ច្បាប់លេវី
១៨ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។+ ៣ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកកាណាន ជាស្រុកដែលខ្ញុំនឹងនាំអ្នករាល់គ្នាទៅនៅនោះដែរ។+ អ្នករាល់គ្នាមិនត្រូវដើរតាមគន្លងរបស់ពួកគេឡើយ។ ៤ អ្នករាល់គ្នាត្រូវកាន់តាមក្រឹត្យក្រម និងបញ្ញត្តិរបស់ខ្ញុំ+ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ៥ អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់ខ្ញុំ។ អ្នកណាដែលធ្វើដូច្នេះ អ្នកនោះនឹងបានជីវិតដោយសារបញ្ញត្តិនិងក្រឹត្យក្រមទាំងនោះ។+ ខ្ញុំគឺយេហូវ៉ា។
៦ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងសាច់ញាតិជិតរបស់ខ្លួនឡើយ។+ ខ្ញុំគឺយេហូវ៉ា។ ៧ អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងឪពុកខ្លួន ហើយក៏មិនត្រូវរួមដំណេកជាមួយនឹងម្ដាយខ្លួនដែរ ព្រោះនាងជាម្ដាយរបស់អ្នករាល់គ្នា។
៨ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងប្រពន្ធបន្ទាប់របស់ឪពុកខ្លួនឡើយ។+ បើធ្វើដូច្នេះ នោះនាំឲ្យឪពុកអ្នករាល់គ្នារងសេចក្ដីអាម៉ាស់ហើយ។
៩ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងបងស្រីឬប្អូនស្រីរបស់ខ្លួនឡើយ ទោះជានាងជាកូនរួមឪពុក ឬជាកូនរួមម្ដាយ ឬកើតក្នុងក្រុមគ្រួសារដូចអ្នករាល់គ្នា ឬក៏កើតក្នុងក្រុមគ្រួសារផ្សេងពីអ្នករាល់គ្នាក្ដី។+
១០ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងចៅស្រីរបស់ខ្លួនឡើយ ទោះជានាងជាកូនរបស់កូនប្រុសឬកូនស្រីរបស់អ្នករាល់គ្នាក្ដី។ បើធ្វើដូច្នេះ អ្នករាល់គ្នាបង្ខូចកិត្តិយសខ្លួនហើយ។
១១ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងបងស្រីឬប្អូនស្រីរួមឪពុកឡើយ ព្រោះនាងជាបងប្អូនរបស់អ្នករាល់គ្នា។
១២ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងមីងឬអ៊ំស្រីរបស់អ្នករាល់គ្នាឡើយ ព្រោះគាត់ជាសាច់ឈាមខាងឪពុករបស់អ្នករាល់គ្នា។+
១៣ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងមីងឬអ៊ំស្រីរបស់អ្នករាល់គ្នាឡើយ ព្រោះនាងជាសាច់ឈាមខាងម្ដាយរបស់អ្នករាល់គ្នា។
១៤ «‹អ្នករាល់គ្នាមិនត្រូវធ្វើឲ្យពូឬអ៊ំខាងឪពុករងការអាម៉ាស់ ដោយរួមដំណេកជាមួយនឹងប្រពន្ធគាត់ឡើយ ព្រោះនាងជាមីងឬអ៊ំរបស់អ្នករាល់គ្នា។+
១៥ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងកូនប្រសាស្រីខ្លួនឡើយ+ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នករាល់គ្នា។
១៦ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងប្រពន្ធរបស់បងប្រុសឬប្អូនប្រុសខ្លួនឡើយ។+ បើធ្វើដូច្នេះ នោះនាំឲ្យបងប្រុសឬប្អូនប្រុសរបស់អ្នករាល់គ្នារងសេចក្ដីអាម៉ាស់ហើយ។
១៧ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងម្ដាយផងនិងកូនផងនោះឡើយ+ ហើយក៏មិនត្រូវរួមដំណេកជាមួយនឹងចៅស្រីរបស់នាងដែរ ទោះជាត្រូវជាកូនរបស់កូនប្រុសឬកូនស្រីនាងក្ដី ព្រោះកូនស្រីនិងចៅស្រីនោះជាសាច់ញាតិជិតរបស់នាង។ ទង្វើនោះគួរឲ្យស្អប់ខ្ពើមណាស់។
១៨ «‹អ្នករាល់គ្នាមិនត្រូវយកបងស្រីឬប្អូនស្រីថ្លៃធ្វើជាប្រពន្ធបន្ទាប់ ហើយរួមដំណេកជាមួយនឹងនាង កាលដែលប្រពន្ធខ្លួននៅរស់នៅឡើយ។ បើធ្វើដូច្នេះ នាងទាំងពីរទៅជាគូវិវាទនឹងគ្នាហើយ។+
១៩ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងស្ត្រីដែលកំពុងមានរដូវឡើយ។+
២០ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងប្រពន្ធរបស់អ្នកឯទៀតឡើយ។ បើធ្វើដូច្នេះ អ្នកនឹងទៅជាមិនស្អាតបរិសុទ្ធហើយ។+
២១ «‹អ្នករាល់គ្នាមិនត្រូវយកកូនចៅខ្លួនទៅជូនជាគ្រឿងបូជាដល់ព្រះម៉ូឡេកឡើយ+ ព្រោះទង្វើនោះនាំឲ្យនាមព្រះរបស់អ្នករាល់គ្នាអាប់ឱន។+ ខ្ញុំគឺយេហូវ៉ា។
២២ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងបុរស ដូចរួមដំណេកជាមួយនឹងស្ត្រីឡើយ+ ព្រោះទង្វើនេះគួរឲ្យស្អប់ខ្ពើមណាស់។
២៣ «‹អ្នករាល់គ្នាមិនត្រូវរួមសង្វាសនឹងសត្វឡើយ ទោះអ្នករាល់គ្នាជាប្រុសឬស្រីក្ដី។ នេះជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម ហើយនាំឲ្យអ្នករាល់គ្នាទៅជាមិនស្អាតបរិសុទ្ធ។+
២៤ «‹អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារទង្វើទាំងនោះឡើយ ព្រោះប្រជាជាតិនានាដែលខ្ញុំនឹងបណ្ដេញចេញពីមុខអ្នករាល់គ្នាបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារទង្វើទាំងនោះ។+ ២៥ ហេតុនេះហើយបានជាស្រុករបស់ពួកគេមិនស្អាតបរិសុទ្ធ។ ខ្ញុំនឹងដាក់ទោសពួកគេចំពោះទង្វើទាំងនោះ ហើយស្រុកនោះនឹងខ្ជាក់ពួកគេចេញ។+ ២៦ ប៉ុន្តែ អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំ+ ហើយមិនត្រូវប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ខ្ពើមទាំងនោះឡើយ ទោះជាអ្នកស្រុកឬជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាក្ដី។+ ២៧ ព្រោះនេះជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអ្នកស្រុកដែលរស់នៅលើទឹកដីនោះមុនអ្នករាល់គ្នា+ ហើយនាំឲ្យស្រុកនោះមិនស្អាតបរិសុទ្ធ។ ២៨ បើអ្នករាល់គ្នាមិនធ្វើតាមពួកគេ អ្នករាល់គ្នានឹងមិនត្រូវខ្ជាក់ចេញពីស្រុកនោះ ដូចជាពួកអ្នកស្រុកនោះឡើយ។ ២៩ បើអ្នកណាម្នាក់ប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ អ្នកនោះនឹងត្រូវកាត់ចេញពីចំណោមជនរួមជាតិរបស់ខ្លួន។* ៣០ អ្នករាល់គ្នាត្រូវកាន់តាមបង្គាប់ខ្ញុំ ដោយមិនប្រព្រឹត្តតាមអំពើដ៏គួរឲ្យស្អប់ខ្ពើមណាមួយរបស់ពួកអ្នកស្រុកដែលរស់នៅមុនអ្នករាល់គ្នាឡើយ+ ដើម្បីកុំឲ្យអ្នករាល់គ្នាទៅជាមិនស្អាតបរិសុទ្ធ។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។