ងៃដែលមានសេចក្ដីវេទនានោះ»។+