សៀវភៅម៉ាថាយ
១៥ រួចមក ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីដែលមកពីក្រុងយេរូសាឡិមបានទៅឯលោកយេស៊ូ+ ហើយសួរថា៖ ២ «ហេតុអ្វីអ្នកកាន់តាមលោកបំពានទំនៀមទម្លាប់របស់ពួកបុរសពីសម័យមុនដូច្នេះ? ជាឧទាហរណ៍ ពួកគេមិនលាងដៃ*ឲ្យបានត្រឹមត្រូវមុនបរិភោគ»។+
៣ លោកតបទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នកបំពានបញ្ញត្ដិរបស់ព្រះ ដោយសារទំនៀមទម្លាប់របស់អ្នកដូច្នេះ?+ ៤ ជាឧទាហរណ៍ ព្រះបង្គាប់ថា៖ ‹ចូរគោរពឪពុកម្ដាយរបស់អ្នក›+ ហើយ‹អ្នកណាដែលនិយាយប្រមាថឪពុកម្ដាយ អ្នកនោះនឹងត្រូវស្លាប់›។+ ៥ ក៏ប៉ុន្តែ អ្នករាល់គ្នាបែរជានិយាយថា៖ ‹អ្នកណាដែលប្រាប់ឪពុកម្ដាយថា៖ «អ្វីដែលខ្ញុំបានសន្យាប្រគល់ជូនព្រះហើយ នោះខ្ញុំមិនអាចយកមកជួយឪពុកម្ដាយបានទេ»+ ៦ អ្នកនោះមិនត្រូវជួយឪពុកទាល់តែសោះ›។ យ៉ាងនេះ អ្នករាល់គ្នាបានធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការដោយសារទំនៀមទម្លាប់របស់អ្នក។+ ៧ មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នាថា៖+ ៨ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ ៩ ដូច្នេះ ការដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំ គឺឥតប្រយោជន៍ទេ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេ គឺជាបង្គាប់របស់មនុស្សតែប៉ុណ្ណោះ›»។+ ១០ រួចលោកហៅបណ្ដាជនមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ចូរស្ដាប់ ហើយយល់អត្ថន័យចុះ។+ ១១ អ្វីៗដែលចូលតាមមាត់ មិនដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធឡើយ តែគឺអ្វីៗដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ»។+
១២ ក្រោយមក ពួកអ្នកកាន់តាមបានចូលមកជិត ហើយសួរលោកថា៖ «តើលោកជ្រាបថាពួកផារិស៊ីបានជំពប់ដួលនឹងសម្ដីរបស់លោកឬទេ?»។+ ១៣ លោកតបឆ្លើយថា៖ «គ្រប់រុក្ខជាតិដែលបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចេញ។ ១៤ កុំអំពល់នឹងពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ដែលកំពុងនាំផ្លូវអ្នកឯទៀត។ ប្រសិនបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ដូចគ្នា នោះទាំងពីរនាក់នឹងធ្លាក់រណ្ដៅ»។+ ១៥ ពេត្រុសជម្រាបលោកវិញថា៖ «សូមបកស្រាយអត្ថន័យនៃឧទាហរណ៍នោះឲ្យយើងយល់ផង»។ ១៦ ឮដូច្នេះ លោកសួរថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ដែរឬ?+ ១៧ តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ ក៏ចូលទៅក្នុងក្រពះ រួចចេញទៅឯកន្លែងបន្ទោបង់? ១៨ ក៏ប៉ុន្តែ អ្វីៗដែលចេញពីមាត់ នោះចេញពីក្នុងចិត្តមក ហើយគឺអ្វីៗទាំងនោះដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ។+ ១៩ ជាឧទាហរណ៍ គំនិតអាក្រក់តែងតែផ្ដើមចេញពីក្នុងចិត្ត+ គឺឃាតកម្ម ការផិតក្បត់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ការលួច ការធ្វើជាសាក្សីក្លែងក្លាយ និងពាក្យប្រមាថ។ ២០ គឺអ្វីៗទាំងនេះហើយ ដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ។ ប៉ុន្តែ ការបរិភោគដោយមិនលាងដៃ* មិនមែនធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធឡើយ»។
២១ រួចមក លោកយេស៊ូបានចាកចេញពីទីនោះទៅតំបន់ទីរ៉ុសនិងស៊ីដូន។+ ២២ មើល! ស្ត្រីជនជាតិភេនីស៊ីម្នាក់ពីតំបន់នោះបានចេញមក ហើយស្រែកថា៖ «លោកម្ចាស់ ជាបុត្រដាវីឌអើយ! សូមមេត្តាជួយខ្ញុំផង កូនស្រីខ្ញុំមានវិញ្ញាណកំណាចចូល ធ្វើទុក្ខខ្លាំងណាស់»។+ ២៣ ក៏ប៉ុន្តែ លោកមិនបានតបឆ្លើយទៅនាងមួយម៉ាត់សោះ។ ដូច្នេះ ពួកអ្នកកាន់តាមបានមកទទូចសុំលោកថា៖ «សូមលោកប្រាប់នាងឲ្យទៅវិញ ពីព្រោះនាងចេះតែស្រែក ហើយដើរតាមយើងឥតឈប់»។ ២៤ លោកតបឆ្លើយថា៖ «ខ្ញុំមិនបានត្រូវចាត់ឲ្យទៅឯអ្នកណាទេ ក្រៅពីចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»។+ ២៥ ប៉ុន្តែ ស្ត្រីនោះក៏ចូលមកលំឱនកាយគោរពលោក ហើយអង្វរថា៖ «លោកម្ចាស់! សូមជួយខ្ញុំផង!»។ ២៦ លោកតបឆ្លើយថា៖ «គឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។ ២៧ នាងឆ្លើយថា៖ «មែនហើយលោកម្ចាស់! ប៉ុន្តែតាមការពិត ឆ្កែតូចៗស៊ីកម្ទេចនំប៉័ងដែលជ្រុះពីតុរបស់ម្ចាស់វា»។+ ២៨ នោះលោកយេស៊ូតបឆ្លើយទៅនាងថា៖ «នាងអើយ! នាងមានជំនឿខ្លាំងណាស់ សូមឲ្យនាងបានដូចប្រាថ្នាចុះ»។ រួចកូនស្រីរបស់នាងបានជាសះស្បើយតាំងពីពេលនោះមក។
២៩ ក្រោយពីលោកយេស៊ូចេញពីទីនោះ លោកទៅជិតសមុទ្រកាលីឡេ។+ បន្ទាប់មក លោកឡើងទៅលើភ្នំ ហើយអង្គុយនៅទីនោះ។ ៣០ ក្រោយមក បណ្ដាជនមួយក្រុមធំបានមកឯលោក ព្រមទាំងនាំអ្នកដែលខ្វិន ពិការ ងងឹតភ្នែក គ និងអ្នកដែលឈឺជាច្រើននាក់ទៀតមកឯលោកដែរ ហើយបានដាក់ពួកគេនៅជិតជើងរបស់លោក រួចលោកក៏ធ្វើឲ្យពួកគេជាសះស្បើយ។+ ៣១ ពេលដែលបណ្ដាជនឃើញមនុស្សគកំពុងនិយាយ មនុស្សខ្វិនកំពុងដើរ ហើយមនុស្សងងឹតភ្នែកកំពុងមើលឃើញ នោះពួកគេនឹកអស្ចារ្យក្នុងចិត្ត ក៏បានសរសើរតម្កើងព្រះនៃជនជាតិអ៊ីស្រាអែល។+
៣២ លោកយេស៊ូហៅពួកអ្នកកាន់តាមមកឯលោក ហើយមានប្រសាសន៍ថា៖ «ខ្ញុំអាណិតបណ្ដាជនទាំងនេះណាស់+ ពីព្រោះអស់បីថ្ងៃហើយដែលពួកគេបាននៅជាមួយនឹងខ្ញុំ ហើយពួកគេលែងមានអាហារបរិភោគទៀត។ ខ្ញុំមិនចង់ឲ្យពួកគេទៅវិញដោយគ្មានអ្វីបរិភោគទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ»។+ ៣៣ ប៉ុន្តែ ពួកអ្នកកាន់តាមបានសួរលោកថា៖ «នៅកន្លែងដាច់ស្រយាលនេះ តើយើងអាចបាននំប៉័ងពីណាល្មមគ្រប់គ្រាន់ឲ្យមនុស្សច្រើនយ៉ាងនេះបរិភោគឆ្អែត?»។+ ៣៤ ឮដូច្នេះ លោកយេស៊ូសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគាត់ឆ្លើយថា៖ «៧ដុំ និងត្រីតូចៗពីរបីកន្ទុយ»។ ៣៥ ដូច្នេះ ក្រោយពីលោកប្រាប់បណ្ដាជនឲ្យអង្គុយលើដី ៣៦ លោកយកនំប៉័ង៧ដុំនិងត្រីទាំងនោះ ក៏បានអធិដ្ឋានអរគុណព្រះ រួចកាច់នំប៉័ងឲ្យដល់ពួកអ្នកកាន់តាម។ បន្ទាប់មក ពួកអ្នកកាន់តាមក៏ចែកដល់បណ្ដាជន+ ៣៧ ហើយទាំងអស់គ្នាបានបរិភោគឆ្អែត។ រួចមក ពួកគាត់បានប្រមូលអាហារដែលនៅសល់ បានពេញ៧កញ្ឆេធំៗ។+ ៣៨ ប៉ុន្តែ អ្នកដែលបានបរិភោគមានបុរសចំនួន៤.០០០នាក់ ដោយមិនរាប់ស្ត្រីនិងកូនក្មេងទេ។ ៣៩ នៅទីបំផុត ក្រោយពីបានឲ្យបណ្ដាជនត្រឡប់ទៅវិញ នោះលោកបានចុះទូក ហើយទៅតំបន់ម៉ាកាដាន។+