ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ
១ ពីខ្ញុំ ប៉ូល សាវ័ក*របស់គ្រិស្តយេស៊ូតាមបំណងប្រាថ្នារបស់ព្រះ ជូនចំពោះពួកអ្នកបរិសុទ្ធដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូយ៉ាងស្មោះត្រង់នៅក្រុងអេភេសូរ៖+
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្ត ពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ព្រោះព្រះបានឲ្យពរសព្វបែបយ៉ាងមកយើងនៅស្ថានសួគ៌តាមរយៈឫទ្ធានុភាពរបស់លោក ដោយសារយើងជាអ្នកកាន់តាមគ្រិស្ត+ ៤ ដូចលោកបានជ្រើសរើសយើងមុនកំណើតពិភពលោកឲ្យរួបរួមជាមួយនឹងគ្រិស្ត ដើម្បីឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក ហើយឲ្យយើងបរិសុទ្ធ និងឥតស្នាមប្រឡាក់+នៅចំពោះមុខលោក។ ៥ ព្រោះលោកបានជ្រើសរើសយើងទុកជាមុន+ ដើម្បីឲ្យយើងទៅជាកូនរបស់លោក+តាមរយៈលោកយេស៊ូគ្រិស្ត តាមដែលលោកពេញចិត្ត និងតាមបំណងប្រាថ្នារបស់លោក+ ៦ ដើម្បីឲ្យលោកទទួលសេចក្ដីសរសើរដោយសារភាពរុងរឿងនៃគុណដ៏វិសេសលើសលប់+ដែលលោកមានចំពោះយើង តាមរយៈបុត្រជាទីស្រឡាញ់របស់លោក។+ ៧ បុត្រលោកបានរំដោះយើងដោយបង់ថ្លៃលោះតាមរយៈឈាមរបស់ខ្លួន+ ពោលគឺយើងទទួលការអភ័យទោសចំពោះកំហុសរបស់យើង+ ដោយសារភាពបរិបូរនៃគុណដ៏វិសេសលើសលប់របស់លោក។
៨ ព្រះបានធ្វើឲ្យគុណដ៏វិសេសលើសលប់របស់លោកមានជាបរិបូរលើយើង ព្រមទាំងឲ្យយើងមានប្រាជ្ញានិងការយល់ដឹងគ្រប់យ៉ាង ៩ ដោយធ្វើឲ្យយើងស្គាល់អាថ៌កំបាំងដ៏ពិសិដ្ឋ+អំពីបំណងប្រាថ្នារបស់លោក។ អាថ៌កំបាំងនោះគឺអំពីអ្វីដែលលោកពេញចិត្តធ្វើ តាមការតាំងចិត្តរបស់លោក ១០ ដើម្បីរៀបចំរបៀបចាត់ចែងមួយនៅពេលដែលគ្រាកំណត់បានមកដល់ទីបញ្ចប់ ពោលគឺដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់ក្នុងគ្រិស្ត គឺអ្វីៗនៅស្ថានសួគ៌និងអ្វីៗនៅផែនដី។+ គឺក្នុងគ្រិស្តហើយ ដែលអ្វីៗទាំងអស់នឹងត្រូវបង្រួបបង្រួម។ ១១ យើងបានត្រូវតែងតាំងឲ្យទទួលមត៌ករួមគ្នាជាមួយនឹងលោក+ ដោយសារយើងបានត្រូវជ្រើសរើសទុកជាមុនស្របតាមគោលបំណងរបស់ព្រះដែលធ្វើអ្វីៗទាំងអស់តាមបំណងប្រាថ្នារបស់លោក ១២ ដើម្បីឲ្យយើងដែលបានសង្ឃឹមលើគ្រិស្តមុនគេ ធ្វើឲ្យសិរីរុងរឿងរបស់ព្រះបានទទួលការសរសើរតម្កើង។ ១៣ ប៉ុន្តែ អ្នករាល់គ្នាក៏បានសង្ឃឹមលើលោកដែរ ក្រោយពីអ្នករាល់គ្នាបានឮបណ្ដាំអំពីសេចក្ដីពិត គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា។ ក្រោយពីអ្នករាល់គ្នាបានជឿហើយ ព្រះបានបិទត្រាមួយលើអ្នករាល់គ្នា+តាមរយៈគ្រិស្ត ដោយឫទ្ធានុភាពបរិសុទ្ធដែលព្រះបានសន្យាឲ្យ។ ១៤ ការបោះត្រានោះជាការបញ្ចាំចិត្ត*ដែលបញ្ជាក់ថាយើងនឹងទទួលមត៌ក។+ ព្រះធ្វើដូច្នេះដើម្បីរំដោះរាស្ដ្ររបស់លោកដោយថ្លៃលោះ+ ដើម្បីឲ្យសិរីរុងរឿងរបស់លោកបានត្រូវសរសើរតម្កើង។
១៥ ហេតុនេះ តាំងពីខ្ញុំបានឮថាអ្នករាល់គ្នាមានជំនឿលើលោកម្ចាស់យេស៊ូ ហើយថាអ្នករាល់គ្នាបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកបរិសុទ្ធទាំងអស់ ១៦ ខ្ញុំក៏ថ្លែងអំណរគុណឥតឈប់ដោយសារអ្នករាល់គ្នា។ ខ្ញុំនៅតែអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច ១៧ ដើម្បីឲ្យព្រះជាបិតាដែលប្រកបទៅដោយសិរីរុងរឿង គឺព្រះរបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ផ្ដល់ឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងឲ្យអ្នករាល់គ្នាយល់អ្វីៗតាមដែលលោកបើកបង្ហាញ។ យ៉ាងនេះ អ្នករាល់គ្នានឹងមានចំណេះត្រឹមត្រូវអំពីលោក។+ ១៨ លោកបើកចិត្តអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាអាចមើលឃើញ ហើយស្គាល់សេចក្ដីសង្ឃឹមដែលលោកបានឲ្យអ្នករាល់គ្នា និងដើម្បីឲ្យអ្នករាល់គ្នាស្គាល់ទ្រព្យវិសេសក្រៃលែងដែលលោកបានសន្យាឲ្យដល់ពួកអ្នកបរិសុទ្ធ+ ១៩ ហើយឲ្យស្គាល់ឫទ្ធានុភាពខ្លាំងមហិមាដែលលោកបានបង្ហាញចំពោះយើងដែលជាអ្នកជឿ។+ នោះបានត្រូវសឲ្យឃើញតាមរបៀបដែលលោកប្រើឫទ្ធានុភាពខ្លាំងក្លារបស់លោក ២០ ក្នុងករណីរបស់គ្រិស្ត ពេលដែលលោកប្រោសគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ ហើយឲ្យអង្គុយនៅខាងស្ដាំលោក+នៅស្ថានសួគ៌ ២១ គឺលើកតម្កើងគ្រិស្តឲ្យខ្ពង់ខ្ពស់ជាងគ្រប់រដ្ឋាភិបាល អំណាច ឫទ្ធានុភាព ការគ្រប់គ្រង និងនាមទាំងអស់+ មិនគ្រាន់តែនៅបច្ចុប្បន្ននេះ*ប៉ុណ្ណោះទេ តែនៅអនាគតដែរ។ ២២ ព្រះក៏បានដាក់អ្វីៗទាំងអស់ឲ្យចុះចូលក្រោមបាតជើងរបស់គ្រិស្ត+ ហើយបានតែងតាំងលោកជាប្រមុខនៃអ្វីៗទាំងអស់ដើម្បីក្រុមជំនុំ+ ២៣ ដែលជារូបកាយរបស់លោក+ និងដែលពេញទៅដោយអ្វីៗអំពីលោក។ គ្រិស្តជាអ្នកដែលបំពេញអ្វីៗទាំងអស់។