អេសាយ
៣២ មើល! នឹងមានស្ដេចមួយរូប+គ្រងរាជ្យដោយសុចរិត+
ហើយពួកអ្នកដឹកនាំនឹងគ្រប់គ្រងដោយយុត្តិធម៌។
២ ពួកគាត់ម្នាក់ៗនឹងប្រៀបដូចជាទីបាំងពីខ្យល់ និងជាទីជ្រកពីព្យុះភ្លៀង។
ពួកគាត់នឹងប្រៀបដូចជាទឹកអូរនៅតំបន់រាំងស្ងួត+
និងប្រៀបដូចជាម្លប់នៃថ្មដាយ៉ាងធំនៅតំបន់ហួតហែង។
៣ ពេលនោះ ភ្នែករបស់ពួកអ្នកដែលមើលឃើញ នឹងលែងបិទទៀត
ហើយត្រចៀករបស់ពួកអ្នកដែលស្ដាប់ឮ នឹងប្រុងស្ដាប់ដោយយកចិត្តទុកដាក់។
៤ ចិត្តរបស់ពួកអ្នករលះរលាំង នឹងរំពឹងគិតអំពីចំណេះ
ហើយអណ្ដាតត្រដិត នឹងនិយាយយ៉ាងច្បាស់ហើយយ៉ាងស្ទាត់។+
៥ ចំពោះមនុស្សឥតចេះពិចារណា ពួកគេនឹងលែងត្រូវចាត់ទុកជាមនុស្សមានចិត្តទូលាយទៀតហើយ
ឯមនុស្សដែលគ្មានគោលការណ៍សីលធម៌ ពួកគេក៏នឹងលែងទទួលកិត្តិយសទៀតដែរ។
៦ ព្រោះសម្ដីរបស់មនុស្សឥតចេះពិចារណាគឺឥតបានការអ្វីឡើយ
ហើយចិត្តរបស់គាត់នឹងរៀបគម្រោងអាក្រក់+
ដើម្បីបង្កើតការក្បត់ជំនឿ ហើយនិយាយអ្វីដែលមិនពិតទាស់នឹងព្រះយេហូវ៉ា
និងដើម្បីធ្វើឲ្យអ្នកដែលស្រេកឃ្លាន គ្មានអាហារបរិភោគ
ព្រមទាំងបណ្ដាលឲ្យអ្នកដែលស្រេកទឹកគ្មានទឹកផឹក។
៧ វិធីសាស្ត្ររបស់មនុស្សដែលគ្មានគោលការណ៍សីលធម៌សុទ្ធតែអាក្រក់+
គាត់លើកស្ទួយការប្រព្រឹត្តដែលគួរឲ្យខ្មាស
ដើម្បីបំផ្លាញមនុស្សដែលរងទុក្ខដោយពាក្យកុហក+
ទោះជាពេលដែលជនក្រីក្រនិយាយអ្វីត្រឹមត្រូវក៏ដោយ។
៨ ឯអ្នកដែលមានចិត្តទូលាយ គាត់តែងតែចង់ឲ្យគេដោយឥតកំណាញ់
ហើយគាត់ខំព្យាយាមបង្ហាញចិត្តទូលាយជានិច្ច។*
៩ «ឱស្ត្រីដែលមិនចេះអើពើអើយ! ចូរក្រោកឡើង ហើយស្ដាប់សំឡេងខ្ញុំចុះ!
ឱកូនស្រីដែលមិនចេះខ្វល់អើយ!+ ចូរប្រុងស្ដាប់សម្ដីរបស់ខ្ញុំ។
១០ មិនយូរក្រោយពីមួយឆ្នាំទៀត អ្នករាល់គ្នាដែលមិនចេះខ្វល់ខ្វាយ នឹងញ័ររន្ធត់ ព្រោះក្នុងអំឡុងរដូវប្រមូលផលទំពាំងបាយជូរ នឹងគ្មានផ្លែសម្រាប់ឲ្យអ្នករាល់គ្នាប្រមូលទេ។+
១១ ឱស្ត្រីដែលមិនចេះអើពើអើយ! ចូរភ័យតក់ស្លុតចុះ!
ឱអ្នកដែលមិនចេះខ្វល់អើយ! ចូរញ័ររន្ធត់ទៅ!
ចូរដោះសម្លៀកបំពាក់ចេញ រួចស្លៀកបាវវិញ។+
១២ ចូរគក់ទ្រូងយំស្រណោះនឹងចម្ការល្អៗ
និងដើមទំពាំងបាយជូរដែលធ្លាប់មានផលផ្លែច្រើនទៅ។
១៣ ព្រោះដីធ្លីរបស់រាស្ត្រខ្ញុំ នឹងដុះសុទ្ធតែបន្លា។
បន្លាទាំងនោះនឹងដុះពេញផ្ទះទាំងឡាយដែលធ្លាប់មានអំណរ
គឺពេញក្រុងដែលធ្លាប់មានការសប្បាយរីករាយ។+
១៤ ព្រោះប៉មរឹងមាំបានត្រូវទុកចោល
ក្រុងដ៏អ៊ូអរក៏បានត្រូវបោះបង់ចោលដែរ។+
អូផែល+និងប៉មចាំយាម បានទៅជាស្ងាត់ជ្រងំជារៀងរហូត
ហើយទៅជាទីរីករាយដល់ហ្វូងលាព្រៃ និងទៅជាវាលស្មៅដល់ហ្វូងចៀម។+
១៥ ដរាបដល់ព្រះចាក់ឫទ្ធានុភាពមកលើយើង+
តំបន់ស្ងាត់ជ្រងំនឹងប្រែក្លាយទៅជាចម្ការ
ហើយចម្ការនោះនឹងត្រូវគេចាត់ទុកជាព្រៃវិញ។+
១៦ នៅពេលនោះ យុត្តិធម៌នឹងស្ថិតនៅតំបន់ស្ងាត់ជ្រងំ
ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅក្នុងចម្ការនោះ។+
១៧ សេចក្ដីសុចរិតពិតនឹងនាំមកនូវសន្តិភាព+
ផលផ្លែនៃសេចក្ដីសុចរិតពិត គឺជាសេចក្ដីសុខសាន្តនិងជាសុវត្ថិភាពដ៏ស្ថិតស្ថេរ។+
១៨ រាស្ត្រខ្ញុំនឹងរស់នៅកន្លែងដែលមានសន្តិភាព
ហើយអាស្រ័យនៅកន្លែងដែលមានសុវត្ថិភាពនិងសេចក្តីសុខសាន្ត។+
១៩ ប៉ុន្តែ ដុំទឹកកកនឹងធ្លាក់មកពង្រាបព្រៃ
ហើយបំបាក់បំបែកក្រុងឲ្យរាបធេងអស់។
២០ មានសុភមង្គលហើយ! អស់អ្នកដែលសាបព្រោះតាមផ្លូវទឹក
និងអស់អ្នកបានលែងគោឈ្មោលនិងសត្វលា»។+