សៀវភៅម៉ាកុស
៨ នៅពេលនោះ មានមនុស្សមួយក្រុមយ៉ាងធំមកឯលោកម្ដងទៀត ហើយពួកគេអស់អាហារបរិភោគហើយ។ ដូច្នេះ លោកបានហៅអ្នកកាន់តាម រួចប្រាប់ពួកគាត់ថា៖ ២ «ខ្ញុំអាណិតបណ្ដាជនទាំងនេះណាស់+ ពីព្រោះអស់បីថ្ងៃហើយដែលពួកគេបាននៅជាមួយនឹងខ្ញុំ ហើយពួកគេអស់អាហារបរិភោគហើយ។+ ៣ បើខ្ញុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញដោយគ្មានអ្វីបរិភោគ ពួកគេនឹងអស់កម្លាំងតាមផ្លូវ ព្រោះអ្នកខ្លះមកពីកន្លែងឆ្ងាយៗ»។ ៤ ប៉ុន្តែ ពួកអ្នកកាន់តាមសួរលោកថា៖ «នៅកន្លែងដាច់ឆ្ងាយយ៉ាងនេះ តើអាចបាននំប៉័ងពីណាល្មមគ្រប់គ្រាន់ឲ្យមនុស្សទាំងនេះបរិភោគឆ្អែត?»។ ៥ លោកបានសួរពួកគាត់វិញថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគាត់ឆ្លើយថា៖ «៧ដុំ»។+ ៦ លោកក៏ប្រាប់បណ្ដាជនឲ្យអង្គុយលើដី។ រួចលោកបានយកនំប៉័ង៧ដុំនោះ អធិដ្ឋានអរគុណព្រះ ហើយកាច់នំប៉័ងឲ្យដល់ពួកអ្នកកាន់តាម។ បន្ទាប់មក ពួកគាត់ក៏ចែកដល់បណ្ដាជន។+ ៧ ពួកគាត់មានត្រីតូចៗពីរបីកន្ទុយ។ ដូច្នេះ លោកអរគុណព្រះម្ដងទៀត រួចប្រាប់ពួកគាត់ឲ្យចែកត្រីទាំងនោះដែរ។ ៨ ម្ល៉ោះហើយ ទាំងអស់គ្នាបានបរិភោគឆ្អែត។ រួចមក ពួកគាត់បានប្រមូលអាហារដែលនៅសល់ បានពេញ៧កញ្ឆេធំៗ។+ ៩ នៅទីនោះមានបុរសប្រមាណ៤.០០០នាក់។ បន្ទាប់មក លោកឲ្យពួកគេត្រឡប់ទៅវិញ។
១០ ភ្លាមនោះ លោកចុះទូកជាមួយនឹងពួកអ្នកកាន់តាម ហើយចេញដំណើរទៅតំបន់ដាលម៉ានូថា។+ ១១ នៅទីនោះ ពួកផារិស៊ីចេញមកជជែកតវ៉ា ចង់ល្បងមើលលោក ដោយទាមទារឲ្យលោកបង្ហាញសញ្ញាសម្គាល់មួយពីលើមេឃ។+ ១២ ដូច្នេះ លោកដកដង្ហើមធំដោយកើតទុក្ខយ៉ាងខ្លាំងក្នុងចិត្ត ហើយសួរថា៖ «ហេតុអ្វីមនុស្សជំនាន់នេះចង់បានសញ្ញាសម្គាល់?+ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា គ្មានសញ្ញាសម្គាល់ណានឹងត្រូវបង្ហាញឲ្យមនុស្សជំនាន់នេះឃើញឡើយ»។+ ១៣ រួចមក លោកចេញពីពួកគេចុះទូកម្ដងទៀត ហើយទៅត្រើយម្ខាងវិញ។
១៤ ប៉ុន្តែ ពួកអ្នកកាន់តាមបានភ្លេចយកនំប៉័ងទៅជាមួយ ហើយក្រៅពីនំប៉័ងមួយដុំក្នុងទូក ពួកគាត់គ្មានអាហារសោះ។+ ១៥ រួចមក លោកព្រមានពួកគាត់យ៉ាងច្បាស់ថា៖ «ចូរប្រុងស្មារតីជានិច្ច ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ហេរ៉ូឌ»។+ ១៦ ដូច្នេះ ពួកគាត់ចាប់ផ្ដើមជជែកគ្នាអំពីរឿងដែលពួកគាត់ភ្លេចយកនំប៉័ង។ ១៧ ឃើញដូច្នេះ លោកសួរពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងជជែកគ្នាអំពីរឿងនំប៉័ង? តើអ្នករាល់គ្នាមិនទាន់មានសមត្ថភាពយល់ដឹង និងមិនទាន់យល់អត្ថន័យទេឬ? តើអ្នករាល់គ្នានៅតែរកគិតមិនយល់ទៀតឬ? ១៨ ‹ទោះជាមានភ្នែកក៏ដោយ តើអ្នកមើលមិនឃើញឬ? ហើយទោះជាមានត្រចៀកក៏ដោយ តើអ្នកស្ដាប់មិនឮទេឬ?› តើអ្នកមិនចាំទេ? ១៩ ពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំ+ចែកឲ្យបុរស៥.០០០នាក់នោះ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលនៅសល់បានប៉ុន្មានកញ្ជើ?»។ ពួកគាត់ឆ្លើយថា៖ «១២កញ្ជើ»។+ ២០ «ពេលខ្ញុំកាច់នំប៉័ង៧ដុំចែកឲ្យបុរស៤.០០០នាក់នោះ តើអ្នករាល់គ្នាប្រមូលអាហារដែលនៅសល់បានប៉ុន្មានកញ្ឆេធំៗ?»។ ពួកគាត់ឆ្លើយថា៖ «៧កញ្ឆេ»។+ ២១ រួចលោកសួរថា៖ «តើអ្នករាល់គ្នាមិនទាន់យល់អត្ថន័យទេឬ?»។
២២ បន្ទាប់មក លោកនិងពួកគាត់បានទៅដល់ភូមិបេតសេដា។ នៅទីនោះ មនុស្សបាននាំបុរសងងឹតភ្នែកម្នាក់មក ហើយពួកគេបានអង្វរសុំឲ្យលោកពាល់គាត់។+ ២៣ រួចលោកដឹកដៃបុរសងងឹតភ្នែកនោះ នាំទៅក្រៅភូមិ ហើយស្ដោះដាក់ភ្នែកគាត់+ រួចដាក់ដៃលើគាត់។ បន្ទាប់មក លោកសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»។ ២៤ បុរសនោះងើបមុខឡើង ហើយឆ្លើយថា៖ «ខ្ញុំគិតថាខ្ញុំឃើញមនុស្ស តែមើលទៅដូចជាដើមឈើកំពុងដើរចុះឡើង»។ ២៥ លោកក៏ដាក់ដៃលើភ្នែកបុរសនោះម្ដងទៀត ហើយគាត់បានជា ក៏មើលអ្វីៗទាំងអស់ឃើញច្បាស់។ ២៦ ដូច្នេះ លោកឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ថា៖ «កុំចូលក្នុងភូមិឡើយ»។
២៧ លោកយេស៊ូនិងអ្នកកាន់តាមបានចេញទៅភូមិទាំងប៉ុន្មាន នៅក្រុងសេសារៀភីលីព។ នៅតាមផ្លូវ លោកចាប់ផ្ដើមសួរអ្នកកាន់តាមថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?»។+ ២៨ ពួកគាត់ឆ្លើយថា៖ «អ្នកខ្លះថាលោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក+ អ្នកខ្លះទៀតថាលោកជាអេលីយ៉ា+ ហើយអ្នកឯទៀតថាលោកជាអ្នកប្រកាសទំនាយមួយរូប»។ ២៩ រួចលោកសួរពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើគិតថាខ្ញុំជាអ្នកណា?»។ ពេត្រុសឆ្លើយថា៖ «លោកជាគ្រិស្ត»។+ ៣០ ឮដូច្នេះ លោកបង្គាប់ពួកគាត់យ៉ាងម៉ឺងម៉ាត់ កុំប្រាប់អ្នកណាឲ្យសោះអំពីលោក។+ ៣១ ម្យ៉ាងទៀត លោកចាប់ផ្ដើមបង្រៀនពួកគាត់ថា កូនមនុស្សនឹងត្រូវរងទុក្ខលំបាកជាច្រើន ហើយពួកបុរសចាស់ទុំ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ នឹងមិនព្រមទទួលស្គាល់លោកទេ។ លោកក៏នឹងត្រូវគេសម្លាប់+ រួចបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ។+ ៣២ លោកមានប្រសាសន៍ត្រង់ៗអំពីរឿងទាំងនេះ។ ប៉ុន្តែ ពេត្រុសបាននាំលោកទៅឆ្ងាយពីពួកគាត់បន្តិច រួចចាប់ផ្ដើមស្ដីបន្ទោសលោក។+ ៣៣ លោកបែរទៅមើលអ្នកកាន់តាម រួចស្ដីបន្ទោសពេត្រុសថា៖ «នែ! សាថាន* ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ!* ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។+
៣៤ រួចលោកហៅបណ្ដាជននិងពួកអ្នកកាន់តាមឲ្យមកឯលោក ហើយប្រាប់ពួកគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនជូនព្រះ រួចលីបង្គោលទារុណកម្ម*របស់ខ្លួន ហើយមកតាមខ្ញុំជាដរាបចុះ។+ ៣៥ ព្រោះអ្នកណាដែលចង់រក្សាជីវិត*ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតវិញ។ ប៉ុន្តែ អ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំនិងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។+ ៣៦ បើអ្នកណាម្នាក់បានអ្វីៗទាំងអស់ក្នុងពិភពលោក* តែបាត់បង់ជីវិតខ្លួនវិញ តើនោះមានប្រយោជន៍អ្វី?+ ៣៧ តើមនុស្សសុខចិត្តយកអ្វីមកប្ដូរនឹងជីវិតខ្លួន?+ ៣៨ ក្នុងចំណោមមនុស្សជំនាន់នេះដែលមិនស្មោះត្រង់នឹងព្រះ* ហើយប្រព្រឹត្តអំពើខុសឆ្គង អ្នកណាដែលខ្មាសគេដោយសារកាន់តាមខ្ញុំនិងជឿពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងខ្មាសមិនទទួលស្គាល់អ្នកនោះដែរ+ ពេលដែលលោកមកជាមួយនឹងបណ្ដាទេវតាបរិសុទ្ធ ដោយមានសិរីរុងរឿងពីបិតារបស់លោក»។+