ការកាន់កាប់ត្រួតត្រាដើម្បីសម្រេចគោលបំណងរបស់ព្រះ
«[ព្រះ]ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់»។—អេភេសូរ ១:១១
១. ហេតុអ្វីបានជាក្រុមជំនុំទាំងឡាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានឹងជួបជុំគ្នានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦?
នៅរាត្រីថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០០៦ មនុស្សប្រមាណ១៦លាននាក់ នឹងជួបជុំគ្នាដើម្បីធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់។ នៅកន្លែងប្រជុំនីមួយៗ នឹងមានតុមួយ ដែលលើតុនោះមាននំប៉័ងឥតដំបែនិងស្រាក្រហម។ នំប៉័ងនោះតំណាងព្រះកាយរបស់ព្រះគ្រីស្ទ ហើយស្រាក្រហមតំណាងព្រះលោហិតរបស់ទ្រង់ដែលបានត្រូវបង្ហូរចេញ។ ម្យ៉ាងទៀត នឹងមានសុន្ទរកថាមួយដែលពន្យល់អំពីអត្ថន័យនៃបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូ។ ពេលដែលសុន្ទរកថានោះថ្លែងជិតចប់ វត្ថុតំណាងនឹងត្រូវជូនដល់អ្នកដែលមានវត្តមាន ដើម្បីហុចបន្តគ្នាពីម្នាក់ទៅម្នាក់។ នំប៉័ងឥតដំបែត្រូវហុចមុន ហើយបន្ទាប់មកស្រាក្រហម។ ក្នុងក្រុមជំនុំខ្លះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា មានបងប្អូនម្នាក់ឬពីរបីនាក់ដែលពិសានំប៉័ងនិងស្រាក្រហម ប៉ុន្តែចំនួនអ្នកពិសាមានតិចទេ។ ក្នុងក្រុមជំនុំភាគច្រើន គ្មានអ្នកណានឹងពិសានោះឡើយ។ នំប៉័ងនិងស្រាក្រហមនោះត្រូវពិសាដោយគ្រីស្ទានតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលជាអ្នកមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ បងប្អូនភាគច្រើនដែលចូលរួមពិធីនោះជាអ្នកមានសេចក្ដីសង្ឃឹមរស់លើផែនដីជារៀងរហូត ហើយពួកគេមិនពិសាទេ។ ហេតុអ្វី?
២, ៣. (ក) តើព្រះយេហូវ៉ាបានបង្កើតអ្វីៗសមស្របតាមគោលបំណងរបស់ទ្រង់យ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាបានបង្កើតផែនដីនិងមនុស្សជាតិដើម្បីអ្វី?
២ ព្រះយេហូវ៉ាជាព្រះមួយអង្គដែលធ្វើគ្រប់ការទាំងអស់ដោយមានគោលបំណង។ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ នោះព្រះយេហូវ៉ា«ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់»។ (អេភេសូរ ១:១១) មុនបង្អស់ ទ្រង់បានបង្កើតព្រះរាជបុត្រាទ្រង់តែមួយ។ (យ៉ូហាន ១:១, ១៤; វិវរណៈ ៣:១៤) រួចមក តាមរយៈព្រះរាជបុត្រាតែមួយរបស់ទ្រង់ ព្រះយេហូវ៉ាបានបង្កើតបុត្រវិញ្ញាណជាច្រើនរូបឯទៀត។ បន្ទាប់មកទ្រង់បានបង្កើតសកលលោកទាំងមូល ដែលរួមបញ្ចូលផែនដីនិងមនុស្សជាតិ។—យ៉ូប ៣៨:៤, ៧; ទំនុកដំកើង ១០៣:១៩-២១; យ៉ូហាន ១:២, ៣; កូល៉ុស ១:១៥, ១៦
៣ សាសនាជាច្រើនក្នុងពិភពគ្រីស្ទសាសនាបង្រៀនថា ព្រះយេហូវ៉ាបានបង្កើតផែនដីជាកន្លែងសម្រាប់សាកល្បងមនុស្សជាតិ ហើយអ្នកណាដែលនៅស្មោះត្រង់ ទ្រង់នឹងយកទៅស្ថានសួគ៌ដើម្បីធ្វើជាបុត្រវិញ្ញាណរបស់ទ្រង់។ ក៏ប៉ុន្តែនេះមិនមែនជាការពិតទេ។ ព្រះយេហូវ៉ាបានបង្កើតផែនដីដោយមានគោលបំណងជាក់លាក់មួយ គឺ«បានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។ (អេសាយ ៤៥:១៨) ព្រះបានបង្កើតផែនដីសម្រាប់មនុស្ស ហើយបានបង្កើតមនុស្សសម្រាប់រស់នៅលើផែនដី។ (ទំនុកដំកើង ១១៥:១៦) ភពផែនដីទាំងមូលត្រូវទៅជាសួនមនោរម្យពេញទៅដោយមនុស្សសុចរិត ដែលនឹងថែទាំនិងបង្ក្រាបផែនដី។ ទ្រង់ពុំបានមានបន្ទូលឲ្យបុរសស្ត្រីដំបូងសង្ឃឹមថាពួកគេនឹងឡើងទៅស្ថានសួគ៌ឡើយ។—លោកុប្បត្តិ ១:២៦-២៨; ២:៧, ៨, ១៥
មានអ្នកប្រឆាំងគោលបំណងរបស់ព្រះយេហូវ៉ា
៤. នៅដើមកំណើតមនុស្សជាតិ តើរបៀបព្រះយេហូវ៉ាគ្រប់គ្រងបានត្រូវចោទប្រកាន់យ៉ាងដូចម្ដេច?
៤ បុត្រវិញ្ញាណមួយរូបរបស់ព្រះបានបែរជាទទឹងទាស់ ហើយតាំងចិត្តបង្អាក់គោលបំណងរបស់ព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ បុត្រវិញ្ញាណនោះបានយកចិត្តសេរីដែលជាអំណោយពីព្រះទៅប្រើក្នុងផ្លូវខុស។ វាបានរំខានដល់សេចក្ដីសុខរបស់អស់អ្នកដែលចុះចូលដោយសេចក្ដីស្រឡាញ់ចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា។ សាតាំងបាននាំបុរសស្ត្រីដំបូងឲ្យបោះបង់ចោលការគ្រប់គ្រងរបស់ព្រះ។ (លោកុប្បត្តិ ៣:១-៦) វាមិនបានបង្កើតឲ្យមានការសង្ស័យទៅលើតេជានុភាពរបស់ព្រះយេហូវ៉ាឡើយ តែវាបានចោទប្រកាន់ទៅលើរបៀបទ្រង់គ្រប់គ្រងជាអធិបតីវិញ ហើយដោយចោទដូច្នេះ វាបានចោទប្រកាន់ទៅលើសិទ្ធិគ្រប់គ្រងរបស់ទ្រង់តែម្ដង។ ដូចនេះ នៅផែនដីកើតមានរឿងទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា តាំងពីដើមកំណើតមនុស្សជាតិ។
៥. សាតាំងបានចោទប្រកាន់អំពីរឿងបន្ទាប់បន្សំមួយ តើរឿងនោះជាអ្វី? តើការចោទប្រកាន់នោះទាក់ទងនឹងអ្នកណាខ្លះ?
៥ ទន្ទឹមគ្នានឹងរឿងសំខាន់បំផុតស្តីអំពីសិទ្ធិរបស់ព្រះយេហូវ៉ាដើម្បីគ្រប់គ្រងលើបុគ្គលគ្រប់រូបនោះ មានរឿងបន្ទាប់បន្សំមួយដែលសាតាំងបានចោទប្រកាន់នៅសម័យរបស់យ៉ូប។ សាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់មនុស្សនិងបុគ្គលវិញ្ញាណ ដែលចុះចូលចំពោះព្រះហើយបម្រើទ្រង់។ សាតាំងបានចោទថា មនុស្សនិងបុគ្គលវិញ្ញាណចុះចូលចំពោះព្រះដោយសារប្រយោជន៍ខ្លួនទេ ហើយបើសាកល្បងពួកគេ នោះបុគ្គលគ្រប់រូបទាំងអស់នឹងបែរជាប្រឆាំងទ្រង់វិញ។ (យ៉ូប ១:៧-១១; ២:៤, ៥) ទោះជាសាតាំងបានលើកឡើងរឿងនេះពេលចោទប្រកាន់មនុស្សម្នាក់ដែលបម្រើព្រះយេហូវ៉ាក៏ពិតមែន តែការចោទប្រកាន់របស់វាទាក់ទងនឹងបុត្រវិញ្ញាណរបស់ព្រះដែរ សូម្បីតែរាជបុត្រាទ្រង់តែមួយ។
៦. តើព្រះយេហូវ៉ាធ្វើអ្វីដើម្បីសម្រេចគោលបំណងរបស់ទ្រង់ហើយប្រព្រឹត្តសមស្របតាមអត្ថន័យនៃព្រះនាមទ្រង់?
៦ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ហើយប្រព្រឹត្តសមស្របតាមអត្ថន័យនៃព្រះនាមទ្រង់ នោះព្រះយេហូវ៉ាបានធ្វើឲ្យអង្គទ្រង់ក្លាយទៅជាព្យាការីនិងអ្នកសង្គ្រោះមួយអង្គ។a ទ្រង់មានបន្ទូលនឹងសាតាំងថា៖«អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) តាមរយៈពូជនៃ«ស្ត្រី»របស់ទ្រង់ ឬផ្នែកអង្គការរបស់ទ្រង់ដែលនៅស្ថានសួគ៌ នោះព្រះយេហូវ៉ានឹងផ្ដល់ចម្លើយចំពោះការចោទប្រកាន់របស់សាតាំង ថែមទាំងផ្ដល់លទ្ធភាពឲ្យកូនចៅរបស់អ័ដាមទទួលសេចក្ដីសង្គ្រោះនិងជីវិត។—រ៉ូម ៥:២១; កាឡាទី ៤:២៦, ៣១
«សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់»
៧. តាមរយៈសាវ័កប៉ុល តើព្រះយេហូវ៉ាបានបើកសម្ដែងឲ្យស្គាល់គោលបំណងអ្វី?
៧ សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់បណ្ដាគ្រីស្ទាននៅទីក្រុងអេភេសូរ។ ក្នុងសំបុត្រនោះ សាវ័កប៉ុលពន្យល់យ៉ាងប៉ិនប្រសប់អំពីរបៀបដែលព្រះយេហូវ៉ាចាត់ចែងឲ្យគោលបំណងរបស់ទ្រង់បានសម្រេច។ ប៉ុលសរសេរថា៖ «[ទ្រង់]សំដែងឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់។ តាមគំនិតដែលទ្រង់បានគិតសំរេចក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ (អេភេសូរ ១:៩, ១០) គោលបំណងដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា គឺចង់ឲ្យសកលលោកទាំងមូលមានតែបុគ្គលដែលស្រឡាញ់ទ្រង់និងចុះចូលចំពោះការគ្រប់គ្រងរបស់ទ្រង់។ (វិវរណៈ ៤:១១) យ៉ាងនេះ ព្រះនាមទ្រង់នឹងបានបរិសុទ្ធ សាតាំងនឹងត្រូវសឲ្យឃើញថាជាអ្នកភូតភរ ហើយព្រះហឫទ័យរបស់ព្រះនឹងសម្រេច«នៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០
៨. តើពាក្យដែលបកប្រែថា«ការកាន់កាប់ត្រួតត្រា»មានន័យអ្វី?
៨ ព្រះយេហូវ៉ានឹងធ្វើឲ្យ«គំនិតដែលទ្រង់បានគិត»ឬគោលបំណងរបស់ទ្រង់ បានសម្រេចតាមរយៈ«ការកាន់កាប់ត្រួតត្រា»របស់ទ្រង់។ សម្គាល់ហេតុក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធបញ្ជាក់ថា ប៉ុលបានប្រើពាក្យមួយដែលមានន័យចំៗថា«ការចាត់ចែងកិច្ចការផ្ទះ»។ ពាក្យនោះមិនសំដៅទៅលើការគ្រប់គ្រងនៃរដ្ឋាភិបាលមួយ ដូចជាព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីទេ ក៏ប៉ុន្តែសំដៅទៅលើរបៀបចាត់ចែងអ្វីមួយវិញ។b របៀបប្រសើរក្រៃលែងដែលព្រះយេហូវ៉ាចាត់ចែងឲ្យគោលបំណងរបស់ទ្រង់បានសម្រេច ជាប់ទាក់ទងនឹង«សេចក្ដីអាថ៌កំបាំង»មួយ ដែលនឹងត្រូវបើកសម្ដែងបន្ដិចម្ដងៗពីសតវត្សមួយទៅសតវត្សមួយ។—អេភេសូរ ១:១០; ៣:៩
៩. តើព្រះយេហូវ៉ាបានបើកសម្ដែងឲ្យយល់បន្ដិចម្ដងៗអំពីសេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់យ៉ាងដូចម្ដេច?
៩ តាមរយៈកិច្ចព្រមព្រៀងមួយចំនួន ព្រះយេហូវ៉ាបានបើកសម្ដែងបន្ដិចម្ដងៗ ឲ្យយល់អំពីរបៀបគោលបំណងរបស់ទ្រង់នឹងសម្រេច ស្តីអំពីពូជដែលទ្រង់បានសន្យានៅសួនអេដែន។ កិច្ចព្រមព្រៀងរបស់ទ្រង់ជាមួយអ័ប្រាហាំបានបើកសម្ដែងឲ្យដឹងថា ពូជសន្យានោះនឹងយាងមកផែនដីតាមវង្សត្រកូលរបស់អ័ប្រាហាំ ហើយពូជនោះត្រូវជាខ្សែរយៈសម្រាប់ឲ្យ«គ្រប់ទាំងសាសន៍នៅផែនដី»បានពរ។ កិច្ចព្រមព្រៀងនោះក៏បើកសម្ដែងឲ្យដឹងថា ត្រូវមានអ្នកឯទៀតចូលរួមជាមួយនឹងអ្នកដែលជាផ្នែកសំខាន់បំផុតនៃពូជសន្យា។ (លោកុប្បត្តិ ២២:១៧, ១៨) កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យដែលព្រះយេហូវ៉ាបានធ្វើជាមួយអ៊ីស្រាអែល បានបើកសម្ដែងឲ្យដឹងអំពីគោលបំណងរបស់ទ្រង់ដែលចង់មាន«នគរ . . . ដែលសុទ្ធតែជាសង្ឃ»។ (និក្ខមនំ ១៩:៥, ៦) កិច្ចព្រមព្រៀងជាមួយដាវីឌបើកសម្ដែងឲ្យដឹងថា ពូជសន្យាត្រូវជាអ្នកគ្រប់គ្រងព្រះរាជាណាចក្រមួយជាដរាបទៅ។ (សាំយូអែលទី២ ៧:១២, ១៣; ទំនុកដំកើង ៨៩:៣, ៤) ក្រោយកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យបានដឹកនាំសាសន៍យូដាទៅដល់ព្រះមេស្ស៊ី នោះព្រះយេហូវ៉ាបានបើកសម្ដែងព័ត៌មានថែមទៀតអំពីគោលបំណងរបស់ទ្រង់។ (កាឡាទី ៣:១៩, ២៤) មនុស្សជាតិដែលត្រូវចូលរួមជាមួយអ្នកដែលជាផ្នែកសំខាន់បំផុតនៃពូជនោះ នឹងរួមគ្នាធ្វើជា‹នគរដែលសុទ្ធតែជាសង្ឃ›ដូចបានត្រូវទាយទុកជាមុន។ ពួកគេក៏ត្រូវជាភាគីនៃ«សញ្ញាថ្មី»ឬកិច្ចព្រមព្រៀងថ្មី ដោយធ្វើជា«អ៊ីស្រាអែល»ថ្មីឬអ៊ីស្រាអែលខាងវិញ្ញាណ។—យេរេមា ៣១:៣១-៣៤; ហេព្រើរ ៨:៧-៩c
១០, ១១. (ក) តើព្រះយេហូវ៉ាបានបើកសម្ដែងអត្តសញ្ញាណរបស់ពូជសន្យាយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជារាជបុត្រាតែមួយរបស់ព្រះបានយាងមកផែនដី?
១០ សមស្របតាមការចាត់ចែងរបស់ព្រះដើម្បីសម្រេចគោលបំណងរបស់ទ្រង់នោះ ពេលកំណត់បានមកដល់ដែលពូជសន្យាត្រូវប្រសូតមកនៅផែនដី។ ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឈ្មោះកាព្រីយ៉ែលឲ្យទៅប្រាប់នាងម៉ារាថា នាងនឹងប្រសូតបានបុត្រាមួយហើយត្រូវថ្វាយព្រះនាមថាយេស៊ូ។ ទេវតានោះបានប្រាប់នាងថា៖«បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យ លើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ»។ (លូកា ១:៣២, ៣៣) យ៉ាងនេះអត្តសញ្ញាណនៃពូជសន្យាបានសឲ្យឃើញច្បាស់។—កាឡាទី ៣:១៦; ៤:៤
១១ ព្រះយេស៊ូ ព្រះរាជបុត្រាតែមួយរបស់ព្រះយេហូវ៉ា ត្រូវយាងមកផែនដីដើម្បីឆ្លងកាត់ការសាកល្បងដ៏ខ្លាំងបំផុត។ ទ្រង់អាចផ្ដល់ចម្លើយចំៗចំពោះការចោទប្រកាន់របស់សាតាំង។ តើរាជបុត្រានោះនឹងរក្សាភាពស្មោះត្រង់ចំពោះព្រះវរបិតាទ្រង់ឬទេ? ចម្លើយចំពោះសំណួរនេះជាប់ទាក់ទងនឹងសេចក្ដីអាថ៌កំបាំងមួយរបស់ព្រះ។ សាវ័កប៉ុលបានពន្យល់តួនាទីរបស់ព្រះយេស៊ូដោយថា៖«ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែល[ទ្រង់]បានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ»។ (ធីម៉ូថេទី១ ៣:១៦) ដូច្នេះដោយសារទ្រង់បានរក្សាព្រះទ័យស្មោះគ្រប់ល័ក្ខណ៍រហូតដល់ទិវង្គតនោះ ព្រះយេស៊ូបានផ្ដល់ចម្លើយមួយដងជាការសម្រេចចំពោះការចោទប្រកាន់របស់សាតាំង។ ប៉ុន្តែព័ត៌មានល្អិតល្អន់ឯទៀតដែលទាក់ទងនឹងសេចក្ដីអាថ៌កំបាំងរបស់ព្រះបានត្រូវលាតត្រដាងក្រោយមក។
«ការអាថ៌កំបាំងរបស់នគរព្រះ»
១២, ១៣. (ក) តើអ្វីជាផ្នែកមួយនៃ«ការអាថ៌កំបាំងរបស់នគរព្រះ»? (ខ) តើព្រះយេហូវ៉ាត្រូវធ្វើអ្វីដោយសារបានជ្រើសរើសមនុស្សមួយចំនួនឲ្យឡើងទៅស្ថានសួគ៌នោះ?
១២ នៅគ្រាមួយដែលព្រះយេស៊ូធ្វើកិច្ចផ្សព្វផ្សាយនាស្រុកកាលីឡេ ទ្រង់បានបញ្ជាក់ថា អាថ៌កំបាំងរបស់ព្រះជាប់ទាក់ទងនឹងរាជរដ្ឋាភិបាលរបស់ព្រះមេស្ស៊ី។ ព្រះយេស៊ូមានបន្ទូលប្រាប់សិស្សទ្រង់ថា៖ «បានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌[ឬ«នគរព្រះ», ម៉ាកុស ៤:១១]»។ (ម៉ាថាយ ១៣:១១) ផ្នែកមួយនៃអាថ៌កំបាំងនោះគឺដូចតទៅនេះ: ព្រះយេហូវ៉ានឹងជ្រើសរើស«ហ្វូងតូច»ដែលជាមនុស្ស១៤៤.០០០នាក់ ដើម្បីឲ្យចូលរួមធ្វើជាផ្នែកនៃពូជនោះជាមួយរាជបុត្រារបស់ទ្រង់ ហើយគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌។—លូកា ១២:៣២; វិវរណៈ ១៤:១, ៤
១៣ ដោយសារមនុស្សបានត្រូវបង្កើតឲ្យរស់នៅផែនដី នោះមានន័យថាព្រះយេហូវ៉ាត្រូវធ្វើឲ្យពួកគេ«កើតជាថ្មី» ទើបមនុស្សខ្លះអាចឡើងទៅស្ថានសួគ៌បាន។ (កូរិនថូសទី២ ៥:១៧) សាវ័កពេត្រុសបានត្រូវជ្រើសរើសឲ្យមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យ គឺជាការឡើងទៅស្ថានសួគ៌។ គាត់បានសរសេរថា៖«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្ដាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មងហើយមិនដែលស្រពោនឡើយ ជាមរដកដែលបំរុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌»។—ពេត្រុសទី១ ១:៣, ៤
១៤. (ក) តើសាសន៍ដទៃជាប់ទាក់ទងនឹង«អាថ៌កំបាំងរបស់នគរព្រះ»យ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងអាចយល់រឿងទាំងនេះដែលជា«សេចក្ដីជ្រាលជ្រៅនៃព្រះ»បាន?
១៤ ផ្នែកមួយទៀតនៃអាថ៌កំបាំងរបស់ព្រះស្តីអំពីរាជរដ្ឋាភិបាលដែលនឹងមាននៅអនាគតគឺដូចតទៅនេះ: ព្រះហឫទ័យរបស់ព្រះគឺចង់ប្រមូលមនុស្សដែលមិនមែនជាសាសន៍យូដាឲ្យចូលរួមជាមួយមនុស្សមួយក្រុមតូច ដែលនឹងត្រូវហៅឲ្យឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាមួយព្រះគ្រីស្ទ។ នេះរួមជាផ្នែកនៃ«ការកាន់កាប់ត្រួតត្រា»របស់ព្រះយេហូវ៉ាឬរបៀបទ្រង់ចាត់ចែងឲ្យគោលបំណងរបស់ទ្រង់បានសម្រេច។ សាវ័កប៉ុលបានពន្យល់អំពីរឿងនេះថា៖«ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់ ដូចជាបានសំដែងមកឲ្យពួកសាវក នឹងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ»។ (អេភេសូរ ៣:៥, ៦) ព័ត៌មាននេះអំពីអាថ៌កំបាំងរបស់ព្រះបានត្រូវបើកសម្ដែងឲ្យ‹ពួកសាវ័កបរិសុទ្ធ›យល់។ សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ ដ្បិតបើគ្មានជំនួយពីវិញ្ញាណបរិសុទ្ធ យើងក៏ពុំអាចយល់សោះនូវរឿងទាំងនេះដែលជា«សេចក្ដីជ្រាលជ្រៅនៃព្រះ»។—កូរិនថូសទី១ ២:១០; ៤:១; កូល៉ុស ១:២៦, ២៧
១៥, ១៦. ហេតុអ្វីបានជាព្រះយេហូវ៉ាបានជ្រើសរើសអ្នកដែលត្រូវគ្រប់គ្រងជាមួយព្រះយេស៊ូពីក្នុងចំណោមមនុស្សជាតិ?
១៥ ព្រះគម្ពីរថា«មនុស្ស១សែន៤ម៉ឺន៤ពាន់នាក់»ដែលឃើញឈរជាមួយ«កូនចៀម»លើភ្នំស៊ីយ៉ូន បានត្រូវ«លោះពីផែនដីចេញ» និង‹លោះចេញពីពួកមនុស្សលោកទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម›ដែលជាព្រះគ្រីស្ទយេស៊ូ។ (វិវរណៈ ១៤:១-៤) ព្រះយេហូវ៉ាបានជ្រើសរើសបុត្រវិញ្ញាណច្បងរបស់ទ្រង់ ឲ្យធ្វើជាផ្នែកសំខាន់បំផុតនៃពូជដែលត្រូវបានសន្យានៅអេដែន។ ប៉ុន្តែហេតុអ្វីទ្រង់ជ្រើសរើសអ្នកដែលត្រូវចូលរួមជាមួយព្រះគ្រីស្ទពីក្នុងចំណោមមនុស្សជាតិដូច្នេះ? សាវ័កប៉ុលពន្យល់ថាចំនួនកំណត់នេះបានត្រូវ«ហៅមកតាមព្រះដំរិះ[ព្រះយេហូវ៉ា]»«តាមបំណងព្រះហឫទ័យទ្រង់»។—រ៉ូម ៨:១៧, ២៨-៣០; អេភេសូរ ១:៥, ១១; ធីម៉ូថេទី២ ១:៩
១៦ គោលបំណងរបស់ព្រះយេហូវ៉ាគឺចង់ធ្វើឲ្យព្រះនាមដ៏ខ្ពង់ខ្ពស់របស់ទ្រង់បានបរិសុទ្ធ ថែមទាំងបង្ហាញថាទ្រង់មានសិទ្ធិគ្រប់គ្រងលើបុគ្គលគ្រប់រូប។ ដោយ«ការកាន់កាប់ត្រួតត្រា»ឬរបៀបចាត់ចែងដែលប្រកបដោយប្រាជ្ញាជ្រាលជ្រៅរកប្រៀបផ្ទឹមពុំបាន នោះព្រះយេហូវ៉ាបានចាត់រាជបុត្រារបស់ទ្រង់ឲ្យយាងមកផែនដី។ ទីនេះព្រះរាជបុត្រាទ្រង់បានត្រូវសាកល្បងដល់កម្រិតខ្លាំងបំផុត។ មួយវិញទៀត ព្រះយេហូវ៉ាបានសម្រេចព្រះទ័យថា រាជរដ្ឋាភិបាលរបស់ព្រះមេស្ស៊ីដែលជារបស់ផងរាជបុត្រាទ្រង់ នឹងរួមបញ្ចូលមនុស្សដែលបានគាំទ្រការគ្រប់គ្រងរបស់ព្រះរហូតដល់ស្លាប់។—អេភេសូរ ១:៨-១២; វិវរណៈ ២:១០, ១១
១៧. ហេតុអ្វីយើងអាចសប្បាយចិត្តដែលព្រះគ្រីស្ទនិងអ្នកគ្រប់គ្រងជាមួយទ្រង់ធ្លាប់ជាមនុស្ស?
១៧ ព្រះយេហូវ៉ាបានបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅអ័ដាម ដោយចាត់ឲ្យរាជបុត្រារបស់ទ្រង់យាងមកផែនដី ហើយដោយជ្រើសរើសពីក្នុងចំណោមពួកគេនូវអស់អ្នកដែលត្រូវចូលរួមគ្រប់គ្រងជាមួយរាជបុត្រារបស់ទ្រង់ក្នុងរាជរដ្ឋាភិបាលទ្រង់។ ចំណែកអស់អ្នកចាប់ពីអេបិលមកដែលបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា តើពួកគេទទួលប្រយោជន៍យ៉ាងដូចម្ដេចពីការគ្រប់គ្រងរបស់អ្នកដែលបានត្រូវជ្រើសរើសពីចំណោមមនុស្សជាតិ? ដោយសារមនុស្សឥតគ្រប់ល័ក្ខណ៍កើតមកជាបាវបម្រើនៃបាបនិងសេចក្ដីស្លាប់ នោះពួកគេត្រូវការនូវការប្រោសឲ្យជាទាំងខាងវិញ្ញាណទាំងខាងរូបកាយ ហើយត្រូវប្រោសឲ្យមានភាពគ្រប់ល័ក្ខណ៍ សមស្របតាមគោលបំណងដើមរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ។ (រ៉ូម ៥:១២) អស់អ្នកដែលរង់ចាំទទួលជីវិតជារៀងរហូតនៅផែនដីពិតជាសប្បាយណាស់! ពេលដឹងថាស្តេចរបស់ពួកគេនឹងបង្ហាញសេចក្ដីស្រឡាញ់និងយល់ចិត្តពួកគេ ដូចទ្រង់ធ្លាប់ប្រព្រឹត្តចំពោះសិស្សរបស់ទ្រង់ ក្នុងកំលុងកិច្ចបម្រើទ្រង់នៅផែនដី។ (ម៉ាថាយ ១១:២៨, ២៩; ហេព្រើរ ២:១៧, ១៨; ៤:១៥; ៧:២៥, ២៦) មួយវិញទៀត ពួកគេក៏សប្បាយដែរពេលបានដឹងថា ស្តេចនិងសង្ឃដែលគ្រប់គ្រងជាមួយព្រះគ្រីស្ទធ្លាប់ជាបុរសស្ត្រីស្មោះត្រង់ដែលមានភាពខ្សោយនិងការពិបាកក្នុងជីវិតដូចយើងដែរ!—រ៉ូម ៧:២១-២៥
គោលបំណងរបស់ព្រះយេហូវ៉ាដែលនឹងសម្រេចជាមិនខាន
១៨, ១៩. ហេតុអ្វីយើងអាចយល់ពាក្យរបស់ប៉ុលនៅអេភេសូរ ១:៨-១១ច្បាស់ជាង? តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៨ ឥឡូវយើងអាចយល់ច្បាស់ជាងនូវពាក្យដែលសាវ័កប៉ុលបានសរសេរទៅកាន់គ្រីស្ទានចាក់ប្រេងតាំងនៅអេភេសូរ ១:៨-១១។ គាត់ប្រាប់ថា ព្រះយេហូវ៉ាបានបើកសម្ដែងឲ្យពួកគេស្គាល់«សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់» ដែលចង់ឲ្យពួកគេ«បានកេរ្ដិ៍អាករ»ជាមួយព្រះគ្រីស្ទ ហើយត្រូវ«ដំរូវ . . . ទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់»។ យើងយល់ថានោះសមស្របតាម«ការកាន់កាប់ត្រួតត្រា»ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាសម្រាប់ការសម្រេចគោលបំណងរបស់ទ្រង់។ នេះក៏ជួយយើងឲ្យយល់មូលហេតុដែលមានគ្រីស្ទានតែប៉ុន្មាននាក់ដែលពិសាវត្ថុតំណាងនៅពិធីអាហារល្ងាចរបស់ព្រះអម្ចាស់។
១៩ ក្នុងអត្ថបទបន្ទាប់ យើងនឹងយល់អត្ថន័យនៃការសោយទិវង្គតរបស់ព្រះគ្រីស្ទចំពោះអស់អ្នក ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ យើងក៏នឹងរៀនមូលហេតុបងប្អូនរាប់លាននាក់ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជារៀងរហូត គួរចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្វីដែលពិធីបុណ្យរំឭកតំណាង។
[កំណត់សម្គាល់]
a អត្ថន័យចំៗនៃព្រះនាមរបស់ព្រះគឺ«ទ្រង់ដែលធ្វើឲ្យក្លាយជា»។ ព្រះយេហូវ៉ាអាចក្លាយទៅជាអ្វីក៏បានដែលចាំបាច់ដើម្បីធ្វើឲ្យគោលបំណងរបស់ទ្រង់បានសម្រេច។—និក្ខមនំ ៣:១៤; សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំពូកទី១ ទំព័រ៩ វគ្គ៨។
b ពាក្យរបស់ប៉ុលបង្ហាញថាការ«កាន់កាប់ត្រួតត្រា»នោះកំពុងតែមានសកម្មភាពនៅសម័យគាត់ ប៉ុន្តែចំណែកព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីវិញ ព្រះគម្ពីរបញ្ជាក់ថានោះបានត្រូវស្ថាបនាឡើងនៅឆ្នាំ១៩១៤ទេ។
c ដើម្បីរៀនថែមទៀតអំពីកិច្ចព្រមព្រៀងទាំងប៉ុន្មានដែលជាប់ទាក់ទងនឹងការសម្រេចនៃគោលបំណងរបស់ព្រះ សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំពូកទី១៩។
ដើម្បីរៀនសាឡើងវិញ
• ហេតុអ្វីបានជាព្រះយេហូវ៉ាបង្កើតផែនដីហើយដាក់មនុស្សលើផែនដី?
• ហេតុអ្វីរាជបុត្រាតែមួយរបស់ព្រះយេហូវ៉ាចាំបាច់ត្រូវសាកល្បងនៅផែនដី?
• ហេតុអ្វីព្រះយេហូវ៉ាបានជ្រើសរើសមនុស្សឲ្យធ្វើជាអ្នកគ្រប់គ្រងជាមួយព្រះគ្រីស្ទ?