ជំពូកទី១៦
ចូរ«ប្រព្រឹត្តតាមយុត្ដិធម៌»ក្នុងការដើរជាមួយព្រះ
១-៣. (ក) ហេតុអ្វីបានជាយើងជំពាក់គុណចំពោះព្រះយេហូវ៉ា? (ខ) តើអ្នកសង្គ្រោះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់សុំអ្វីជាការតបស្នងសងគុណ?
សូមគិតក្នុងចិត្តថា អ្នកនៅលើទូកមួយដែលកំពុងតែលិចទៅក្នុងទឹក ហើយរកផ្លូវរួចរស់ជីវិតពុំបាន។ ពេលអ្នកអស់សង្ឃឹមហើយ ស្រាប់តែមានអ្នកសង្គ្រោះម្នាក់មកជួយយកអ្នកចេញពីទឹកដាក់ក្នុងទូកសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់។ អ្នកពិតជាធូរទ្រូងណាស់ ពេលអ្នកសង្គ្រោះដឹកអ្នកឲ្យទៅឆ្ងាយពីកន្លែងគ្រោះថ្នាក់ និងប្រាប់ថា៖«អ្នកមានសុវត្ថិភាពហើយ!»។ អ្នកពិតជាដឹងគុណគាត់ណាស់ មែនទេ? ការពិតអ្នកជំពាក់ជីវិតគាត់។
២ នេះគឺស្រដៀងគ្នានឹងអ្វីដែលព្រះយេហូវ៉ាបានប្រព្រឹត្តដើម្បីយើង។ យើងពិតជាជំពាក់គុណទ្រង់មែន។ យ៉ាងណាមិញ ទ្រង់បានផ្ដល់តម្លៃលោះ ឲ្យយើងមានលទ្ធភាពទទួលសេចក្ដីសង្គ្រោះឲ្យរួចពីក្រញាំនៃបាបនិងសេចក្ដីស្លាប់។ យើងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ពីព្រោះយើងដឹងថាអំពើបាបរបស់យើងត្រូវអត់ឱន ហើយយើងនឹងមានជីវិតជារៀងរហូតនៅអនាគតជាក់ជាពុំខាន ដរាបណាដែលយើងបង្ហាញនូវជំនឿរបស់យើងទៅលើយញ្ញបូជាលោះដ៏ថ្លៃវិសេសនេះ។ (យ៉ូហានទី១ ១:៧; ៤:៩) ដូចដែលយើងបានរៀនក្នុងជំពូកទី១៤ ព្រះយេហូវ៉ាបានសម្ដែងនូវសេចក្ដីស្រឡាញ់និងយុត្ដិធម៌ដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈតម្លៃលោះ។ តើយើងគួរតបស្នងសងគុណទ្រង់យ៉ាងណា?
៣ គួរគប្បីឲ្យយើងពិចារណានូវអ្វីដែលអ្នកសង្គ្រោះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ បានសុំយើងដោយផ្ទាល់ឲ្យតបស្នងសងគុណចំពោះទ្រង់។ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈព្យាការីមីកាថា៖‹ឱមនុស្សអើយ! ព្រះបានបង្ហាញឲ្យអ្នកស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យអ្នកប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត[«ប្រព្រឹត្តតាមយុត្ដិធម៌», ព.ថ.] ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ?›។ (មីកា ៦:៨) សូមកត់សម្គាល់ថា អ្វីមួយដែលព្រះយេហូវ៉ាសុំយើងប្រព្រឹត្តជាការតបស្នងសងគុណនោះ គឺ«ប្រព្រឹត្តតាមយុត្ដិធម៌»។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ការស្វែងរក‹សេចក្ដីសុចរិតដ៏ពិត›
៤. តើយើងដឹងថាព្រះយេហូវ៉ាតម្រូវឲ្យយើងរស់នៅសមស្របទៅតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់យ៉ាងដូចម្ដេច?
៤ ព្រះយេហូវ៉ាតម្រូវឲ្យយើងរស់នៅសមស្របទៅតាមខ្នាតតម្រារបស់ទ្រង់ស្តីអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ដោយព្រោះខ្នាតតម្រារបស់ទ្រង់ប្រកបទៅដោយយុត្ដិធម៌និងសេចក្ដីសុចរិតនោះ យើងកំពុងតែស្វែងរកយុត្ដិធម៌និងសេចក្ដីសុចរិតនៅពេលយើងអនុលោមទៅតាមខ្នាតតម្រាទាំងនេះ។ អេសាយ ១:១៧ ចែងថា៖«[ចូរ]រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្ដិធម៌»។ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យ«ស្វែងរកសេចក្ដីសុចរិត»។ (សេផានា ២:៣) ព្រះបន្ទូលរបស់ព្រះក៏ជំរុញយើងឲ្យ«ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ[ឬ«បុគ្គលិកលក្ខណៈថ្មី», ព.ថ.] ដែលកើតមកក្នុងសេចក្ដីសុចរិត . . . របស់ផងសេចក្ដីពិត តាមភាពព្រះ»។ (អេភេសូរ ៤:២៤) សេចក្ដីសុចរិតឬយុត្ដិធម៌ពិតជំរុញយើងឲ្យចៀសចេញពីអំពើឃោរឃៅ អំពើស្មោកគ្រោក និងអំពើអសីលធម៌ ដ្បិតអំពើទាំងនេះបំពានលើគោលការណ៍បរិសុទ្ធ។—ទំនុកដំកើង ១១:៥; អេភេសូរ ៥:៣-៥
៥, ៦. (ក) ហេតុអ្វីបានជាការអនុលោមទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាមិនមែនជាបន្ទុកដ៏ធ្ងន់ចំពោះយើង? (ខ) តើព្រះគម្ពីរបង្ហាញឲ្យដឹងថាការស្វែងរកសេចក្ដីសុចរិតជាទង្វើមួយដែលមានបន្តជានិច្ចយ៉ាងដូចម្ដេច?
៥ តើការអនុលោមទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាជាបន្ទុកធ្ងន់ចំពោះយើងឬទេ? អត់ទេ! បើយើងមានទឹកចិត្តចង់ចូលទៅជិតព្រះយេហូវ៉ានោះ យើងមិនចាត់ទុកសេចក្ដីតម្រូវរបស់ទ្រង់ជាអ្វីគួរឲ្យធុញទ្រាន់ទេ។ ដោយព្រោះយើងស្រឡាញ់ព្រះរបស់យើងនិងគុណសម្បត្ដិទាំងប៉ុន្មានរបស់ទ្រង់ នោះក្នុងជីវិតយើងៗចង់ធ្វើអ្វីដែលពេញព្រះហឫទ័យទ្រង់។ (យ៉ូហានទី១ ៥:៣) សូមចាំថា ព្រះយេហូវ៉ា«ស្រឡាញ់សេចក្ដីសុចរិត»។ (ទំនុកដំកើង ១១:៧) ប្រសិនបើយើងពិតជានឹងយកតម្រាប់តាមភាពយុត្ដិធម៌ឬសេចក្ដីសុចរិតរបស់ទ្រង់ យើងត្រូវតែបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះអ្វីដែលព្រះយេហូវ៉ាស្រឡាញ់ និងស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់។—ទំនុកដំកើង ៩៧:១០
៦ សំរាប់មនុស្សឥតគ្រប់ល័ក្ខណ៍ ការស្វែងរកសេចក្ដីសុចរិតគឺមិនងាយស្រួលទេ។ យើងត្រូវតែដោះមនុស្សចាស់ឬបុគ្គលិកលក្ខណៈចាស់ចោលចេញ ជាមួយអំពើបាបដែលលក្ខណៈទាំងនោះជំរុញឲ្យប្រព្រឹត្ត ហើយបំពាក់ដោយបុគ្គលិកលក្ខណៈថ្មីវិញ។ ព្រះគម្ពីរចែងថា បុគ្គលិកលក្ខណៈថ្មី«កំពុងតែកែឡើង»តាមរយៈចំណេះត្រឹមត្រូវ។ (កូល៉ុស ៣:៩, ១០) ពាក្យភាសាដើមដែលត្រូវបកប្រែថា«កំពុងតែកែឡើង»បញ្ជាក់ថា ការបំពាក់បុគ្គលិកលក្ខណៈថ្មី ជាទង្វើមួយដែលមានបន្តជានិច្ច និងនេះតម្រូវឲ្យយើងខំប្រឹងព្យាយាម។ មិនថាយើងខំប្រឹងធ្វើល្អយ៉ាងណាក៏ដោយ មានពេលខ្លះបាបបណ្ដាលឲ្យយើងជំពប់ ដោយគំនិត ពាក្យសំដីឬក៏ការប្រព្រឹត្ត។—រ៉ូម ៧:១៤-២០; យ៉ាកុប ៣:២
៧. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការភ្លាត់ធ្វើខុសកាលដែលយើងកំពុងព្យាយាមស្វែងរកសេចក្ដីសុចរិត?
៧ តើយើងគួរមានទស្សនៈយ៉ាងណានៅពេលយើងភ្លាត់ធ្វើខុស កាលដែលកំពុងព្យាយាមស្វែងរកសេចក្ដីសុចរិតនោះ? យើងមិនចង់ចាត់ទុកអំពើបាបជារឿងស្រាលនោះទេ។ ក៏ប៉ុន្តែ យើងក៏មិនត្រូវចុះចាញ់ដោយគិតថាកំហុសរបស់យើងធ្វើឲ្យយើងមិនសមជាអ្នកបំរើព្រះយេហូវ៉ានោះដែរ។ ព្រះរបស់យើងដែលប្រកបទៅដោយក្ដីសន្ដោសប្រណីបានរៀបចំឲ្យអ្នកដែលប្រែចិត្តដោយស្មោះ មានវិធីចាប់ផ្ដើមទទួលព្រះគុណអំពីទ្រង់ម្ដងទៀត។ សូមពិចារណាពំនោលរបស់សាវ័កយ៉ូហានដែលធ្វើឲ្យយើងមានទំនុកចិត្ត។ គាត់ថា៖«ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត»។ ប៉ុន្តែ រួចមកគាត់បានសរសេរបន្ថែមដោយបញ្ជាក់ការពិតថា៖ «តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ[ដោយសារភាពឥតគ្រប់ល័ក្ខណ៍ដែលយើងទទួលជាមរតក] នោះយើងមាន[អ្នក]ជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ»។ (យ៉ូហានទី១ ២:១) ពិតមែនហើយ ព្រះយេហូវ៉ាបានប្រទានតម្លៃលោះរបស់ព្រះយេស៊ូ ដើម្បីឲ្យយើងមានលទ្ធភាពបំរើទ្រង់តាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ ទោះជាយើងមានបាបក៏ដោយ។ ចំណុចនេះពិតជាជំរុញទឹកចិត្តយើងឲ្យខំធ្វើអស់ពីសមត្ថភាពដើម្បីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា មែនទេ?
ដំណឹងល្អនិងយុត្ដិធម៌របស់ព្រះ
៨, ៩. តើការផ្សព្វផ្សាយដំណឹងល្អបញ្ជាក់យុត្ដិធម៌របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ យើងអាចប្រព្រឹត្តតាមយុត្ដិធម៌។ តាមការពិតយើងអាចរហូតដល់យកតម្រាប់តាមយុត្ដិធម៌របស់ព្រះទៅទៀត ដោយចូលរួមយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយឲ្យអ្នកដទៃឮដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។ តើយុត្ដិធម៌របស់ព្រះនិងដំណឹងល្អជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ានឹងមិនបំផ្លាញរបបលោកីយ៍អាក្រក់នេះចោលទេ បើមិនមានការប្រកាសដើម្បីព្រមានមនុស្សទុកជាមុន។ ក្នុងទំនាយរបស់ព្រះយេស៊ូស្តីអំពីអ្វីដែលនឹងកើតឡើងក្នុងកំឡុងថ្ងៃចុងក្រោយបង្អស់នោះ ទ្រង់បានមានបន្ទូលថា៖«ឯដំណឹងល្អ នឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។ (ម៉ាកុស ១៣:១០; ម៉ាថាយ ២៤:៣) ពាក្យថា«ជាមុនសិន»បានន័យថា នឹងមានព្រឹត្ដិការណ៍ឯទៀតកើតឡើងក្រោយកិច្ចផ្សព្វផ្សាយទូទាំងផែនដី។ ព្រឹត្ដិការណ៍ទាំងនេះមានសេចក្ដីវេទនាជាខ្លាំង ដែលរួមបញ្ចូលការបំផ្លាញនូវមនុស្សទុច្ចរិត ហើយនិងត្រាយផ្លូវឲ្យមានពិភពលោកថ្មីដ៏សុចរិត។ (ម៉ាថាយ ២៤:១៤, ២១, ២២) ប្រាកដណាស់ គ្មានអ្នកណាអាចចោទប្រកាន់ដោយត្រឹមត្រូវថា ព្រះយេហូវ៉ាប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើមនុស្សទុច្ចរិតទេ។ ដោយរៀបចំឲ្យមានការព្រមានមនុស្សជាមុន ទ្រង់ផ្ដល់ឱកាសល្មមគ្រប់គ្រាន់ឲ្យមនុស្សទុច្ចរិតកែខ្លួននិងរួចផុតពីការបំផ្លាញចោលនេះ។—យ៉ូណាស ៣:១-១០
១០, ១១. នៅពេលដែលយើងចូលរួមកិច្ចផ្សាយដំណឹងល្អ តើនេះជាការប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះយ៉ាងដូចម្ដេច?
១០ ពេលយើងផ្សព្វផ្សាយដំណឹងល្អ តើយើងកំពុងប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះយ៉ាងដូចម្ដេច? ទីមួយ យើងគួរគប្បីខំព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នកឯទៀតបានសេចក្ដីសង្គ្រោះ។ សូមពិចារណាម្ដងទៀតនូវឧទាហរណ៍ថា អ្នកត្រូវសង្គ្រោះពីទូកលិចទឹក។ ក្រោយអ្នកនៅក្នុងទូកសង្គ្រោះហើយ អ្នកពិតជាចង់ជួយអ្នកឯទៀតដែលនៅក្នុងទឹកនៅឡើយ។ ស្រដៀងគ្នាដែរ យើងមានភារកិច្ចជួយអ្នកដែលនៅពុះពារក្នុងរបបលោកីយ៍អាក្រក់នេះដែលប្រៀបដូចជា«ទឹក»។ សូម្បីតែមនុស្សជាច្រើនបដិសេធសារយើងផ្សាយក៏ពិតមែន តែដរាបណាព្រះយេហូវ៉ាបង្ហាញព្រះទ័យអត់ធ្មត់ យើងមានភារកិច្ចផ្ដល់ឱកាសឲ្យពួកគេ«ប្រែចិត្តវិញ»ហើយទទួលសេចក្ដីសង្គ្រោះ។—ពេត្រុសទី២ ៣:៩
១១ ដោយផ្សព្វផ្សាយដំណឹងល្អដល់មនុស្សគ្រប់រូប យើងបង្ហាញយុត្ដិធម៌តាមរបៀបមួយទៀតដ៏សំខាន់ ពោលគឺយើងបង្ហាញភាពមិនលំអៀង។ សូមចាំថា «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) បើយើងយកតម្រាប់តាមយុត្ដិធម៌របស់ទ្រង់ កុំបីឲ្យយើងវាយតម្លៃលើមនុស្សដោយលំអៀងនោះ។ ផ្ទុយទៅវិញ យើងគួរប្រាប់អ្នកដទៃអំពីដំណឹងល្អ មិនថាពួកគេស្ថិតក្នុងថ្នាក់អ្វីក្នុងសង្គម មានសាសន៍អ្វី ឬជាអ្នកមានឬអ្នកក្រក្ដី។ ដោយធ្វើយ៉ាងនេះយើងឲ្យអស់អ្នកដែលព្រមស្ដាប់មានឱកាសឮនិងប្រព្រឹត្តតាមដំណឹងល្អ។—រ៉ូម ១០:១១-១៣
របៀបយើងប្រព្រឹត្តទៅលើអ្នកឯទៀត
១២, ១៣. (ក) ហេតុអ្វីយើងមិនគួរឆាប់ថ្កោលទោសអ្នកដទៃ? (ខ) តើអ្វីជាអត្ថន័យនៃដំបូន្មានរបស់ព្រះយេស៊ូថា«កុំឲ្យថ្កោលទោស»និង«កុំឲ្យនិន្ទា»នោះ? (សូមមើលសម្គាល់ហេតុដែរ)
១២ យើងក៏អាចប្រព្រឹត្តតាមយុត្ដិធម៌ដែរ ដោយប្រព្រឹត្តទៅលើអ្នកឯទៀតដូចព្រះយេហូវ៉ាប្រព្រឹត្តមកលើយើង។ ការថ្កោលទោសអ្នកឯទៀតគឺស្រួលណាស់ ដូចជាការរិះគន់កំហុសនិងការសង្ស័យទៅលើបំណងចិត្តរបស់ពួកគេជាដើម។ ប៉ុន្តែ តើយើងណាម្នាក់ចង់ឲ្យព្រះយេហូវ៉ារិះគន់កំហុសនិងបំណងចិត្តរបស់យើងដោយគ្មានមេត្ដាដូច្នេះឬ? ព្រះយេហូវ៉ាមិនប្រព្រឹត្តមកលើយើងដូច្នេះទេ។ អ្នកតែងទំនុកដំកើងបានកត់សម្គាល់ថា៖«ឱព្រះយេហូវ៉ាអើយ! បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ! តើអ្នកណានឹងធន់នៅបាន?»។ (ទំនុកដំកើង ១៣០:៣) យើងពិតជាដឹងគុណណាស់ ដោយសារព្រះរបស់យើងដែលប្រកបទៅដោយយុត្ដិធម៌ និងសេចក្ដីមេត្ដាករុណាបានសម្រេចព្រះទ័យមិនផ្ចង់អារម្មណ៍ទៅលើកំហុសរបស់យើង មែនទេ? (ទំនុកដំកើង ១០៣:៨-១០) ដូច្នេះ តើយើងគួរប្រព្រឹត្តយ៉ាងណាទៅលើអ្នកឯទៀត?
១៣ បើយើងយល់ថាយុត្ដិធម៌របស់ព្រះប្រកបទៅដោយសេចក្ដីមេត្ដាករុណា នោះយើងនឹងមិនឆាប់ថ្កោលទោសអ្នកឯទៀតក្នុងរឿងដែលមិនទាក់ទងនឹងយើងឬក៏រឿងដែលមិនសូវសំខាន់។ ពេលព្រះយេស៊ូធ្វើធម្មទាននៅលើភ្នំទ្រង់ព្រមានថា៖«កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ»។ (ម៉ាថាយ ៧:១) យោងទៅតាមកំណត់ហេតុរបស់លូកា ព្រះយេស៊ូមានបន្ទូលបន្ថែមថា៖«កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ»។a (លូកា ៦:៣៧) ព្រះយេស៊ូបង្ហាញថា ទ្រង់ជ្រាបថាមនុស្សឥតគ្រប់ល័ក្ខណ៍មានភាពទន់ទោរទៅរកការថ្កោលទោសអ្នកដទៃ។ បើអ្នកណាក្នុងចំណោមអ្នកស្ដាប់បន្ទូលទ្រង់ដែលមានទម្លាប់ថ្កោលអ្នកឯទៀតដោយគ្មានមេត្ដានោះ ពួកគេត្រូវឈប់ធ្វើដូច្នេះ។
១៤. តើមានមូលហេតុអ្វីខ្លះបានជាយើងត្រូវ‹ឈប់ថ្កោលទោស›អ្នកដទៃ?
១៤ ហេតុអ្វីបានជាយើងត្រូវ‹ឈប់ថ្កោលទោស›អ្នកដទៃ? ហេតុមួយគឺ អំណាចរបស់យើងមានកំរិត។ សិស្សម្នាក់របស់ព្រះយេស៊ូឈ្មោះយ៉ាកុបរំឭកយើងថា៖«ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ» ពោលគឺព្រះយេហូវ៉ា។ ដូច្នេះ យ៉ាកុបសួរយ៉ាងចំៗថា៖«តើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ?»។ (យ៉ាកុប ៤:១២; រ៉ូម ១៤:១-៤) ម្យ៉ាងទៀត ភាពឥតគ្រប់ល័ក្ខណ៍របស់យើងអាចនាំឲ្យយើងថ្កោលទោសអ្នកដទៃដោយអយុត្ដិធម៌បានយ៉ាងងាយ។ អារម្មណ៍និងចិត្តគំនិតផ្សេងៗជាច្រើនដែលយើងមាន ដូចជាការរើសអើង ការតូចចិត្ត ការច្រណែន និងការប្រកាន់ថាខ្លួនគឺសុចរិតជាដើមអាចធ្វើឲ្យវាយតម្លៃខុសលើមនុស្ស។ មានអ្វីផ្សេងទៀតដែលដាក់កំរិតទៅលើសមត្ថភាពយើងដែរ ហើយការពិចារណានូវកំរិតទាំងនេះគួរទប់យើងមិនឲ្យឆាប់ចាប់កំហុសអ្នកដទៃ។ យើងមិនអាចដឹងពីអ្វីនៅក្នុងចិត្តរបស់អ្នកឯទៀតទេ ហើយយើងក៏មិនអាចដឹងសព្វគ្រប់អំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នកដទៃដែរ។ បើដូច្នេះ តើយើងជាអ្នកណាដែលយើងអាចអះអាងថា បងប្អូនរួមជំនឿមានបំណងចិត្តអាក្រក់ឬក៏ទិតៀនការព្យាយាមរបស់ពួកគេក្នុងការបំរើព្រះយេហូវ៉ា? គឺល្អប្រសើរជាងឆ្ងាយណាស់ បើយើងយកតម្រាប់តាមព្រះយេហូវ៉ា និងខំរកលក្ខណៈល្អរបស់បងប្អូនប្រុសស្រីរបស់យើង ជាជាងប្រមូលអារម្មណ៍ទៅលើកំហុសរបស់ពួកគេ!
១៥. តើពាក្យសំដីនិងការប្រព្រឹត្តបែបណាដែលមិនត្រូវមានឲ្យសោះក្នុងចំណោមអ្នកថ្វាយបង្គំព្រះ? ហើយហេតុអ្វី?
១៥ ចុះយ៉ាងណាចំណែកសមាជិកក្រុមគ្រួសាររបស់យើងវិញ? គួរឲ្យស្ដាយណាស់ ដែលក្នុងលោកីយ៍សព្វថ្ងៃនេះ ជួនកាលការថ្កោលទោសយ៉ាងសាហាវបំផុតនោះ គឺមកពីសំណាក់គ្រួសារទៅវិញដែលគួរតែជាទីជ្រកកោនប្រកបទៅដោយសេចក្ដីសុខ។ គ្មានអ្វីចំឡែកឡើយដែលឮអំពីប្ដី ប្រពន្ធ ឬមាតាបិតា ដែលហាក់ដូចជា«កាត់ទោស»សមាជិកក្រុមគ្រួសារដោយធ្វើទុក្ខទោសពួកគេជានិច្ចខាងផ្លូវកាយឬក៏ដោយពាក្យសំដីនោះ។ ប៉ុន្តែ ការនិយាយយ៉ាងកាចសាហាវ ការបង្អាប់មើលងាយ និងការធ្វើបាបខាងផ្លូវកាយមិនត្រូវមានក្នុងចំណោមអ្នកថ្វាយបង្គំព្រះសោះឡើយ។ (អេភេសូរ ៤:២៩, ៣១; ៥:៣៣; ៦:៤) ឱវាទរបស់ព្រះយេស៊ូថា ‹ឈប់ថ្កោលទោស›និង‹ឈប់និន្ទា›ក៏ត្រូវយកមកអនុវត្តក្នុងក្រុមគ្រួសារដែរ។ សូមចាំថា ការប្រព្រឹត្តដោយយុត្ដិធម៌បានន័យថា យើងប្រព្រឹត្តទៅលើអ្នកឯទៀតដូចព្រះយេហូវ៉ាប្រព្រឹត្តមកលើយើងដែរ។ ហើយព្រះរបស់យើងមិនដែលគំរោះគំរើយឬក៏ប្រព្រឹត្តសាហាវមកលើយើងទេ។ ផ្ទុយទៅវិញ ទ្រង់«មានព្រះហឫទ័យមេត្ដាករុណា»ចំពោះអ្នកដែលស្រឡាញ់ទ្រង់។ (យ៉ាកុប ៥:១១) នេះជាគំរូមួយដ៏អស្ចារ្យណាស់ដែលយើងអាចយកតម្រាប់តាម!
អ្នកចាស់ទុំបំរើ«ដោយយុត្ដិធម៌»
១៦, ១៧. (ក) តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នកចាស់ទុំ? (ខ) ពេលអ្នកធ្វើបាបមិនបង្ហាញលក្ខណៈដែលសម្គាល់ការប្រែចិត្តពិតប្រាកដ តើអ្នកចាស់ទុំត្រូវធ្វើអ្វី? ហើយហេតុអ្វី?
១៦ យើងទាំងអស់គ្នាមានភារកិច្ចប្រព្រឹត្តដោយយុត្ដិធម៌ ប៉ុន្តែ អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រីស្ទានមានភារកិច្ចជាពិសេសក្នុងរឿងនេះ។ សូមកត់សម្គាល់ការពណ៌នាជាទំនាយអំពី«ពួកចៅហ្វាយ»ឬក៏អ្នកចាស់ទុំដែលអេសាយបានសរសេរកត់ទុក។ នោះចែងថា៖«មើល! នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្ដិធម៌»។ (អេសាយ ៣២:១) ពិតណាស់ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកចាស់ទុំបំរើដោយយុត្ដិធម៌។ តើពួកគេអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៧ បុរសទាំងនេះដែលបំពេញតម្រូវការខាងវិញ្ញាណដឹងជាក់ថា ភាពយុត្ដិធម៌ឬសេចក្ដីសុចរិតតម្រូវឲ្យការពារក្រុមជំនុំឲ្យស្អាតស្អំ។ ជួនកាល អ្នកចាស់ទុំត្រូវជំនុំជំរះរឿងដែលទាក់ទងនឹងអំពើខុសធ្ងន់ធ្ងរ។ នៅពេលជំនុំជំរះ ពួកគាត់ចាំថា យុត្ដិធម៌របស់ព្រះខិតខំបង្ហាញសេចក្ដីមេត្ដាករុណាបើអាចធ្វើទៅបាន។ ដូច្នេះ ពួកគាត់ព្យាយាមជួយអ្នកដែលបានធ្វើបាបនោះឲ្យប្រែចិត្តវិញ។ ប៉ុន្តែ ចុះបើអ្នកដែលធ្វើបាបមិនបង្ហាញលក្ខណៈដែលសម្គាល់ការប្រែចិត្តពិតប្រាកដ ទោះជាមានការព្យាយាមជួយគាត់យ៉ាងណាក៏ដោយនោះ? ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបង្គាប់ដោយយុត្ដិធម៌ដ៏សុក្រឹតថា អ្នកចាស់ទុំត្រូវចាត់វិធានការដ៏ម៉ឺងម៉ាត់មួយគឺ៖«បណ្ដេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ»។ នេះបានន័យថាត្រូវបណ្ដេញគាត់ចេញពីក្រុមជំនុំ។ (កូរិនថូសទី១ ៥:១១-១៣; យ៉ូហានទី២ ៩-១១) ពេលដែលត្រូវធ្វើដូច្នេះអ្នកចាស់ទុំស្ដាយ ប៉ុន្តែ ពួកគាត់ទទួលស្គាល់ថានេះគឺចាំបាច់ដើម្បីការពារភាពស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណនៃក្រុមជំនុំ។ សូម្បីតែនៅពេលនោះក៏ដោយ ពួកគាត់សង្ឃឹមថាអ្នកធ្វើបាបនឹងភ្ញាក់រឭកហើយត្រឡប់មកក្រុមជំនុំវិញ។—លូកា ១៥:១៧, ១៨
១៨. តើអ្នកចាស់ទុំចាំអ្វីនៅពេលដែលជូនឱវាទពីបទគម្ពីរចំពោះអ្នកឯទៀត?
១៨ ការបំរើដោយយុត្ដិធម៌រួមបញ្ចូលការផ្ដល់ឱវាទពីបទគម្ពីរពេលដែលចាំបាច់។ អ្នកចាស់ទុំមិនដែលរកកំហុសអ្នកដទៃទេ។ ពួកគាត់ក៏មិនប្រុងតែជូនឱវាទឲ្យតែមានឱកាសដែរ។ ប៉ុន្តែ ប្រហែលជាមានអ្នកជឿម្នាក់ដែលបាន«ធ្វើខុសដោយមិនដឹងខ្លួន»។ បើអ្នកចាស់ទុំចាំថា យុត្ដិធម៌របស់ព្រះមិនមែនឃោរឃៅឬគ្មានមេត្ដា នេះនឹងជំរុញចិត្តពួកគាត់ឲ្យ«ខំកែតំរង់អ្នកនោះ ដោយចិត្តស្លូតបូត»។ (កាឡាទី ៦:១, ព.ថ.) ដូច្នេះ អ្នកចាស់ទុំនឹងមិនស្តីឲ្យអ្នកដែលធ្វើខុសឬក៏ប្រើពាក្យគំរោះគំរើយនោះទេ។ ផ្ទុយទៅវិញ ការជូនឱវាទតាមរបៀបប្រកបទៅដោយសេចក្ដីស្រឡាញ់នឹងលើកទឹកចិត្តអ្នកដែលទទួលឱវាទ។ អ្នកចាស់ទុំចាំថា អ្នកជឿដែលបានធ្វើខុសនៅតែជាចៀមរបស់ព្រះយេហូវ៉ា សូម្បីតែនៅពេលអ្នកចាស់ទុំប្រដៅតំរង់ត្រង់ៗដោយបញ្ជាក់យ៉ាងចំៗនូវលទ្ធផលមកពីការប្រព្រឹត្តដែលមិនប្រកបដោយប្រាជ្ញាក៏ដោយ។b (លូកា ១៥:៧) ពេលសេចក្ដីស្រឡាញ់ជាហេតុជំរុញទឹកចិត្តឲ្យជូនឱវាទឬប្រដៅតំរង់ ហើយបើឱវាទឬការប្រដៅតំរង់ត្រូវជូនតាមរបៀបប្រកបដោយសេចក្ដីស្រឡាញ់ដែរ នោះប្រហែលជាមានលទ្ធភាពច្រើនជាងក្នុងការកែតំរង់អ្នកធ្វើខុស។
១៩. តើអ្នកចាស់ទុំត្រូវធ្វើការសម្រេចចិត្តអ្វី? តើពួកគាត់ត្រូវសម្រេចចិត្តដោយពឹងផ្អែកទៅលើអ្វី?
១៩ ជារឿយៗ អ្នកចាស់ទុំត្រូវធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់អ្នកជឿគ្នីគ្នា។ ជាឧទាហរណ៍ អ្នកចាស់ទុំត្រូវជួបជុំគ្នាតាមពេលកំណត់ដើម្បីពិចារណាថា តើមានបងប្រុសឯទៀតក្នុងក្រុមជំនុំដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីឲ្យអ្នកចាស់ទុំប្រគល់មុខតំណែងជាអ្នកចាស់ទុំឬអ្នកងារជំនួយទេ។ អ្នកចាស់ទុំយល់សារៈសំខាន់នៃភាពមិនលំអៀង។ ពួកគាត់អនុញ្ញាតឲ្យតម្រូវការរបស់ព្រះជាអ្វីដែលដឹកនាំក្នុងការសម្រេចចិត្តចំពោះការប្រគល់មុខតំណែងទាំងនេះ។ ពួកគាត់មិនពឹងផ្អែកទៅលើអារម្មណ៍ផ្ទាល់ខ្លួនឡើយ។ យ៉ាងនេះ អ្នកចាស់ទុំប្រព្រឹត្ត«ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ»។—ធីម៉ូថេទី១ ៥:២១
២០, ២១. (ក) តើអ្នកចាស់ទុំព្យាយាមខំធ្វើឲ្យខ្លួនគាត់ដូចជាអ្វី? ហើយហេតុអ្វី? (ខ) តើអ្នកចាស់ទុំអាចធ្វើយ៉ាងណាដើម្បីជួយអ្នកដែល«មានសេចក្ដីទន់ក្រំចិត្ត»?
២០ អ្នកចាស់ទុំប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះតាមវិធីផ្សេងទៀតដែរ។ ក្រោយអេសាយទាយថាអ្នកចាស់ទុំនឹងបំរើ«ដោយយុត្ដិធម៌» នោះគាត់ពោលបន្តថាអ្នកចាស់ទុំ៖«នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេសាយ ៣២:២) ដូច្នេះ អ្នកចាស់ទុំព្យាយាមធ្វើជាប្រភពនៃការសម្រាលទុក្ខ និងកម្លាំងចិត្តសំរាប់អ្នកថ្វាយបង្គំគ្នីគ្នា។
២១ សព្វថ្ងៃនេះ ដោយមានបញ្ហាជាច្រើនដែលធ្វើឲ្យធ្លាក់ទឹកចិត្ត នោះមានមនុស្សជាច្រើនដែលត្រូវការនូវការលើកទឹកចិត្ត។ អ្នកចាស់ទុំអើយ! តើអ្នកអាចជួយ«អ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»យ៉ាងដូចម្ដេច? (ថែស្សាឡូនីចទី១ ៥:១៤) ចូរស្ដាប់ដោយខំយល់ទុក្ខរបស់ពួកគេ។ (យ៉ាកុប ១:១៩) ពួកគេប្រហែលជាចង់ប្រាប់អ្នកណាម្នាក់ដែលពួកគេទុកចិត្តឲ្យដឹងអំពី«ទុក្ខ»ដែលនៅក្នុងចិត្ត។ (សុភាសិត ១២:២៥) សូមធ្វើឲ្យពួកគេជឿជាក់ថា ពួកគេមានតម្លៃណាស់ ហើយព្រះយេហូវ៉ានិងបងប្អូនក្នុងក្រុមជំនុំស្រឡាញ់ និងចង់បានពួកគេដែរ។ (ពេត្រុសទី១ ១:២២; ៥:៦, ៧) ម្យ៉ាងទៀត អ្នកអាចអធិស្ឋានជាមួយអ្នកទាំងនោះនិងអធិស្ឋានសំរាប់ពួកគេផងដែរ។ ពេលពួកគេស្ដាប់អ្នកចាស់ទុំម្នាក់អធិស្ឋានចេញពីដួងចិត្តដើម្បីពួកគេ នេះអាចជួយសម្រាលទុក្ខពួកគេណាស់។ (យ៉ាកុប ៥:១៤, ១៥) ព្រះនៃយុត្ដិធម៌នឹងកត់សម្គាល់ការព្យាយាមដោយសេចក្ដីស្រឡាញ់របស់អ្នកក្នុងការជួយអ្នកដែលធ្លាក់ទឹកចិត្ត។
អ្នកចាស់ទុំបង្ហាញភាពយុត្ដិធម៌របស់ព្រះយេហូវ៉ាពេលពួកគាត់លើកទឹកចិត្តអ្នកដែលក្រៀមក្រំចិត្ត
២២. តើយើងអាចយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើមានលទ្ធផលអ្វី?
២២ ពិតណាស់ យើងចូលកាន់តែជិតព្រះយេហូវ៉ាដោយយកតម្រាប់តាមយុត្ដិធម៌របស់ទ្រង់! ពេលយើងកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ ពេលយើងប្រាប់អ្នកឯទៀតអំពីដំណឹងល្អដែលអាចសង្គ្រោះជីវិត ហើយនៅពេលដែលយើងចង់ស្វែងរកលក្ខណៈល្អរបស់អ្នកឯទៀតជាជាងរកកំហុសរបស់ពួកគេ នោះយើងកំពុងតែប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះ។ អ្នកចាស់ទុំអើយ! ពេលអ្នកការពារភាពស្អាតស្អំនៃក្រុមជំនុំ ផ្ដល់ឱវាទពីបទគម្ពីរដែលលើកទឹកចិត្ត ធ្វើការសម្រេចចិត្តដោយមិនលំអៀង ព្រមទាំងលើកទឹកចិត្តអ្នកដែលធ្លាក់ទឹកចិត្ត នោះអ្នកកំពុងតែប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះហើយ។ ព្រះយេហូវ៉ាពិតជារីករាយណាស់ពេលទ្រង់ទតពីស្ថានសួគ៌មកឃើញថា រាស្ត្រទ្រង់កំពុងតែព្យាយាមអស់ពីសមត្ថភាព ដើម្បី«ប្រព្រឹត្តតាមយុត្ដិធម៌»ក្នុងការដើរជាមួយព្រះរបស់ពួកគេ!
a ការបកប្រែថា«កុំឲ្យថ្កោលទោសគេ»និង«កុំឲ្យនិន្ទាគេ»បានសេចក្ដីថា «កុំចាប់ផ្ដើមថ្កោលទោសគេ»និង«កុំចាប់ផ្ដើមនិន្ទាគេ»។ ក៏ប៉ុន្តែ ក្នុងភាសាដើម អ្នកសរសេរព្រះគម្ពីរបានប្រើប្រយោគបញ្ជាដែលជាឃ្លាបដិសេធនិងបញ្ជាក់សកម្មភាពបច្ចុប្បន្នកាល(ដែលកំពុងបន្ត)។ ដូច្នេះ ខពីរនេះរៀបរាប់ពីអ្វីដែលមនុស្សកំពុងធ្វើ តែត្រូវឈប់ធ្វើ។
b នៅធីម៉ូថេទី២ ៤:២ ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ព្រះគម្ពីរចែងថា អ្នកចាស់ទុំជួនកាលត្រូវ«ប្រដៅតំរង់ បន្ទោស ហើយដាស់តឿន»។ ពាក្យភាសាក្រិចដែលបកប្រែថា«ដាស់តឿន»(ប៉ា-រ៉ា-កា-ឡេ-អូ) អាចមានន័យថា«លើកទឹកចិត្ត»។ ពាក្យភាសាក្រិចមួយទៀតប៉ារ៉ាក្លេតុស អាចសំដៅទៅលើជនដែលឡើងនិយាយការពារនរណាម្នាក់ក្នុងរឿងក្ដី។ ដូច្នេះ សូម្បីតែនៅពេលអ្នកចាស់ទុំត្រូវប្រដៅតំរង់យ៉ាងត្រង់ៗក៏ដោយ ពួកគាត់ត្រូវជួយអ្នកដែលត្រូវការជំនួយខាងវិញ្ញាណ។